កូរ៉េខាងជើង៖ ពិធីបុណ្យសពរបស់អតីតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ីល (Kim Jong-il) បានចាប់ផ្តើមនៅក្នុងរដ្ឋធានីព្យុងយ៉ាងដែលជាទីកន្លែងមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាដើម្បីចូលរួមពិធីបុណ្យដ៏អធឹកអធមរយៈពេល២ថ្ងៃមួយនេះដើម្បីពង្រឹងកេរិ៍្តឈ្មោះរបស់លោក ហើយផ្ទេរអំណាចទៅឲ្យកូនពៅរបស់លោកគឺ លោក គីម ជុង អ៊ុន (Kim Jong Un)។
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានគំរាមក្នុងការរារាំងការដឹកជញ្ជូនប្រេងកាតតាមច្រកសមុទ្រ ហូមួស្ស (Hormuz) ប្រសិនបើរដ្ឋាភិបាលប្រទេសលោកខាងលិចព្យាយាមដាក់ទណ្ឌកម្មលើការនាំប្រេងចេញរបស់ខ្លួនទៅក្រៅប្រទេសនៅក្នុងការឆ្លើយតបដល់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
បាគីស្ថាន៖ គណបក្សកំពុងកាន់អំណាចរបស់ប្រទេសបាគីស្ថានបានព្រមានកាលពីថ្ងៃអង្គារថា លទ្ធិប្រជាធិបតេយ្យដ៏ប្រេះស្រាំរបស់ប្រទេសនេះ គឺស្ថិតនៅក្នុងភាពគ្រោះថ្នាក់ ស្របពេលដែលប្រទេសជាតិក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ បានប្រារព្ធខួបលើកទី៤នៃការធ្វើឃាដអតីតនាយករដ្ឋមន្រ្តីរបស់ខ្លួនគឺលោកស្រី បេនាស្សី ភុតតូ (Benazir Bhutto)។
កូរ៉េខាងជើង៖ អ្នកស្នងតំណែងរបស់លោក Kim Jong Il ដែលជាកូនប្រុសទី៣របស់លោក គឺ លោក Kim Jong Un បានឡើងកាន់អំណាចដ៏ឆាប់រហ័សនៅក្នុងប្រទេសកូរ៉េខាងជើងចាប់តាំងពីត្រូវបានតែងតាំងជាឧត្តមសេនីយ៍ផ្កាយ៤កាលពីមួយឆ្នាំមុនមក។ ប៉ុន្តែរូបគេជាមនុស្សអាថ៌កំបាំងជាងឪពុករបស់ខ្លួនទៅទៀត។
ស៊ីរី៖ ពួកអ្នកសិទ្ធិមនុស្សមួយក្រុមបាននិយាយថា រដ្ឋាភិបាលស៊ីរីបានផ្ទេរអ្នកទោសទៅមន្ទីរឃុំឃាំងយោធាវិញដើម្បីលាក់ពួកគេពីអ្នកសង្កេតការណ៍សម្ព័ន្ធអារ៉ាប់ដែលឥឡូវនេះកំពុងតែបំពេញទស្សនកិច្ចក្នុងប្រទេសនេះ។
អេហ្ស៊ីប៖ ប្រទេសអេហ្ស៊ីបបានបន្តកាត់ទោសប្រធានាធិបតី ហូស្នី ម៉ូបារាក់ (Hosni Mubarak) ដែលគេបណ្តេញចេញពីតំណែងបន្ទាប់ពីមានការផ្អាកអស់រយៈពេល៣ខែមក។ ទូរទស្សន៍រដ្ឋបានបញ្ចាំងរូបលោក ម៉ូបារាក់ ពេលមកដល់តុលាការក្នុងរដ្ឋធានីគែរ តាមឡានពេទ្យមួយ ហើយត្រូវបានគេរុញចូលក្នុងតុលាការនៅលើគ្រែអ្នកជំងឺដូចដែលគេធ្វើលើបុរសវ័យ៨៣ឆ្នាំរូបនេះកាលពីសវនាការលើកមុនៗដែរ។
ថៃ៖ តុលាការមួយរបស់ថៃបានអនុញ្ញាតិឲ្យមេដឹកនាំជាន់ខ្ពស់ម្នាក់របស់ចលនាអាវក្រហមបង់ប្រាក់ធានានៅក្រៅឃុំដែលជននោះត្រូវបានរងការចោទប្រកាន់ពីបទភេរវកម្មដែលទាក់ទិននឹងការប្រឆាំងតវ៉ាដ៏ព្រៃផ្សៃកាលពីឆ្នាំទៅ។
អាហ្គានីស្ថាន៖ រដ្ឋាភិបាលអាហ្គានីស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់លើកទីមួយរបស់ខ្លួនជាមួយក្រុមហ៊ុនរដ្ឋរបស់ចិន។ កិច្ចព្រមព្រៀងនោះត្រូវបានចុះហត្ថលេខានៅថ្ងៃពុធនេះក្នុងរដ្ឋធានីកាប៊ុល ដែលនឹងអនុញ្ញាតិឲ្យសាជីវកម្មប្រេងជាតិរបស់ចិន (CNPC) ដើម្បីធ្វើការស្រាវជ្រាវប្លុកប្រេងនិងឧស្ម័នធម្មជាតិក្នុងខេត្ត សារី ផុល (Sari Pul) និងខេត្ត ហ្វាយ៉ាប់ (Faryab) នាភាគពាយ័ព្យនៃប្រទេស។
ឥណ្ឌា៖ សភាជាន់ទាបដ៏មានអំណាចរបស់ឥណ្ឌា បានអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយដ៏សំខាន់មួយដែលស្វះស្វែងបង្កើតទីភ្នាក់ងារទទួលពាក្យបណ្តឹងដ៏ឯករាជ្យមួយ ដែលមានអំណាចក្នុងការស៊ើបអង្កេតការចោទប្រកាន់នានាពាក់ព័ន្ធនឹងអំពើពុករលួយដែលប្រព្រឹត្តដោយពួកការិយាធិបតេយ្យនិងអ្នកនយោបាយនានា។