ព័ត៌មានចុងក្រោយបំផុត៖
ឥណ្ឌា/ចិន៖ មន្រ្តីរដ្ឋការឥណ្ឌានិយាយថា នាវាទាហានជើងទឹកមួយគ្រឿងដែលធ្វើដំណើរនៅក្បែរឆ្នេរសមុទ្រប្រទេសវៀតណាមបានប្រឈមមុខជាមួយនាវាចម្បាំងចិន ក្នុងសមុទ្រចិនខាងត្បូង កាលពីខែមុន។
លីប៊ី៖ នៅថ្ងៃសុក្រនេះ ប្រទេសទួកគីបានបើកស្ថានទូតរបស់ខ្លួនក្នុងប្រទេសលីប៊ីឡើងវិញ មួយថ្ងៃបន្ទាប់ពីមេដឹកនាំពិភពលោកបានយល់ព្រមបញ្ចេញប្រាក់រាប់ពាន់លានដុល្លារដែលជាទ្រព្យសម្បត្តិរបស់ប្រទេសលីប៊ីដើម្បីជួយរដ្ឋាភិបាលអន្តរកាលក្នុងការកសាងប្រទេសឡើងវិញ។
ស៊ីរី៖ សហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេសកំពុងទាមទារឲ្យមានការដាក់ទណ្ឌកម្មអន្តរជាតិដ៏តឹងរឹងថ្មីមួយដើម្បីបង្ខំឲ្យប្រធានាធិបតីស៊ីរី លោក បាស្ហា អាល់ អាសេដ (Basha al – Assad) ចុះចេញពីតំណែង បន្ទាប់ពីមានការបង្ក្រាបជាបន្តទៅលើក្រុមអ្នកតវ៉ានៅក្នុងប្រទេស។
អ៊ីស្រាអែល/ទួកគី៖ ប្រទេសទួកគី បានបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំរដ្ឋធានី អង់ការ៉ា (Ankara) នៅថ្ងៃសុក្រនេះហើយបានផ្អាកកិច្ចព្រមព្រៀងយោធាទាំងអស់បន្ទាប់ពីសេចក្តីរាយការណ៍ដ៏លំអិតរបស់អង្គការសហប្រជាជាតិបានផ្សព្វផ្សាយពីការវាយឆ្មក់ដ៏សាហាវរបស់ប្រទេសអ៊ីស្រាអែលទៅលើកប៉ាល់ដែលធ្វើដំណើរចេញពីប្រទេសទួកគីទៅកាន់តំបន់កាហ្សា (Gaza) កាលពីឆ្នាំទៅ។
សហរដ្ឋអាមេរិក៖ សារព័ត៌មានមួយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថារដ្ឋាភិបាលសហព័ន្ធ ចាប់ផ្តើមដាក់ពាក្យប្តឹងស្ថាប័នហិរញ្ញវត្ថុធំៗចំនួនជាង១២ ដោយសារតែស្ថាប័នទាំងនេះមិនតំណាងឲ្យគុណភាពនៃសន្តិសុខការពារកិច្ចព្រមព្រៀងប្រាក់កម្ចី ដែលបានដើរតួនាទីនៅក្នុងវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ នោះ។
ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនដែលទទួលបានការតែងតាំងកាលពីពេលថ្មីៗនេះ បានប្រកាសរដ្ឋាភិបាលថ្មីដែលមានគោលបំណងដឹកនាំប្រទេសឲ្យរើបឡើងវិញដ៏លំបាកពីគ្រោះរញ្ជួយដី និងសេដ្ឋកិច្ចរង្គោះរង្គើ។
កូរ៉េខាងជើង/កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនឹងអនុញ្ញាតិឲ្យគណៈប្រតិភូព្រះសង្ឃព្រះពុទ្ធសាសនាចូលរួមក្នុងពិធីសាសនាក្នុងប្រទេសកូរ៉េខាងជើង ដែលជាដំណើរបំពេញទស្សនកិច្ចលើកទីមួយចាប់តាំងពីរដ្ឋាភិបាលទីក្រុងសេអ៊ូលបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងពីការបាញ់ពន្លិចនាវាចម្បាំងរបស់ខ្លួនកាលពីឆ្នាំទៅ។
