ព័ត៌មានចុងក្រោយបំផុត៖
សេដ្ឋកិច្ចពិភពលោក៖ ទីផ្សារភាគហ៊ុនស្តុកសាកលនៅតែបន្ដចុះតម្លៃដោយសារតែមានការភ័យខ្លាចពីបំណុលពាក់ព័ន្ធនឹងការបន្ទាបអត្រាឥណទានរបស់ស.រ.អ. ធ្វើឡើងដោយទីភ្នាក់ងារ S&P និងវិធានការរបស់ធនាគារកណ្ដាលអឺរ៉ុបដើម្បីជួយពង្រឹងគោលជំហរហិរញ្ញវត្ថុរបស់ប្រទេស អ៊ីតាលីនិងអេស្ប៉ាញ។
ភូមា៖ មេដឹកនាំគណបក្សជំទាស់នៅក្នុងប្រទេសភូមាលោកស្រី អ៊ុងសានស៊ូជី (Aung San Suu Kyi) បានតទល់នឹងរដ្ឋាភិបាលភូមា ដោយលោកស្រីទៅចូលរួមក្នុងពិធីផ្ដល់កិត្ដិយសដល់ជនរងគ្រោះក្នុងការ បះបោរគ្មានជោគជ័យប្រឆាំងរដ្ឋាភិបាលយោធាភូមាកាលពីឆ្នាំ១៩៨៨។
ឡាវ៖ ប្រធានាធិបតីនៃប្រទេសឡាវលោក ឈំមាលី សាយាសន បានធ្វើដំណើរដល់ទីក្រុងហាណូយ ដើម្បីធ្វើទស្សនកិច្ចបីថ្ងៃ ដោយលោកដឹកនាំគណៈប្រតិភូជាន់ខ្ពស់ពីប្រទេសឡាវ។
ម៉ាឡេស៊ី៖ ចៅក្រមនៃតុលាការម៉ាឡេស៊ី បានពន្យារពេលការកាត់ក្ដីអតីត មេដឹកនាំគណបក្សជំទាស់ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានត្រូវចោទប្រកាន់ពីបទសេពកាមមិនប្រក្រតី នៅពេលដែលក្រុមមេធាវីការពារក្ដី បានត្រូវអនុញ្ញតឲ្យសម្ភាសសាក្សី រាប់ទាំងនាយករដ្ឋមន្ដ្រី ណាជិព រ៉ាហ្សាក ផងដែរ។
ចិន៖ បណ្ដាញព័ត៌មានផ្លូវការចិនរាយការណ៍ថា កម្មករខិតខំតស៊ូដើម្បីសង្រ្គោះរោងចក្រគីមីមួយនៅតំបន់ឦសានប្រទេសចិន ក្រោយពីមានរលកសមុទ្រធំៗ បណ្ដាលមកពីខ្យល់ព្យុះត្រូពិក បានទម្លាយទំនប់កាលពីព្រឹកថ្ងៃច័ន្ទ។
វៀតណាម៖ គ្រាប់កំាភ្លើងធំជំនាន់ចាស់នៃសង្រ្គាមក្នុងប្រទេសវៀតណាមបានផ្ទុះបណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់នៅពេលដែលជននោះខិតខំបំបែកគ្រាប់ជាពីរ។
ស៊ីរី៖ ប្រទេសអារាប៊ីសាអ៊ូឌីតបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចំានៅក្នុងប្រទេសស៊ីរី ហើយបានថ្កោលទោសការវាយបង្រ្កាបដ៏បង្ហូរឈាមខណៈដែលសហគមន៍អន្ដរជាតិ ធ្វើការគាបសង្កត់មកលើរដ្ឋាភិបាលស៊ីរី ដើម្បីឲ្យបញ្ឈប់ការវាយបង្រ្កាបមកលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។
