ព័ត៌មានចុងក្រោយបំផុត៖
វៀតណាម៖ ប្រទេសវៀតណាមស្វាគមន៍នាវាចម្បាំងសហរដ្ឋអាមេរិកបីគ្រឿងនៅលើផ្ទៃទឹករបស់ខ្លួននៅថ្ងៃសុក្រនេះដែលគ្រោងធ្វើសមយុទ្ធយោធារួមគ្នា។
ឥណ្ឌូណេស៊ី៖ ភ្នំភ្លើងមួយក្នុងប្រទេសឥណ្ឌូណេស៊ីភាគកណ្តាលបានព្រួសផេះ ដុំថ្ម និងផ្សែងរាប់រយម៉ែត្រទៅលើអាកាសអស់រយៈពេលពេញមួយយប់ ប៉ុន្តែ អ្នកជំនាញការនិយាយថាការផ្ទុះនោះមិនគំរាមកំហែងដល់មនុស្សដែលកំពុងរស់នៅជើងភ្នំទេ។
ចិន៖ អ្នកតំណាងកំពូលម្នាក់នៃសាសនារ៉ូម៉ាំងកាតូលិក បានពណ៌នាភាពតានតឹងរវាងវិមានវ៉ាទិកង់និងសាសនាកាតូលិចដែលរដ្ឋាភិបាលចិនគ្រប់គ្រងថាជា«សង្គ្រាម»មួយ។
ឥណ្ឌា៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឥណ្ឌានិយាយថាក្រុមអ្នកស៊ើបអង្កេតបានស៊ើបអង្កេតភ័ស្តុតាងកោសល្យវិច្ច័យនិងតាមកាសែតវីដេអូដែលថត នៅពេលដែលពួកគេបន្តការស៊ើបអង្កេតការផ្ទុះគ្រាប់បែកសម្លាប់មនុស្សដែលបានធ្វើឲ្យរង្គើទីក្រុង Mumbai កាលពីថ្ងៃពុធ។
លីប៊ី៖ លោកស្រីរដ្ឋមន្រ្តីការបរទេសស.រ.អ. ហ៊ិឡារី គ្លិនតុន អញ្ជើញទៅដល់ប្រទេសទួរគីហើយ ដើម្បីធ្វើការចរចាអន្តរជាតិស្តីពីប្រទេសលីប៊ី ដែលរំពឹងថានឹងពង្រឹងចំណងរបស់ក្រុងវ៉ាស៊ីនតោនជាមួយកងកម្លាំងប្រឆាំង ដែលកំពុងប្រយុទ្ធដើម្បីទម្លាក់មេដឹកនាំលីប៊ី មោអាម៉ា ហ្កាដាហ្វ៊ី។
អង់គ្លេស៖ នាយកប្រតិបត្តិដ៏សំខាន់ម្នាក់នៃមហាក្រុមហ៊ុនបណ្តាញព័ត៌មានសកលលោករបស់លោក Rupert Murdochបានលាចេញពីតំណែងនៅពេលមានការរិះគន់យ៉ាងខ្លាំងលើការលួចស្តាប់ទូរស័ព្ទហើយនឹងរឿងអាស្រូវសូកប៉ាន់ប៉ូលីសដែលបណ្តាលឲ្យមានការស៊ើបអង្កេតនៅត្រើយទាំងសងខាងនៃមហាសមុទ្រអាត្លង់ទិក។
ស.រ.អ៖ លោកប្រធានាធិបតីស.រ.អ. បារ៉ាក់ អូបាម៉ា នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅសេតវិមាននៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីកិច្ចចរចារបស់លោកជាមួយមេដឹកនាំសភា ស្តីអំពីការតម្លើងចំនួនប្រាក់កម្ចីរបស់ជាតិនិងការកាត់បន្ថយឱនភាព។
ម៉ិកស៊ិក៖ យោធានៃប្រទេសម៉ិកស៊ិកនិយាយថាខ្លួនបានប្រទះឃើញចម្ការកញ្ឆាមួយដែលមិនបានធ្លាប់បានឃើញនៅក្នុងប្រទេស។