សហរដ្ឋអាមេរិក៖ រដ្ឋ Louisiana ភាគអាគ្នេយ៍សហរដ្ឋអាមេរិក បានប្រកាសស្ថានភាពអាសន្ននៅពេលដែលខ្យល់ព្យុះដ៏មានឥទ្ធិពលមួយបានខិតចូលមកជិតឈូងសមុទ្រម៉ិកស៊ិក។
អង់គ្លេស៖ ប៉ូលីសអង់គ្លេសនឹងអនុវត្តនូវការហាមឃាត់រយៈពេល៣០ថ្ងៃលើក្បួនដង្ហែតវ៉ាក្នុងសង្កាត់ចំនួន៥ក្នុងទីក្រុងឡុងដ៍ដោយចាប់ផ្តើមនៅថ្ងៃសុក្រនេះ។ ប៉ូលីសទីក្រុងឡុងដ៍បានទទួលការអនុញ្ញាតិពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃដើម្បីអនុវត្តនូវបំរាមនេះនៅក្នុងសង្កាត់ Newham, Tower Hamlets, Waltham Forest, Islington និង Hackney។
ព័ត៌មាននៅពេលមុននេះ៖
សមុទ្រចិនខាងត្បូង៖ ប្រទេសចិននិងហ្វីលីពីននៅថ្ងៃព្រហស្បតិ៍បញ្ជាក់ម្ដងទៀតអំពីការប្ដេជ្ញាចិត្ដរបស់ខ្លួន ចំពោះដំណោះស្រាយដោយសន្ដិវិធី អំពីជម្លោះដែនដីនៅសមុទ្រចិនខាងត្បូង ហើយសន្យាថានឹងធ្វើឲ្យមានការជឿនលឿនសេដ្ឋកិច្ចនៅអាស៊ីខាងកើត។ នៅទីក្រុងប៉េកាំង ប្រធានាធិបតី ហ្វីលីពីន លោក Benigno Aquino កំពុងតែធ្វើទស្សនកិច្ច និងលោកប្រធានាធិបតី Hun Jintao ប្រទេសចិន ចេញសេចក្ដីថ្លែងការណ៍រួម ប្ដេជ្ញាចិត្ដថានឹងធ្វើការចរចាគ្នាច្រើនឡើងទៀតឲ្យមានសន្ដិភាពនិងស្ថិរភាព។កម្ពុជា៖ តុលាការឧក្រិដ្ឋកម្មសង្គ្រាមនៃប្រទេសកម្ពុជាដែលគាំទ្រដោយអង្គការសហប្រជាជាតិឲ្យដឹងថាខ្លួនបានផ្ដើមនីតិវិធីរឿងក្ដីប្រឆាំងនឹងវីអូអេខ្មែរ ក្នុងបទបញ្ចេញឯកសារសម្ងាត់អំពីការកាត់ទោសពួកខ្មែរក្រហមជាកូនក្ដីជាប់សង្ស័យក្នុងការពាក់ព័ន្ធនឹងការប្រល័យពូជសាសន៍នៅក្នុងទសវត្សរ៍១៩៧០។
លីប៊ី៖ ប្រទេសមានអំណាចដែលចូលរួមក្នុងសន្និសីទនៅទីក្រុងប៉ារីសកំពុងតែមានផែនការណ៍ចាត់វិធានការណ៍សម្រាប់អនាគតប្រទេសលីប៊ី ដែលរួមមានការប្ដេជ្ញាចិត្ដបញ្ចេញប្រាក់រហូតដល់ទៅរាប់ពាន់លានដុល្លារ ដែលជាជំនួយហិរញ្ញវត្ថុដល់អាជ្ញាធរបណ្ដោះអាសន្នប្រទេសនេះ។
ស៊ីរី៖ លោក William Hague រដ្ឋមន្ដ្រីក្រសួងការបរទេសអង់គ្លេសនិយាយថា មន្ដ្រី សហភាពអឺរ៉ុបរៀបចំខ្លួនពិភាក្សាគ្នាអំពីទណ្ឌកម្មទៅលើវិស័យប្រេងឥន្ធន:ប្រទេស ស៊ីរីធ្វើជាមធ្យោបាយដាក់សម្ពាធលើរដ្ឋាភិបាលស៊ីរីឲ្យបញ្ឈប់ការបង្ក្រាបលើក្រុមអ្នកតវ៉ាដើម្បីលទ្ធិប្រជាធិបតេយ្យ។
យេម៉ែន៖ អាជ្ញាធរយេម៉ែនឲ្យដឹងថា ការប្រយុទ្ធគ្នារវាងកងទ័ពយេម៉ែន ហើយនិង ពួកសកម្មប្រយុទ្ធពាក់ព័ន្ធនឹងពួក al-Qaida ក្នុងតំបន់ខាងត្បូងប្រទេសនេះបណ្ដាលឲ្យមនុស្សយ៉ាងតិច១៨ នាក់ស្លាប់នៅថ្ងៃពុធនិងព្រហស្បតិ៍។
