ព័ត៌មានចុងក្រោយបំផុត៖
ប៉ាគីស្ថាន៖ អាជ្ញាធរប៉ាគីស្ថានបានបញ្ជាឱ្យដាក់ពង្រាយទាហាន១.០០០នាក់ថែមទៀតនៅក្នុងក្រុងការ៉ាជី ដោយបញ្ជាឱ្យទាហានទាំងនេះបាញ់ជនប្រដាប់អាវុធទាំងទ្បាយណាដែលទាក់ទិននឹងការវាយប្រហារ នៅក្រោយមានការសម្លាប់មនុស្សយ៉ាងតិចណាស់៦៥នាក់ក្នុងអំពើហិង្សាខាងនយោបាយនិងខាងពូជសាសន៍បីថ្ងៃមកហើយ។
លីប៊ី៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលីបានសម្តែងការសង្ស័យអំពីអន្តរាគមន៍ របស់អង្គការអូតង់ (NATO) ក្នុងប្រទេសលីប៊ីនៅពេលដែលរដ្ឋាភិបាលអភិរក្សនិយមរបស់លោកបានប្រកាស អំពីផែនការកាត់បន្ថយការចូលរួមរបស់ខ្លួនក្នុងបេសកកម្មនេះ។
ស៊ីរី៖ ពួកសកម្មជននៅក្នុងប្រទេសស៊ីរីនិយាយថាកងកម្លាំងសន្តិសុខបានឆ្មក់ចូលលុកតំបន់ជាយក្រុងដាម៉ាស់មួយ ដើម្បីបង្ក្រាបបាតុកម្មមួយនៅពេលយប់ នៅមុនមានបាតុកម្មច្រើនទៀតប្រឆាំងនឹងប្រធានាធិបតីស៊ីរី Bashar al-Assadដែលបានត្រូវគ្រោងធ្វើនៅថ្ងៃសុក្រនេះ។
ប៉ាគីស្ថាន៖ នាយទាហានជាន់ខ្ពស់បំផុតនៃក្រុមយោធាស.រ.អ.និយាយថា បុគ្គលិកនៅក្នុងរដ្ឋាភិបាលប៉ាគីស្ថានបាន«ផ្តល់ការយល់ព្រម»ដល់ការសម្លាប់អ្នកកាសែតម្នាក់កាលពីចុងខែឧសភា ក៏ប៉ុន្តែលោកមិនអាចភ្ជាប់ការស្លាប់នេះទៅនឹងសេវាកម្មស៊ើបការណ៍សម្ងាត់របស់ប្រទេសនេះបានទេ។
យេម៉ែន៖ លោកប្រធានាធិបតី Ali Abdullah Saleh បានចេញបង្ហាញខ្លួនក្នុងទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ជាលើកដំបូងចាប់តាំងពីលោកបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលនៅទីនោះលោកបានទទួលការព្យាបាលមុខរបួសដែលលោកបានរងគ្រោះនៅក្នុងការវាយប្រហារមួយទៅលើវិមានរបស់លោកកាលពីខែមុន។
ព័ត៌មានកាលពីពេលមុននេះ៖
ស៊ីរី៖ ក្រុមសកម្មជនសិទ្ធិមនុស្សស៊ីរីនិយាយថា មានមនុស្សរាប់រយនាក់កំពុងតែរត់គេចពីទីក្រុងហាម៉ានៅភាគកណ្ដាល នៃប្រទេសនេះ ដោយភ័យខ្លាចការបង្ក្រាបរបស់យោធាដោយកងកម្លាំងសន្ដិសុខ។
នេប៉ាល់៖ អតីតព្រះមហាក្សត្រនៃប្រទេសនេប៉ាល់ ទ្រង់បានស្ដីបន្ទោសក្រុមអ្នកតាក់តែងច្បាប់ចំពោះការខកខានមិនបានបង្កើតរដ្ឋធម្មនុញ្ញនិងរដ្ឋាភិបាលមានលំនឹងមួយក្នុងរយ:ពេលប៉ុន្មានឆ្នាំចាប់តាំងពីរបបរាជានិយមត្រូវបានបំបាត់មក។
ឥណ្ឌា៖ អង្គការសិទ្ធិមនុស្ស Amnesty International កំពុងតែអំពាវនាវឲ្យអាជ្ញាធរនៅក្នុងរដ្ឋ Chhattisgarh អនុវត្ដតាមសេចក្ដីសម្រេចមួយរបស់តុលាការកំពូលឲ្យរំលាយនិងដកហូតអាវុធរបស់ក្រុមកងជីវពលប្រឆាំងនឹងពួកម៉ៅនិយម។
ក្រិក៖ ឆ្មាំសមុទ្រក្រិកបានស្ទាក់នាវាមួយគ្រឿងគត់ដែលជាផ្នែកមួយនៃកងនាវាតូចរបស់ក្រុមសកម្មជនគាំទ្រពួកប៉ាឡេស្ទីន ហើយដែលបានគេចផុតពីការមើលឃើញរបស់ពួកគេ។
យេម៉ែន៖ លោកប្រធានាធិបតី Ali Abdullah Saleh បានថ្លែងសុន្ទរកថាលើកទីមួយតាមវីដេអូនៅថ្ងៃព្រហស្បតិ៍ ចាប់តាំងពីការធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីព្យាបាលរបួសបណ្ដាលមកពីការវាយប្រហារនៅខែឧសភាទៅលើវិមានប្រធានាធិបតីរបស់លោក។
អាហ្គានីស្ថាន៖ ក្រុមមន្ដ្រីអាហ្គានីស្ថាននិយាយថា ការទម្លាក់គ្រាប់បែករបស់អង្គការអូតង់ (NATO) បានសម្លាប់ជនស៊ីវិល១៣នាក់នៅក្នុងខេត្ដខូសភាគខាងកើតនៅថ្ងៃអង្គារ។
ស៊ូដង់៖ កងទ័ពនៃប្រទេសស៊ូដង់ខាងជើងកំពុងតែរំសាយទាហានប្រមាណ១៥.០០០នាក់ ពីជួរកងទ័ព នៅពេលដែលប្រទេសស៊ូដង់ខាងត្បូងត្រៀមខ្លួននឹងប្រាកាសឯករាជ្យ។
កូតឌីវ័រ៖ រដ្ឋាភិបាលនៃប្រទេសកូតឌីវ័រ បានតែងតាំងអតីតមេដឹកនាំពួកបះបោរឲ្យឡើងកាន់តំណែងជាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ។
កេនយ៉ា៖ ប៉ូលីសនៅប្រទេសកេនយ៉ាបាញ់ឧស្ម័នផ្សែងនៅថ្ងៃព្រហស្បតិ៍ទៅលើក្រុមអ្នកតវ៉ាដែលធ្វើបាតុកម្មប្រឆាំងតម្លៃខ្ពស់នៃស្បៀងអាហារនិងឥន្ធន:។