ព័ត៌មានចុងក្រោយបំផុត៖
ស.រ.អា៖ បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋបង្ហាញក្តីសង្ឃឹមក្នុងកិច្ចពិភាក្សា ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច និងការងារធ្វើ ពេលគេដេញដោលគ្នានៅរដ្ឋ Michigan។ លោក Rick Perry អភិបាលរដ្ឋTexas ប្រហែលជាមានការលំបាកពេលលោកព្យាយាមឆ្លើយសំណួរ។
ស៊ិរី៖ ក្រុមប្រឹក្សាជាតិដែលជាក្រុមប្រឆាំងកំពុងអំពាវនាវឲ្យមានកូដកម្មទូទៅមួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារប្រឆាំងនឹងអ្វីដែលគេនិយាយថា ការបង្ក្រាបដោយឃោរឃៅពីរដ្ឋាភិបាលនៅតំបន់Homs ភាគកណ្តាល។
លីបេរីយ៉ា៖ មន្ត្រីនានានិយាយថា លទ្ធផលបឋមនៃការបោះឆ្នោតប្រធានាធិបតីប្រទេសលីបេរីយ៉ានឹងចេញនៅថ្ងៃព្រហស្បតិ៍នេះ។ លោកស្រីប្រធានាធិបតី Ellen Johnson Sirleaf អាចនឹងជាប់ឆ្នោតអាណត្តិទី២នេះ រីឯបេក្ខជនប្រឆាំងWilliam Tubman ធ្វើពហិកាការបោះឆ្នោតកាលពីថ្ងៃអង្គារ ដោយចោទថា មានការលួចបន្លំ។
អ៊ីរ៉ង់៖ ប្រទេសចិននិយាយថា ទណ្ឌកម្មមិនមែនជាមូលដ្ឋាននៃការដោះស្រាយកង្វល់អន្តរជាតិអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ទេ។ Hong Lei អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើអត្ថាធិប្បាយបែបនេះនៅថ្ងៃព្រហស្បតិ៍ មួយថ្ងៃក្រោយពីមហាអំណាចលោកខាងលិច និយាយថា រដ្ឋាភិបាលក្រុងTehran អាចប្រឈមមុខនឹងទណ្ឌកម្មបន្ថែមទៀត ប្រសិនបើ រដ្ឋាភិបាលនេះមិនសហការជាមួយអធិការកិច្ចរបស់អសប ពិនិត្យអាវុធនុយក្លេអ៊ែរ។
អ៊ឺរ៉ុប៖ ទីផ្សារហិរញ្ញវត្ថុអាស៊ីបិទនៅថ្ងៃព្រហស្បតិ៍នេះ ដោយព្រួយបារម្ភថា វិបត្តិហិរញ្ញវត្ថុដែលចុះដុនដាបនៅប្រទេសអ៊ីតាលីអាចរុញច្រានសេដ្ឋកិច្ចអ៊ឺរ៉ុបធ្លាក់ចុះខ្លាំង។ ទីផ្សារហ៊ុនរបស់ក្រុមហ៊ុន Nikkeiជប៉ុនធ្លាក់ចុះជាមធ្យមជិត៣% ហើយទីផ្សារហ៊ុននៃក្រុមហ៊ុន Hang Seng នៅហុងកុងធ្លាក់ចុះជិត៥% ក្រោយពីមានព័ត៌មានថា អត្រាការប្រាក់នៅប្រទេសអ៊ីតាលីឡើងលើ៧%កាលពីថ្ងៃពុធ។
ឥណ្ឌា/ប៉ាគិស្ថាន៖ នាយករដ្ឋមន្ត្រីឥណ្ឌា និងនាយករដ្ឋមន្ត្រីប៉ាគិស្ថាន និយាយថា គេរំពឹងថា កិច្ចពិភាក្សាក្នុងពេលខាងមុខនឹងបន្តធ្វើឲ្យប្រទេសទាំងពីរកាន់តែជិតស្និទ្ធនឹងគ្នា។ លោក Manmohan Singh នាយករដ្ឋមន្ត្រីឥណ្ឌា និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសទាំងពីរបានចំណាយពេលវេលាច្រើនណាស់ទៅលើកិច្ចពិភាក្សាដ៏ជូរចត់។ លោកនិយាយថា ថ្វីបើមានការជឿនលឿនក្នុងឆ្នាំកន្លងមកក៏ដោយ តែនៅមានបញ្ហាច្រើនទៀតត្រូវដោះស្រាយ។
ជប៉ុន៖ លោក Yoshihoko Noda នាយករដ្ឋមន្ត្រីជប៉ុន បានលើកពេលសន្និសីទព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ដែលគេរំពឹងថា លោកនឹងប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងចូលរួមការចរចាអំពីកតិកាសញ្ញាពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក។
