ព័ត៌មានចុងក្រោយបំផុត៖
អាស៊ាន៖ រដ្ឋមន្រ្តីការបរទេសនៃសមាគមប្រទេសអាស៊ីអាគ្នេយ៍ត្រូវបានអំពាវនាវឲ្យពន្លឿនកិច្ចចរចាជាមួយប្រទេសចិន ស្តីពីការប្រកាន់ឥរិយាបថមួយដែលតម្រូវឲ្យធ្វើតាមនៅក្នុងសមុទ្រចិនខាងត្បូង នៅក្នុងការចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅកោះបាលីនៅថ្ងៃអង្គារនេះ។
ភូមា៖ សកម្មជននិយមលទ្ធិប្រជាធិបតេយ្យ លោកស្រី អោង សានស៊ូជីបានដឹកនាំក្រុមអ្នកគំាទ្រច្រើនរយនាក់ ដើរលើផ្លូវនៃទីក្រុង រ៉ង់ហ្គូន នៅថ្ងៃអង្គារនេះ ដើម្បីរំឭកទិវាទុក្ករបុគ្គល និងផ្ដល់កិត្ដិយសដល់វិរបុរសភូមាដែលបានទទួលមរណភាពទៅហើយ។
អង់គ្លេស៖ មហាសេដ្ឋីបណ្តាញព័ត៌មាន លោក រូពើត មឺរដក់ (Rupert Murdoch) កូនប្រុសលោក ចេម មឺរដក់ (James Murdoch) និងអតីតបណ្ណាធិការបណ្តាញ «ព័ត៌មានពិភពលោក» News of the World អ្នកស្រី រេបិកា ប្រ៊ូកស៍ (Rebekha Brooks) ប្រឈមមុខនិងសំណួរពីរដ្ឋសភាប្រទេសអង់គ្លេស នៅថ្ងៃអង្គារនេះ នៅក្នុងរឿងអាស្រូវដែលកំពុងរីកកាន់តែធំឡើង អំពីរបៀបលួចស្តាប់ទូរស័ព្ទ។ ការចោទសំណួររំពឹងថានឹងធ្វើអស់ពេលជាច្រើនម៉ោង។
ស.រ.អ៖ មន្រ្តីប្រទេសលីប៊ី និងស.រ.អ. និយាយថា អ្នកតំណាងពីរដ្ឋាភិបាលទាំងពីរបានធ្វើកិច្ចពិភាក្សាផ្ទាល់នៅពេលថ្មីៗនេះ ក៏ប៉ុន្តែក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថាគោលដៅតែមួយគឺដើម្បីបញ្ជូនសារ«យ៉ាងច្បាស់និងហ្មឺងម៉ាត់»មួយថា មេដឹកនាំលីប៊ី មោអាម៉ា ហ្កាដាហ្វី (Moammar Gadhafi) ត្រូវតែលះបង់អំណាច។
លីប៊ី៖ កងកម្លាំងប្រឆាំងនៅក្នុងប្រទេសលីប៊ី និយាយថា គ្រាប់មីន ដែលដាក់រាយបាចសាច នៅលើផ្លូវនៃតំបន់ខាងកើតទីក្រុងផែដឹកជញ្ជូនប្រេង Bregaធ្វើឲ្យលំបាកដល់កិច្ចការត្រួតត្រាមកលើក្រុងនោះទាំងស្រុង ក្រោយពីមានការប្រយុទ្ធអស់ពេលជាច្រើនថ្ងៃជាមួយកងកម្លាំងស្មោះត្រង់នឹងមេដឹកនាំ មូមារកាដាហ្វី។
ញូវដេលី៖ លោកស្រីរដ្ឋមន្ដ្រីការបរទេស ស.រ.អ. ហីលរី ក្លិនតិន មានប្រសាសន៍ថា ស.រ.អ. និង ឥណ្ឌា រួបរួមគ្នាក្នុងការប្រយុទ្ធតទល់នឹង «បណ្ដាញក្រុមនិយមជ្រុលដ៏ឃោរឃៅ»ហើយប្រទេសទាំងពីរបានសហការណ៍គ្នាកាន់តែច្រើននៅក្នុងរឿងសន្ដិសុខមាតុភូមិ។
សរអ៖ យានអវកាសស.រ.អ. Atlantis បានដកខ្លួនចេញពីស្ថានីយ៍អវកាសអន្ដរជាតិ ក្នុងការចាប់ផ្ដើមដំណើរអវកាសចុងក្រោយបង្អស់ និងការបញ្ចប់កម្មវិធីអវកាសរបស់ស.រ.អ.ដែលមានអាយុ៣០ឆ្នាំនោះ។
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់និយាយថា ខ្លួនកំពុងដាក់បញ្ចូលបំពង់ Centrifuge ថ្មីដែលមានគោលដៅពន្លឿនវិធីចម្រាញ់វត្ថុធាតុនុយគ្លេអ៊ែររបស់អ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងការបរទេស រ៉ាម៊ិន មេម៉ាន់ប៉ារាស់ត៍ (Ramin Mehmanparast) និយាយនៅថ្ងៃអង្គារនេះថា គ្រឿងឧបករណ៍ថ្មីនិងបន្ថែមល្បឿន និងតម្លើងគុណភាពដល់វិធីចម្រាញ់។
