ព័ត៌មានចុងក្រោយបំផុត៖
សហរដ្ឋអាមេរិក៖ រដ្ឋបាលប្រធានាធិបតីបារ៉ាក់ អូបាម៉ា ឲ្យដឹងថា ពួកគេនឹងពិនិត្យមើលឡើងវិញនូវករណីចំនូន៣សែននៃជនអន្តោប្រវេសន៍ខុសច្បាប់ដែលកំពុងប្រឈមមុខនឹងការបណ្តេញចេញ ដើម្បីសម្រេចថាតើពួកគេអាចបន្តស្នាក់នៅសហរដ្ឋអាមេរិកឬទេ។
ភូមា៖ មន្រ្តីរដ្ឋាភិបាលភូមាម្នាក់និយាយថា លោក ស្រី អោង សានស៊ូជី មេដឹកនាំលទ្ធិប្រជាធិបតេយ្យបានជួបគ្នាជាមួយលោកប្រធានាធិបតី ថេន សេន (Thein Sein) ថ្ងៃសុក្រនេះក្នុងក្រុង ណាយភីយីដាវ (Naypyidaw)។ នេះជាជំនួបលើកទី១ហើយរវាងលោកស្រីដែលជាជ័យលាភីសន្តិភាពជាមួយនឹងមេដឹកនាំស៊ីវិលទីមួយប្រទេសនេះ។
កូរ៉េខាងជើង៖ កូរ៉េខាងជើងឲ្យដឹងថា ពួកគេនឹងពិភាក្សាជាមួយសហរដ្ឋអាមេរិកដើម្បីរុករកឡើងវិញនូវទាហានអាមេរិកាំងដែលបានស្លាប់ក្នុងពេលសង្រ្គាមកូរ៉េ។ អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមកូរ៉េខាងជើងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានទទួលយកសំណើរបស់សហរដ្ឋអាមេរិកដោយផ្អែកលើហេតុផលមនុស្សធម៌ហើយការងារកំពុងតែដំណើរការដើម្បីរៀបចំការជួបចរចារវាងកងយោធានៃប្រទេសទាំងពីរ។
ប៉ាគីស្ថាន៖ ក្រុមមន្រ្តីក្នុងប៉ែកពាយ័ព្យប្រទេសប៉ាគីស្ថាននិយាយថា ចំនួនមនុស្សស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកលើវិហារអ៊ីស្លាមមួយក្នុងពេលសូត្រធម៌ថ្ងៃសុក្របានឡើងដល់៣៣នាក់។ អាជ្ញាធរនិយាយថា យ៉ាងហោចណាស់មានមនុស្ស៨៥នាក់ទៀតទទួលរងរបួសក្នុងការវាយប្រហារនោះ។
ស៊ីរី៖ សកម្មជនក្នុងប្រទេសស៊ីរីនិយាយថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាស្សា អាល អាស្សាដ (Bashar al Assad) បន្តវាយបង្រ្កាបក្រុមបាតុករ ទោះជាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបទាមទារឱ្យលោកចុះចេញពីតំណែង។ ក្រុមសកម្មជននិយាយថា កងកម្លាំងសន្តិសុខបានបាញ់រះនៅក្នុងទីក្រុងហូម នៅភាគកណ្តាលប្រទេស ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ដែរ។
ស៊ីរី៖ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបបានអំពាវនាវឱ្យមេដឹកនាំប្រទេសស៊ីរីចុះចេញពីតំណែង។ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា បានចោទប្រកាន់លោកថា បាន «ធ្វើទារុណកម្មនិងសម្លាប់» ប្រជាពលរដ្ឋខ្លួនឯង ដូចអ្វីដែលមន្រ្តីអង្គការសហប្រជាជាតិហៅថាអាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
