ព័ត៌មានចុងក្រោយបំផុត៖
ឡាអេ៖ តុលាការជាន់ខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិបានបញ្ជាឲ្យប្រទេសកម្ពុជានិងថៃដកកងទ័ពនិងប៉ូលីសទាំងអស់ជាបន្ទាន់ចេញពីតំបន់ដែលតុលាការបានប្រកាសមិនឲ្យមានកងទ័ពនៅពេលថ្មីៗនេះនៅជុំវិញប្រាសាទខ្មែរចាស់មួយនៅតាមព្រំដែន។
ហ្វីលីពីន៖ សមាជិកសភាប្រាំនាក់នៃប្រទេសហ្វីលីពីនថ្លែងថា អស់លោកនឹងអញ្ជើញទៅទស្សនាកោះមានជម្លោះមួយ នៅក្នុងសមុទ្រចិនខាងត្បូង នៅថ្ងៃពុធនេះដើម្បីពង្រឹងការទាមទាររបស់ប្រទេសហ្វីលីពីននៅក្នុង តំបន់នេះ។
អាស៊ាន៖ អ្នកការទូតនៃសមាគមអាស៊ីអាគ្នេយ៍ បានចាប់ ផ្តើមធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយ ដើម្បីធ្វើសន្និសីទក្នុងតំបន់មួយ ដែលរំពឹងថានឹងផ្តោតទៅលើបញ្ហាសន្តិសុខ មានរួមទាំងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។
អាហ្វហ្កានីស្ថាន៖ ឧត្តមសេនីយ៍ ដេវិត ប៉េទ្រីយឺស នៃស.រ.អ. ដែលបានធ្វើជាមេបញ្ជាការនៃកងកម្លាំងរបស់អង្គការអូតង់ នៅក្នុងប្រទេសអាហ្វហ្កានីស្ថានអស់ពេលមួយឆ្នាំ បានប្រគល់មុខនាទីបញ្ជាការលើបក្សសម្ព័ន្ធអន្តរជាតិ តាមផ្លូវការទៅជូនអ្នកកាន់តំណែងបន្តពីលោក គឺឧត្តមសេនីយ៍ ចន អាឡិន។
អង់គ្លេស៖ លោក ដេវិត កាមឺរ៉ន នាយករដ្ឋមន្រ្តីប្រទេសអង់គ្លេសនឹងកាត់បន្ថយទស្សនកិច្ចរបស់លោកទៅកាន់ទ្វីបអហ្វ្រិក ដើម្បីដោះស្រាយរឿងអាស្រូវលួចស្តាប់ទូរស័ព្ទ ដែលមានទាក់ទងជាមួយមនុស្សដែលជិតស្និតជាមួយលោកនាយករដ្ឋមន្រ្តីអង់គ្លេស។ លោក កាមឺរ៉ន ត្រូវរំពឹងថានឹងត្រឡប់ទៅទីក្រុងឡុងដ្រ៍វិញនៅថ្ងៃពុធ ដើម្បីដោះស្រាយវិបត្តិនេះ។
អាហ្រ្វិកខាងត្បូង៖ ប្រធានាធិបតីស្បែកខ្មៅទីមួយរបស់ប្រទេសអាហ្វ្រិកខាងត្បូង លោក ណិលសុន ម៉ិនដិលឡា (Nelson Mandela) នឹងប្រារព្ធធ្វើពិធីបុណ្យខួបថ្ងៃកំណើតឆ្នាំទី៩៣ នៅថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលមនុស្សនៅជុំវិញពិភពលោក សម្តែងការគោរពដល់ជីវិតរបស់លោក ដោយផ្តល់អំណោយទៅឲ្យសហគមន៍ផ្ទាល់របស់ខ្លួនវិញ។
ស៊ីរី៖ កងកម្លាំងប្រទេសស៊ីរី បានឡោមព័ទ្ធទីក្រុងមួយនៅតាមព្រំដែនប្រទេសអ៊ីរ៉ាក់ នៅពេលដែលក្រុមប្រឆាំងរបស់ប្រទេសបានខិតមួយជំហានទៀតទៅរកការបង្កើតរដ្ឋាភិបាលជំនួសមួយ ដែលនឹងប្រកួតប្រជែងជាមួយការក្តាប់អំណាចរបស់លោកប្រធានាធិបតី បាហ្សា អាល់ អាស់សាត។
ព័ត៌មាននៅពេលមុននេះ៖