ហ្គីណេ៖ ប្រធានាធិបតីនៃប្រទេសគីណេ លោក Alpha Conde បានគេចផុតពីការវាយប្រហាររយៈពេលមួយម៉ោង ទៅលើលំនៅដ្ឋានរបស់លោក ដែលធ្វើឲ្យធ្លុះធ្លាយដោយគ្រាប់កាំភ្លើង នៅពេលក្រោយពីជនប្រដាប់អាវុធមិនស្គាល់មុខបានបើកការវាយប្រហារនៅព្រឹកថ្ងៃអង្គារនេះ។
ស៊ីរី៖ សាក្សីឃើញផ្ទាល់ភ្នែកនិងសកម្មជននិយាយថា កងកម្លាំងសន្ដិសុខ ស៊ីរីបានបាញ់សម្លាប់មនុស្ស១៣នាក់ នៅកណ្ដាលក្រុងហូម ដែលជាផ្នែកមួយនៃការវាយបង្រ្កាបមកលើការបះបោរប្រឆាំងរដ្ឋាភិបាលដែលមានអាយុជាង៤ខែ មកហើយ។
ព័ត៌មាននៅពេលមុននេះ៖
ហូឡង់ដ៍៖ តុលាការខ្ពស់បំផុតរបស់អ.ស.ប.បានបញ្ជាដល់ប្រទេសកម្ពុជា និងប្រទេសថៃឱ្យដកទាហាន និងប៉ូលីសទាំងអស់ជាបន្ទាន់ចេញពីតំបន់គ្មានកងទ័ពដែលបានត្រូវប្រកាសកាលពីពេលថ្មីៗនេះនៅជុំវិញប្រាសាទបុរាណមួយនៅជិតព្រំដែននៃប្រទេសទាំងពីរ។ តុលាការយុត្តិធ៌មអន្តរជាតិក្នុងក្រុង ឡាអេ ក៏បានសម្រេចកាលពីថ្ងៃច័ន្ទដែរថា ប្រទេសទាំងពីរគួរអនុញ្ញាតឱ្យពួកអ្នកសង្កេតការមកពីសមាគមអាស៊ានចូលទៅក្នុងតំបន់នោះដើម្បីសង្កេតមើលកិច្ចឈប់បាញ់គ្នា។
យេម៉ែន៖ លោក Ali Abdullah Saleh ប្រធានាធិបតីនៃប្រទេសយេម៉ែន ដែលមានរបួសបានកំណត់ខួបឆ្នាំទី៣៣នៃការទ្បើងមកកាន់អំណាចរបស់លោកដោយអំពាវនាវឱ្យមាន «ការសន្ទនាគ្នាដោយសន្តិវិធី» ដើម្បីបញ្ចប់ភាពទាល់ច្រកខាងនយោបាយ។
លីប៊ី៖ ក្រុមឧទ្ទាមលីប៊ីនិយាយថាពួកគេវាយយកបានផ្នែកខ្លះនៃក្រុងកំពង់ផែប្រេង Brega នាប៉ែកខាងកើតប្រទេសក្រោយពីបានប្រយុទ្ធគ្នាច្រើនថ្ងៃជាមួយពួកអ្នកស្មោះត្រង់នឹងមេដឹកនាំលីប៊ី Moammar Gadhafi។
ស៊ីរី៖ ពួកសកម្មជនសិទ្ធិមនុស្សស៊ីរីនិយាយថាការប្រយុទ្ធគ្នាខាងនិកាយសាសនារវាងពួកអ្នកគាំទ្រ និងក្រុមអ្នកប្រឆាំងនឹងប្រធានាធិបតី Bashar al-Assad បានបណ្តាលឱ្យមនុស្សប្រមាណ៣០នាក់ស្លាប់នៅក្នុងក្រុង Homs នាប៉ែកកណ្តាលប្រទេស។
ប៉ាគីស្ថាន៖ ពួកតាលីបង់ ប៉ាគីស្ថាន បានផ្សព្វផ្សាយវីដេអូមួយដែលបង្ហាញពួកជនសកម្មប្រយុទ្ធប្រហារជីវិតប៉ូលីសប៉ាគីស្ថាន១៦នាក់ដែលបានត្រូវចាប់ខ្លួនក្នុងតំបន់ពាយ័ព្យប្រទេសកាលពីខែមុន។
អង់គ្លេស៖ លោក Rupert Murdoch ម្ចាស់ក្រុមហ៊ុន News Corp និងកូនប្រុស James នឹងចេញបង្ហាញខ្លួននៅចំពោះមុខសភាអង់គ្លេសនៅថ្ងៃអង្គារ៍នេះ ដើម្បីឆ្លើយនឹងសំណួរអំពីរឿងអាស្រូវលបស្តាប់ការនិយាយគ្នាតាមទូរស័ព្ទនៅឯកាសែត News of The World ដែលលែងចេញផ្សាយហើយនៅពេលនេះ។
ស៊ូដង់៖ គណបក្សគ្រប់គ្រងប្រទេសស៊ូដង់បានបញ្ជាក់ថារដ្ឋាភិបាលនឹងមិនផ្តល់សញ្ជាតិពីរដល់ពលរដ្ឋប្រទេសស៊ូដង់ខាងត្បូងទេ ក្រោយប្រទេសថ្មីនេះនិយាយថាខ្លួនអនុញ្ញាត ឱ្យមានសញ្ជាតិពីរ។
យេម៉ែន៖ លោក Ali Abdullah Saleh ប្រធានាធិបតីនៃប្រទេសយេម៉ែនដែលមានរបួសបានកំណត់ខួបឆ្នាំទី៣៣នៃការទ្បើងមកកាន់អំណាចរបស់លោកដោយអំពាវនាវឱ្យមាន «ការសន្ទនាគ្នាដោយសន្តិវិធី» ដើម្បីបញ្ចប់ភាពទាល់ច្រកខាងនយោបាយ។