ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១៧ សីហា


លោក ចូ បៃដិន (Joe Biden) អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​និង​កូន​ស្រី​ Ashley Biden បក់​ដៃ​ស្វាគមន៍​ ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​​នៅ​ទី​ក្រុង​ប៉េកាំង​​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ពុធ​ទី​១៧​ខែ​សីហា​ឆ្នាំ​២០១១។
លោក ចូ បៃដិន (Joe Biden) អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​និង​កូន​ស្រី​ Ashley Biden បក់​ដៃ​ស្វាគមន៍​ ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​​នៅ​ទី​ក្រុង​ប៉េកាំង​​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ពុធ​ទី​១៧​ខែ​សីហា​ឆ្នាំ​២០១១។

ព័ត៌មាន​ចុងក្រោយ​បំផុត៖

ចិន/អាមេរិក៖ លោក​ Joe Biden​ អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អញ្ជើញ​ទៅ​ដល់​ប្រទេស​ចិន​នៅ​ថ្ងៃ​ពុធ​ នៅ​ពេល​មាន​ការ​ព្រួយ​បារម្ភ​កើន​ឡើង​ពី​ភាគី​ទាំង​ពីរ​ទាំង​សង្ខាង​ច្រក​សមុទ្រ​តៃវ៉ាន់​ អំពី​លទ្ធភាព​នៃ​ការ​លក់​អាវុធ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​កោះ​តៃវ៉ាន់។

ថៃ៖ គណបក្ស​ជំទាស់​ធំ​មួយ​នៃ​ប្រទេស​ថៃ​ កំពុងតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្យល់​អំពី​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​ប្រទេស​ជប៉ុន​ផ្ដល់​ទិដ្ឋាការ​ជូន​លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត្រ ​អតីត​នាយករដ្ឋមន្ដ្រី​ដែល​រត់​ចេញ​ពី​ប្រទេស។

លីប៊ី៖ ពួក​បះបោរ​បដិសេធ​ការ​អះអាង​ថា​ ពួក​គេ​បាន​ធ្វើ​ការ​ចរចា​គ្នា​ជាមួយ​អ្នក​ជំនួយការ​របស់​មេដឹកនាំ​ មួម៉ារ ​កាដាហ៊្វី​ នៅ​ពេល​ដែល​អ្នក​ប្រយុទ្ធ​ដណ្ដើម​យក​បាន​តំបន់​ខ្លះៗ​ក្នុង​ការ​រុល​ទៅ​មុខ​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​ពី​អំណាច។

ស៊ីរី៖ សកម្មជន​សិទ្ធិ​មនុស្ស​ស៊ីរី​និយាយ​ថា​ កងកម្លាំង​សន្ដិសុខ​របស់​រដ្ឋាភិបាល​បាន​លុកលុយ​ជា​ថ្មី​នៅ​ក្នុង​តំបន់​ខ្លះៗ​ ហើយ​បាន​សម្លាប់​បុរស​ម្នាក់​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ទួកគី​ ហើយ​ថា​ បាន​ចាប់​មនុស្ស​រាប់​សឹប​នាក់​នៅ​រដ្ឋធានី​ដាមាសក៍។

ចិន៖ កង​កម្លាំង​សន្ដិសុខ​បាន​ធ្វើ​យុទ្ធនាការ​បង្ក្រាប​រយ:ពេល​ពីរ​ខែ​នៅ​ក្នុង​តំបន់​ Xinjiang​ ដែល​ធ្លាប់​មាន​អំពើ​ហិង្សា​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​ ហើយ​ជា​ការ​ឆ្លើយ​តប​នឹង​ព្រិត្ដិការណ៍​យ៉ាង​ប្រល័យ​មួយ​ចំនួន។

ស៊ែប៊ី៖ ក្រុម​រដ្ឋអាជ្ញា​នៃ​អ.ស.ប​កំពុង​តែ​ស្វែងរក​ឲ្យ​មាន​ការ​ជំនុំជម្រះ​កាត់​សេចក្ដី​ លោក​ Ratko Mladic​ ចំនួន​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា។​ លោក​ជា​អតីត​មេ​បញ្ជាការ​យោធា​ជនជាតិ​ស៊ែប​នៅ​បូស្ន៊ី។

អ៊ីរ៉ង់៖ លោក ​Ali Akbnar​ Salehi ​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​អ៊ីរ៉ង់​ បាន​សរសើរ​ផែនការ​របស់​ប្រទេស​រុស៊្សី​មួយ​ដើម្បី​ឲ្យ​មាន​ការ​ចរចា​ជាថ្មី​ទៀត​រវាង​រដ្ឋាភិបាល​ប្រទេស​អ៊ីរ៉ង់​និង​ក្រុម​ប្រទេស​ក្នុង​ពិភពលោក​មាន​អំណាច​ស្ដី​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់។

