អាហ្វហ្គានិស្ថាន៖ ពួកមន្ត្រីអាហ្វហ្គានិស្ថាននិយាយថាមានមនុស្សយ៉ាងតិច ៤៨នាក់ រួមបញ្ចូលទាំងស្ត្រីនិងកុមារបានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយទៅលើទីសក្ការបូជា Shi'ite នៅកណ្តាលក្រុង Kabul។ មានមនុស្សជាង១០០នាក់ក៏បានត្រូវរបួសផងដែរក្នុងហេតុការណ៍ផ្ទុះនេះ។
អឺរ៉ុប៖ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel និងលោកប្រធានាធិបតីបារាំងNicolas Sarkozy បានជំរុញជាថ្មីលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ ក្រោយពីទីភ្នាក់ងារឥណទាន Standard and Poor's បាននិយាយថា ពួកគេប្រហែលបន្ថយអត្រារូបិយវត្ថុនៅទូទាំងតំបន់នោះ។
ទ្វីបអាស៊ី៖ ភាគហ៊ុនក្នុងទ្វីបអាស៊ីបានចុះថ្លៃនៅថ្ងៃអង្គារនេះក្រោយពីទីភ្នាក់ងារផ្តល់អត្រារូបិយវត្ថុ Standard and Poor's បាននិយាយថាពួកគេប្រហែលបន្ទាបអត្រាក្នុងប្រទេស១៥នៃតំបន់អឺរ៉ុបប្រសិនបើពួកមេដឹកនាំអឺរ៉ុបមិនអាចមានផែនការមួយដើម្បីដោះស្រាយវិបត្តិប្រាក់បំណុលក្នុងតំបន់ទេនោះ។
ស៊ីរី៖ សម្ព័ន្ធអារ៉ាប់និយាយថា ពួកគេកំពុងពិចារណាលើសំណើមួយរបស់ប្រទេសស៊ីរីដែលផ្តល់ការអនុញ្ញាតមានល័ក្ខខ័ណ្ឌ ឱ្យពួកអ្នកសង្កេតការណ៍ចួលទៅក្នុងប្រទេសដើម្បីពិនិត្យមើលការប្រព្រឹត្តតាមកិច្ចសន្យារបស់ខ្លួនមួយលើប្រធានបទបញ្ឈប់ការបង្ក្រាបចលនាបះបោរលម្អៀងទៅលទ្ធិប្រជាធិបតេយ្យដែលកើតឡើងអស់រយៈពេល៩ខែមកហើយ។
អេហ្ស៊ីប៖ ប្រទេសអេហ្ស៊ីប Egypt កំពុងស្ថិតក្នុងថ្ងៃទីពីរនៃការបោះឆ្នោតជាថ្មីរបស់ខ្លួន ដើម្បីជ្រើសរើសសាមាជិកសភាខណៈដែលគូប្រជែងគណបក្សអ៊ីស្លាមនិយមបានចូលរួមប្រកួតខ្លាំងទ្បើងៗដើម្បីប្រមូលសន្លឹកឆ្នោតគាំទ្រនៅក្នុងក្រុងធំបំផុតពីររបស់ប្រទេសនិងខេត្ត៧ផ្សេងទៀត។