ព័ត៌មានចុងក្រោយបំផុត៖
ថៃ៖ លោកស្រីគ្លីនតុន រដ្ឋមន្ត្រីការបរទេសសរអា បានជួបជាមួយជនរងគ្រោះដោយទឹកជំនន់នៅប្រទេសថៃ គឺមួយថ្ងៃក្រោយពីសរអាបានសន្យាផ្តល់ជំនួយមានទឹកប្រាក់១០លានដុល្លារ។
កូរ៉េខាងត្បូង៖ មន្ត្រីរុស្ស៊ីនិយាយថា សមាជិកក្រុមនាវិក៨៩នាក់របស់កប៉ាល់កូរ៉េខាងត្បូង ត្រូវរុស្ស៊ីសង្គ្រោះ ក្រោយពីមានភ្លើងឆេះក្នុងនាវារបស់គេ នៅ Bering Sea នៅសមុទ្រខាងកើតរុស្ស៊ី។
តៃវ៉ាន់៖ កងទ័ពតៃវ៉ាន់ធ្វើសមយុទ្ធដ៏សំខាន់មួយនៅថ្ងៃព្រហស្បតិ៍ដើម្បីបង្ហាញសមត្ថភាពការពារខ្លួន ប្រសិនបើមានការវាយប្រហារពីប្រទេសចិន ។
ប៉ាគិស្ថាន៖ ឯកអគ្គរដ្ឋទូតប៉ាគិស្ថានប្រចាំនៅសរអាបានសុំលាលែងពីតំណែង នៅពេលមានរបាយការណ៍ថា រដ្ឋាភិបាលប៉ាគិស្ថានស្វះស្វែងរកជំនួយអាមេរិក ក្នុងការទប់ស្កាត់ការដណ្តើមអំណាចដោយកងទ័ព។
ភូមា៖ ក្រុមតាមឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchនិយាយថា អាស៊ាន ត្រូវកំណត់អាណត្តិឲ្យបានច្បាស់ប្រាប់ប្រទេសភូមា មុនប្រទេសនេះកាន់តំណែងជាប្រធានអាស៊ាន ដែលមានប្រទេសចំនួន១០ជាសមាជិក។
សរអា៖ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានកោតសរសើរសម្ព័ន្ធភាពរវាងសរអានិងប្រទេសអូស្ត្រាលី អំឡុងទស្សនកិច្ចកាលពីថ្ងៃព្រហស្បតិ៍នៅមូលដ្ឋានយោធា នៅDarwinជាទីក្រុងដែលក្នុងពេលឆាប់ៗនេះ នឹងមានទាហានអាមេរិកាំងដល់ទៅ២៥០០នាក់ឈរជើងនៅទីនោះ។
អាស៊ាន៖ មេដឹកនាំក្នុងតំបន់អាស៊ានបានសម្រេចទទួលយកប្រទេសភូមាធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នយ៍ហៅកាត់ថា អាស៊ានក្នុងឆ្នាំ២០១៤។
ស៊ិរី៖ អសបកំពុងត្រូវប្រទេសខ្លះជំរុញឲ្យបន្ថែមសម្ពាធជាពាក្យសម្តីថ្កោលទោស របស់រដ្ឋាភិបាលស៊ីរី ដែលធ្វើការបង្ហូរឈាមយ៉ាងច្រើន ក្នុងការបង្ក្រាបបាតុករប្រឆាំងរដ្ឋាភិបាលនោះ។
អ៊ីរ៉ង់៖ សរអានិងប្រទេសអឺរ៉ុបមួយចំនួនកំពុងឲ្យក្រុមតាមដានសកម្មភាពនុយក្លេអ៊ែរធ្វើសកម្មភាពខ្លាំងឡើងតាមដានកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
អាហ្វហ្កាននិស្ថាន៖ មន្ត្រីអាហ្វហ្កាននិស្ថាននិយាយថា ក្រុមបះបោរបានបាញ់រ៉ុកកែតពីរគ្រាប់ចូលរដ្ឋធានីកាប៊ុល នៅពេលមេដឹកនាំប្រជុំគ្នានៅថ្ងៃទី២នៃកិច្ចពិភាក្សាអំពីទំនាក់ទំនងជាមួយសរអា។
សរអា៖ បាតុករប្រឆាំងមូលធនដែលត្រូវបានបណ្តេញចេញពីសួនច្បារនៅក្រុងញូយ៉កនៅដើមសប្តាហ៍នេះ កំពុងធ្វើការតាំងចិត្តថា នឹងធ្វើការឆ្លើយបតទៅវិញនៅថ្ងៃព្រហស្បតិ៍នេះ ដោយធ្វើបាតុកម្មរំឭកខួបពីរខែរបស់ចលនាដែលគេហៅថា Occupy Wall Streetនេះ។
