ស៊ីរី៖ ពួកសកម្មជនសិទ្ធិមនុស្សស៊ីរីបាននិយាយថា កងកម្លាំងសន្តិសុខរដ្ឋាភិបាលបានសម្លាប់មនុស្ស១១នាក់ និងធ្វើឱ្យរបួសមនុស្សរាប់សិបនាក់ផ្សេងទៀត នាភាគពាយ័ព្យនៃ ប្រទេសនេះ ស្របពេលដែល អ.ស.ប.បាននិយាយថាចំនួនមនុស្សស្លាប់ដោយសារចលាចលជាច្រើនខែកន្លងមកនេះបានទ្បើងដល់៥.០០០នាក់ហើយ។
អង្គការសហប្រជាជាតិ៖ សមាជិកជាច្រើននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បាននិយាយថា ពួកគេមានអារម្មណ៍សោកសៅជាខ្លាំង ដោយសារដំណឹងមួយដែលត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំមួយរបស់ឧត្តមស្នងការអ.ស.ប. សម្រាប់សិទ្ធិមនុស្ស ដែលបានឱ្យដឹងថាចំនួនមនុស្សស្លាប់ដោយសារចលាចលក្នុងប្រទេសស៊ីរីបានកើនទ្បើងដល់៥.០០០នាក់ហើយ។
ភូមា៖ អាជ្ញាធរភូមាបានទទួលស្គាល់ជាផ្លូវការគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីអោងសានស៊ូជី មេដឹកនាំប្រឆាំងដោយអនុញ្ញាតឱ្យគណបក្សនេះចូលជាថ្មីក្នុងដំណើរការនយោបាយទូទៅរបស់ប្រទេសនៅមុនការបោះឆ្នោតសភាក្នុងពេលខាងមុខនេះ។
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បាននិយាយថាស.រ.អ.គួរតែទទួលស្គាល់ទោសកំហុសរបស់ខ្លួន នៅក្រោយពេលដែលមានយន្តហោះឈ្លបយកការណ៍របស់ស.រ.អ. មួយគ្រឿងបានធ្លាក់ក្នុងដែនដីនៃប្រទេសអ៊ីរ៉ង់នាដើមខែនេះ។
អ៊ីរ៉ាក់៖ លោកនាយករដ្ឋមន្ត្រី នូរី អាល ម៉ាលីគី (Nouri al-Maliki) នៃប្រទេសអ៊ីរ៉ាក់នឹងមានវត្តមាននៅសភាពាណិជ្ជកម្មស.រ.អ. នៅមួយថ្ងៃបន្ទាប់ពីបានជួបជាមួយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ដើម្បីគូសបញ្ជាក់អំពីរបៀបវារៈដ៏ទូលំទូលាយមួយសម្រាប់កិច្ចសហប្រតិបត្តិការនៅពេលក្រោយសង្គ្រាម។