ទួកគី៖ រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ប្រទេស​ទួកគី​និយាយ​ថា​ យុទ្ធជន​ទួកគី​៨​នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​ក្បួន​រថយន្ដ​របស់​ពួក​គេ​ត្រូវ​បាន​ស្ទាក់​វាយ​ប្រហារ​ដោយ​ពួក​បះបោរ​ឃឺត (Kurd) ​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​នេះ។

ជប៉ុន៖ ក្រុម​មន្ដ្រី​ជប៉ុន​បាន​អនុម័ត​ការ​ចាប់​ផ្ដើម​ម៉ាស៊ីន​រេអាក់ទ័រ​នុយក្លេអ៊ែរ​ជា​ថ្មី​ សម្រាប់​ការ​ប្រើ​ពាណិជ្ជកម្ម​ជា​លើក​ទី​មួយ​ ចាប់​តាំង​ពី​ការ​រញ្ជួយ​ផែនដី​និង​រលក​យក្ស​ស៊ូណាមី​នៅ​ថ្ងៃ​ទី​១១​ខែ​មិនា​មក។

ភូមា៖ លោក​ប្រធានាធិបតី​នៃ​ប្រទេស​ភូមា​ Thein Sein​ ​កំពុង​តែ​សុំ​ឲ្យ​ពលរដ្ឋ​ភូមា​ដែល​បាន​រត់​ចេញ​ទៅ​ក្រៅ​ប្រទេស​ វិល​ត្រឡប់​ទៅ​ប្រទេស​របស់​គេ​វិញ​ ហើយ​ជួយ​កសាង​សេដ្ឋកិច្ច​ឡើង​វិញ​ដោយ​និយាយ​ថា​ រដ្ឋាភិបាល​របស់​លោក​ត្រៀម​ខ្លួន​បំភ្លេច​ការ​ខ្វែង​គំនិត​គ្នា​ពី​អតីត​កាល។

ភូមា៖ ក្រុម​មន្ដ្រី​រដ្ឋការ​ភូមា​បញ្ជាក់​ថា​ លោក​ Tomas Quintana ​ អ្នក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​នៃ​អ.ស.ប.​ នឹង​ជួប​ជាមួយ​ក្រុម​មន្ដ្រី​ថ្នាក់​ខ្ពស់នៅ​រដ្ឋធានី​នៅ​សប្តាហ៍​ក្រោយ​ នៅ​ក្រោយ​ពី​លោក​ត្រូវ​បាន​បដិសេធ​ទិដ្ឋាការ​ជាង​មួយ​ឆ្នាំ​មក​ហើយ។

អង់គ្លេស៖ តុលាការ​អង់គ្លេស​បាន​ចេញ​សាលក្រម​ដាក់​ពន្ធនាគារ​បុរស​ពីរ​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​បួន​ឆ្នាំ​ក្នុង​បទ​ប៉ុនប៉ង​មិន​បាន​សម្រេច​ក្នុង​ការ​ប្រើ​ប្រព័ន្ធ​គេហទំព័រ​ទំនាក់ទំនង​សង្គម​ Facebook ​ ដើម្បី​បង្កើត​កុបកម្ម​ក្នុង​ពេល​មាន​ការ​រំជើប​រំជួល​កាល​ពី​សប្តាហ៍​មុន។

ឥណ្ឌា៖ លោក​នាយករដ្ឋមន្ដ្រី​ Manmohan Singhនៃ​ប្រទេស​ឥណ្ឌា​បាន​បដិសេធ​មិន​ទទួល​យក​ កូដកម្ម​អត់​អាហារ​របស់​សកម្មជន​ប្រឆាំង​អំពើ​ពុករលួយ​ម្នាក់​នៅ​ក្នុង​ពន្ធនាគារ​នៅ​ទី​ក្រុង​ញូវដេលី (New Delhi) ​ដោយ​លោក​ថា​វា​ជា​ការ​ខំប្រឹងប្រែង​មិន​អាច​ទទួល​យក​បាន​ដើម្បី​ឲ្យ​ខូចខាត​ដល់​ប្រជាធិបតេយ្យ​នៃ​ប្រទេស​នេះ។

ចិន៖ នៅ​ថ្ងៃ​ពុធ​នេះ​ ប្រទេស​ចិន​ប្រកាស​អំពី​វិធានការ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នៅ​កោះ​ហុងកុង​ងាយ​ស្រួល​ធ្វើ​វិនិយោគ​នៅ​ក្នុង​មូលប័ត្រ​នៃ​ប្រទេស​ចិន​ដីគោក។ នេះ​ជា​ជំហាន​ថ្មីៗ​នៅ​ក្នុង​វិធានការ​ជា​បន្ដ​ទៅ​ទៀត​ ដើម្បី​យក​ប្រាក់​យ័ន (yuan) ​ធ្វើ​ជា​រូបិយប័ណ្ណ​អន្ដរជាតិ។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១៧ សីហា
ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១៧ សីហា