ស៊ូដង់៖ ទង់ជាតិនៃប្រទេសឯករាជ្យថ្មី គឺស៊ូដង់ខាងត្បូងបានលើកឡើងនៅខាងក្រៅអ.ស.ប. បន្ទាប់ពីប្រទេសនេះបានក្លាយទៅជាសមាជិកទី១៩៣របស់អង្គការពិភពលោក កាលពីថ្ងៃព្រហស្បតិ៍នេះ។
បួគីណាហ្វាសូ៖ ប្រទេសបួគីណាហ្វាសូបានបណ្តេញទាហាន៥៦៦នាក់ដែលជាប់ទាក់ទិននឹងការប៉ុនប៉ងធ្វើការបះបោរនៅចន្លោះខែមេសានិងខែមិថុនា។
ព័ត៌មាននៅពេលមុននេះ៖
ទួរគី៖ ក្រុមអ្នកការទូតអន្ដរជាតិកំពុងជួបប្រជុំនៅទីក្រុងអ៊ីស្តានប៊ុល ដើម្បីពិភាក្សាអំពីការស្វែងរកដំណោះស្រាយនយោបាយចំពោះសង្គ្រាមក្នុងប្រទេសលីប៊ី។ មេដឹកនាំប្រទេសនេះ លោក Moammar Gadhafi បានប្ដេជ្ញាចិត្ដសារជាថ្មីថា នៅប្រយុទ្ធដល់ទីបញ្ចប់ ប្រឆាំងពួកបះបោរដែលខំប្រឹងប្រែងបញ្ចប់ការគ្រប់គ្ង៤២ឆ្នាំរបស់លោក។
អេហ្ស៊ីប៖ បណ្ដាញផ្សាយព័ត៌មានប្រទេស អេហ្ស៊ីប ឲ្យដឹងថា លោកអតីតប្រធានាធិបតី Hosni Mubarack ប្រាប់ក្រុមរដ្ឋអាជ្ញា ថាលោកមិនបានបញ្ជាឲ្យកងរក្សាសន្ដិសុខបាញ់ទៅលើក្រុមអ្នកតវ៉ាក្នុងរយ:ពេលការបះបោរ១៨ថ្ងៃ បានបង្ខំឲ្យលោកលាលែងពីដំណែងនៅខែកុម្ភ:ទេ។
ឥណ្ឌា៖ ក្រុមមន្ដ្រីថ្នាក់ខ្ពស់ឥណ្ឌា កំពុងការពារផែនការរបស់រដ្ឋាភិបាលនៅក្នុងក្រុង មុមបៃ ហើយសន្យាថានឹងផ្ដល់ចម្លើយនានា ពេលដែលគេប្រឈមមុខនឹងការខឹងសម្បារ និងការសោកសង្រេងរបស់ប្រជាជន ក្រោយពីមានគ្រាប់បែកបីគ្រាប់ផ្ទុះជាប់ៗគ្នា នៅទីនោះ ដែលបណ្ដាលឲ្យមនុស្សយ៉ាងតិច១៧នាក់ស្លាប់ និងរបួស១៣៣នាក់ទៀត។
ស៊ូដង់ខាងត្បូង៖ ទង់ជាតិរបស់ប្រទេសស៊ូដង់ខាងត្បូង ដែលទទួលឯករាជថ្មី ត្រូវបានបង្ហូតឡើងនៅមុខអសប នៅថ្ងៃព្រហស្បតិ៍ ក្រោយបន្ដិចប៉ុណ្ណោះពីបានចូលជាសមាជិកទី១៩៣នៃអសប។
អាហ្វហ្គានីស្ថាន៖ ក្រុមមន្ដ្រីអាហ្វហ្គានីស្ថាននិយាយថា ជនស៊ីវិល៦នាក់ត្រូវបានសម្លាប់ពេលអង្គការអូតង់ប្រតិបត្ដិការនៅក្នុងប្រទេសភាគខាងកើត នៅពេលដែលអសប រាយការណ៍ថា ប្រជាជនអាហ្វហ្គានីស្ថាន ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាម កើនឡើង១៥% នៅឆ្នាំនេះបើប្រៀបធៀបទៅនឹងឆ្នាំទៅ។
