ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៥ ធ្នូ ព្រឹក


ការ​ដាក់បង្ហាញរថយន្ត Volkswagen នៅ​ក្នុង​កម្មវិធីពិព៌ណ​រថយន្តអន្តរជាតិអាមេរិក​ខាងជើង នៅដេត្រ័ត ថ្ងៃទី១១ មករា ២០១១
ការ​ដាក់បង្ហាញរថយន្ត Volkswagen នៅ​ក្នុង​កម្មវិធីពិព៌ណ​រថយន្តអន្តរជាតិអាមេរិក​ខាងជើង នៅដេត្រ័ត ថ្ងៃទី១១ មករា ២០១១

ចិន៖ និយាយ​ថា​ខ្លួន​នឹង​ដាក់​កំណត់​ពន្ធ​ថ្មី​លើ​រថ​យន្ត​នាំ​ចូល​មួយ​ចំនួន​ដែល​ផលិត​នៅសហរដ្ឋ​អាមេរិក ​ក្នុង​វិធានការ​ចុង​ក្រោយ​បំផុត​ដើម្បី​សាក​ល្បង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ដែល​កំពុង​មាន​ភាព​តឹង​តែង​រវាងប្រទេសទាំងពីរ។​

សហរដ្ឋអាមេរិក៖ ទស្សនៈ​ជា​អវិជ្ជមាន​ចំពោះ​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា បាន​ឡើង​ដល់កម្រិត​ខ្ពស់​បំផុត ​បើ​យោង​តាម​ការ​ស្ទង់​មតិ​ថ្មី​បំផុត​មួយ។​ ការ​ស្ទង់​មតិ​ដោយ​ទីភ្នាក់ងារព័ត៌មាន ABC និង​វ៉ាស៊ីនតោនប៉ុស្តិ៍​ បាន​បង្ហាញ​នូវ​អត្រា ​«មិន​ចូល​ចិត្ត» ​លោក​ប្រធានាធិបតី​ មាន​ចំនួន​ ៤៩%​ និង​ ៤៨%​ ចូល​ចិត្ត​លោក។​

អឺរ៉ុប៖ អធិការបតីអាល្លឺម៉ង់ អេនជេឡា ម៉ាកែល​ ថា​មិន​មាន​ដំណោះស្រាយ​ណាមួយ​ដែល​ងាយ​ស្រួល​ឬ​ឆាប់​រហ័ស​ទេ​សម្រាប់​វិបត្តិ​សេដ្ឋកិច្ច​ទ្វីប​អឺរ៉ុប​ តែ​កិច្ច​ព្រម​ព្រៀង​របស់​ប្រទេស​ដែល​ចាយ​ប្រាក់​យូរ៉ូកាល​ពី​សប្តាហ៍​មុន​ ដែល​ទាមទារ​ឲ្យ​មាន​ការ​គ្រប់គ្រង​សារពើពន្ធ​តឹង​រ៉ឹង​ជាង​មុន​ ជា​ជំហាន​ល្អ​មួយ។​

អ៊ីរ៉ាក់៖ ប្រធានាធិបតី​អាមេរិកបារ៉ាក់ អូបាម៉ា បាន​សំដែង​គារវកិច្ច​ចំពោះ​កង​ទ័ព​ដែល​បាន​បំពេញ​បេសកកម្ម​នៅអ៊ីរ៉ាក់​ ខណៈដែល​វត្តមាន​យោធា​នៅ​ទី​នោះ​កំពុងថយ​ចំនួន​កាន់​តែ​តិច​ទៅ​ៗ​។

ស៊ីរី៖ សកម្មជន​សិទ្ធិ​មនុស្ស​ថា​ អំពើ​ហិង្សា​នៅ​ទូទាំង​ស៊ីរី​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​២៥​នាក់​ កាល​ពី​ថ្ងៃ​ពុធ​ដោយ​រាប់​ទាំង​កងទ័ព​ស៊ីរី​៨​នាក់​ផង​ ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​សង​សឹក​វិញ​ដោយ​ជន​ដែល​គេ​សង្ស័យ​ថា​ជា​ទាហាន​ចោល​ជួរ។​

អាហ្វហ្គានីស្ថាន៖ រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ប្រទេសរបស់​សហរដ្ឋ​អាមេរិក ឡេអុង​ប៉ាណាតា​ ​ថា​កង​កម្លាំង​ចម្រុះ​ដែល​មាន​សរអា​ជា​អ្នក​ដឹក​នាំ​កំពុង​មាន​ជ័យ​ជំនះ​នៅអាហ្វហ្គានីស្ថាន​ ខណៈ​ដែល​កង​ទ័ព​បរទេស​បន្ត​ផ្ទេរ​ភារកិច្ច​ការពារ​សន្តិសុខក្នុង​ប្រទេស​នេះ​ទៅ​ឲ្យ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​វិញ​ នៅ​មុន​ពេល​កំណត់​សម្រាប់​ឆ្នាំ​២០១៤។

អេហ្ស៊ីប៖ ពលរដ្ឋ​អេហ្ស៊ីប​បាន​នាំ​គ្នា​ទៅ​ធ្វើ​ការ​បោះ​ឆ្នោត​យ៉ាង​កក​កុញ​នៅ​ក្នុង​ខេត្ត​ចំនួន​មួយ​ភាគ​បី​នៃ​ទូទាំង​ប្រទេស។ ​កាល​ពី​ថ្ងៃ​ពុធ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជុំ​ទី​ពីរ​នៃ​ការ​ជ្រើស​រើស​សមាជិក​រដ្ឋសភា ​គណបក្ស​អ៊ីស្លាម​សង្ឃឹម​ថា​នឹង​អាច​ពង្រីក​ចំនួន​សន្លឹក​ឆ្នោត​ដែល​ខ្លួន​បាន​ទទួល​ថែម​ទៀត។​

រុស្ស៊ី៖ សម្ព័ន្ធមិត្ត​ដ៏​សំខាន់​ម្នាក់​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​វ្ល៉ាដឺមៀរ ពូទីន បាន​លា​ឈប់​ពី​តំណែង​ជា​មេ​ដឹក​នាំ​នៃ​រដ្ឋសភា។​ បូរីស ហ្គ្រីសឡូវ បាន​ប្រកាស​សុំ​លា​លែង​ពី​តំណែង​របស់​លោក​ នៅ​ថ្ងៃ​ពុធ​នេះ​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​មាន​ចុះ​ផ្សាយ​នៅ​ក្នុង​គេហទំព័រ​របស់​គណបក្ស​គ្រប់គ្រង​អំណាច​ឈ្មោះ​ថា​គណបក្ស​បង្រួប​បង្រួម​រុស្ស៊ី។​

XS
SM
MD
LG