ឥណ្ឌា៖ ការតវ៉ាបាន​កើត​មាន​ឡើង​នៅ​ពាសពេញ​ប្រទេស​ឥណ្ឌា​នៅថ្ងៃ​អង្គារ​បន្ទាប់ពី​ប៉ូលីស​បាន​ចាប់ខ្លួន​សកម្មជន​ដ៏​ល្បីល្បាញ​ម្នាក់ដើម្បី​ទប់ស្កាត់​កូដកម្ម​បង្អត់​អាហារជា​សាធារណៈ​មួយ ​ដែលទាមទារ​ឲ្យ​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដ៏រឹងមាំ​មួយ។

ស៊ីរី៖ កង​កម្លាំង​សន្តិសុខ​ស៊ីរី​ប្រើកាំភ្លើង​ធុន​ធ្ងន់​បាញ់​លើ​កំពង់ផែ​ Latakia ​ ជាទី​ដែល​រដ្ឋាភិបាលលោក Bashar al-Assad​ បាន​បង្ក្រាប​ទៅលើ​បាតុករ​គណបក្ស​ប្រឆាំង​ក្នុង​រយៈពេល​៤ថ្ងៃ​កន្លង​មកនេះ។

លីប៊ី៖ អង្គការ​អូតង់​ ​ថ្កោលទោស​ប្រទេស​លីប៊ី​ដែលប្រើប្រាស់​កំជ្រួច Scud ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ពួក​ឧទ្ទាម​ដែល​កំពុង​មាន​ការ​ជឿនលឿន​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​ Tripoli ​ដើម្បី​បណ្តាញ​មេដឹកនាំ​លីប៊ី ​Moammar ​Gadhafi ។

សេដ្ឋកិច្ច​សកលលោក៖ ការលូតលាស់​សេដ្ឋ​កិច្ចមាន​ការយឺតយ៉ាវ​ពី​ខែ​មេសា​ទៅ​ខែ​មិថុនា​ក្នុង​សហគមន៍​អឺរ៉ុប ​ដែល​មាន​ប្រទេស១៧​ជា​សមាជិកប្រើ​រូបិយប័ណ្ណ​រួម​ Euro​ ហើយ​កំពុង​ធ្វើ​ឲ្យ​មាន​ការភ័យ​ខ្លាចថា​នឹង​មាន​ការ​មិនរីក​ចម្រើន​សេដ្ឋកិច្ច​។

អាហ្វហ្គានី​ស្ថាន៖ សហរដ្ឋ​អាមេរិក​បាន​ចាត់ទុក​មេបញ្ជាការ​កង​ជីវពល​ម្នាក់​ក្នុង​ប្រទេស​អាហ្វហ្គានី​ស្ថាន​ភាគ​អាគ្នេយ៍​ជា​ភេរវជន ជា​វិធានការដើម្បីជួយ​ទប់​ស្កាត់​ការ​ហូរចូល​ថវិការ​ទៅ​មេដឹកនាំ​កង​ជីវពល​នេះ។

សេដ្ឋកិច្ច​សកលលោក៖ ការព្រួយ​កង្វល់​អំពី​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ដែលធំជា​គេបង្អស់​ក្នុង​ពិភពលោក​ត្រូវ​គេរំពឹង​ថា​នឹង​ស្ថិត​លើ​របៀប​វារៈក្នុង​អំឡុង​ពេល​នៃ​ការចរចា​ថ្មី​មួយ​រវាង​សហរដ្ឋ​អាមេរិក ​និង​ចិន។

សហរដ្ឋ​អាមេរិក៖ លោកប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់​ អូបាម៉ា ​កំពុង​ធ្វើ​ដំណើរ​តំបន់​ភាគ​កណ្តាលខាង​លិច​ក្នុង​រថយន្ត​ថ្មី​ដ៏​វែង មាន​ប្រដាប់​ការពារ​គ្រាប់​កាំភ្លើង​ មាន​តម្លៃ​ជា​ប្រាក់​រាប់លាន​ដុល្លារ។ រថយន្ត​នោះ​ជា​ប្រភេទ​រថយន្ត​ក្រុងដែល​ទីភ្នាក់ងារ​សម្ងាត់បាន​ទិញ​នៅ​ដើម​ឆ្នាំ​នេះ ​ហើយ​បាន​ធ្វើ​សម្រាប់​ការធ្វើ​ដំណើរ​របស់​ប្រធានាធិបតី។

XS
SM
MD
LG