អាហ្វហ្គានិស្ថាន៖ ប្រធានាធិបតីហាមិឌ កាសៃបានវិលត្រឡប់មកប្រទេសអាហ្វហ្គានិស្ថានវិញក្រោយពីបានទម្លាក់ចោលទស្សនកិច្ចរបស់លោកទៅកាន់ប្រទេស អង់គ្លេស ព្រោះមានការវាយប្រហារដោយគ្រាប់ផ្ទុះពីរគ្រាប់នៅក្នុងប្រទេសអាហ្វហ្គានិស្ថាន ដែលបណ្ដាលឲ្យមនុស្សយ៉ាងតិច ៥៩ នាក់ស្លាប់។
ស៊ីរី៖ ប្រធានាធិបតីនៃប្រទេស ស៊ីរី លោក Bashar Al Ashad បានបដិសេធមិនព្រមទទួលខុសត្រូវចំពោះការសម្លាប់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលច្រើនពាន់នាក់។ លោកបាននិយាយប្រាប់ក្រុមនាក់កាសែតថា លោកមិនមែនជាអ្នកត្រួតត្រាកងកម្លាំង ដែលអនុវត្ដបទបញ្ជា ដ៏ឃោរឃៅដែលវាយបង្រ្កាបមកលើក្រុមបាតុករទេ។
អឺរ៉ុប៖ រដ្ឋមន្ដ្រីក្រសួងរតនាគារ សរអ លោក Timothy Geithner ថ្លែងថា លោកមានការជឿជាក់ថា សហភាពអឺរ៉ុប នឹងអាចរកមធ្យោបាយឃើញ ដើម្បីដោះស្រាយវិបត្ដិបំណុល ដែលជំរុញឲ្យមានភាពវិកវរនៅក្នុងទីផ្សារហិរញ្ញវត្ថុជុំវិញពិភពលោក។
អេហ៊្សីប៖ គណបក្ស Muslim Brotherhood នៃប្រទេស អេហ៊្សីប និយាយថាគណបក្សរបស់ខ្លួនបានទទួលសម្លេង ពីរភាគបី នៃកៅអីក្នុងរដ្ឋសភា ដែលទុកបម្រុងសម្រាប់បេក្ខជននៅក្នុងការបោះឆ្នោត វគ្គទីមូយរបស់សភាថ្នាក់ទាប។
ឥណ្ឌា៖ រដ្ឋាភិបាល ប្រទេសឥណ្ឌា បានផ្អាកផែនការមួយដែលគ្រោងបើកទ្វារ ផ្នែកពាណិជ្ជកម្មលក់វត្ថុរាយ ដល់ក្រុមហ៊ុនបរទេស ក្រោយពីមានការតវ៉ាជាច្រើនសប្ដាហ៍ហើយបណ្ដាលឲ្យរដ្ឋាភិបាលជាប់គាំង។
ថៃ៖ មេដឹកនាំរបស់ចលនាអាវក្រហមប្រទេសថៃដែលបានរត់គេច បានចូលខ្លួនមកឲ្យអាជ្ញាធរនៅក្នុងទីក្រុងបាងកក ដើម្បីតទល់នឹងការចោទប្រកាន់ពីបទធ្វើភេរវកម្ម ក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលថៃកាលពីឆ្នាំមុន។
ហ្វីលីពីន៖ រដ្ឋាភិបាល ហ្វីលីពីន នឹងក្រុមបះបោរ ម៊ូស្លិម ធំសំខាន់មួយ បានព្រមព្រាងគ្នាបន្ដអាណត្ដិបេសកម្មសន្ដិភាពអន្ដរជាតិ ខណៈដែលការចរចារបន្ដ ក្នុងគោលដៅបញ្ចប់ការបះបោរច្រើនទសវត្សរ៍កន្លងមក។
ចិន៖ សរអ និង ចិន បានលាតត្រដាងបង្ហាញប្រព័ន្ធរុករកវិទ្យុសកម្មនៅឯផែសមុទ្រទីក្រុងសៀងហៃ ដែលជាផ្នែកមូយនៃកិច្ចប្រឹងប្រែងចៀសវាងមិនឲ្យមានការដឹកជញ្ជូនសម្ភារៈអាវុធនុយក្លេអ៊ែរ ខុសច្បាប់។
ជប៉ុន៖ នៅថ្ងៃពុធនេះ សរអ កត់សំគាល់ទិវាទុយ៌សជាខួបឆ្នាំ ទី៧០ នៃការវាយប្រហាររបស់ជប៉ុនមកលើផែសមុទ្រ Pearl Harbor ដែលជំរុញឲ្យសរអចូលប្រឡូកក្នុងសង្រ្គាមលោកលើកទីពីរ។
ប៉ាគិស្ថាន៖ ប្រធានាធិបតីនៃប្រទេសប៉ាគិស្ថាន លោក Asif Ali Zardani បានធ្វើដំណើរមកកាន់ក្រុង ឌូបៃ ដើម្បីព្យាបាលជម្ងឺបេះដូងហើយការធ្វើដំណើរនេះជំរុញឲ្យមានពាក្យចចាមអារាមថាលោកលាលែងពីតំណែង។
សហរដ្ឋអាមេរិក៖ នៅក្នុងរដ្ឋធានីវ៉ាស៊ិនតោន ការតវ៉ារយៈពេលមូយសប្ដាហ៍ និងការប្រម៉ូលផ្ដុំ រាលី ហៅថា Take Back the Capital បានបន្ដរហូតដល់ថ្ងៃពុធ ដោយក្រុមបាតុករផ្ដោតទៅលើ ក្រុមឡប៊ី អ្នកតំណាងក្រុមហ៊ុនដ៏មានឥទ្ធិពលខ្លាំង របស់សហគ្រាសអាមេរិកាំង។