វៀតណាម៖ កាលពីថ្ងៃអាទិត្យ ពួកប៉ូលីសនៅក្នុងរដ្ឋធានីហាណូយ បានចាប់ខ្លួនពួកបាតុករជាង១២នាក់ដែលបានបរិហាររិះគន់សកម្មភាពរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើជម្លោះសមុទ្រចិនខាងត្បូង។
អង់គ្លេស៖ មេប៉ូលីសក្រុងឡុងដុង បានសុំលាលែងចេញពីតំណែងហើយនៅពេលមានការចោទប្រកាន់អំពីការដោះស្រាយដោយពួកប៉ូលីសនូវរឿងអាស្រូវលបស្តាប់ការនិយាយគ្នាតាមទូរស័ព្ទ ដែលមានទាក់ទិនជាមួយពួកអ្នកកាសែតនៃសារព័ត៌មានឈ្មោះ News of the World ដែលនៅពេលនេះឈប់ចេញផ្សាយហើយ។
ឥណ្ឌា៖ បុរសឥណ្ឌាម្នាក់បានស្លាប់នៅក្រោយត្រូវសាកសួរចម្លើយដោយអាជ្ញាធរក្នុងការទាក់ទិនជាមួយការបំផ្ទុះគ្រាប់បែកកាលពីសប្តាហ៍មុនក្នុងក្រុង មុមបៃដែលបានបណ្តាលឱ្យមនុស្ស១៩នាក់ស្លាប់។
អ៊ីតាលី៖ សន្និសីទវេជ្ជសាស្ត្រសាកលមួយស្តីពីជំងឺ អេដស៍ បានបើកប្រជុំកាលពីថ្ងៃអាទិត្យក្នុងក្រុង រ៉ូម ដោយប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងពួកអ្នកជំនាញការខាងសុខភាពរាប់ពាន់នាក់។
យែម៉ែន៖ ប្រជារាស្ត្ររាប់ម៉ឺននាក់ក្នុងប្រទេស យែម៉ែន បានធ្វើការប្រជុំមហាជននៅក្នុងក្រុងធំបំផុត២នៃប្រទេសនេះដើម្បីទាមទារឱ្យប្រធានាធិបតី Ali Abdullah Saleh ចុះចេញពីតំណែងនៅថ្ងៃខួបឆ្នាំទី៣៣នៃរបបគ្រប់គ្រងផ្តាច់ការរបស់លោក។
ក្រិក៖ ស្រីរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អ.បានមានប្រសាសន៍ថាស.រ.អ.គាំទ្រ «យ៉ាងមុតមាំ» ដល់ផែនការធ្វើឱ្យសេដ្ឋកិច្ចរើបទ្បើងវិញនៃប្រទេសក្រិកដើម្បីប្រយុទ្ធនឹងវិបត្តិបំណុលរបស់ខ្លួន។
អាហ្វហ្គានីស្ថាន៖ ពួកជនប្រដាប់អាវុធបានបាញ់សម្លាប់សហការីជាន់ខ្ពស់ម្នាក់របស់លោកប្រធានាធិបតី Hamid Karzai នៃប្រទេសអាហ្វហ្គានីស្ថាន។
អាហ្វហ្គានីស្ថាន៖ អង្គការអូតង់បានផ្ទេរការត្រួតត្រាសន្តិសុខក្នុងខេត្តបាមីយ៉ាន នាប៉ែកកណ្តាលនៃប្រទេសអាហ្វហ្គានីស្ថានទៅឱ្យកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលប្រទេសនេះ។
ស៊ីរី៖ ពួកសកម្មជនសិទ្ធិមនុស្សស៊ីរី និងក្រុមអ្នកស្រុកនិយាយថា ពួកទាហានរដ្ឋាភិបាលបានឆ្មក់ចូលក្រុងមួយជិតព្រំដែនលីបង់ហើយបានទ្បោមព័ទ្ធក្រុងមួយទៀតនៅជិតព្រំដែនអ៊ីរ៉ាក់នៅក្នុងការបង្ក្រាបដែលមានធ្វើទៅលើបាតុកម្មរបស់ក្រុមប្រឆាំង។
លីប៊ី៖ កងយន្តហោះចម្បាំងអូតង់បានទម្លាក់គ្រាប់បែកលើទីដៅនៅជិតរដ្ឋធានីទ្រីប៉ូលីនៃប្រទេសលីប៊ី មួយថ្ងៃក្រោយពីបានវាយប្រហារលើកងកម្លាំងរបស់មេដឹកនាំលីប៊ី Moammar Gadhafi នៅជុំវិញក្រុងកំពង់ផែប្រេង Brega នាប៉ែកខាងកើតប្រទេស។