ព័ត៌មានចុងក្រោយបំផុត៖
ស.រ.អា៖ លោកស្រីរដ្ឋមន្ត្រីការបរទេសស.រ.អា ហ៊ីលឡារី គ្លីនតុនថ្លែងថា ជាការចាំបាច់ ស.រ.អាត្រូវដាក់បញ្ហាសេដ្ឋកិច្ចជាស្នូលនៃគោលនយោបាយការបរទេសរបស់ខ្លួន ហើយធ្វើទំនាក់ទំនងឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីកសាងចំណងទាក់ទងជាមួយតំបន់អាស៊ី។
ក្នុងសុន្ទរកថាដែលត្រៀមថ្លែងនៅថ្ងៃសុក្រនេះនៅឯក្លឹបសេដ្ឋកិច្ចនាក្រុងញូយ៉ក លោកស្រីគ្លីនតុននឹងនិយាយប្រាប់មេដឹកនាំសេដ្ចកិច្ចថា ស.រ.អាកំពុងប្រឈមនឹងមហាអំណាចក្នុងពិភពលោក ដែលអ្វីៗទាំងអស់សម្រេចតាមកម្លាំងសេដ្ឋកិច្ចជាជាងកម្លាំងយោធា។ លោកស្រីនិយាយថា ចំណងទាក់ទងរឹងមាំឆ្លងមហាសមុទ្រអាត្លង់ទិកជាមួយអឺរ៉ុប អាចនឹងកាន់តែរឹងមាំឡើង ដោយគួបផ្សំនឹងចំណងទាក់ទងទ្វេដង ជាមួយតំបន់អាស៊ី។
ស.រ.អា/កូរ៉េខាងត្បូង៖ លោកប្រធានាធិបតីសរអាបារ៉ាក់អូបាម៉ា និងប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ម្យុងបាក់ (Lee Myung-bak) នឹងធ្វើដំណើរទៅក្រុង Detroit រដ្ឋ Mechigan នៅថ្ងៃសុក្រនេះ ដើម្បីធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ដែលអនុម័តនាសប្តាហ៍នេះ ដោយសភាសរអា។ មេដឹកនាំទាំងពីរនឹងធ្វើទស្សនកិច្ចរោងចក្រធ្វើឡានរបស់អាមេរិកគឺ General Motors។ លោកអូបាម៉ាបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងបើកទីផ្សារកូរ៉េខាងត្បូងសម្រាប់លក់រថយន្តធ្វើនៅអាមេរិក ហើយនឹងទំនិញផ្សេងទៀត ដែលផ្តល់ការងារចំនួន៧ម៉ឺននិងបង្កើនការនាំចេញរបស់អាមេរិកដល់១១ពាន់លានដុល្លារ។
លោកអូបាម៉ានិយាយថា លោកចង់ឃើញជនជាតិកូរ៉េខាងត្បូងជិះឡានអាមេរិកច្រើន ដូចជនជាតិអាមេរិកជិះឡានកូរ៉េខាងត្បូងដែរ។
ថៃ៖ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយករដ្ឋមន្ត្រីថៃ បានធានាចំពោះអ្នករស់នៅក្រុងបាងកកនៅថ្ងៃសុក្រនេះថា រាជធានីនេះភាគច្រើនអាចជៀសផុតពីទឹកជំនន់ ដែលបានបំផ្លិចបំផ្លាញប្រទេសនេះ២/៣តាំងពីខែកក្កដាមក។
មេដឹកនាំថៃបានប្រាប់អ្នកយកព័ត៌មានថា តំបន់ខាងក្រៅទីក្រុងអាចនឹងមានបញ្ហាខ្លះ ប៉ុន្តែទីក្រុងមានការការពារឹងមាំ ហើយយើងអាចគ្រប់គ្រងស្ថានការណ៍បាន។
