កូរ៉េខាងជើង៖ លោក គីម ជុងអ៊ីល (Kim Jong Il) មេដឹកនាំយូរយារមកហើយនៃប្រទេសកូរ៉េខាងជើង ទើបទទួលអនិច្ចកម្ម។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េជាផ្លូវការនៃប្រទេសកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃច័ន្ទនេះថាមេដឹកនាំអាយុ៦៩ឆ្នាំរូបនេះបានស្លាប់កាលពីថ្ងៃសៅរ៍ដោយគាំងបេះដូងនៅពេលលោកឋិតនៅក្នុងរថភ្លើងមួយ ដែលជាការធ្វើដំណើររបស់លោកដើម្បី«ធ្វើការណែនាំនៅនឹងកន្លែង»។ ទីភ្នាក់ងារព័ត៌មាននេះបានសន្មត់ថាមរណភាពរបស់លោកបានបណ្តាលមកពី«ការធ្វើការហួសកម្លាំងកាយនិងកម្លាំងចិត្ត»។
កូរ៉េខាងជើង៖ ដំណឹងអំពីមរណភាពរបស់លោកមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ីល (Kim Jong Il) បាននាំឱ្យមានប្រតិកម្មនៅទូទាំងពិភពលោក។ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន គេបានជម្រាបលោកប្រធានាធិបតីបារ៉ាក់អូបាម៉ា និងលោកស្រីរដ្ឋមន្ត្រីការបរទេស Hillary Clinton អំពីមរណភាពរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះហើយ។
កូរ៉េខាងជើង៖ លោក គីម ជុងអ៊ីល (Kim Jong Il) បានគ្រប់គ្រងប្រទេសកូរ៉េខាងជើង១៧ឆ្នាំដោយផ្តោតការយកចិត្តទុកដាក់លើគោលការណ៍នៃការពឹងពាក់លើខ្លួនឯង និងលទ្ធិបុគ្គលនិយមដែលបានត្រូវបង្កើតទ្បើងដោយលោក គីម អ៊ីលស៊ុង (Kim Il Sung) ដែលជាឪពុកលោក។ លោកបានទទួលបរិញ្ញប័ត្រពីសាកលវិទ្យាល័យ Kim IL Sung នៃក្រុងព្យុងយ៉ាង (Pyongyang) កាលពីឆ្នាំ១៩៦៤។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ លោក Kim Jong Il បានត្រូវតែងតាំងឱ្យកាន់តំណែងជាមេដឹកនាំនៅក្នុងគណបក្សគ្រប់គ្រងប្រទេសដោយចាប់ផ្តើមរយៈពេល២ទសវត្សរ៍ ដែលនោះលោកបានហ្វឹកហ្វឺនការងារសម្រាប់ជំនួសឪពុកលោកជាមេដឹកនាំរបស់ប្រទសកូរ៉េខាងជើង។
រុស្ស៊ី៖ គេបានរកឃើញទូកកៅស៊ូមួយនៅថ្ងៃច័ន្ទនេះក្នុងទឹកត្រជាក់ដូចទឹកកកនៅជិតសំណង់សម្រាប់ខួង និងបូមប្រេងរុស្ស៊ីមួយដែលបានក្រទ្បាប់។ ទូកកៅស៊ូនេះអាច ដាក់មនុស្សបាន១៥នាក់។ ពួកអ្នកជួយសង្គ្រោះមិនអាចបញ្ជាក់បានជាបន្ទាន់ថាតើមានមនុស្សនៅរស់ក្នុងទូកនេះឬទេ។
អាហ្វហ្គានីស្ថាន៖ អង្គការអូតង់និយាយថាខ្លួននឹងបន្តធ្វើការឆ្មក់វាយប្រហារនៅពេលយប់ក្នុងប្រទេសអាហ្វហ្គានីស្ថានទោះណាជាមានការជំទាស់ជាថ្មីដោយប្រធានាធិបតីនៃប្រទេសនេះក៏ដោយ។ លោកឧត្តមសេនិយ៍ត្រី Carsten Jacobson អ្នកនាំពាក្យនៃអង្គការអូតង់បាននិយាយនៅថ្ងៃច័ន្ទនេះថា ការឆ្មក់វាយប្រហារនៅពេលយប់នៅតែជាវិធីមានសុវត្ថិភាពបំផុតដើម្បីកម្ចាត់ពួកមេដឹកនាំបះបោរ។