អាហ្វហ្គានីស្ថាន៖ កងកម្លាំងជើងទឹកពិសេសរបស់ស.រ.អ. Navy Seals និង កងកម្លាំងអាហ្វហ្គានីស្ថានដែលបានប្រយុទ្ធតទល់នឹងក្រុមបះបោរនៅចំកណ្ដាលខេត្ដវ៉ាដាក ទីកន្លែងជិតឧទ្ធម្ភាគចក្រនៃកងកម្លាំងអាមេរិកាំងធ្លាក់ កាលពីព្រលឹមថ្ងៃអាទិត្យ បណ្ដាលឲ្យទាហានអាមេរិកាំង៣០នាក់ស្លាប់។
ទីបេតិ៍៖ មេដឹកនាំថ្មីនៃរដ្ឋាភិបាលទីបេតិ៍នៅក្រៅប្រទេសបានធ្វើសម្បថឡើងកាន់តំណែងកាលពីថ្ងៃច័ន្ទ ដោយលោកសច្ចាថានឹងបន្ដឲ្យមានចីរភាពដល់ចលនានៅក្រៅប្រទេសរហូតដល់សេចក្ដីសម្រេចឲ្យមានសេរីភាពនៅក្នុងដែនដីទីបេតិ៍។
អ៊ុយក្រែន៖ ចៅក្រមម្នាក់នៅក្នុងប្រទេសអ៊ុយក្រែនបានបដិសេធកាលពីថ្ងៃច័ន្ទនូវសេចក្ដីស្នើរបស់មេធាវីការពារក្ដីនៃអតីតនាយករដ្ឋមន្ដ្រីលោកស្រី ជូលីយ៉ា ទិម៉ូសិនកូ (Yulia Tymoshenko) ដើម្បីរំដោះលោកស្រីចេញពីមន្ទីរឃុំឃាំងនៅពេលការកាត់ទោសលោកស្រីពីបទបំពានអំណាចនៅពេលកាន់តំណែង។
ម៉ាឡេស៊ី៖ តុលាការជាន់ខ្ពស់របស់ប្រទេសម៉ាឡេស៊ីបានរាំងខ្ទប់រដ្ឋាភិបាលមិនឲ្យបញ្ជូនក្រុមជនភៀសខ្លួនអ្នកស្វែងរកទីលំនៅថ្មីរហូតដល់ពេលដែលតុលាការអាចស្ដាប់សេចក្ដីរាយការណ៍នៃច្បាប់តទល់នឹងផែនការរបស់រដ្ឋាភិបាលនៅចុងខែនេះ។
ព័ត៌មាននៅពេលមុននេះ៖
វៀតណាម៖ មនុស្សប្រមាណមួយរយនាក់បានធ្វើការតវ៉ានៅថ្ងៃអាទិត្យក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដើម្បីប្រឆាំងនឹងការប្រកាសទាមទារទឹកដីរបស់ចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង ដែលជាបាតុកម្មជាបន្តបន្ទាប់ប្រឆាំងនឹងចិនក្នុងរយៈពេលពីរខែកន្លងមកនេះ។ ការប្រឆាំងតវ៉ាបែបនេះជាការកម្រមានមួយក្នុងប្រទេសវៀតណាមផ្តាច់ការនេះ ដែលការប្រឆាំងជាសាធារណៈត្រូវបង្អាក់ ហើយជាធម្មតាត្រូវទទួលទណ្ឌកម្ម។ ចិនបានទាមទារទឹកដីក្នុងសមុទ្រទាំងអស់ ដោយធ្វើឲ្យមានការឈ្លោះប្រកែកជាមួយវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រទេសព្រុយណេ ដែលបានទាមទារដែនទឹកនោះដែរ។ ទាំងរដ្ឋាភិបាលរដ្ឋធានីហាណូយ និងរដ្ឋាភិបាលក្រុងម៉ានីល បានអះអាងថា នាវាចិនបានជ្រៀតជ្រែកការរុករកឧស្ម័នធម្មជាតិ និងប្រេងក្នុងផ្ទៃទឹក ដែលពួកគេអះអាងថាជាតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន។សហរដ្ឋអាមេរិក៖ នាយកចាត់ចែងទីភ្នាក់ងារពិន្ទុឥណទាន Standard and Poor និយាយថាមានឧកាសមួយក្នុងចំណោម៣ដែលអត្រាពិន្ទុសហរដ្ឋអាមេរិក នឹងបញ្ចុះថែមទៀតក្នុងរយៈពេល៦ខែបន្ទាប់ទៀតនៅចន្លោះពេលពីរឆ្នាំនេះ។