មជ្ឈមណ្ឌលជួយសង្គ្រោះមហន្តរាយទឹកជំនន់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទឹកបានឡើងដល់កម្រិតប្រកាសអាសន្នដែលបាននាំឲ្យមានការភ័យស្លន់ស្លោក្នុងចំណោមប្រជាពលរដ្ឋ តែអាជ្ញាធរបានប្រញ៉ាប់ប្រញ៉ាល់ដករបាយការណ៍នេះវិញ ដោយនិយាយថា របាយការណ៍នេះរាយការណ៍ខុស។
អង្គការអ.ស.ប៖ មន្ត្រីអ.ស.ប.ជាន់ខ្ពស់ខាងសិទ្ធិមនុស្សបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចាត់វិធានការបន្ទាន់សម្រាប់ការពារក្រុមជនស៊ីវិលក្នុងប្រទេសស៊ីរីដោយនិយាយថាចំនួនមនុស្សស្លាប់ក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលមានរយៈពេល៧ខែមកហើយនេះបានកើនលើសពី៣ពាន់នាក់ហើយ។
លោកស្រី ណាវី ភីឡៃ (Navi Pillay) អគ្គស្នងការអ.ស.ប.ខាងសិទ្ធិ មនុស្សបានមានប្រសាសន៍នៅថ្ងៃសុក្រនេះថាក្នុងបណ្តាពួកជនដែលបានត្រូវសម្លាប់ក្នុងការបង្ក្រាបដោយរដ្ឋាភិបាលស៊ីរីមានរួមបញ្ចូលទាំងកុមារ១៨៧នាក់ផងដែរ។លោកស្រី Pillay បានមានប្រសាសន៍បន្ថែមថា មនុស្ស១០០នាក់បានស្លាប់ក្នុងរយៈពេល១០ថ្ងៃកន្លងទៅនេះ។ លោកស្រី Pillay បានព្រមានថាការបង្ក្រាបនិងការសម្លាប់គ្មានមេត្តាដោយអាជ្ញាធរស៊ីរីអាចរុញច្រានប្រទេសឱ្យធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលពេញទំហឹងបាន។លោកស្រីមិនបានបញ្ជាក់អំពី សកម្មភាពអ្វីដែលលោកស្រីមានជំនឿថាសហគមន៍អន្តរជាតិគួរធ្វើនោះទេ។
លីប៊ី៖ ក្រុមយុទ្ធជននៃរដ្ឋាភិបាលបណ្តោះអាសន្នលីប៊ីបានប្រមូលផ្តុំគ្នាជាថ្មីនៅក្នុងការប៉ុនប៉ងចុងក្រោយដើម្បីត្រួតត្រាទីក្រុងSirte ដែលជាក្រុងកំណើតរបស់អតីតមេដឹកនាំលីប៊ី Moammar Gadhafi។
ក្រុមយុទ្ធជននៃក្រុមប្រឹក្សាជាតិអន្តរកាល ដែលហៅកាត់ថាNTC និយាយថា កងកម្លាំងលំអៀងទៅខាង Gadhafi បានត្រូវទ្បោមព័ទ្ធនៅក្នុងតំបន់មួយដែលមានទំហំប្រមាណ២គ.ម.ក្រទ្បា។
អេស្ប៉ាញ៖ ក្រុមហ៊ុន Standard's and Poors បានបន្ទាបអត្រាឥណទានក្នុងរយៈពេលយូរនៃប្រទេសអេស្ប៉ាញ ដោយសារសេដ្ឋកិច្ចខ្សោយនៃប្រទេសនេះនិងកង្វល់អំពីប្រាក់កម្ចីមិនល្អរបស់ធនាគារ។
S and P បានបន្ទាបអត្រារបស់ប្រទេសអេស្ប៉ាញមួយកម្រិតមកនៅត្រឹមAAដកដោយចុះពីកម្រិតAA។ ការកែប្រែអត្រានេះមានន័យថាប្រទេស អេស្ប៉ាញ ទំនងជានឹងអស់សោហ៊ុយច្រើនជាងមុនក្នុងការខ្ចីប្រាក់ក្នុងរយៈពេលយូរ។
ទីភ្នាក់ងារ Fitch ក៏បានបន្ទាបអត្រាឥណទាននៃប្រទេស អេស្ប៉ាញ ដែរកាលពីសប្តាហ៍មុន។
