ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៦ ធ្នូ យប់


លោក​ស្រី Lee Hee-ho ភរិយា​របស់​អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Kim Dae-jung (កណ្តាល) ទៅ​ដល់​​ក្រុង​ Kaesong ប្រទេស​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​២៦​ខែ​ធ្នូ​ឆ្នាំ​២០១១។
លោក​ស្រី Lee Hee-ho ភរិយា​របស់​អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Kim Dae-jung (កណ្តាល) ទៅ​ដល់​​ក្រុង​ Kaesong ប្រទេស​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​២៦​ខែ​ធ្នូ​ឆ្នាំ​២០១១។

កូរ៉េ៖ គណៈប្រតិភូ​ឯកជន​កូរ៉េខាងត្បូង​ពីរ​រូប​បាន​ឆ្លងកាត់​ព្រំដែន​ដែល​មាន​កិច្ច​ការពារ​យ៉ាង​មាំទាំ ចូល​ទៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​ដើម្បី​សម្តែង​ការ​គោរព​ដល់​សព​អតីត​មេដឹកនាំ​របស់​ប្រទេស​នេះ គឺ​លោក គីម ជុង អ៊ីល (Kim Jong Il) ដែល​បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​កន្លង​ទៅ​នេះ។

ស៊ីរី៖ ពួក​សកម្មជន​បាន​និយាយ​ថា​ អំពើ​ហិង្សា​ថ្មីៗ​បំផុត​ដែល​បង្ក​ឡើង​ដោយ​កង​កម្លាំង​សន្តិសុខ​ស៊ីរី​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១៣​នាក់​ស្លាប់​ក្នុង​ទី​ក្រុង​ ហូម៉ាស (Homs)។ អង្គការ សង្កេតការណ៍​ស៊ីរី​ដើម្បី​សិទ្ធិ​មនុស្ស (Syrian Observatory for Human Rights) ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា​ ការ​ស្លាប់​នៃ​ពួក​មនុស្ស​ទាំង​នេះ​បាន​កើត​មាន​ទ្បើង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នៅ​ពេល​ដែល​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​បាន​បាញ់​ផ្លោងទៅ​លើ​សង្កាត់​ បាបា អាម (Baba Amr)។ អំពើ​ឃោរឃៅ​នេះ​បាន​កើត​ទ្បើង​មួយ​ថ្ងៃ​មុន​ពេល​ពួក​អ្នក​សង្កេតការណ៍​របស់​សម្ព័ន្ធ​អារ៉ាប់​បាន​ត្រូវ​កំណត់​ទៅ​ទស្សនកិច្ច​ទីក្រុង​នេះ។​

អ៊ីរ៉ាក់៖ ពួក​មន្ត្រី​អ៊ីរ៉ាក់​បាន​និយាយ​ថា ​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​ធ្វើការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នៅ​ជិត​ក្រសួង​មហាផ្ទៃ​កណ្តាល​រដ្ឋធានី​ បាកដាដ (Baghdad) បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៦​នាក់​ស្លាប់។ ពួក​មន្ត្រី​បាន​និយាយ​ថា​ មាន​មនុស្ស​រាប់​សិប​នាក់​ផ្សេង​ទៀត​បាន​ត្រូវ​របួស។​

អាមេរិក៖ សេតវិមាន​បាន​និយាយ​ថា ​លោក​អនុប្រធានាធិបតី​ស.រ.អ.​ ចូ បៃដិន (Joe Biden) បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ជាមួយ​ពួក​មេដឹកនាំ​អ៊ីរ៉ាក់​ដើម្បី​ជំរុញ​ឱ្យ​ពួក​គេ​ធ្វើការ​«សន្ទនា​គ្នា»​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​មួយ​នៅ​ក្នុង​រដ្ឋាភិបាល​បែងចែក​អំណាច​គ្នា​ដែល​មិន​មាំទាំ​របស់​ពួក​គេ។​

អង្គការ​សហប្រជាជាតិ/អ៊ីរ៉ាក់៖ អ.ស.ប. និង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​រក​កន្លែង​រស់នៅ​ថ្មី​ឱ្យ​ពួកអ្នក​ប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ង់​ចំនួន​៣.ពាន់​៤​រយ​នាក់​ដែល​កំពុងតែ​រស់នៅ​ក្នុង​ជំរុំ​មួយ​ក្នុង​តំបន់​ឦសាន​នៃ​ប្រទេស​អ៊ីរ៉ាក់​ស្របពេល​ដែល​ឋានៈ​ជា​ជន​ភៀស​ខ្លួន​របស់​ពួក​គេ​ត្រូវ​កំណត់​រួច​ហើយ​នោះ។

កូរ៉េខាងជើង៖ នៅ​ថ្ងៃ​ច័ន្ទ​នេះកាសែត​របស់​រដ្ឋ​នាំ​មុខ​គេ​របស់​ប្រទេស​កូរ៉េខាង​ជើង​បាន​បញ្ជាក់​ថា​អ្នក​បន្ត​តំណែង​ពី​លោក គីម ជុង អ៊ីល (Kim Jong Il) បាន​កាន់​តំណែង​ជាន់​ខ្ពស់​មួយ​ទៀត​ហើយ។ កាសែត រ៉ូដុង ស៊ីនម៉ុន (Rodong Sinmun) របស់​គណបក្ស​កុម្មុយនិស្ត​បាន​និយាយ​សំដៅ​ទៅ​លើ​លោក គីម ជុង អ៊ុន (Kim Jong Un) ថា​ជា​មេដឹកនាំ​នៃ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​កម្មករ ដែល​ជា​អ្នក​ដឹកនាំ​ប្រទេស។ តំណែង​មួយ​នេះ​បាន​ផ្តល់​ឱ្យ​លោក គីម ជុង អ៊ុន នូវ​អំណាច​លើ​ស្ថាប័នមួយ​ក្នុង​បណ្តា​ស្ថាប័ន​ជាន់​ខ្ពស់​សម្រាប់​ធ្វើ​សេចក្តី​សម្រេច​នានា​របស់​ប្រទេស។

ចិន៖ តុលាការ​មួយ​ក្នុង​ប្រទេស​ចិន​បាន​កាត់​ទោស​លោក ជិន ស៊ី (Chen Xi) អ្នក​ប្រឆាំង​រដ្ឋាភិបាល​ដ៏​លិច​ធ្លោ​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ​ពី​បទ​ញុះញង់​ឱ្យ​មាន​វិទ្ធង្សនា។ នៅ​ក្រោយ​ការ​កាត់​ក្តី​ខ្លី​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ក្នុង​ក្រុង​ Guiyan ដែល​ជា​ទីរួម​ខែត្រ​ ខ្វាងចូវ លោក ជិន បាន​និយាយ​ថា ​លោក​គ្មាន​កំហុស​អ្វី​ទេ​ ក៏​ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​លោក​នឹង​មិន​តវ៉ា​ទ្បើង​ឧទ្ធរណ៍​ឡើយ។ លោក ជិន គឺ​ជា​បាតុករ​ជើង​ចាស់​មួយ​រូប​នៃ​ចលនា​តវ៉ា​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ទីលាន​ ធៀនណាមិន (Tiananmen) កាល​ពី​ឆ្នាំ​១៩៨៩។

XS
SM
MD
LG