ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ០៨ ធ្នូ យប់


អ្នក​នេសាទ​ម្នាក់​កំពុង​នេសាទ​នៅ​ជិត​ទីតាំង​​ដែល​គេ​​គម្រោង​ធ្វើ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី​ក្នុង​​ភាគ​ខាង​ជើង​ប្រទេស​ឡាវ។ (រូបថត​ឯកសារ)
អ្នក​នេសាទ​ម្នាក់​កំពុង​នេសាទ​នៅ​ជិត​ទីតាំង​​ដែល​គេ​​គម្រោង​ធ្វើ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី​ក្នុង​​ភាគ​ខាង​ជើង​ប្រទេស​ឡាវ។ (រូបថត​ឯកសារ)

ឡាវ៖ មន្ត្រី​រដ្ឋាភិបាល​មក​ពី​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​៤​បាន​ស្រុះស្រួល​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ នឹង​លើក​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​ទៅ​លើ​សំនួរ​តើ​អនុញ្ញាត​ ឬ​មិន​អនុញ្ញាត​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី ​ដ៏​ចម្រូងចម្រាស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ។

អឺរ៉ុប៖ មេដឹកនាំ​អឺរ៉ុប​កំពុង​រៀបចំ​ប្រជុំ​នៅ​ក្រុង​ Brussels ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ចាប់​ផ្តើម​កិច្ចប្រជុំ​កំពូល​មួយ​ ដែល​អាច​កំណត់​ពី​អនាគត​ប្រាក់​អឺរ៉ូ។ មន្ត្រី​ខ្លះ​បាន​ចាត់ទុក​កិច្ច​ប្រជុំ​កំពូល​អឺរ៉ុប​នេះ​ថា​ ជា​ពេល​គិតគូរ​អំពី​រូបិយប័ណ្ណ​រួម​មួយ​នេះ​ ខណៈ​ពេល​ដែល​មាន​វិបត្តិ​បំណុល​កើន​ឡើង។ ប៉ុន្តែ​ពេល​បើក​កិច្ច​ប្រជុំ​ជិត​មក​ដល់​ សុទិដ្ឋិនិយម​បាន​ធ្លាក់ចុះ។

រុស្ស៊ី៖ លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី​រិះគន់​ស.រ.អ.​ ដោយ​ចោទ​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​បង្កើន​ចលនា​ប្រឆាំង​លោក។ លោក Vladimir Putin​ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សម្តី​របស់​លោក​ស្រី​ ហ៊ីឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ. បាន​ផ្តល់​សញ្ញា​បែប​នេះ​ប្រាប់​អ្នក​ប្រឆាំង​លោក។

ថៃ៖ តុលាការ​ប្រទេស​ថៃ​បាន​កាត់​ទោស​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ឈ្មោះ Joe Gordon ឲ្យ​ជាប់​ពន្ធនាគារ​៣០​ខែ ​ពី​បទ​ប្រមាថ​គ្រួសារ​រាជវង្ស​របស់​ប្រទេស​ថៃ ដោយ​និយាយ​អំពី​ប្រវត្តិ​រាជវង្ស​ស្តេច​លើ​អ៊ីនធឺណិត​ ដែល​ជា​ទង្វើ​មួយ​ត្រូវ​បាន​គេ​ហាមប្រាម​នោះ។

ស.រ.អ.៖ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការ​បរទេស​ស.រ.អ.​និយាយ​ថា​ ផែនការ​ប្រកាស​ថ្មីៗ​ដើម្បី​ដាក់​កម្លាំង​ទ័ព​អាមេរិកាំង​នៅ​ប្រទេស​អូស្ត្រាលី​ គឺ​មិនមែន​មាន​គោល​បំណង​ទប់ស្កាត់​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់នេះ​ទេ។

កុងហ្គោ៖ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​កំពុង​រៀបចំ​ចេញ​លទ្ធផល​ចុងក្រោយ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​សប្តាហ៍​មុន​ ខណៈ​ពេល​មាន​ការ​គំរាម​កំហែង​ដោយ​អំពើ​ហិង្សា​ពី​អ្នក​គាំទ្រ​បេក្ខជន​កំពូលៗ។

កូរ៉េ​ខាងជើង៖ មន្ត្រី​អាមេរិកាំង​ម្នាក់​ដែល​ជា​អ្នក​តំណាង​កំពូល​របស់​ស.រ.អ.​ ទៅ​ប្រទេស​កូរ៉េ​ខាងជើង​កំពុង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចាត់​វិធាន​ការ​ច្បាស់លាស់​ ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​ពិភាក្សា​ដែល​ជាប់គាំង​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ។

អូតង់៖ ​មន្ត្រី​ការ​បរទេស​អូតង់​មិន​បាន​កាត់​បន្ថយ​ការ​ភ័យ​ខ្លាច​របស់​រុស្ស៊ី​ទាក់ទង​នឹង​ប្រព័ន្ធ​ការពារ​មីស៊ីល​នៅ​អឺរ៉ុប​ទេ។ Anders Fogh Rasmusen អគ្គលេខាធិការ​អង្គការ​អូតង់​ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ភាគី​ទាំង​ពីរ​នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​ឡើយ​អំពី​សំណើ​នេះ ​ប៉ុន្តែ​គេ​បាន​ដាក់​ផែនការ​បន្ត​កិច្ច​ពិភាក្សា​ទៀត។ លោក​ក៏​បាន​បដិសេធ​ការ​អះអាង​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ផង​ដែរ​ដែល​ថា​ ប្រព័ន្ធ​ការពារ​មីស៊ីល​នេះ​ប្រើ​សម្រាប់​ប្រឆាំង​នឹង​រុស្ស៊ី។

ម៉ិកស៊ិក៖ មន្ត្រី​ម៉ិចស៊ីកូ​និយាយ​ថា​ ជន​ប្រដាប់​អាវុធ​បាន​សម្លាប់​មនុស្ស​៤នាក់​ក្នុង​ការ​វាយ​ប្រហារ​លើ​ឡាន​ពេទ្យ​មួយ​នៅ​ក្រុង​ Ciudad Juarez​ដែល​ស្ថិត​ជាប់​ព្រំដែន។ សាក្សី​ឲ្យ​ដឹង​ថា​ ឡាន​មួយ​គ្រឿង​បាន​ដឹក​ជន​ប្រដាប់​អាវុធ​សម្រុក​វាយ​ប្រហារ​ឡាន​ពេទ្យ​នេះ​កាល​ពី​ថ្ងៃ​ពុធ​ ហើយ​បាន​ស្ទាក់​ឲ្យ​ឡាន​ពេទ្យ​នេះ​ឈប់។

XS
SM
MD
LG