ព័ត៌មានចុងក្រោយបំផុត៖
សហរដ្ឋអាមេរិក៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញការប្រកាសដ៏ប្រុងប្រយ័ត្នមួយទូទាំងពិភពលោកសម្រាប់ប្រជាពលរដ្ឋអាមេរិកអំពីលទ្ធភាពនៃសកម្មភាពប្រឆាំងសហរដ្ឋអាមេរិកបន្ទាប់ពីការចោទប្រកាន់ប្រឆាំងជនជាតិអ៊ីរ៉ង់ពីរនាក់ពីការឃុបឃិតជាមួយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ (Tehran) ដើម្បីសម្លាប់ឯកអគ្គរដ្ឋទូតប្រទេសអារ៉ាប៊ីសាអូឌីតប្រចាំនៅសហរដ្ឋអាមេរិក។
អារ៉ាប៊ីសាអូឌីត៖ លោក Abdel Al – Jubeir ឯកអគ្គរាជទូតនៃប្រទេសអារ៉ាប៊ីសាអូឌីតប្រចាំសហរដ្ឋអាមេរិក ជាទិសដៅនៃផែនការឃាតកម្មដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ជាអ្នកការទូតដ៏មានបទពិសោធន៍ដែលល្បីល្បាញបំផុតក្នុងប្រទេសលោកខាងលិច។
វៀតណាម/ឥណ្ឌា៖ ប្រធានាធិបតីវៀតណាម ជុង តាន សាង (Truong Tan Sang) បានស្ថិតក្នុងរដ្ឋធានីញូវដែលីនៃប្រទេសឥណ្ឌាដែលជាផ្នែកមួយនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃ ដែលមានគោលបំណងពង្រឹងចំណងទាក់ទងខាងពាណិជ្ជកម្មនិងវិស័យការពារប្រទេស។
ភូមា៖ ក្រុមប្រឆាំងនិងអង្គការសិទ្ធិមនុស្សភូមា ប្រាប់ឲ្យដឹងថា រដ្ឋាភិបាលបានដោះលែងពួកអ្នកទោសនយោបាយមួយចំនួននៅថ្ងៃពុធនេះ រួមមានទាំងអ្នកកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់ផង។
សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកប្រាប់ឲ្យដឹងថា សមាជិកម្នាក់នៃឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់ បានត្រូវជាប់សង្ស័យពីការមានតួនាទីក្នុងការរៀបចំផែនការដែលត្រូវបានគេបញ្ចេញឲ្យដឹងកាលពីថ្ងៃអង្គារ ដើម្បីធ្វើឃាតឯកអគ្គរាជទូតនៃប្រទេសអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅសហរដ្ឋអាមេរិក។
ហ្វីលីពីន៖ ប្រធានាធិបតី Benigno Aquino នៃប្រទេសហ្វីលីពីនមានប្រសាសន៍ថា លោកនឹងមិនយល់ព្រមឲ្យមានពិធីបុណ្យសពផ្លូវរដ្ឋដល់ខ្មោចជនផ្តាច់ការប្រធានាធិបតី Ferdinand Marcos ទេ។
ចិន/រុស្ស៊ី៖ ប្រធានាធិបតីចិន ហ៊ូ ជីនតាវ បានស្វាគមន៍នាយករដ្ឋមន្រ្តី Vladimir Putin នៃប្រទេសរុស្ស៊ីដែលជាមិត្តភក្តិចាស់របស់ចិននៅថ្ងៃពុធនេះ។ ប្រធានាធិបតីចិនបានប្រាប់នាយករដ្ឋមន្រ្តីរុស្ស៊ីថា ដំណើរបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោកមកកាន់ទីក្រុងប៉េកាំង បានធ្វើទំនាក់ទំនងជឿនលឿនរវាងប្រទេសទាំងពីរ។
អង់គ្លេស៖ ការិយាល័យស្ថិតិជាតិនៃប្រទេសអង់គ្លេសបានប្រាប់ឲ្យដឹងនៅថ្ងៃពុធនេះថា អត្រាអត់ការងារនៅក្នុងប្រទេសបានឡើងដល់៨ភាគរយជាលើកទីមួយនៅក្នុងរយៈពេល១៥ឆ្នាំ។