កេនយ៉ា៖ តុលាការឧក្រិដ្ឋកម្មអន្ដរជាតិបានបើកធ្វើសវនាការប្រឆាំងជានជាតិ កេនយ៉ាមានឈ្មោះអាស្រូវ៦នាក់ ដែលជាប់ចោទក្នុងបទបង្កឲ្យមានអំពើហិង្សាដ៏សាហាវក្រោយពេលបោះឆ្នោតក្នុងប្រទេសនេះ។
ហ្គីណេអេក្វាទ័រ៖ ប្រធានាធិបតីប្រទេសហ្គីណេអេក្វាទ័រ ត្រូវបានគេនាំយកទៅព្យាបាលនៅប្រទេសសេណេហ្គាល់។ នេះជាការធ្វើដំណើររបស់លោកទៅបរទេសជាច្រើនដង ដែលមានការប៉ាន់ស្មានថាដោយសារសុខភាពរបស់លោក។
អង់គ្លេស៖ Wikileaks ដែលជាគេហទំព័រប្រឆាំងនឹងការសម្ងាត់ បញ្ជាក់អំពីសេចក្ដីរាយការណ៍អំពីការរំលោភលើសន្ដិសុខ ដែលបណ្ដាលឲ្យមានការបញ្ចេញទូរលេខការទូតរបស់សហរដ្ឋអាមេរិកយ៉ាងច្រើនសន្ធឹកចូលទៅក្នុងបណ្តាញអ៊ីនធើណិត ដោយមានបញ្ចេញឈ្មោះប្រភពឲ្យឃើញផង។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃព្រហស្បតិ៍ Wikileaks ស្ដីបន្ទោសកាសែត Guardian ប្រទេសអង់គ្លេសក្នុងការលេចចេញនេះ ដោយនិយាយថាអ្នកកាសែតម្នាក់បានបញ្ចេញ ពាក្យសម្ងាត់ដើម្បីបើកប័ណ្ណសារទាំងអស់ដែលមាននៅក្នុងសៀវភៅអំពី Wikileaks ។
សហរដ្ឋអាមេរិក៖ យោធាសហរដ្ឋអាមេរិកឲ្យដឹងថា គ្មានយុទ្ធជនអាមេរិកាំងណាម្នាក់ដែលបានត្រូវស្លាប់នៅខែសីហានៅក្នុងប្រទេសអ៊ីរ៉ាក់ទេ ដែលនោះជាការសម្គាល់ថាជាខែទីមួយ ដែលគ្មានយុទ្ធជនអាមេរិកាំងស្លាប់នៅប្រទេសនេះតាំងពីការលុកលុយទៅក្នុងប្រទេសនេះដែលសហរដ្ឋអាមេរិកដឹកនាំនៅឆ្នាំ២០០៣។
ឥណ្ឌា៖ លោក Anna Hazare សកម្មជនប្រឆាំងអំពើពុករលួយនៅឥណ្ឌាបានវិលត្រឡប់ទៅភូមិកំណើតរបស់លោកវិញហើយ ក្រោយពីបានចេញពីមន្ទីរពេទ្យបន្ទាប់ពីបានធ្វើកូដកម្មអត់អាហារ១៣ថ្ងៃមក។
នេប៉ាល់៖ អតីតពួកបះបោរនៃប្រទេសនេប៉ាល់ ព្រមព្រៀងប្រគល់អាវុធរបស់ខ្លួន ទៅឲ្យគណ:កម្មាធិការពិសេសដែលប្រតិបត្ដិការក្រោមលោកនាយករដ្ឋមន្ដ្រីថ្មី Baburam Bhattarai។
កាណាដា៖ ក្រុមអ្នកស្រាវជ្រាវនៅកាណាដាបានប្រើវីរុសដែលគេបានប្ដូរវាដោយប្រើហ្ស៊ែនដើម្បីសម្លាប់កោសិកាមហារីកដោយរើសមុខ នៅក្នុងខ្លួនរបស់មនុស្ស ដោយមិនចាំបាច់ថ្វើឲ្យខូចជាលិកាល្អ។
សហរដ្ឋអាមេរិក៖ ក្រុមអ្នកជួយសង្គ្រោះបន្ទាន់នៅក្នុងរដ្ឋស្ថិតនៅភាគខាងកើតសហរដ្ឋអាមេរិកបន្ដជួយអ្នកស្រុកងើបពីខ្យល់ព្យុះ Hurricane Irene ដែលធ្វើឲ្យតំបន់នោះប៉ះពាល់ ដែលក្រោយមកទឹកជំនន់ស្រកទៅវិញ ក្រោយពីបានឡើងយ៉ាងខ្ពស់លើសពេលមុនៗ។