ថៃ៖ សភាថៃបានបោះឆ្នោតជ្រើសរើសលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជានាយករដ្ឋមន្រ្តីស្រីលើកដំបូងសម្រាប់ប្រទេសនេះកាលពីថ្ងៃសុក្រ មិនដល់១ខែបន្ទាប់ពីគណបក្សរបស់លោកស្រីបានទទួលជ័យជំនះដ៏ច្រើនលើសលុបក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ ខែកក្កដា។ សភាជាន់ទាបបានបោះឆ្នោត២៩៦សំឡេងទល់នឹង៣សំឡេង ដើម្បីគាំទ្រលោកស្រី ដោយមានសមាជិកសភា១៩៧នាក់បានបោះឆ្នោតអនុប្បវាទ។ លោកស្រីយីងឡាក់ អាយុ៤៤ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពនយោបាយកាលពីខែកក្កដា គឺជាប្អូនស្រីរបស់អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។
ស៊ីរី៖ ជនជាតិស៊ីរី រាប់ម៉ឺននាក់បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅពេលដែលកម្លាំងសន្តិសុខបានពង្រីកការបង្ក្រាបរបស់ខ្លួនលើពួកប្រឆាំង។
លីប៊ី៖ រដ្ឋាភិបាលលីប៊ីបានច្រានចោលការអះអាងរបស់ពួកឧទ្ទាមថា កូនប្រុសម្នាក់របស់ Moammar Gadhafi បានត្រូវសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អង្គការអូតង់។
សេដ្ឋកិច្ចសកលលោក៖ ផ្សារភាគហ៊ុននៅទូទាំងសកលលោកបានបន្តធ្លាក់ចុះកាលពីថ្ងៃសុក្រ នៅពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងថាសេដ្ឋកិច្ចសកលលោកធ្លាក់ចូលក្នុងការមិនរីកចម្រើនថ្មីមួយទៀត។
សហរដ្ឋអាមេរិក៖ សេដ្ឋកិច្ចសហរដ្ឋអាមេរិក បានបង្កើនការងារចំនួន១សែន១ម៉ឺន៧ពាន់ កាលពីខែកក្កដា ហើយអត្រាអត់ការងារធ្វើបានធ្លាក់ចុះបន្តិចមកត្រឹម៩,១ភាគរយ។
អឺរ៉ុប៖ ស្នងការជាន់ខ្ពស់សេដ្ឋកិច្ចសហភាពអឺរ៉ុបនិយាយថា ទាំងប្រទេសអ៊ីតាលី និងអេស៉្បាញ នឹងមិនត្រូវការប្រាក់សង្គ្រោះសេដ្ឋកិច្ចអន្តរជាតិ ដើម្បីដោះស្រាយសេដ្ឋកិច្ចរបស់ខ្លួនទេ។
អេត្យូពី៖ ប្រធានអង្គការកម្មវិធីស្បៀងអាហារពិភពលោកក្នុងប្រទេសអេត្យូពីនិយាយថា ម្ហូបអាហារដែលស្តុកទុកក្នុងគ្រាអាសន្នរបស់ប្រទេសនោះជិតអស់ហើយ ដែលជាបញ្ហាថ្មីៗបំផុតដែលបណ្តាលមកពីការរាំងស្ងួតក្នុងតំបន់អាហ្វ្រិកខាងកើត។
ស៊ូដង់៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិនិយាយថា កងថែរក្សាសន្តិភាពម្នាក់របស់អង្គការសហប្រជាជាតិបានត្រូវសម្លាប់ ហើយម្នាក់ទៀតរងរបួសយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ នៅពេលដែលរថយន្តរបស់ពួកគេបានរងការវាយប្រហារក្នុងតំបន់ Darfur នៃប្រទេសស៊ូដង់។
អាហ្វហ្គានីស្ថាន៖ បាតុកម្មប្រឆាំងអង្គការអូតង់ក្នុងខេត្ត Zabul ខាងត្បូងប្រទេសបានក្លាយទៅជាហិង្សាកាលពីថ្ងៃសុក្រ ពេលដែលជនស៊ីវិលអាហ្វហ្គានីស្ថាន៣នាក់ និងមន្រ្តីប៉ូលីសម្នាក់បានត្រូវគេបាញ់សម្លាប់។
ឥណ្ឌា៖ អ្នកនយោបាយដ៏មានអំណាចបំផុតម្នាក់របស់ប្រទេសឥណ្ឌាត្រូវបានគេនិយាយថា កំពុងជាសះស្បើយឡើងវិញពីការវះកាត់នៅបរទេស។
ឥណ្ឌា៖ ឥណ្ឌាឲ្យដឹងថាខ្លួនមានផែនការស្ថាបនាផ្លូវថ្នល់ និងផ្លូវរទេះភ្លើងថ្មី ដើម្បីតទល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរបស់ចិននៅតាមបណ្តោយព្រំដែនមានជម្លោះរវាងប្រទេសទាំងពីរ។