កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះពីការឆ្លើយតបពុំអាចអត់ទ្រាំបាន ដល់ការស្លាប់មេដឹកនាំកំពូល គីម យុងអ៊ីល (Kim Jong Il) ដោយកូរ៉េខាងត្បូងសម្តែងសមានចិត្តដល់ប្រជាពលរដ្ឋកូរ៉េខាងជើង ប៉ុន្តែបានសម្រេចមិនបញ្ជូនគណៈប្រតិភូរដ្ឋាភិបាលឲ្យទៅចូលរួមពិធីបុណ្យសពរបស់លោក គីម យុងអ៊ីល នៅសប្តាហ៍ក្រោយទេ។
បារាំង៖ ក្រសួងសុខាភិបាលនៃប្រទេសបារាំង បានជំរុញស្រ្តី៣ម៉ឺននាក់ដែលបានវះកាត់ពង្រីកសុដន់ជាមួយក្រុមហ៊ុនបារំាងរលាយបាត់មួយ ឲ្យយកសុដន់នោះចេញវិញហើយការជំរុញនេះចាត់ទុកថាជាការប្រុងប្រយ័ត្នជាមុន។
ហ្វីលីពីន៖ ពួកមន្រ្តីនៅក្នុងប្រទេសហ្វីលីពីន បាននិយាយនៅថ្ងៃសុក្រនេះថា ចំនួនមនុស្សដែលបានបាត់ខ្លួនពីទឹកជំនន់កាលពីសប្តាហ៍មុនបានកើនឡើងដល់ជាង១ពាន់នាក់។ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ ប្រាប់ឲ្យដឹងថា ខ្យល់ព្យុះតំបន់ត្រូពិកវ៉ាស្ស៊ី (Washi) ហើយនឹងទឹកជំនន់ដ៏ខ្លាំងមួយដែលបានកើតមានឡើងនៅភាគខាងត្បូងនៃកោះមីនដាណាវ (Mindanao) ក៏បានសម្លាប់យ៉ាងហោចណាស់ក៏១.០៨០នាក់ដែរ។
អ៊ីរ៉ង់៖ អ្នកការទូតអ៊ីរ៉ង់ដែលគេបណ្តេញចេញបានរៀបចំវ៉ាលីនៅស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុងឡុងដ៍នៅថ្ងៃសុក្រនេះ ខណៈពេលដែលហ្វូងមនុស្សរៀបចំការប្រឆាំងតវ៉ាថ្មីនឹងអង់គ្លេសនៅក្នុងរដ្ឋធានីតេរ៉ង់ (Tehran)។
អេហ្ស៊ីប៖ ពួកសកម្មជនអេហ្ស៊ីប កំពុងរៀបចំផែនការធ្វើបាតុកម្មក្នុងរដ្ឋធានីគែរ (Cairo) នៅថ្ងៃសុក្រនេះដើម្បីទាមទារឲ្យពួកមេដឹកនាំយោធាអន្តរកាលរបស់ប្រទេសនោះ សុំអភ័យទោសចំពោះអំពើហិង្សាកាលពីពេលថ្មីៗនេះប្រឆាំងបាតុករស្រ្តី ហើយនឹងឲ្យបង្កើនល្បឿនផែនការរបស់គេដើម្បីផ្ទេរអំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិល។
ស.រ.អ.៖ បុរសស្បែកសម្នាក់នៅក្នុងរដ្ឋម៉ាសាជូសេត (Massachusettes) ភាគឦសាន្តស.រ.អ. បានត្រូវកាត់ទោសកាលពីថ្ងៃព្រហស្បតិ៍ឲ្យជាប់គុកចំនួន១៤ឆ្នាំ ចំពោះការដុតព្រះវិហារគ្រិស្តសាសនាអាមេរិកស្បែកខ្មៅ ដើម្បីប្រឆាំងតវ៉ាការជាប់ឆ្នោតរបស់លោកបារ៉ាក់ អូបាម៉ា។
ឆែក៖ មេដឹកនាំពិភពលោក និងប្រជាពលរដ្ឋសាធារណរដ្ឋឆែក (Czech Republic) នឹងគោរពវិញ្ញាណក្ខន្ធចុងក្រោយដល់អតីតប្រធានាធិបតីវ៉ាក្លាវ (Vaclav) នៅពិធីបុណ្យសពផ្លូវរដ្ឋមួយក្នុងរដ្ឋធានីប្រាកនៅថ្ងៃសុក្រនេះ។ អតីតមេដឹកនាំឆែកអាយុ៧៥ឆ្នាំនេះ បានទទួលមរណភាពដោយសារបញ្ហាជំងឺផ្លូវដង្ហើម ក្នុងពេលទទួលទានដំណេកកាលពីថ្ងៃអាទិត្យ។
ចិន៖ តុលាការចិនបានកាត់ទោសអ្នកប្រឆាំងដ៏លេចធ្លោម្នាក់នៅថ្ងៃសុក្រនេះ ឲ្យជាប់ពន្ធនាគារ៩ឆ្នាំ ពីបទញុះញង់ការបះបោរប្រឆាំង។
ស៊ីរី៖ ទូរទស្សន៍រដ្ឋរបស់ប្រទេសស៊ីរីនិយាយថា អ្នកសកម្មប្រយុទ្ធនៃភេរវកម្មអាល់ខៃដា ប្រហែលជាអ្នកដាក់គ្រាប់បែកអត្តឃាត នៅអគារសន្តិសុខរបស់រដ្ឋាភិបាលចំនួន២កន្លែង ក្នុងក្រុងដាម៉ាសកូស (Damascus) នៅថ្ងៃសុក្រនេះ ដែលបានសម្លាប់ជនស៊ីវិល និងទាហានជាច្រើន។
ប៉ាគីស្ថាន៖ កងទ័ពប៉ាគីស្ថានបានបដិសេធការរកឃើញរបស់អាមេរិកទាក់ទងនឹងការវាយប្រហាររបស់កងកម្លាំងចម្រុះកាលពីខែមុន ដែលបានសម្លាប់ទាហានប៉ាគីស្ថាន២៤នាក់ នៅព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន។
ស.រ.អ.៖ ក្រោយពីជជែកតវ៉ាគ្នាជាច្រើនខែ សភា ស.រ.អ. នៅថ្ងៃសុក្រនេះ កំណត់ថា គេនឹងពន្យារពេលការកាត់ពន្ធបន្ថែមលើប្រាក់ខែ ដែលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា និយាយថា វាគឺជារឿងសំខាន់ដល់សេដ្ឋកិច្ចស.រ.អ.។