ព័ត៌មានចុងក្រោយបំផុត៖
កម្ពុជា៖ នៅថ្ងៃព្រហស្បតិ៍នេះ អ្នកភូមិកម្ពុជាជាង១០០នាក់បានស្លៀកពាក់តែងខ្លួនជាតួរអង្គអវតាដែលយកតាមរឿងភាពយន្តល្បីឈ្មោះដែលមានចំណងជើងថា «អវតា» ដើម្បីតវ៉ានឹងអ្វីដែលពួកគេហៅថាការបំផ្លិចបំផ្លាញព្រៃឈើដ៏ធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ក្រុមអ្នកភូមិបានលាបមុខពណ៌បៃតង និងខៀវបានធ្វើការតវ៉ានៅចំពីមុខព្រះរាជវាំងក្នុងទីក្រុងភ្នំពេញ បន្ទាប់មកបានដើរនៅពាសពេញរាជធានីដោយចែកខិតប័ណ្ណផ្សព្វផ្សាយ។ ប៉ូលីសបានចាប់ខ្លួនពួកគេមួយចំនួន តែបានដោះលែងទៅវិញដោយមិនបានចោទប្រកាន់អ្វីទេ។
វៀតណាម៖ អាជ្ញាធរវៀតណាមបានទាមទារឱ្យបញ្ឈប់ការតវ៉ាប្រចាំសប្តាហ៍ក្នុងរដ្ឋធានី ប្រឆាំងនឹងប្រទេសចិន ដោយនិយាយថា មានកម្លាំងប្រឆាំងកំពុងប្រើប្រាស់ការតវ៉ានេះដើម្បីធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់សង្គមនិងស្ថិរភាព។ គណៈកម្មការប្រជាជនទីក្រុងហាណូយបានបញ្ជាឱ្យបញ្ឈប់ការតវ៉ានេះដោយប្រើប្រាស់ការផ្សព្វផ្សាយមួយកាលពីថ្ងៃព្រហស្បតិ៍ ហើយបានព្រមានថា រដ្ឋាភិបាលនឹងប្រើប្រាស់វិធានការចាំបាច់ប្រឆាំងនឹងជនទាំងឡាយណាដែលមិនគោរពតាម។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ានិយាយថា លោកនឹងបង្ហាញសំណើមួយនៅដើមខែក្រោយដើម្បីកាត់ឱនភាពថវិកាដ៏ធំរបស់ប្រទេសជាតិឱ្យបានច្រើនជាងអ្វីដែលបានរៀបចំនាពេលបច្ចុប្បន្ននេះ។
ប៉ាគីស្ថាន៖ ក្រុមមន្ត្រីប៉ូលិសនិយាយថាអំពើហិង្សាផ្នែកជាតិសាសន៍មានទាក់ទងនឹងក្រុមជនពាលនៅទីក្រុងការ៉ាជីដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់បាត់បង់ជីវិតចាប់តាំងពីថ្ងៃពុធ។ ប៉ូលិសនិយាយថា អំពើហិង្សាភាគច្រើនកើតមានឡើងនៅសង្កាត់ លីយ៉ារី (Lyari) ដែលនៅភាគខាងត្បូងទីក្រុងការ៉ាជី ដែលទីនោះជាតំបន់ដែលត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាជនប៉ាគីស្ថាន ហើយជាទីដែលល្បីថាមានក្រុមជនពាលធ្វើសកម្មភាព។
ឥណ្ឌា៖ ទីប្រឹក្សាម្នាក់របស់សកម្មជនប្រឆាំងនឹងអំពើពុករលួយដ៏ល្បីឈ្មោះម្នាក់និយាយថា លោកអាណ្ណា ហាហ្សារ (Anna Hazare) បានយល់ព្រមទទួលការអនុញ្ញាតពីអាជ្ញាធរប៉ូលិសឱ្យលោកធ្វើការតវ៉ាតាមវិធីបង្អត់អាហារចំនួន១៥ថ្ងៃនៅក្នុងទីសួនសាធារណៈនៃទីក្រុងញូដេលី។ការយល់ព្រមនេះបាននាំឱ្យមានការអបអរសាទរយ៉ាងខ្លាំងពីក្រុមអ្នកគាំទ្រលោក។