អាហ្វហ្គានីស្ថាន៖ អ្នកដាក់គ្រាប់បែកអត្ដឃាតម្នាក់ បានវាយប្រហារទៅលើព្រះវិហារអ៊ីស្លាមមួយនៅក្រុងកានដាហារ នៅប៉ែកខាងត្បូង បណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់ ពេលមានពិធីបុណ្យសពជូនប្អូនប្រុសរបស់លោកប្រធានាធិបតី ហាមីដ កាហ្សៃ ដែលត្រូវបានសម្លាប់។
ស៊ូដង់ខាងត្បូង៖ ក្រុមប្រើផ្កាយរណបឃ្លាំមើលរបស់សរអបានបង្ហាញឲ្យឃើញនូវតំបន់បីដែលគេសង្ស័យថា ជាផ្នូរកប់សពបញ្ចូលគ្នានៅរដ្ឋ កូរ៉ូដូហ្វាន នៅប្រទេសស៊ូដង់ខាងត្បូង។
សរអ៖ ក្រុមមន្ដ្រីហិរញ្ញវត្ថុសរអ កំពុងតែព្រមានសារជាថ្មី អំពីមហន្ដរាយសក្ដានុពល ដែលនឹងកើតមានឡើងបើអ្នកតាក់តែងច្បាប់ខកខានមិនបានតម្លើងកម្រិតប្រាក់បំណុលនៃប្រទេសនេះ ត្រឹមថ្ងៃទី២ ខែសីហា ទេ។
ទួរគី៖ ក្រុមមន្ដ្រី ទួរគី និយាយថា ពួកសកម្មប្រយុទ្ធ ឃើដស៍ បានសម្លាប់ទាហាន១៣នាក់ ហើយធ្វើឲ្យរបួស៧នាក់ទៀត នៅក្នុងការពើបប្រយុទ្ធគ្នា នៅខេត្ដ ឌីយ៉ារបាកៀរ។
អង់គ្លេស៖ ក្រសួងស៊ើបការសម្ងាត់សហព័ន្ធ អេហ្វប៊ីអាយ ឲ្យដឹងថា ខ្លួនបើកការស៊ើបអង្កេត សាជីវកម្ម News Corporation របស់មហាសេដ្ឋីបណ្ដាញផ្សាយព័ត៌មានលោក Rupert Murdoch ថាតើបានលួចស្ដាប់ការសន្ទនាតាមទូរស័ព្ទរបស់ក្រុមអ្នករងគ្រោះដោយការវាយប្រហាររបស់ភេរវជននៅថ្ងៃ១១កញ្ញាមែនឬទេ។
រុស្ស៊ី៖ លោកនាយករដ្ឋមន្ដ្រី វ្ល៉ាឌីមា ពូទីន ប្រទេសរុស្ស៊ី ស្ដីបន្ទោសលើការធ្វេសប្រហែស និង ការលោភលន់ ដោយសារនាវាចម្លងយ៉ាងចាស់មួយគ្រឿងបានលិចនៅក្នុងទន្លេ វ៉ូលហ្កា ពេលមានខ្យល់ព្យុះ បណ្ដាលឲ្យមនុស្សយ៉ាងតិច១១៣នាក់ស្លាប់។
សរអ៖ គ្រួសារ និងមិត្ដភ័ក្ដិ បាននាំគ្នាទៅគោរពសពអតីតស្ដ្រីទីមួយ Betty Ford ដែលទទួលមរណ:ភាព កាលពីអាទិត្យមុនក្នុងអាយុ៩៣ឆ្នាំ។ ប្រកបដោយវោហាស័ព្ទ គាត់ជាអ្នកគាំទ្រស្ដ្រី ដែលខំប្រឹងឈប់ទទួលទានស្រា។ លោកស្រីរៀបការជាមួយលោកប្រធានាធិបតី Gerald Ford ប្រមាណ៦០ឆ្នាំមកហើយ។
ប៉ាគីស្ថាន៖ នៅទីក្រុង ការ៉ាជី អំពើហិង្សានយោបាយបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច១៥នាក់ ក្រោយពីសមាជិកម្នាក់នៃគណបក្សគ្រប់គ្រងអំណាចបានធ្វើអត្ថាធិប្បាយយ៉ាងបំពាន។