រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី ដឺមីទ្រី មេតវីដេវ បានឆ្លើយតបនឹងបាតុកររាប់ម៉ឺននាក់ដែលដើរធ្វើបាតុកម្មតាមផ្លូវក្នុងក្រុងមូស្គូ និងក្រុងឯទៀតៗនៃប្រទេសរុស្ស៊ីថា លោកបានបញ្ជារដ្ឋាភិបាលលោកឱ្យស៊ើបអង្កេតអំពីការចោទប្រកាន់ការបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតសភាកាលពីសប្តាហ៍មុន។ លោកបានបន្តថា ក្រុមបាតុករមានសិទ្ធិក្នុងការបញ្ចេញទស្សនៈរបស់ពួកគេ តែលោកនឹងមិនយល់ស្របឱ្យមានការបោះឆ្នោតកាលពីថ្ងៃទី៤ធ្នូជាថ្មីទ្បើងវិញឡើយ។
អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតី ហាមីដ កាសៃ (Hamid Karzai) បាននិយាយថា មនុស្សយ៉ាងតិចណាស់៨០នាក់ស្លាប់ ដែលជាចំនួនច្រើនជាងតួលេខដែលបានរាយការណ៍ពីពេលមុនថាមានមនុស្សតែ៥៩នាក់បាត់បង់ជីវិត ក្នុងការវាយប្រហារខាងនិកាយសាសនាកាលពីថ្ងៃអង្គារទៅលើពួកអ្នកកាន់់សាសនាអ៊ីស្លាមនិកាយស្ហៀ។
ស៊ីរី៖ មានការប៉ះទង្គិចមួយកើតឡើងរវាងកងទ័ពរត់ចោលជួរ និងកងទ័ពស្មោះត្រង់របស់រដ្ឋាភិបាលដែលមានការគាំទ្រពីកងរថក្រោះនៅក្នុងការប្រឈមមុខខាងយោធាធំមួយកាលពីថ្ងៃអាទិត្យនៅជិតព្រំដែនហ្ស៊កដានី ដែលធ្វើឲ្យមនុស្សយ៉ាងតិចណាស់៨នាក់បានស្លាប់នៅក្នុងអំពើហិង្សានោះ។
ក្យូតុ៖ កិច្ចព្រមព្រៀងទៅលើការពន្យាសុពុលភាពរបស់ពិធីសារក្យូតុមួយត្រូវបានសម្រេចកាលពីថ្ងៃអាទិត្យ។ ប្រទេសឧស្សាហកម្មត្រូវគោរពតាមឯកសារពិធីសារក្រុង ក្យូតុ កាលពីឆ្នាំ១៩៩៧យ៉ាងតិចណាស់៥ឆ្នាំទៀត ក្រោយពីវាផុតកំណត់ក្នុងឆ្នាំ២០១២។ តែរុស្ស៊ី ជប៉ុននិងកាណាដាបាននិយាយថាពួកគេនឹងមិនចូលរួមក្នុងការបន្តរយៈពេលនៃឯកសារពីធីការក្រុង ក្យូតុនេះទេ។
កុងហ្គោ៖ ក្រុមសង្កេតការនៃការបោះឆ្នោតអន្តរជាតិដែលមានទីតាំងនៅសហរដ្ឋអាមេរិចបាននិយាយថា លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសកុងហ្គោគឺ មាន «ការចាត់ចែងមិនត្រឹមត្រូវ» និងមិនអាចជឿទុកចិត្តបាន។ យោងតាមរបាយការណ៍ផ្តល់ដោយមជ្ឈមណ្ឌល ខាត់ធឺ កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា លទ្ធផលពីស្ថានីយ៍បោះឆ្នោតជិត២ពាន់កន្លែងក្នុងរដ្ឋធានី ឃីនផ្សាសារ (Kinshasa) បានបាត់។
ប៉ាគីស្ថាន៖ និយាយថាពួកយោធាសហរដ្ឋអាមេរិចបានចាកចេញពីមូលដ្ឋានកងទ័ពអាកាសមួយនាប៉ែកនិរតីប្រទេស ដោយធ្វើតាមការកំណត់ពេលចុងក្រោយបង្អស់ថ្ងៃទី១១ធ្នូ ដោយរដ្ឋាភិបាលប៉ាគីស្ថាន។ ការកំណត់ឲ្យចាកចេញនេះធ្វើឡើងនៅក្រាយពីមានការវាយប្រហារតាមអាកាសមួយដោយអង្គការអូតង់ដែលបាននាំឱ្យទាហានប៉ាគីស្ថាន២៤នាក់ស្លាប់កាលពីថ្ងៃទី២៦ខែវិច្ឆិកា។