កុងហ្គោ៖ តុលាការកំពូលរបស់សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ បានចាប់ផ្តើមស្តាប់ពាក្យបណ្តឹងមួយដែលសុំឲ្យទុកជាមោឃៈនូវការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនាំឲ្យលោកប្រធានាធិបតីកាន់អំណាចចូសេហ្វ កាប៊ីឡា វិលត្រឡប់មកកាន់តំណែងជាថ្មីវិញ។
អ៊ីរ៉ាក់៖ រដ្ឋមន្រ្តីក្រសួងការពារប្រទេសអាមេរិក ឡេអុង ប៉េណាតា និយាយថា លោកសុបិន្តចង់ឲ្យមានអ៊ីរ៉ាក់ ឯករាជ្យនិងអធិបតេយ្យមួយនោះ ឥឡូវបានក្លាយទៅជារឿងពិតហើយ នៅពេលដែលអាមេរិកកត់សំគាល់ពីបញ្ចប់នៃបេសកកម្មយោធារបស់ខ្លួននៅក្នុងប្រទេសនេះ។
រុស្ស៊ី៖ នាយករដ្ឋមន្រ្តីរុស្ស៊ី វ្ល៉ាដឹមៀរ ពូទីន បាននិយាយការពារលទ្ធផលនៃការបោះឆ្នោត ជ្រើសរើសសមាជិករដ្ឋសភា កាលពីដើមខែនេះ ព្រមទាំងបានច្រានចោលពាក្យចោទប្រកាន់ថាមានការលួចបន្លំនៅក្នុងការបោះឆ្នោត។
ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សនិយាយថាទាហានរត់ចោលជួរស៊ីរីបានសម្លាប់ទាហាននិងសមាជិកកងកម្លាំងសន្តិសុខយ៉ាងតិច២៧នាក់ ពេលដែលសេចក្តីរាយការណ៍ថ្មីមួយបានចោទថាមន្រ្តីយោធាបានបញ្ជាឲ្យមានការបញ្ចប់បាតុកម្ម «តាមមធ្យោបាយចាំបាច់គ្រប់យ៉ាង»។
អេហ្ស៊ីប៖ ការបោះឆ្នោតជុំទីពីរដើម្បីជ្រើសរើសសមាជិករដ្ឋសភា អេហ្ស៊ីប បានបន្តធ្វើនៅថ្ងៃព្រហស្បតិ៍នេះ ដោយគណបក្ស អ៊ីស្លាមនិយម សង្ឃឹមថានឹងអាចដំឡើងសម្លេងឆ្នោតថែមទៀតលើសន្លឹកឆ្នោតដែលខ្លួនបានទទួលយ៉ាងច្រើនរួចស្រេចទៅហើយនោះ ។
សហរដ្ឋអាមេរិក៖ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ កំពុងរៀបចំខ្លួនដើម្បីធ្វើកិច្ចពិភាក្សាដេញដោលគ្នាជាលើកចុងក្រោយបង្អស់ មុននឹងចាប់ផ្តើមដំណាក់កាលតែងតាំងបេក្ខជនតាមផ្លូវការ នៅក្នុងរដ្ឋអាយអូវ៉ា ភាគកណ្តាលនិងខាងលិចសហរដ្ឋនៅខែក្រោយ។
ស៊ូដង់៖ កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ និយាយថាមនុស្សចំនួន ២លាន៧ សែននាក់ នៅស៊ូដង់ខាងត្បូង នឹងត្រូវការជំនួយម្ហូបអាហារនៅឆ្នាំក្រោយនេះ ដោយសារមានការខូចខាតដំណាំនិងជម្លោះក្នុងតំបន់។
អាហ្វហ្គានីស្ថាន៖ មេដឹកនាំ អាហ្វហ្គានីស្ថាន បានយល់ព្រមតាមលក្ខខណ្ឌថ្មីមួយចំនួន ដើម្បីចាប់ផ្តើមធ្វើកិច្ចចរចាសន្តិភាពឡើងវិញជាមួយពួកតាលីបាន ដោយនិយាយថាពួកសកម្មប្រយុទ្ធត្រូវតែបោះទីតាំងស្ថាបនា អស័យដ្ឋានមួយនៅក្នុងតំបន់បី ហើយបញ្ឈប់អំពើហិង្សាទាំងអស់។