ព័ត៌មានចុងក្រោយបំផុត៖
កម្ពុជា៖ ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា នៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ មានការលិចលង់ដោយសារទឹកជំនន់ ដែលបណ្តាលមកពីមានភ្លៀងហូរធ្លាក់ជោគជាំមកពីលើភ្នំនៅជិតនោះ។
អាហ្វហ្គានីស្ថាន៖ ការវាយប្រហារស្ទើរពេញមួយថ្ងៃរបស់ពួកឧទ្ទាមនៅចំកណ្តាលទីក្រុង កាប៊ុល បានចប់នៅថ្ងៃពុធនេះ នៅពេលដែលកងកម្លាំងអាហ្វហ្គានីស្ថាន និងកងកម្លាំងចម្រុះបានសម្លាប់ជនសកម្មប្រយុទ្ធចុងក្រោយ ដែលបានធ្វើការវាយប្រហារពីចម្ងាយទៅលើស្ថានទូតសហរដ្ឋអាមេរិកនិងមន្ទីរចាត់ការរបស់អង្គការអូតង់។
លីប៊ី៖ នៅថ្ងៃពុធនេះ ប្រធានក្រុមប្រឹក្សាអន្តរកាលជាតិរបស់ប្រទេសលីប៊ី ហៅកាត់ថា NTC កំពុងជួបប្រជុំជាមួយមន្រ្តីអាមេរិកជាន់ខ្ពស់បំផុតដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសនេះ ចាប់តាំងពីកងកម្លាំងរបស់អាជ្ញាធរបណ្តោះអាសន្នបានបណ្តេញលោក ម៉ូអាម៉ា ហ្កាដាហ្វី ចេញពីអំណាចរួចមក។
អ៊ីរ៉ង់/សហរដ្ឋអាមេរិក៖ ក្រសួងយុត្តិធម៌ប្រទេសអ៊ីរ៉ង់ឲ្យដឹងថា សេចក្តីសម្រេចអំពីការដោះលែងអ្នកធ្វើដំណើរកំសាន្តជាតិអាមេរិកាំងពីរនាក់ ដែលតុលាការកាត់ឲ្យមានទោសអំពីបទចារកម្មនៅក្នុងប្រទេសអ៊ីរ៉ង់នៅមិនទាន់បានធ្វើទេ ក្រោយពីមានសេចក្តីរាយការណ៍ថាអ្នកទាំងពីរប្រហែលជាអាចរួចខ្លួនវិញក្នុងពេលឆាប់ៗ។
អ៊ីរ៉ាក់៖ មន្រ្តីប្រទេសអ៊ីរ៉ាក់ និយាយថា ការវាយប្រហារដោយគ្រាប់បែកនៅក្នុងតំបន់ភាគខាងលិចនិងខាងត្បូងនៃប្រទេស បានសម្លាប់មនុស្សយ៉ាងតិចចំនួន ១៣នាក់ និងធ្វើឲ្យមនុស្សជាង ៣០នាក់ទៀតរងរបួស។
ព័ត៌មាននៅពេលមុននេះ៖
យេម៉ែន៖ ពួកមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិយាយថាអំពើហិង្សាទាក់ទិននឹងបាតុកម្ម៦ខែក្នុងប្រទេសយេម៉ែនបានបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ហើយមានមនុស្សរាប់ពាន់នាក់ទៀតបានត្រូវរបួស។
អេហ្ស៊ីប៖ សមាជិកជាន់ខ្ពស់ម្នាក់នៃពួកមន្ត្រីជិតស្និទ្ធបំផុតរបស់លោកអតីតប្រធានាធិបតីអេហ្ស៊ីប Hosni Mubarak បានឆ្លើយជាកសិណសាក្សីកាលពីថ្ងៃអង្គារនៅក្នុងបន្ទប់តុលាការមួយក្នុងក្រុង Le Caire ដោយមានការហាមប្រាមមិនឱ្យមានការយកព័ត៌មានទេនៅក្នុងការកាត់ក្តីអតីតចៅហ្វាយនាយរបស់លោក។
ប៉ាឡេស្ទីន៖ ពួកមេដឹកនាំប៉ាឡេស្ទីនហាក់ដូចជាប្រុងប្រៀបធ្វើឱ្យមានការទទួលស្គាល់ពេញលេញដោយអង្គការសហប្រជាជាតិ ទោះជាមានការព្រមានពីប្រទេសអាមេរិកថាចំណាត់ការមួយបែបនេះអាចធ្វើឱ្យមានផលមិនល្អដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជូនភូមិភាគមជ្ឈឹមបូព៌ាក៏ដោយ។
អាហ្វហ្គានីស្ថាន៖ ពួកបះបោរតាលីបង់ប្រដាប់ដោយអាវកាក់មានគ្រឿងផ្ទុះសម្រាប់ធ្វើអត្តឃាតនិង Rockets ធុនB-40 បានវាយប្រហារទីស្នាក់ការធំរបស់អង្គការអូតង់ ស្ថានទូតអាមេរិកនិងពួកប៉ូលីសក្នុងក្រុងកាប៊ុល។ មានមនុស្សយ៉ាងតិចណាស់៧នាក់បានស្លាប់។
អ៊ីរ៉ង់៖ ហ៊ីលឡារីគ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ថាលោកស្រីបានត្រូវលើកទឹកចិត្តដោយអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៊ីរ៉ង់ដែលប្រកាសថាជនជាតិអាមេរិកាំង២នាក់ដែលដើរលេងក្នុងតំបន់ភ្នំហើយត្រូវកាត់ទោសពីបទធ្វើចារកម្មក្នុងប្រទេសអ៊ីរ៉ង់នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ។
លីប៊ី៖ អ្នកស្រុកនៅក្នុងទីតាំងមួយនៅសេសសល់របស់អតីតមេដឹកនាំលីប៊ី Moammar Gadhafi បាននាំគ្នាគេចខ្លួនចេញពីទីនោះនៅថ្ងៃអង្គារ ពេលដែលអង្គការអូតង់និងក្រុមយុទ្ធជននៃអាជ្ញាធរបណ្តោះអាសន្នលីប៊ីបានបន្តធ្វើការវាយប្រហារលើកងកម្លាំងលម្អៀងទៅខាង Gadhafi។