ស៊ីរី៖ ពួកអ្នកសង្កេតការណ៍របស់សម្ព័ន្ធអារ៉ាប់បានធ្វើដំណើរទៅកាន់ទីក្រុង Homs នៃប្រទេសស៊ីរីដែលជាមជ្ឈមណ្ឌលមួយនៃបាតុកម្មរបស់ក្រុមប្រឆាំង ដែលនៅទីនោះពួកសកម្មជនសិទ្ធិមនុស្សបាននិយាយថា កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលបានបង្កើនការវាយប្រហាររបស់ពួកគេកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។
អ៊ីរ៉ាក់៖ ក្រុមនយោបាយអ៊ីរ៉ាក់ដឹកនាំដោយបព្វជិតអ៊ីស្លាម Shi'ite ប្រឆាំងអាមេរិកាំងឈ្មោះ Muqtada al-Sadr បានចេញផ្សាយការអំពាវនាវមួយឱ្យរំលាយសភានៃប្រទេសអ៊ីរ៉ាក់ ហើយរៀបចំការបោះឆ្នោតជាថ្មីនៅក្នុងចំណាត់ការមួយដែលអាចនាំឱ្យវិបត្តិនិកាយសាសនារបស់ប្រទេសនេះមានភាពតានតឹងទ្បើងៗ។
យេម៉ែន៖ សហរដ្ឋអាមេរិកកំពុងពិចារណាថា តើនឹងអនុញ្ញាតឱ្យលោក Ali Abdullah Saleh ប្រធានាធិបតីចេញពីតំណែងនៃប្រទេសយេម៉ែន ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកដើម្បីទទួលការព្យាបាលមុខរបួសនៅក្នុងការវាយប្រហារមួយលើវិមានប្រធានាធិបតីរបស់លោកកាលពី ខែមិថុនា ឬទេ?
ឥណ្ឌា ប៉ាគីស្ថាន៖ ពួកមន្ត្រីឥណ្ឌានិងប៉ាគីស្ថានកំពុងពិចារណាអំពីសំណើមួយដើម្បីធ្វើមិនឱ្យមានក្រុមយោធានៅតាមព្រំដែននៃតំបន់កាស្មៀរ (Kashmir) នៃភ្នំហេមពាន្ត (Himalayas) ដែលមានជម្លោះនៅពេលដែលប្រទេសទាំងពីរធ្វើការចរចាអំពីអាវុធក្នុងថ្ងៃទីពីរក្នុងក្រុងអ៊ីស្លាម៉ាបាដ (Islamabad) នៅថ្ងៃអង្គារនេះ។