ព័ត៌មានចុងក្រោយបំផុត៖
ភូមា៖ ក្រុមហ៊ុនចិនពាក់ព័ន្ធនឹងការសាងសង់ទំនប់វារីអគ្គីសនីនៅក្នុងប្រទេសភូមាបានចេញសេចក្ដីព្រមានថា នឹងមានបញ្ហាខាងច្បាប់ប្រសិនបើរដ្ឋាភិបាលភូមាសម្រេចបញ្ឈប់គម្រោងសាងសង់ទំនប់នោះ។
អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ រដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិកលោក ឡេអន ប៉ាណេត្ដា (Leon Panetta) បានទិតៀនក្រុមអ្នកតាក់តែងច្បាប់អាមេរិកាំង ដែលបានផ្អាកជំនួយចំនួន ២០០ លានដុល្លារសម្រាប់ឧបត្ថម្ភលើគម្រោងអភិវឌ្ឍន៍នៅក្នុងដែនដីប៉ាឡេស្ទីន។
ប៉ាគីស្ថាន៖ ប៉ូលីសប៉ាគីស្ថាននិយាយថា ជនប្រដាប់អាវុធបានបាញ់សម្លាប់មនុស្សយ៉ាងតិច១៣ នាក់ កាលពីព្រឹកថ្ងៃអង្គារ នៅក្នុងការវាយប្រហារប្រឆាំងសាសនាខុសគ្នាមួយ មកលើរថយន្ដក្រុង ដែលដឹកក្រុមអ្នកកាន់សាសនាម៉ូស្លីម និកាយហ្សីអិត នៅជិតតំបន់រង្គោះរង្គើរ កេត្ដា (Quetta) ស្ថិតនៅភាគនីរតីប្រទេស។
សហរដ្ឋអាមេរិក៖ អ្នកវិទ្យាសាស្រ្ដដើមកំណើតអាមេរិកាំង ៣ នាក់បានទទួលរង្វាន់ណូបែលរូបសាស្រ្ដឆ្នាំ ២០១១ សម្រាប់ «ការរុករកឃើញការរីកមាឌយ៉ាងរហ័សរបស់ចក្រវាឡ» តាមរយៈការសង្កេតមើលផ្កាយដែលផ្ទុះ។
សហរដ្ឋអាមេរិក៖ នាង Amanda Knox ដែលជានិស្សិតអាមេរិកាំងម្នាក់បានឡើងយន្ដហោះចាកចេញពីប្រទេសអ៊ីតាលី ក្នុងឋានៈជាអ្នករួចទោសកាលពីថ្ងៃអង្គារ ដើម្បីធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ក្រោយពីគណៈវិនិច្ឆ័យតុលាការក្នុងប្រទេសអ៊ីតាលីបានទម្លាក់ចោលការចោទប្រកាន់លើរូបនាងពីបទឃាតកម្ម។
អឺរ៉ុប៖ ក្រុមរដ្ឋមន្ដ្រីហិរញ្ញវត្ថុមកពីប្រទេសសមាជិកនៃតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូទាំង ១៧ បានពន្យាពេលការធ្វើសេចក្តីសម្រេចចិត្ដមួយក្នុងការផ្ដល់ជំនួយស្រោចស្រង់ប្រទេសមួយលើកទៀតឲ្យប្រទេសក្រិក។
ហ្វីលីពីន៖ ក្រុមមន្ដ្រីហ្វីលីពីនបានសន្យាថា នឹងធ្វើឲ្យប្រសើរឡើងដល់ការការពារសន្ដិសុខនៅក្នុងឧស្សហកម្មរ៉ែចំបងរបស់ជាតិ ក្រោយពីក្រុមបះបោរកុម្មុយនីស្តបានវាយដណ្ដើមយកទីកន្លែងជីករ៉ែ ៣ នៅក្នុងសប្ដាហ៍នេះ។
ឥណ្ឌា៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក ហាមីដ កាហ្សៃ (Hamid Karzai) បានធ្វើទស្សនកិច្ចការទូតរយៈពេលពីរថ្ងៃទៅកាន់ប្រទេសឥណ្ឌា ដែលជាទស្សនកិច្ចមួយធ្វើឡើងក្នុងអំឡុងពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប្រទេសប៉ាគីស្ថាន ដែលជាបច្ចាមិត្ដប្រពៃណីរបស់ប្រទេសទាំងពីរ។
ព័ត៌មាននៅពេលមុននេះ៖
កម្ពុជា៖ មនុស្សជាង១៥០នាក់បានស្លាប់ក្នុងប្រទេសកម្ពុជានិងវៀតណាមខាងត្បូងដោយសារទឹកជំនន់ដ៏ធំបំផុតតាមបណ្តោយដងទន្លេមេគង្គក្នុងរយៈពេល១១ឆ្នាំ។
ពួកមន្រ្តីក្នុងប្រទេសទាំងពីរនិយាយថា ទឹកជំនន់បានជន់លិចដីស្រែរាប់ពាន់ហិចតា ធ្វើឲ្យលិចផ្ទះសម្បែង បំផ្លាញស្ពាន និងបង្ខំមនុស្សរាប់ពាន់នាក់ឲ្យជន្លៀសចេញពីផ្ទះរបស់ខ្លួន។
