ព័ត៌មានចុងក្រោយបំផុត៖
កម្ពុជា៖ នៅថ្ងៃសុក្រនេះ អង្គការស្បៀងអាហារពិភពលោកបានអំពាវនាវសុំជំនួយម្ហូបអាហារសម្រាប់ក្រុមជនរងគ្រោះដោយសារទឹកជំនន់ក្នុងប្រទេសកម្ពុជា ដោយនិយាយថា ដោយសារអង្ករចេះតែទ្បើងថ្លៃ គ្រួសារក្រីក្របំផុតប្រឈមមុខនឹងការមានម្ហូបអាហារបរិភោគមិនគ្រប់គ្រាន់។
ហ្រ្គិក៖ លោកនាយករដ្ឋមន្ត្រីហ្គិ្រក George Papandreou ប្រឈមមុខនឹងការបោះឆ្នោតក្នុងសភាស្តីពីការទុកចិត្ត ឬមិនទុកចិត្តលោកនៅថ្ងៃសុក្រនេះ មួយថ្ងៃក្រោយពីលោកបានលុបចោលការបោះឆ្នោតប្រជាមតិចម្រូងចម្រាសមួយដែលបានធ្វើឱ្យពួកមេដឹកនាំពិភពលោកខឹងសំបារ។ ពួកមេដឹកនាំពិភពលោកទាំងនេះបានខិតខំព្យាយាមរៀបចំឱ្យមានមូលនិធីជួយសង្គ្រោះខាងហិរញ្ញវត្ថុមួយសម្រាប់ប្រទេសក្រិកដែលខ្វះប្រាក់កាស។
បារាំង៖ ពួកមេដឹកនាំពិភពលោកដែលចូលរួមក្នុងថ្ងៃទីពីរនិងជាថ្ងៃបញ្ចប់នៃសន្និសីទកំពូលសេដ្ឋកិច្ច G20 ក្នុងប្រទេសបារាំងគ្រោងនឹងផ្តោតការយកចិត្តទុកដាក់លើការធ្វើឱ្យសេដ្ឋកិច្ចសាកលមានស្ថិរភាពនៅក្រោយពេលមួយថ្ងៃដែលគ្របដណ្តប់ដោយភាគច្រើនដោយជម្លោះនយោបាយខាងក្នុងប្រទេសហ្រ្គិក ដែលបានគំរាមកំហែងជំរុញតំបន់ប្រើប្រាស់ប្រាក់អ៊ឺរ៉ូឱ្យធ្លាក់ក្នុងមហន្តរាយសេដ្ឋកិច្ច។
ស៊ិរី៖ កងកម្លាំងស៊ិរីបានសម្លាប់មនុស្សយ៉ាងតិចណាស់បីនាក់នៅក្នុងក្រុង Homs កាលពីព្រឹកថ្ងៃសុក្រនេះ នៅពេលដែលពួកមេដឹកនាំក្រុមប្រឆាំងបានអំពាវនាវឱ្យមានបាតុកម្មរបស់មហាជន ដើម្បីធ្វើការពិសោធន៍មើលការប្តេជ្ញារបស់រដ្ឋាភិបាលអំពីផែនការសន្តិភាពថ្មីមួយ។
បារាំង៖ នៅថ្ងៃសុក្រនេះគេរំពឹងថាប្រទេសបារាំងនឹងពន្យល់អំពីសេចក្តីសម្រេចចិត្តរបស់ខ្លួនក្នុងការបោះឆ្នោតអនុប្បវាទក្នុងការបោះឆ្នោតទាំងទ្បាយណាស្តីអំពីសមាជិកភាពរបស់ប៉ាទ្បេស្ទីនក្នុងអ.ស.ប.។
អ៊ីស្រាអែល៖ នាវាដែលដឹកពួកសកម្មជនលំអៀងទៅខាងប៉ាទ្បេស្ទីនដែលខិតខំព្យាយាមទំលាយការរាំងខ្ទប់តំបន់ Gaza ដោយអ៊ីស្រាអែលមានកំណត់ធ្វើដំណើរទៅដល់តំបន់នោះនៅថ្ងៃសុក្រនេះហើយនេះជាវិធានការមួយដែលអាចនាំឱ្យមានការប្រឈមមុខជាមួយអ៊ីស្រាអែល។
ព័ត៌មាននៅពេលមុននេះ៖