ចិន អាមេរិក៖ អនុប្រធានាធិបតីចិននិងសហរដ្ឋអាមេរិកបានបើកការចរចាជាផ្លូវការនៅ ទីក្រុងប៉េកាំងដោយមានការរំលឹកថាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនឹងអាចផ្តល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូល។ លោកអនុប្រធានាធិបតី ចូ បៃដិន (Joe Biden) និង លោក ស៊ី ជីនពីង (Xi Jinping) បានដកឃ្លាចូលមកចរចាជាលក្ខណៈឯកជនកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីមានការទទួលផ្លូវការនៅឯមហាវិមានប្រជាជនចិនក្នុងទីក្រុងប៉េកាំង។
តួកគី៖ ក្រុមយោធាទួរគីនិយាយថាយន្តហោះ ចម្បាំងរបស់ទួរគីបានវាយប្រហារគោលដៅចំនួន៦០របស់បក្សកម្មករឃឺដ ដែលត្រូវបានហៅកាត់ថា PKK ដែលជាក្រុមបំបែកខ្លួននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ក្រុមយោធាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះទាំងនោះបានបើកការវាយប្រហារកាលពីយប់ថ្ងៃពុធ។
ស៊ីរី៖ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានប្រាប់លោកប្រធានាធិបតីស៊ីរី បាស្សារ អាល អាស្សាដ (Bashar al-Assad) ថាលោកភ្ញាក់ផ្អើលនឹងសេចក្តីរាយការណ៍នានាអំពីការណ៍ដែលកងកម្លាំងសន្តិសុខរដ្ឋាភិបាលប្រើប្រាស់កម្លាំងជ្រុលហួសប្រឆាំងនឹងជនស៊ីវិលហើយបានបន្តការរំលោភសិទ្ធិមនុស្សយ៉ាងរាលដាល។
លីប៊ី៖ ក្រុមបះបោរលីប៊ីនិយាយថា ពួកគេបានវាយយកបានរោងចក្រប្រេងកាតចុងក្រោយពីរដ្ឋាភិបាលក្នុងទីក្រុងភាគខាងលិចរដ្ឋធានីទ្រីប៉ូលី។ ពួកគេក៏បន្តវាយសម្រុកឆ្ពោះទៅរដ្ឋធានីក្នុងគោលបំណងបង្ខំមេដឹកនាំ ម៉ូអាម៉ា ហ្កាដាហ្វី ឱ្យចុះចេញពីតំណែង។
អាហ្វហ្គានីស្ថាន៖ ក្រុមមន្រ្តីអាហ្វហ្កានីស្ថាននិយាយថា យ៉ាងហោចណាស់មានអ្នកដំណើរចំនួន២០នាក់ដែលជិះនៅក្នុងរថយន្តក្រុងបានស្លាប់បាត់បង់ជីវិតក្រោយពីរថយន្តនោះបានបើកលើគ្រាប់បែកដែលត្រូវបានដាក់បង្កៃតាមដងផ្លូវនៅខេត្ត ហាត (Heart) នាភាគខាងលិចប្រទេស។
អេស្ប៉ាញ៖ សម្តេចសង្ឃប៉ា បិណិឌិត (Pope Benedit) កំពុងស្ថិតនៅក្នុងប្រទេសអេស្ប៉ាញដើម្បីចូលរួមពិធីប្រជុំរបស់ក្រុមយុវជនកាតូលិកហើយបានបង្កឱ្យមានការតវ៉ាដោយសារតែមានការចំណាយខ្ពស់ពេក។
ព័ត៌មាននៅពេលមុននេះ៖
រុស៊្សី៖ អតីតមេដឹកនាំសហភាពសូវៀត លោក មីកាអែល គរបាឆូវ បានទិតៀនរដ្ឋាភិបាលរុស្ស៊ី ហើយបានសម្ដែងសមានចិត្ដដែលប្រទេសនេះដើរថយក្រោយ ជិតពីរទសវត្សរ៍មកហើយ ក្រោយរដ្ឋប្រហារដែលនាំឲ្យដួលរលំសហភាពសូវៀត។