ស្ថានភាពអាចកាន់តែអាក្រក់ឡើងៗ បើខ្យល់ព្យុះទីហ្វុង Nesat ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ជាង១៥០នាក់ក្នុងប្រទេសហ្វីលីពីននិងបីនាក់ទៀតក្នុងប្រទេសចិនកាលពីសប្តាហ៍មុន បានធ្វើឲ្យធ្លាក់ភ្លៀងកាន់តែខ្លាំងឡើងដែលជន់លិចដីដែលធ្វើឲ្យទឹកទន្លេមេគង្គឡើងរឹតតែខ្លាំង។
ក្នុងប្រទេសកម្ពុជា ឧប្បនាយករដ្ឋមន្រ្តី យឹម ឆាយលី និយាយកាលពីថ្ងៃច័ន្ទថា កម្ពុជាបានទទួលគ្រោះថ្នាក់មកពីការផ្លាស់ប្តូរអាកាសធាតុក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏១៥០នាក់ដែរក្នុងប្រទេសកម្ពុជាចាប់តាំងពីខែសីហាមក។ ក្នុងប្រទេសវៀតណាម ពួកអាជ្ញាធរនិយាយថា មនុសុ្សយ៉ាងហោចណាស់ក៏១៨នាក់ដែរបានស្លាប់ក្នុងរយៈពេល១០ថ្ងៃនេះ។ រដ្ឋាភិបាលប្រទេសថៃប្រាប់ឲ្យដឹងថា ទឹកជំនន់បានសម្លាប់មនុស្សជាង១៨០នាក់ចាប់តាំងពីខែសីហាមក។
លីប៊ី៖ នាយករដ្ឋមន្រ្តីបណ្តោះអាស័ន្នលីប៊ី និយាយថា លោក នឹងចាកចេញពីតំណែងរបស់លោកនៅពេលដែលទីក្រុងកំណើតរបស់ Moammar Gadhafi ត្រូវបានរឹបអូស ហើយនៅពេលដែលក្រុមប្រឹក្សាអន្តរកាលជាតិ ផ្លាស់ប្តូរគណរដ្ឋមន្រ្តីរបស់ខ្លួន។
បារ៉ែន៖ តុលាការសន្តិសុខនៃប្រទេសបារ៉ែន បានកាត់ទោសមនុស្ស២៤នាក់ឲ្យជាប់គុកអស់មួយជីវិតនៅក្នុងការសម្លាប់ជនជាតិប៉ាគីស្ថាននាក់ក្នុងអំឡុងពេលនៃការចលាចលដែលបានទាក់ទិននឹងបាតុកម្មកំណែទម្រង់មួយនៅដើមឆ្នាំនេះ។
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិនាំមុខពីរ ប្រាប់ឲ្យដឹងថាសិទ្ធិរបស់ស្រ្តីក្នុងប្រទេសអាហ្វហ្គានីស្ថាន បានស្ថិតនៅក្រោមការគំរាមកំហែង ពេលដែលកងទ័ពអន្តរជាតិប្រុងប្រៀបចាកចេញពីប្រទេសដែលហែកហួរដោយសារសង្គ្រាមនេះ។
ក្រិក៖ ផ្សារភាគហ៊ុនសកលលោកបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃច័ន្ទ ព្រោះតែសេចក្តីភ័យខ្លាចថ្មីថាប្រទេសក្រិក ប្រហែលមិនមានប្រាក់សងបំណុលនាពេលឆាប់ៗនេះលើប្រាក់កម្ចីជួយសង្គ្រោះកាលពីឆ្នាំទៅ។
សហរដ្ឋអាមេរិក៖ លោក Leon Panetta រដ្ឋមន្រ្តីក្រសួងការពារប្រទេសសហរដ្ឋអាមេរិក និយាយថាមិនមានជម្រើសណាក្រៅពីការចរចារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនក្នុងការការពារដំណោះស្រាយសន្តិភាពដល់ជម្លោះតំបន់មជ្ឈឹមបូព៌ាប្រទេសទេ។
សហរដ្ឋអាមេរិក៖ ពលរដ្ឋអាមេរិកាំងម្នាក់ បានរងការចោទប្រកាន់ពីការរៀបចំផែនការវាយប្រហារក្រសួងការពារប្រទេសនិងវិមានរដ្ឋសភាសហរដ្ឋអាមេរិកដោយប្រើយន្តហោះដោយប្រដាប់បញ្ជារពីចម្ងាយដែលផ្ទុកគ្រឿងផ្ទុះ ។ បុរសនោះត្រូវបានកំណត់ពេលបង្ហាញខ្លួននៅតុលាការសហព័ន្ធនៅថ្ងៃនេះ។
សហរដ្ឋអាមេរិក៖ សម័យប្រជុំថ្មីរបស់តុលាការកំពូលសហរដ្ឋអាមេរិក បានបើកធ្វើកាលពីថ្ងៃច័ន្ទ។ សម័យប្រជុំនេះ ទំនងរួមមានរឿងក្តីដ៏ចម្រូងចម្រាសពាក់ព័ន្ធនឹងអំណាចសហព័ន្ធ រួមមានការថែទាំសុខភាព ច្បាប់អន្តោប្រវេសន៍និង ច្បាប់ផ្តល់សិទ្ធស្មើគ្នាAffirmative Action។