អេហ៊្សីប៖ ពលរដ្ឋអេហ៊្សីប បានចាប់ផ្ដើមធ្វើការបោះឆ្នោតសភាតំណាងរាស្ត្រជុំទីពីរ បន្ទាប់ពីការបោះឆ្នោតជុំទីមួយដែលបាននាំមុខដោយគណបក្សអ៊ីស្លាម។ មណ្ឌលបោះឆ្នោតបានបើកនៅក្នុងតំបន់ចំនួន៩ នៅថ្ងៃពុធនេះ រួមមានតំបន់ អាសវ៉ាន បេនីស៊ូអិហ្វ ហ្ស៊ីហ្សា អ៊ិសមេល្យ៉ា ស៊ូអេស និង សូហាហ្គ។
ស៊ីរី៖ ក្រុមសកម្មជនសិទ្ធិមនុស្សបាននិយាយថា កងកម្លាំងសន្ដិសុខស៊ីរី បានបាញ់ទៅលើរថយន្ដមួយគ្រឿងនៅក្នុងខេត្ដហាម៉ាភាគកណ្ដាលនៃប្រទេសដែលកំពុងមានការវឹកវរ បណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់។
បាគីស្ថាន៖ លោក លេអន ប៉ាណិតតា រដ្ឋមន្ដ្រីក្រសួងការពារជាតិស.រ.អ បាននិយាយនៅថ្ងៃពុធនេះថា កងទ័ពចម្រុះដែលដឹកនាំដោយអ.ស.ប កំពុងតែឈ្នះសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ស្របពេលដែលកងទ័ពបរទេសបន្ដផ្ទេរសន្ដិសុខនៃប្រទេសនេះទៅឲ្យកងកម្លាំងអាហ្វហ្គានីស្ថានវិញ គឺមុនថ្ងៃកំណត់នៅឆ្នាំ២០១៤។
អាមេរិក៖ គេរំពឹងថា រដ្ឋសភាស.រ.អ នៅចុងអាទិត្យនេះនឹងអនុម័តសេចក្ដីព្រាងច្បាប់មួយដែលនឹងបង្កកប្រាក់រហូតទៅដល់៧០០លានដុល្លារទៅឲ្យប្រទេសបាគីស្ថាន ពីព្រោះមានការភ័យខ្លាចថារដ្ឋាភិបាលបាគីស្ថានមិនបានធ្វើអ្វីឲ្យបានគ្រប់គ្រាន់ដើម្បីកម្ចាត់ការរីកសាយនៃគ្រាប់បែកបរមាណូ។
បែលហ្ស៊ិក៖ នៅក្នុងសន្និសីទកាសែតមួយ អាជ្ញាធរបានឲ្យដឹងថាមានមនុស្សពីរនាក់បានស្លាប់ និងប្រាំនាក់ផ្សេងទៀតបានរងរបួសជាទម្ងន់ក្នុងការវាយប្រហារមួយនៅក្នុងប្រទេសបែលហ្ស៊ិក ។ ប៉ូលិសប៊ែលហ្ស៊ិកបានឲ្យដឹងថា គេបានរកឃើញសពស្ដ្រីម្នាក់នៅក្នុងផ្ទះរបស់បុរសប្រដាប់អាវុធដែលបានបាញ់មនុស្សយ៉ាងតិចដប់នាក់នៅក្នុងទីក្រុងលីយ៊ែសនាភាគខាងកើតប្រទេស កាលពីថ្ងៃអង្គារ។
អាមេរិក៖ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងធ្វើទស្សនកិច្ចនៅមូលដ្ឋានយោធាមួយនៅក្នុងរដ្ឋណរថ៍ការ៉ូឡាយណា (North Carolina) នាភាគអាគ្នេយ៍នៃស.រ.អ នៅថ្ងៃពុធខាងមុខនេះ ដែលនៅទីនោះ សេតវិមានបានឲ្យដឹងថា លោកនឹងថ្លែងអំណរគុណចំពោះកងទ័ព ដែលបានបំពេញភារកិច្ចនៅក្នុងប្រទេសអ៊ីរ៉ាក់។