លីប៊ី៖ យ៉ាងហោចណាស់មានការផ្ទុះចំនួនប្រាំពីរដងដោយសំឡងយ៉ាងខ្លាំងនៅក្នុងទីក្រុងទ្រីប៉ូលីរបស់ប្រទេសលីប៊ី កាលពីព្រឹកព្រលឹមថ្ងៃសុក្រ ខណៈដែលមានគ្រាប់បែកបានធ្លាក់ចំបរិវេណលំនៅដ្ឋានមេដឹកនាំម៉ូអាម៉ា កាដាហ្វី និងទីកន្លែងជាច្រើនទៀតនៅភាគខាងលិចទីក្រុង។
សេដ្ឋកិច្ចសកលលោក៖ នៅថ្ងៃសុក្រនេះ ទីផ្សារភាគហ៊ុនបានបើកលក់ដូរដោយតម្លៃហ៊ុនធ្លាក់ចុះយ៉ាងខ្លាំងក្នុងតំបន់អាស៊ី មួយថ្ងៃបន្ទាប់ពីតម្លៃហ៊ុនក្នុងទីផ្សារហ៊ុនសហរដ្ឋអាមេរិកនិងអឺរ៉ុបបានធ្លាក់ចុះ។សន្ទស្សរ៍ទីផ្សារហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ចុះប្រហែល២ភាគរយក្នុងពេលបើកលក់ដំបូងៗកាលពីថ្ងៃសុក្រ ខណៈពេលដែលទីផ្សារហាងសេងក្នុងទីក្រុងហុងកុងបានធ្លាក់ចុះជិត២,៧ភាគរយ។
ចិន៖ នៅថ្ងៃសុក្រនេះលោក ស៊ី ជិនពិង (Xi Jinping) អនុប្រធានាធិបតីចិនបានសម្តែងជំនឿទុកចិត្តលើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ខណៈដែលលោកនិងលោកចូ បៃដិន (Joe Biden) អនុប្រធានាធិបតីសហរដ្ឋអាមេរិកបានជួបប្រជុំក្នុងក្រុងប៉េកាំងជាមួយប្រធានក្រុមវិនិយោគមកពីប្រទេសទាំងពីរ។
អ៊ីស្រាអែល៖ កងជីវពលក្នុងតំបន់ ហ្កាហ្សា ស្ទ្រីព (Gaza Strip) បានបាញ់គ្រាប់រ៉ុក្កែតចូលក្នុងដែនដីអ៊ីស្រាអែល ក្រោយពីយន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើដែនដីប៉ាឡេស្ទីន ក្នុងការសងសឹកវិញចំពោះការវាយប្រហារជាប់ៗគ្នានៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលដែលបានសម្លាប់មនុស្សអស់៨នាក់។
អាហ្វហ្គានីស្ថាន៖ មន្រ្តីអាហ្វហ្គានីស្ថាននិយាយថា យ៉ាងហោចណាស់មានមនុស្ស៩នាក់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃសុក្រនេះ ក្នុងការវាយប្រហារដោយគ្រាប់បែកពីរលើកនិងការបាញ់តគ្នានៅឯមជ្ឈមណ្ឌលវប្បធម៌មួយរបស់អង់គ្លេសក្នុងក្រុងកាប៊ុល។
ឥណ្ឌា៖ លោក អាណ្ណា ហាហ្សារ៉េ (Anna Hazare) សកម្មជនរបស់ប្រទេសឥណ្ឌាបានចាប់ផ្តើមការតវ៉ាដោយបង្អត់អាហាររយៈពេល១៥ថ្ងៃដើម្បីទាមទារឱ្យមានច្បាប់ប្រឆាំងអំពើពុករលួយដ៏តឹងរ៉ឹងមួយ។ អ្នកគាំទ្ររបស់លោករាប់ពាន់នាក់បានទទួលស្វាគមន៍លោក ហាហ្សារ៉េ ពេលដែលលោកមកដល់ទីធ្លាកណ្តាលវាលមួយក្នុងទីក្រុង ញូដេល្លី នៅថ្ងៃសុក្រនេះ។
