អ៊ីរ៉ាក់៖ ក្រុមមន្ដ្រីអ៊ីរ៉ាក់និយាយថា មានការផ្ទុះរាប់សិបកើតមានឡើងនៅរដ្ឋធានីបាកដាដ បណ្ដាលឲ្យមនុស្សយ៉ាងតិច៦៣នាក់ស្លាប់ ហើយនឹងរបួសជិត១៨០នាក់ ខណ:ដែលវិបត្ដិនយោបាយបន្ដមានតទៅទៀតនៅក្នុងប្រទេសនេះ។
ស៊ីរី៖ ក្រុមអ្នកសង្កេតមើលនាំមុខគេនៃសម្ព័ន្ធភាពអារ៉ាប់ត្រូវទៅដល់ប្រទេសស៊ីរីនៅថ្ងៃព្រហស្បតិ៍ ដើម្បីជួយរ៉ាប់រងឲ្យរដ្ឋាភិបាលអនុវត្ដតាមការតាំងចិត្តបញ្ឈប់កងកម្លាំងសន្ដិសុខកុំឲ្យវាយប្រហារលើអ្នកតវ៉ា។
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងប្រកាសការចាប់ផ្ដើមរជ្ជកាលលោកគីមយុងអ៊ុន (Kim Jong Un) នៅថ្ងៃព្រហស្បតិ៍ ដោយពិពណ៌នាហៅកូនប្រុសរបស់សពលោក គីម យុងអ៊ីល (Kim Jong Il) ថាជាអ្នកទទួលតំណែងដែលនឹងបន្ដបដិវត្ដន៍ ហើយជាមេដឹកនាំនៃពលរដ្ឋកូរ៉េខាងជើង។
កុងហ្គោ៖ អង្គការសិទ្ធិមនុស្សអន្តរជាតិមួយឲ្យដឹងថា កងកម្លាំងសន្ដិសុខកុងហ្គោ (Congo) បានសម្លាប់មនុស្សយ៉ាងតិច២៤នាក់ចាប់តាំងពីលោកប្រធានាធិបតី ចូសេហ្វ កាប៊ីឡា (Joseph Kabila) ត្រូវបានប្រកាសថាជាអ្នកឈ្នះឆ្នោត ហើយនេះក្រុមអ្នកសង្កេតមើលអន្ដរជាតិចាត់ទុកថាមានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ។
អាហ្វហ្គានីស្ថាន៖ មេបញ្ជាការកងទ័ពស.រ.អ. នៅប្រទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងថាស.រ.អ. អាចរក្សាទុកវត្ដមានយោធារបស់ខ្លួននៅក្នុងប្រទេសនេះ ឲ្យហួសពីការកំណត់ដកកងទ័ពនៅឆ្នាំ២០១៤។