ព័ត៌មាននៅពេលមុននេះ៖
វៀតណាម៖ Nguyen Phu Trong ប្រធានបក្សកុម្មុយនីស្តវៀតណាម បានចាប់ផ្តើមបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃទៅកាន់ប្រទេសចិនដែលបានកើតមានឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើនការចរចាដើម្បីកាត់បន្ថយការតានតឹងខាងយោធាដែលកំពុងកើនឡើងនៅក្នុងសមុទ្រចិនខាងត្បូង។
អ៊ីរ៉ង់៖ សហរដ្ឋអាមេរិកប្រាប់ឲ្យដឹងថាខ្លួនបានបំបែកផែនការរបស់អ៊ីរ៉ង់ធ្វើឃាតុកម្មឯកអគ្គរដ្ឋទូតប្រទេសអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅសហរដ្ឋអាមេរិក។
ប៉ាឡេស្ទីន៖ វិទ្យុអ៊ីស្រាអែល ប្រាប់ឲ្យដឹងថា រដ្ឋាភិបាល បានឈោងដល់កិច្ចព្រមព្រៀងជាមួយជាមួយក្រុមកងជីវពលប៉ាឡេស្ទីនហាម៉ាស ដើម្បីដោះលែងទាហានអ៊ីស្រាអែល Gilad Shalit។
លីប៊ី៖ ពួកអ្នកប្រយុទ្ធរបស់រដ្ឋាភិបាលអន្តរកាលលីប៊ី និយាយថា ពួកគេបានបង្កើនការត្រួតត្រាទីស្នាក់ការធំៗរបស់ប៉ូលីសក្នុងទីក្រុង Sirte ដែលជាទីក្រុងកំណើតរបស់អតីតមេដឹកនាំ Moammar Gadhafi ហើយពួកគេកំពុងខិតចូលកាន់តែជិតដើម្បីត្រួតត្រាទីក្រុងនោះទាំងស្រុង។
អេហ្ស៊ីប៖ ឧបនាយករដ្ឋមន្រ្តីអេហ្ស៊ីបបានលាចេញពីតំណែងកាលពីថ្ងៃអង្គារ ពេលដែលការប៉ះទង្គិចអំពើហិង្សារវាងកងកម្លាំងសន្តិសុខនឹងអ្នកកាន់សាសនាគ្រឹស្ត Coptic ដែលបានសម្លាប់មនុស្ស២៦នាក់។
រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានរិះគន់ប្រទេសអ៊ុយក្រែនចំពោះការកាត់ទោសអតីតនាយករដ្ឋមន្រ្តីលោកស្រី Yulia Tymoshenko ឲ្យជាប់ពន្ធនាគារ៧ឆ្នាំចំពោះការប្រើប្រាស់អំណាចហួសក្នុងទំនាក់ទំនងកិច្ចព្រមព្រៀងឧស្ម័នដែលលោកស្រីបានចរចាជាមួយប្រទេសជិតខាងនៅឆ្នាំ២០០៩។
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ Mahmoud Ahmadinejad បានរិះគន់ការវាយនឹងរំពាត់កាលពីពេលថ្មីៗនេះដល់និស្សិតម្នាក់ដែលត្រូវបានកាត់ឲ្យជាប់ទោសចំពោះការប្រមាថមើលងាយលោក មួយថ្ងៃបន្ទាប់ពីពួកសកម្មជនគណបក្សប្រឆាំងនិយាយថាសិល្បការនីអ៊ីរ៉ង់ម្នាក់ក៏បានត្រូវកាត់ទោសដោយការវាយ៩០រំពាត់ចំពោះតួនាទីរបស់នាងនៅក្នុងខ្សែភាពយន្តមួយដែលរិះគន់រដ្ឋាភិបាល។
សហរដ្ឋអាមេរិក៖ ការកាត់ទោសអតីតមន្រ្តីយោធាសូវៀតម្នាក់ដែលគេចាត់ថាជាអ្នកជំនួញមរណភាពបានត្រូវគេកំណត់ចាប់ផ្តើមធ្វើនៅថ្ងៃអង្គារក្នុងទីក្រុងញូយ៉កដោយមានគណៈវិនិច្ឆ័យជ្រើសរើស។
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា មានប្រសាសន៍ថា លោកបានរង់ចាំសមាជិកសភាដើម្បីជួយលោកក្នុងការជំរុញសេដ្ឋកិច្ចឲ្យជឿនលឿនទៅមុខ។