ស.រ.អា៖ លោក Joe Paterno គ្រូបង្ហាត់កីឡាបាល់ទាល់អាមេរិកកាំងដ៏ល្បីនៅក្នុងមហាវិទ្យាល័យ ត្រូវសាកលវិទ្យាល័យរដ្ឋ Pennsylvania បណ្តេញចេញពីការងារ នៅពេលមានការរិះគន់ថា លោកនិងមន្ត្រីផ្សេងទៀតនៅក្នុងសាកលវិទ្យាល័យនេះទាក់ទងនឹងការចោទប្រកាន់ពីបទបំពារបំពានផ្នែកភេទជាមួយកុមារ។
តួកគី៖ បុគ្គលិកជួយសង្គ្រោះនៅប្រទេសតួកគីកំពុងតាមរកអ្នករួចជីវិត ក្រោយពីមានការរញ្ជួយដីទំហំ៥,៧ ដែលបានសម្លាប់មនុស្សយ៉ាងតិច៧នាក់។ មន្ត្រីនានានិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មានមនុស្ស២៥នាក់ត្រូវបានគេសង្គ្រោះឲ្យរួចជីវិតពីគំនរបាក់បែក ក្រោយពីបុគ្គលិកសង្គ្រោះធ្វើការមួយយប់ថ្ងៃពុធ នៅតំបន់ Van ក្បែរព្រំដែនជាមួយប្រទេសអ៊ីរ៉ង់។ គេជឿថា មានមនុស្សរាប់សិបនាក់ជាប់ក្នុងគំនរបាក់បែកពីការរញ្ជួយដីនោះ។
ព័ត៌មាននៅពេលមុននេះ៖
អ៊ីតាលី ៖ ផ្សារហ៊ុនសំខាន់នៅក្នុងអាមេរិកនិងអឺរ៉ុបបានចុះថ្លៃយ៉ាងខ្លាំងនៅថ្ងៃពុធនេះ ហើយតម្លៃប្រាក់កម្ចីរបស់អ៊ីតាលីបានឡើងខ្ពស់ ពេលដែលស្រមោលដ៏វែងនៃវិបត្តិប្រាក់បំណុលរបស់ទ្វីបអឺរ៉ុបកំពុងតែគ្របសង្កត់លើរដ្ឋាភិបាលក្រិកនិងអ៊ីតាលី។
អ៊ីរ៉ង់៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃពុធថា អ៊ីរ៉ង់អាចប្រឈមមុខនឹងទណ្ឌកម្មបន្ថែម បើប្រទេសនេះប្រកែកមិនព្រមធ្វើសហប្រតិបត្តិការជាមួយក្រុមអ្នកជំនាញនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិទេ ដែលបាននិយាយថា ពួកគេមានភស្តុតាង«ដែលគួរឲ្យជឿបាន» អំពីកិច្ចប្រឹងប្រែងរបស់អ៊ីរ៉ង់ដើម្បីស្ថាបនាអាវុធនុយក្លេអ៊ែរ។
កូរ៉េខាងជើង ៖ អតីតប្រេសិតអាមេរិកម្នាក់ទទួលបន្ទុកខាងគោលនយោបាយកូរ៉េខាងជើងនិយាយថាកិច្ចចរចាពហុជាតិដែលមានគោលដៅបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរទុច្ចរិតរបស់ក្រុងព្យុងយ៉ាងអាចចាប់ផ្តើមធ្វើឡើងវិញនៅពេលអនាគតខ្លីខាងមុខនេះ។
ស៊ីរី ៖ ក្រុមបាតុករបានប្រឈមមុខនឹងគណប្រតិភូគណបក្សប្រឆាំង ស៊ីរី នៅខាងក្រៅមន្ទីរចាត់ការរបស់សមាគមអារ៉ាប់នៅទីក្រុង ឡឺគែរ នៅអេហ្ស៊ីបកាលពីថ្ងៃពុធ។ ពួកបាតុករខ្លះបានហៅមន្រ្តីគណបក្សប្រឆាំងថាជា «មនុស្សក្បត់» ហើយបានគប់ពងមាន់ទៅលើមន្រ្តីទាំងនោះ។
អាហ្វហ្គានីស្ថាន៖ មន្រ្តីអាហ្វហ្គានីស្ថាននិយាយថា កងទ័ពអាហ្វហ្គានីស្ថាននិងអង្គការអូតង់ បានសម្លាប់ជនសកម្មប្រយុទ្ធ តាលីបាន់ យ៉ាងតិង៧០នាក់ ដែលបានធ្វើការវាយប្រហារមួយទៅលើ មូលដ្ឋានដែលស្ថិតជិតព្រំដែនប៉ាគីស្ថាន។
សកលលោក ៖ ទីភ្នាក់ងារថាមពលអន្តរជាតិនិយាយថា ពិភពលោកអាចប្រឈមមុខនឹងតម្លៃថាមពលខ្ពស់«ស្កឹមស្កៃ»និងគ្រោះថ្នាក់ខ្លាំងឡើងនៃការផ្លាស់ប្តូរធាតុអាកាស លុះណាតែមានការផ្លាស់ប្តូរសំខាន់ៗនៅក្នុងមធ្យោបាយដែលប្រទេសនីមួយៗ ព្រមទាំងក្រុមហ៊ុនហើយនិងមនុស្សយើងប្រើប្រាស់ថាមពល៕