ស៊ូដង់៖ ក្រសួងការបរទេសសរអា កំពុងអំពាវនាវឲ្យមានកិច្ចពិភាក្សាជាបន្តរវាងរដ្ឋាភិបាលស៊ូដង់ និងចលនាបះបោរនៅតំបន់Darfur។
ក្រិក៖ ប្រទេសក្រិកបានពង្រាយកម្លាំងប៉ូលិសរាប់ពាន់នាក់ទៅក្រុង Athenដើម្បីទប់ស្កាត់អំពើហិង្សាអំឡុងមានការដង្ហែរក្បួនតវ៉ាប្រចាំឆ្នាំនៅថ្ងៃព្រហស្បតិ៍នេះ។ ក្បួនដង្ហែនេះគ្រោងដើរទៅរកស្ថានទូតសរអា។ គេរំពឹងថា ក្នុងក្បួនដង្ហែនោះរួមមានបាតុករដែលអន់ចិត្តនឹងវិធានការកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលអន្តរកាលថ្មី។
ព័ត៌មាននៅពេលមុននេះ៖
ថៃ៖ រដ្ឋមន្រ្តីក្រសួងការបរទេសរដ្ឋអាមេរិក ហ៊ីលឡារី គ្លីនតុន បានសន្យាផ្តល់ជំនួយនិងឧបត្ថម្ភនាវារដ្ឋអាមេរិកសម្រាប់ទឹកជំនន់ដែលបានបំផ្លាញប្រទេសថៃ។
ភូមា ៖ រដ្ឋមន្រ្តីក្រសួងការបរទេសសមាគមប្រទេសជាតិអាស៊ីអាគ្នេយ៍និយាយថា នឹងធ្វើអនុសាសន៍ទៅកាន់មេដឹកនាំរបស់ខ្លួនថាប្រទេសភូមាដែលគ្រប់គ្រងដោយពួកយោធា នឹងត្រូវគេអនុញ្ញាតិឲ្យធ្វើជាប្រធានប្លុកតំបន់របស់ខ្លួនក្នុងឆ្នាំ២០១៤។
តួកគី៖ និងសមាគមប្រទេសអារ៉ាប់បានអំពាវនាវឲ្យមាន «វិធានការជាបន្ទាន់» ដើម្បីបញ្ឈប់ការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើក្រុមបាតុករអ្នកប្រឆាំងនៅស៊ីរី ពេលដែលការបះបោរក្នុងរយៈពេល៨ខែកន្លងទៅនេះបានឡើងទៅដល់ការវាយប្រហារដោយក្រុមអ្នករត់ចោលជួរយោធាទៅលើទីតាំងយោធា។
អូស្ត្រាលី ៖ មេដឹកនាំអាមេរិកនិងអូស្រ្តាលីបានប្រកាសអំពីកិច្ចព្រមព្រៀងមួយដើម្បីរក្សាកងកម្លាំងអាមេរិកក្នុងទឹកដីអូស្រ្តាលី។
អឺរ៉ុប ៖ មន្រ្តីជាន់ខ្ពស់នៃសហភាពអឺរ៉ុបបានថ្លែងថា ទ្វីបនេះត្រូវការត្រួតពិនិត្យការចំណាយរបស់ប្រទេសនីមួយៗ ដើម្បីធានាឲ្យប្រាក់ អឺរ៉ូ អាចនៅរស់ជីវិតបានតទៅទៀត និងដោះស្រាយវិបត្តិប្រាក់បំណុលដ៏មហិមារបស់ខ្លួន។
អាហ្វហ្គានីស្ថាន ៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន Hamid Karzai ថ្លែងថា ប្រទេសលោកចង់បានអធិបតេយ្យភាពនិងទីបញ្ចប់នៃការវាយប្រហារនៅពេលយប់ ដើម្បីជាលក្ខខណ្ឌសម្រាប់ការចូលធ្វើជាដៃគូជាមួយអាមេរិកដែលនឹងអនុញ្ញាតឲ្យកងទ័ពអាមេរិកាំងខ្លះស្ថិតនៅក្នុងប្រទេសនេះ។
កាហ្សាក់ស្ថាន ៖ ប្រធានាធិបតីកាហ្សាក់ស្ថាន Nursultan Nazarbayev បានរំលាយរដ្ឋសភាជាន់ទាប ហើយអំពាវនាវឲ្យមានការបោះឆ្នោតយ៉ាងឆាប់រហ័ស នៅថ្ងៃទី១៥ មករា ក្នុងកិច្ចប្រឹងប្រែងដើម្បីផ្លាស់ប្តូរសមាសភាពនៃរដ្ឋសភាដែលភាគច្រើនជាសមាជិកនៃគណបក្សតែមួយ៕