អ៊ីតាលី៖ គេរំពឹងថាលោកនាយករដ្ឋមន្ត្រីអ៊ីតាលីនឹងឈ្នះនៅក្នុងការបោះឆ្នោតស្តីពីការទុកចិត្តលើរដ្ឋាភិបាលលោកនៅថ្ងៃសុក្រនេះក្នុងសភា។
លោក បេឡូស្កូនី (Berlusconi) បានត្រូវបង្ខំឱ្យអំពាវនាវឱ្យមានការបោះឆ្នោតនេះក្រោយពីគណបក្សកណ្តាលខាងស្តាំរបស់លោកគ្មានជោគជ័យក្នុងការអនុម័តថវិកាដោយចាញ់ឆ្នោតតែមួយសន្លឹកកាលពីពេលមុននេះក្នុងសប្តាហ៍នេះ។
ព័ត៌មាននៅពេលមុននេះ៖
វៀតណាម៖ ពួកអាជ្ញាធរវៀតណាមកំពុងរាយការណ៍ថា មានមនុស្សស្លាប់៩នាក់ទៀតដោយសារទឹកជំនន់ដែលបានបំផ្លិចបំផ្លាញជលសីមាទន្លេមេគង្គទាំងមូលនៃតំបន់អាស៊ីអាគ្នេយ៍ ហើយពួកព្យាករណ៍អាកាសធាតុឲ្យដឹងថា មានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
សហរដ្ឋអាមេរិក៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៃសរអា មានប្រសាសន៍ថា ក្រុងវ៉ាស៊ីនតោន នឹងធ្វើឲ្យប្រាកដថា ប្រទេសអ៊ីរ៉ង់នឹង«បង់ថ្លៃ» សម្រាប់គម្រោងមួយដើម្បីធ្វើឃាតឯកអគ្គរាជទូតប្រទេស អារ៉ាប៊ី សាអ៊ីឌីត ប្រចាំសរអា។
កូរ៉េខាងជើង៖ ប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាមានប្រសាសន៍ថា កូរ៉េខាងជើងបានបន្តធ្វើការគំរាមកំហែងដោយផ្ទាល់ដល់សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង។
ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សស៊ីរីនិយាយថា ការវាយប្រយុទ្ធគ្នារវាងកងកម្លាំងសន្តិសុខរដ្ឋាភិបាល និងមនុសស្សប្រដាប់អាវុធដែលគេជឿថាជាអ្នករត់ចោលជួរនៃកងយោធា បានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ១៣ នាក់។
លីប៊ី៖ ក្រុមអ្នកគាំទ្រលោក ម៉ូអាម៉ា ហ្កាដាហ្វី អតីតមេដឹកនាំលីប៊ី ដែលប្រដាប់ដោយអាវុធយ៉ាងច្រើន បានបន្ថយល្បឿនការជឿនលឿនរបស់ក្រុមយុទ្ធជននៃរដ្ឋាភិបាលបណ្តោះអាសន្ន ដែលបានព្យាយាមដណ្តើមយកការត្រួតត្រាលើទីក្រុង សឺត (Sirte) ដែលស្ថិតនៅតាមឆ្នេរសមុទ្រ។
ប៉ាគីស្ថាន៖ មន្រ្តីស៊ើបការណ៍សម្ងាត់ប៉ាគីស្ថានប្រាប់ឲ្យដឹងថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (Drone) របស់សហរដ្ឋអាមេរិកក្នុងតំបន់ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានបានសម្លាប់សមាជិកជាន់ខ្ពស់ម្នាក់នៃបណ្តាញក្រុមជនសកម្មប្រយុទ្ធ Haqqani។