សូម៉ាលី៖ លោកនាយករដ្ឋមន្រ្តីតួកគី រ៉េសេព តាយយីព អេរដូហ្កាន (Recep Tayyip Erdogan) បានមកដល់ប្រទេសសូម៉ាលីថ្ងៃសុក្រនេះ ដោយនាំមកជំនួយបន្ថែមទៀត និងទាក់ទាញចំណាប់អារម្មណ៍ជាអន្តរជាតិចំពោះគ្រោះទុរ្ភិក្សដែលកំពុងរួបរឹតតំបន់អាហ្រ្វិកខាងកើត។
ព័ត៌មាននៅពេលមុននេះ៖
ស៊ីរី៖ សហរដ្ឋអាមេរិកនិងប្រទេសមានអំណាចដទៃទៀតក្នុងពិភពលោក សុំឲ្យលោកប្រធានាធិបតី Bashar al-Assad ប្រទេសស៊ីរី ចុះចេញពីដំណែង ដោយសារការបង្ក្រាបយ៉ាងព្រៃផ្សៃរបស់លោកទៅលើក្រុមអ្នកជំទាស់នយោបាយ។ លោកបារ៉ាក់ អូបាម៉ាចេញសេចក្ដីថ្លែងការថ្ងៃព្រហស្បតិ៍ឲ្យដឹងថា ពេលវេលាមកដល់ហើយឲ្យលោក Assad ចុះចេញពីដំណែង។
វៀតណាម៖ មន្ដ្រីសុខាភិបាលវៀតណាមកំពុងតែទប់ស្កាត់ការរីករាលដាលជំងឺមួយដែលបានសម្លាប់កុមារអស់៨១នាក់ និងឆ្លងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតផង។
សេដ្ឋកិច្ចសកលលោក៖ តម្លៃភាគហ៊ុនស្ដុកចុះយ៉ាងខ្លាំងនៅក្នុងផ្សារលក់ដូរហ៊ុនសហរដ្ឋអាមេរិក និងអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ ពេលដែលសន្ទស្សន៍ DAX នៅប្រទេសអាល្លឺម៉ង់ធ្លាក់ជិត៧ភាគរយ ហើយសន្ទស្សន៍ Dow នៅសរអចុះជាង៤%។ ក្រោយមកផ្សារលក់ហ៊ុនមានលំនឹងបន្ដិចវិញ។
ចិន៖ អនុប្រធានាធិបតីនៃប្រទេសចិននិងសហរដ្ឋអាមេរិកបានធ្វើការចរចាគ្នាជាថ្លូវការណ៍នៅទីក្រុងប៉េកាំង ដោយនិយាយថាទំនាក់ទំនងល្អជាងមុននឹងធ្វើឲ្យប្រទេសរបស់អស់លោកឲ្យផលប្រយោជន៍ដល់ពិភពលោក។
អាហ្វហ្គានីស្ថាន៖ ក្រុមមន្ដ្រីអាហ្វហ្គានីស្ថាននិយាយថា គ្រាប់បែកបង្កប់តាមផ្លូវបានផ្ទុះនៅក្នុងរថយន្ដដឹកអីវ៉ាន់តូចមួយនៅប្រទេស អាហ្វហ្គានីស្ថានភាគខាងលិចបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច២០នាក់។ ការផ្ទុះនេះកើតមាននៅសង្កាត់ Obe ក្នុងខេត្ដ Herat ។
លីប៊ី៖ ក្រុមបះបោរលីប៊ីនិយាយថាពួកគេត្រួតត្រាលើរោងច័ក្រចំរ៉ាញ់ប្រេងកាតយុទ្ធសាស្ដ្រមួយនៅភាគខាងលិចទីក្រុង Tripoli ហើយត្រួតត្រាស្រុកនៅជិតខាងមួយដែរ។