បារាំង៖ មេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿនក្នុងពិភពលោក បានជួបប្រជុំគ្នានៅថ្ងៃព្រហស្បត៍នេះនៅទីក្រុងលំហែកាយ Cannes នៅបារាំង ដើម្បីពិភាក្សាគ្នាអំពីបញ្ហាសេដ្ឋកិច្ចពិភពលោក ដោយបានជជែកគ្នាយ៉ាងច្រើនអំពីវិបត្តិប្រាក់បំណុលរបស់ទ្វីបអឺរ៉ុប និងសំណួរ អំពីកិច្ចព្រមព្រៀងជំនួយសង្គ្រោះសម្រាប់ក្រិក។
គុយបា ៖ និយាយថា ខ្លួននឹងអនុញ្ញាតឲ្យមនុស្សអាចទិញនិងលក់ផ្ទះសម្បែងបាន ជាលើកដំបូងក្នុងពេលជាង៥០ឆ្នាំកន្លងទៅនេះ។
ក្រិក៖ នាយករដ្ឋមន្រ្តីប្រទេស ក្រិក (Greece) លោក George Papandreou មានប្រសាសន៍ថាក្រិក ត្រូវតែប្រតិបត្តិផែនការសង្គ្រោះដែលសហភាពអឺរ៉ុបបានស្នើឡើង ហើយលោកបានព្រមានថាការអំពាវនាវឲ្យមានការបោះប្រជាមតិមួយក្នុងពេលឆាប់ពេកនឹងអាចជាគ្រោះមហន្តរាយមួយ។
ស៊ីរី ៖ ពួកសកម្មជននិយាយថា កងកម្លាំងសន្តិសុខស៊ីរីបានសម្លាប់មនុស្សយ៉ាងតិច១០នាក់ កាលពីថ្ងៃព្រហស្បត៍ នៅពេលមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមតាមផែនការមួយដែលអំពាវនាវឲ្យមានការបញ្ចប់អំពើហិង្សាទៅលើក្រុមបាតុករអ្នកប្រឆាំង។
អ៊ីរ៉ង់ ៖ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ថ្លែងថាកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ជា «ការគំរាមឥតឈប់» មួយ ហើយថាលោកនិងលោកប្រធានាធិបតីបារាំង បានយល់ស្របគ្នាលើសេចក្តីត្រូវការក្នុងការរក្សាឲ្យមាន «សម្ពាធអន្តរជាតិមួយដែលមិនធ្លាប់មានពីមុនមក»ទៅលើក្រុងតេរ៉ង់ (Tehran) ដើម្បីឲ្យគោរពតាមកាតព្វកិច្ចនុចក្លេអ៊ែររបស់ខ្លួន។
សហរដ្ឋអាមេរិក ៖ របាយការណ៍ថ្មីមួយរបស់ក្រសួងស៊ើបការណ៍អាមេរិក និយាយថាចិននិងរុស្ស៊ី កំពុងធ្វើចារកម្មតាមអ៊ិនធឺណែត ដើម្បីលួចព័ត៌មានសម្ងាត់ខាងពាណិជ្ជកម្មនិងបច្ចេកវិជ្ជារបស់សហរដ្ឋអាមេរិកដើម្បីជួយស្ថាបនាសេដ្ឋកិច្ចរបស់ខ្លួន។
នីហ្សេរីយ៉ា៖ អ្នកនាំពាក្យម្នាក់របស់កងយោធានីហ្សេរីយ៉ា និយាយថាកងកម្លាំងសន្តិសុខកំពុងធ្វើការឆែកឆេរពីផ្ទះមួយទៅផ្ទះមួយ ដើម្បីស្វែងរកគ្រឿងអាវុធខុសច្បាប់នៅក្នុងទីក្រុង Maiduguri នៅភាគខាងជើង ក្នុងគោលដៅដើម្បីបញ្ឈប់ការវាយប្រហារ របស់ជនសកម្មប្រយុទ្ធអ៊ីស្លាម៕