ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៥ ធ្នូ យប់


ទង់ជាតិ​សហរដ្ឋ​អាមេរិក ទង់ជាតិ​អ៊ីរ៉ាក់ ត្រូវ​​ហែរ​នៅ​ក្នុង​ពីធី​កំណត់​សម្គាល់​ការ​បញ្ចប់​បេសកកម្ម​យោធា​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​អ៊ីរ៉ាក់​​ កាល​ពី​ថ្ងៃ​​ទី​១៥ ខែ​ធ្នូ​ ឆ្នាំ​២០១១ នៅ​ទី​ក្រុង​បាដាត។
ទង់ជាតិ​សហរដ្ឋ​អាមេរិក ទង់ជាតិ​អ៊ីរ៉ាក់ ត្រូវ​​ហែរ​នៅ​ក្នុង​ពីធី​កំណត់​សម្គាល់​ការ​បញ្ចប់​បេសកកម្ម​យោធា​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​អ៊ីរ៉ាក់​​ កាល​ពី​ថ្ងៃ​​ទី​១៥ ខែ​ធ្នូ​ ឆ្នាំ​២០១១ នៅ​ទី​ក្រុង​បាដាត។

អ៊ីរ៉ាក់៖ លោក​ លេអន​ ប៉ានេតា (Leon Panetta) រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​និយាយ​ថា​ សុបិន​ចង់​បាន​ប្រទេស​អ៊ីរ៉ាក់​មួយ​ដែល​ឯករាជ្យ​ មាន​បូរណ:ភាព​ឥឡូវ​នេះ​ក្លាយ​ជា​ការណ៍​ពិត​ហើយ​ នៅ​ពេល​ដែល​ស.រ.អ.​កំណត់​ការ​បញ្ចប់​បេសកកម្ម​យោធា​របស់​ខ្លួន​នៅ​ប្រទេស​អ៊ីរ៉ាក់។

លោក​ ប៉ានេតា និយាយ​ដូច្នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ក្នុង​ពិធី​មួយ​នៅ​ទី​ក្រុង​បាដាត​ ហើយ​ហៅ​ការ​ព្រឹត្តិការណ៍នេះ​ថា​ជា​«ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ»​សម្រាប់​ជនជាតិ​អ៊ីរ៉ាក់​និង​ស.រ.អ.។​ សេចក្ដី​ថ្លែង​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​អាទិត្យ​មុន​ថ្ងៃ​កំណត់​ដក​កងទ័ព​នៅ​ថ្ងៃ​ទី​៣១​ខែ​ធ្នូ។

ស៊ីរី៖ ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ យុទ្ធជន​ស៊ីរី​ ដែល​រត់​ចោល​ជួរ​បាន​សម្លាប់​យុទ្ធជន​យ៉ាង​តិច​២៧​នាក់​ព្រម​ទាំង​កង​កម្លាំង​សន្ដិសុខ​ផង​ដែរ​ ពេល​ដែល​មាន​សេចក្ដី​រាយការណ៍​ដែល​ចោទ​មន្ដ្រី​យោធា​ថា​បាន​អនុញ្ញាត​ឲ្យ​បញ្ឈប់​ក្រុម​អ្នក​តវ៉ា​ដោយ​ប្រើ​វិធី​អ្វី​ក៏​បាន​ដែរ​ឲ្យ​តែ​មាន​ប្រសិទ្ធិភាព​ជា​ចាំបាច់។ អង្គការ​ Observatory for Human Rights​ស៊ីរី​ មាន​ទី​ស្នាក់ការ​នៅ​ទី​ក្រុង​ឡុងដ៍​ ឲ្យ​ដឹង​ថា​ ការ​ស្លាប់​នេះ​ កើត​មាន​ឡើង​ពេលមាន​ការ​ពើប​ប្រយុទ្ធ​គ្នា​ជា​ច្រើន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅ​ខេត្ដ​ដារ៉ា។

រុស្ស៊ី៖ លោក​ វឡាឌីមារ ពូទិន(Vladamir Putin) នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​រុស្ស៊ី​ បាន​ការពារ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​រដ្ឋសភា​ ហើយ​បាន​ច្រានចោល​ការ​អះអាង​ថា​ ការ​បោះ​ឆ្នោត​នោះ​មាន​ការ​បន្លំ។ ថ្លែង​ពេល​មាន​នាទី​ឲ្យ​អ្នក​មើល​ទូរទស្សន៍​ហៅ​ពិភាក្សា​គ្នា​លោក​ពូទីន​និយាយ​ថា​ ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​បួន​បង្ហាញ​ឲ្យ​ឃើញ​ទស្សន:​របស់​ពលរដ្ឋ​ទោះបី​គណបក្ស​ប្រឆាំង​អំពាវនាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​ថ្មី​ម្ដង​ទៀត​ក៏​ដោយ។

អេហ្ស៊ីប៖ ការ​បោះឆ្នោត​លើក​ទី​ពីរ​ដើម្បី​ជ្រើស​រើស​សមាជិក​សភា​នៅ​ប្រទេស​អេហ្ស៊ីប​ កំពុង​តែ​បន្ដ​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ពេល​ដែល​គណបក្ស​អ៊ីស្លាម​ចង់​រក្សា​ទុក​សន្លឹក​ឆ្នោត​យ៉ាង​ច្រើន​លើស​លប់​ដែល​ខ្លួន​បាន​ទទួល​រួច​មក​ហើយ​ជា​បន្ដ​ទភ​ទៀត។ ជន​ជាតិ​អេហ្ស៊ីប​ចេញ​ទៅ​បោះ​ឆ្នោត​ក្នុង​ចំនួន​យ៉ាង​ច្រើន​នៅ​ថ្ងៃ​ពុធ​ជា​ថ្ងៃ​ទី​មួយ​ពេល​បោះឆ្នោត​ពីរ​ថ្ងៃ​ដើម្បី​បំពេញ​កៅអី​៤៩៨​ នៅ​ក្នុង​រដ្ឋ​សភា។

ចិន៖ ប្រទេស​ចិន​ឲ្យ​ដឹង​ថា​ ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​ភូមា​បាន​ជួប​ជាមួយ​លោក​ស្រី​អោង​សាន​ស៊ូជី​ មេដឹក​នាំ​គណបក្ស​ជំទាស់​នៃ​ប្រទេស​ភូមា។ បុរស​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ចិន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ថា​ ជំនួប​គ្នា​នេះ​ធ្វើ​ឡើង​ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​សេចក្ដី​ស្នើ​របស់​លោក​ស្រី​អោង​សាន​ស៊ូជី​ដែល​ជា​មេដឹកនាំ​សម្ព័ន្ធភាព​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ។​ គេ​មិន​ដឹង​ច្បាស់​ថា​តើ​ជំនួប​នេះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​ទេ។

XS
SM
MD
LG