ស៊ីរី៖ សកម្មជននិយាយថា កងកម្លាំងសន្ដិសុខស៊ីរីបានចាប់ផ្ដើមការវាយសម្រុកថ្មី ហើយបានចាប់ឃុំមនុស្សជាង១២នាក់នៅក្រុងឡាតីគីយា មួយថ្ងៃក្រោយពីរដ្ឋាភិបាលបានប្រកាសថាខ្លួននឹងដកយោធាចេញពីដំបន់ផែសមុទ្រនោះ។
លីបង់៖ តុលាការស៊ើបអង្កេតគាំទ្រដោយអង្គការសហប្រជាជាតិលើករណីឃាតកម្មអតីតនាយករដ្ឋមន្ដ្រីលីបង់ Rafik Hariri បានផ្សព្វផ្សាយឲ្យដឹងអំពីការកាត់ទោសប្រឆាំងសមាជិក៤នាក់របស់អង្គការ ហេសបូលាហ ដោយរដ្ឋអាជ្ញានិយាយថាជាអ្នកដៃដល់ក្នុងការវាយប្រហារ។
ឥណ្ឌា៖ នាយករដ្ឋមន្ដ្រីឥណ្ឌា ម៉ាន ម៉ូហានសិញ ទិតៀនសកម្មជនធ្វើកូដកម្មបង្អត់អាហារដើម្បីប្រឆាំងអំពើពុករលួយថាមិនយល់សាច់រឿង ពេលដែលមានការតវ៉ាថ្មីៗធ្វើឡើងទូទាំងប្រទេស ដើម្បីប្រឆាំងអំពើពុករលួយនៅថ្ងៃទីពីរ។
តួកគី៖ រដ្ឋមន្ដ្រីក្រសួងការពារតួកគី Ismet Yilmaz បានសច្ចាថានឹងធ្វើការសងសឹកខ្លាំងដៃប្រឆាំងក្រុម Kurdistan Workers Party ដោយសារតែក្រុមនោះបានបើកការវាយប្រហារ ហើយសម្លាប់ទាហានទូរគី ៩នាក់នៅជិតព្រំដែនជាមួយប្រទេសអ៊ីរ៉ាក់។
សហរដ្ឋអាមេរិក៖ ការស្ទង់មតិថ្មីមួយបង្ហាញថា ភាពក្រីក្រនៃកុមារភាពនៅសហរដ្ឋអាមេរិកកើនខ្ពស់នៅក្នុងរដ្ឋ៣៨ កាលពីទសវត្សរ៍មុន ពេលដែលដំណើរសេដ្ឋកិច្ចចុះដុនដាប។
សហរដ្ឋអាមេរិក៖ សេតវិមាននិយាយថា ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងបង្ហាញផែនការថ្មី ដែលនឹងកាត់បន្ថយអតិផរណា និងបង្កើតការងារធ្វើនៅខែក្រោយ បន្ទាប់ពីលោកនិងសភាវិលត្រឡប់ពីវិស្សមកាលរដូវក្ដៅវិញ។
ចិន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក ចូហ បៃឌិន បានមកដល់ប្រទេសចិន កាលយប់ថ្ងៃពុធ ដើម្បីធ្វើទស្សនកិច្ចប្រាំថ្ងៃ ក្នុងគោលដៅធានាដល់ប្រទេសចិន អំពីសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងចងស្ពានមេត្រីជាមួយមេដឹកនាំចិន ជំនាន់ក្រោយ។
សូម៉ាលី៖ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិនិយាយថា កុមារជាតិសូម៉ាលីនៅក្នុងជំរំជនភៀសខ្លួនប្រទេសអេត្យូពីរង់ចាំការស្លាប់តាមអត្រាខ្ពស់គួរឲ្យខ្លាច។
លីប៊ី៖ ក្រុមបះបោរនៅក្នុងប្រទេសលីប៊ីបានផ្ដើមការវាយលុកចូលទៅក្នុងរោងចក្រចំរាញ់ប្រេងកាតនៅទីក្រុងមួយ នៅតំបន់ទិសខាងលិចទីក្រុងទ្រីប៉ូលី ក្នុងគោលដៅនឹងវាយបណ្ដេញកងកម្លាំងស្មោះត្រង់នឹងមេដឹកនាំ មូមារកាដាហ្វី ហើយនិងបន្ដចលនារុលទៅកាន់រដ្ឋធានី។