ឥណ្ឌា៖ សកម្មជនឥណ្ឌានាំមុខគេម្នាក់មានផែនការណ៍ធ្វើកូដកម្មអត់អាហាររបស់សធារណ:ជននៅថ្ងៃសុក្រដើម្បីទាមតារឲ្យមានសំណើច្បាប់ប្រឆាំងអំពើពុករលួយខ្លាំងជាងមុន នៅក្នុងយុទ្ធនាការដែលធ្វើឲ្យមានការតវ៉ានៅទូទាំងប្រទេស។
អ៊ីស្រាអែល៖ យន្ដហោះប្រដេញរបស់ប្រទេសអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទៅលើតំបន់ Gaza Strip ភាគខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ក្រោយពីរដ្ឋាភិបាលប្រទេសនេះបន្ទោសពួកសកម្មប្រយុទ្ធនៅ Gaza ចំពោះការវាយលុកនៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង។ លោកនាយករដ្ឋមន្ដ្រី Benjamin Netanyahu ព្រមានថានរណាដែលវាយប្រហារអ៊ីស្រាអែលនឹងត្រូវទទួលផលវិបាកយ៉ាងដំណំ។
ប៉ាគីស្ថាន៖ ប៉ូលីសប៉ាគីស្ថានបានចេញផ្សាយរូបគំនូរជនជាប់សង្ស័យម្នាក់នៅក្នុងការចាប់ពង្រត់ជនជាតិអាមេរិកាំងម្នាក់ពីផ្ទះរបស់លោកនៅទីក្រុង Lahore ភាគខាងកើត។
រុស្ស៊ី៖ ទីភ្នាក់ងារសហព័ន្ធអាវកាសប្រទេសរុស្ស៊ីឲ្យដឹងថា ខ្លួនបាត់ការទាក់ទងជាមួយផ្កាយរណបគមនាគមន៍ធំមួយក្រោយពីការបង្ហោះភ្លាមមក។
រវ៉ាន់ដា៖ ប៉ូលីសយោធាបារាំងកំពុងតែស្ថិតនៅក្នុងប្រទេសរវ៉ាន់ដា ដើម្បីស៊ើបអង្កេតអំពីជនជាតិរវ៉ាន់ដា ដែលរស់នៅក្នុងប្រទេសបារាំង ហើយដែលជាជនជាប់សង្ស័យក្នុងការដើរតួនាទីនៅក្នុងការប្រល័យពូជសាសន៍ឆ្នាំ១៩៩៤ ដែលពួក Hutuនិយមជ្រុលហួសសម្លាប់ពួកអនិកជន Tutsi ប្រមាណ៨សែននាក់។
សេណេហ្គាល់៖ ការសិក្សាមួយធ្វើនៅប្រទេសសេណេហ្គាល់កំពុងតែធ្វើឲ្យមានការសង្ស័យអំពីប្រសិទ្ធិភាពរបស់មុងដែលមានជ្រលក់ថ្នាំ ដើម្បីទប់ស្កាត់ជម្ងឺគ្រុនចាញ់។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ចាប់ផ្ដើមសំរាកវិស្សមកាល ១០ថ្ងៃនៅថ្ងៃព្រហស្បតិ៍ ក្រោយពីបានចំណាយពេលពាក់ កណ្ដាលនៃអាទិត្យនេះធ្វើដំណើរទៅកាន់ទីជនបទក្នុងរដ្ឋស្ថិតនៅភាគកណ្ដាលប៉ែកខាងលិចសហរដ្ឋអាមេរិកដើម្បីស្ដាប់សេចក្ដីព្រួយបារម្ភរបស់ពលរដ្ឋអំពីសេដ្ឋកិច្ច។ អ្នករិះគន់លោកអូបាម៉ានិយាយថា លោកមិនគួរទៅវិស្សមកាលនៅ Martha's Vineyard នៅរដ្ឋ Massachussetts ពេលមានវិបត្ដិសេដ្ឋកិច្ចទេ។
អង់គ្លេស៖ ប៉ូលីសអង់គ្លេសបានចាប់អតីតអ្នកយកព័ត៌មាននៅហូលីវូដម្នាក់ដែលយកព័ត៌មានឲ្យកាសែត News of the World ដែលមានរឿងអាស្រូវក្នុងការលួចចូលស្ដាប់ការសន្ទនាគ្នាតាមទូរស័ព្ទ។