អឺរ៉ុប៖ សន្ទស្សន៍ភាគហ៊ុននៅអឺរ៉ុបធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃសុក្រនៅពេលមានការព្រួយកង្វល់ពីរដ្ឋាភិបាលដែលរួមរឹតទៅដោយបំណុលទាំងក្នុងប្រទេសអ៊ីតាលី និងអេស៉្បាញ ដែលមានសេដ្ឋកិច្ចធំទី៣និងទី៤នៅអឺរ៉ុបគម្រាមកំហែងដល់ប្រាក់ Euro។
ស៊ីរី៖ ក្រុមអង្គការសិទ្ធិមនុស្ស នៃប្រទេសស៊ីរី និយាយថា កងទ័ពរដ្ឋាភិបាលដែលគាំទ្ររថពាសដែកបានសម្លាប់មនុស្សយ៉ាងហោច៥៣នាក់ដែរ នៅក្នុងការវាយប្រហារទៅលើទីក្រុងពីរដែលជាទីកន្លែងជនស៊ីវិលបានប្រឆាំងតវ៉ាការកាន់អំណាចផ្តាច់ការរបស់ប្រធានាធិបតី Bashar al – Assad ។
យេម៉ែន៖ ពួកមន្រ្តីនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត និងយេម៉ែន និយាយថាប្រធានាធិបតី Ali Abdellah Saleh នៃប្រទេសយ៉េម៉ែនបានចាកចេញពីមន្ទីរពេទ្យក្នុងរាជធានី Riyadh ជាទីកន្លែងដែលលោកបានព្យាបាលការលាកដ៏ខ្លាំងបំផុតនៅក្នុងការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃទី៣ ខែមិថុនានៅបរិវេណគេហដ្ឋានរបស់លោកក្នុងរដ្ឋធានីសាណាអា។
នេប៉ាល់៖ ប្រទេសនេប៉ាល់ បានបង្កើតច្បាប់ថ្មីមួយហាមឃាត់ការជក់បារីនៅកន្លែងសាធារណ។ វិធានកាណ៍ដែលចូលជាធរមានកាលពីថ្ងៃអាទិត្យបានចាត់ទុកថាខុសច្បាប់ចំពោះការជក់បារីនៅចំណតអាកាសយានដ្ឋាន សណ្ឋាគារ ការិយាល័យរដ្ឋាភិបាល និងអាគារសាធារណៈ។
អ៊ីរ៉ាក់៖ ប៉ូលីសអ៊ីរ៉ាក់និយាយថា ការវាយប្រហាររបស់ពួកបះបោរ ក្នុងផ្នែកជាច្រើនបានសម្លាប់មនុស្ស៨នាក់ រួមមានសមាជិក៦នាក់ដែលផ្ទះរបស់ពួកគេ បានផ្ទុះក្នុងតំបន់ភាគកណ្តាលប្រទេសអ៊ីរ៉ាក់។
អាហ្វហ្គានីស្ថាន៖ អង្គការអូតង់ដែលកំពុងស៊ើបអង្កេតការអះអាងរបស់ពួកតាលីបានថា ពួកគេបានបាញ់ទម្លាក់ឧត្ថម្ភាគចក្រសហរដ្ឋអាមេរិក១គ្រឿងនៅតំបន់កណ្តាលអាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្ស៣៨នាក់រួមមានកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកផង។