ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណាត់​ថ្នាក់​ពុករលួយ​នៅ​កេនយ៉ា​កាន់​តែ​អាក្រក់ឡើង


ប្រជាពលរដ្ឋ​កេនយ៉ាមួយ​ក្រុម​ ធ្វើប៉ាតុកម្ម​ប្រឆាំង​នឹង​អំពើពុករលួយ​។
ប្រជាពលរដ្ឋ​កេនយ៉ាមួយ​ក្រុម​ ធ្វើប៉ាតុកម្ម​ប្រឆាំង​នឹង​អំពើពុករលួយ​។

ទីក្រុង​ណៃរ៉ូប៊ី​៖ សំណុំ​រឿង​ក្តីប្រឆាំង​នឹងរដ្ឋមន្ត្រី​មួយ​រូប​ ទាក់​ទង​នឹង​បទ​លួចគៃបន្លំប្រាក់​ត្រូវ​បាន​ពន្យារ​ពេល​ ខណៈពេល​ដែលចំណាត់​ថ្នាក់​ជា​សាកល​នៃ​អំពើ​ពុក​រលួយ​នៅ​ប្រទេស​កេនយ៉ា​កាន់​តែ​អាក្រក់​ឡើង​ៗ។

សំណុំ​រឿង​ក្តី​លួច​បន្លំប្រាក់​ចំនួន​ ១,២​ លាន​ដុល្លារ​ ដែលលោករដ្ឋ​មន្ត្រី​ វីលៀម​ រូតូ​ (William Ruto) នៃ​ប្រទេស​កេន​យ៉ា​កំពុង​ប្រឈម​មុខ ​បាន​ជាប់​គាំងដោយ​សារ​តែបញ្ហា​បចេ្ចក​ទេស​របស់​តុលាការ​។ បរាជ័យ​នេះ​ បានកើត​ឡើងខណៈ​ពេល​ដែលចំណាត់ថ្នាក់​ប្រទេស​កេនយ៉ា ​បាន​ធ្លាក់​ចុះ​ជិត​ ១០​ថ្នាក់នៅក្នុងតារាង​អំពើពុក​រលួយក្នុង​ពិភពលោក​។

ការ​រំពឹង​ទុក​ពី​ការ​ចាប់​ផ្តើម​សំណុំ​រឿង​ក្តី​លួចគៃ​បន្លំប្រាក់​ ដែល​ធ្វើ​ឡើង​ប្រឆាំងលោក​ វីលៀម រូតូ អតីតរដ្ឋមន្ត្រីក្រសួង​ឧត្តម​សិក្សា​ ត្រូវ​បាន​ពន្យារ​ពេល​ បន្ទាប់​ពី​មាន​បញ្ហា​ក្រដាស​ស្នាម​ បាន​ធ្វើ​ឲ្យជាប់គាំង​ដល់​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្តី។

អតីត​រដ្ឋមន្រ្តី​រូប​នេះ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទបាន​ទទួល​ប្រាក់​ជាង​១​លាន​ដុល្លារ ​តាម​រយៈការ​លក់​ដី​សាធារណៈ​ទៅ​ឲ្យ​ក្រុម​ហ៊ុនសាជីវកម្ម​បំពង់​បង្ហូរ​ប្រេង​កេន​យ៉ា ​(Kenyan Pipeline Corporation)។ លោក​រូតូ ​ត្រូវ​បាន​ចោទប្រកាន់ថា បាន​កាន់​កាប់​ដី​មួយ​ដុំ​នោះ​ដែល​ជា​ដី​នៃតំបន់​ព្រៃ​ការពារឈ្មោះ​ងុង (Ngong)​ ដែល​ស្ថិត​នៅ​ខាង​ក្រៅរដ្ឋ​ធានី​ណៃរ៉ូប៊ីរបស់ប្រទេស​កេនយ៉ា។

ក្នុង​សប្តាហ៍​កន្លង​មក​ ​តុលាការ​កំពូលរបស់​កេន​យ៉ា ​បាន​បដិសេធ​បណ្តឹង​ទាមទារ​របស់​លោក​រូតូ​ ដែលសុំឲ្យ​បញ្ឈប់សំណុំ​រឿង​ក្តី​នេះ។ ​ប៉ុន្តែ ​លោក ​ហ្គៀល​ប៊ឺត មុតេមប៊ី (Gilbert Mutembi) ​ប្រធាន​ក្រុម​ប្រឹក្សាអង្គ​ចៅក្រមមាន​ប្រសាសន៍​ថា ​ការ​ជំនុំ​ជម្រះ​ក្តី ​មិនអាច​បន្ត​ទៅ​មុខ​បាន​ទេ ​ប្រសិនបើ​គ្មានដីការ​បង្គាប់ពី​តុលាការ​កំពូល ​ដែល​បញ្ជាក់​ថា​ បណ្តឹង​ទាមទារ​របស់​លោក​រូតូ ​ត្រូវបានបដិសេធ​ចោល។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ​យោង​តាម​សន្ទស្សន៍​ចំណាត់ថ្នាក់​អំពើ​ពុក​រលួយ ​(Corruption Perception Index) ​ប្រចាំ​ឆ្នាំ​របស់​អង្គការតម្លាភាព​អន្តរជាតិ ​បាន​លាត​ត្រដាង​ឲ្យ​ដឹង​ថា ​ប្រទេស​កេនយ៉ាបាន​ធ្លាក់ចុះ​ចំនួន​៨ថ្នាក់ នៅ​ក្នុង​ការចាត់ថ្នាក់ជា​សាកល ​ចុះ​មក​លំដាប់​ថ្នាក់​ទី​១៥៤​ ក្នុង​ចំណោម​ប្រទេសចំនួន​១៧៨ ​ដែល​ត្រូវ​បានស្ទង់​មតិ។ ខណៈ​ពេល​ដែល​ប្រទេស​កេនយ៉ា​ទទួល​បាន​ពិន្ទុ​ចំនួន​២,១ ​គឺ​មាន​សភាព​អាក្រក់​ជាង​ពិន្ទុ​២,២​ នាឆ្នាំ​២០០៩ តែបន្តិច ​ប៉ុន្តែ​ឥឡូវ​នេះ ​កេន​យ៉ាមាន​ចំណាត់​ថ្នាក់​នៅ​ជាប់​គ្នា​ជា​មួយប្រទេស​រុស្សី​ និង​ស្ថិត​នៅ​ខាង​ក្រោមប្រទេស​ហ្សីម​បាវ៉េ ​នៅ​ក្នុង​លំដាប់​នៃអំពើពុក​រលួយ​ជា​សកល។

បើ​យោង​តាមលោក ​សាម៉ូអេល​ គីមើ (Samuel Kimeu) នាយក​ប្រតិបត្តិនៃ​អង្គការ​តម្លា​ភាព​អន្តរ​ជាតិប្រចាំ​នៅកេន​យ៉ា​ បាន​ឲ្យ​ដឹង​ថា ​រដ្ឋ​ធម្មនុញ្ញ​ថ្មីរបស់​កេនយ៉ា ​អាច​ជួយឲ្យ​ប្រទេស​នេះងើប​ឡើង​វិញ​ នៅ​ក្នុង​របាយការណ៍​នា​ពេល​អនាគត។

«​អ្វី​ដែល​ប្រទេស​នេះត្រូវ​ធ្វើ ​គឺ​ត្រូវ​ទាញ​យក​គុណ​ប្រយោជន៍​ពី​រដ្ឋ​ធម្មនុញ្ញ​ថ្មី ​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ពុក​រលួយ ​ក្នុង​លក្ខណៈ​ប្រកបដោយភាពមោះ​មុតជាង​មុន។ ​នៅក្នុង​ជំពូក​ទី​៦ទាំង​មូល​ ដែល​សរសេរ​អំពីការ​ដឹក​នាំ ​និង​ភាព​សុចរិត ​មាន​សក្តានុពលក្នុង​ការ​ផ្លាស់​ប្តូរជាដុំ​កំ​ភួន ​នូវ​របៀប​ធ្វើការ​នៅ​ក្នុង​ប្រទេស​នេះ»។

លោក​គីមើ ​បាន​ប្រាប់​វីអូអេ​ថា ​ការ​ពន្យារ​ពេល​ក្នុង​រឿង​ក្តី​របស់​លោក​រូតូ គឺ​ជា​បញ្ហា​នីតិ​វិធី​ប៉ុណ្ណោះ​ ហើយ​ទំនង​ជា​មិន​បង្ក​បញ្ហា​ធ្ងន់​ធ្ងរ ​ដល់​ដំណើរ​ការជំនុំ​ជម្រះ​របស់​តុលាការ​ទេ។ ​លោកបាន​ថ្លែង​ថា​ ការកាត់​ទោសទៅ​លើ​អតីតសមាជិក​គណៈ​រដ្ឋមន្ត្រី​រូប​នេះ​ ជា​សញ្ញា​ដ៏​ល្អ​មួយ​ ប៉ុន្តែ​មិន​ទាន់ជាការ​បញ្ជាក់​ពីការ​ប្តេជ្ញា​ចិត្តប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​ឡើយ​ទេ។

«យើង​ក៏​ធ្លាប់​មាន​សំណុំ​រឿង​ក្តី ​ដែលអ្នក​ទាំង​នោះត្រូវ​បាន​ស្នើ​សុំឲ្យ​ចុះ​ចេញ​ពី​តំណែង ឬត្រូវ​តុលាការ​ចោទ​ប្រកាន់​ ហើយ​យើង​ក៏​ធ្លាប់​មាន​ករណី​ខ្លះ​ ដែល​ស្ងាត់ៗ​ពួកគេ​ចូល​ធ្វើការ​វិញ​ ដោយ​គ្មាន​ការ​ស៊ើប​អង្កេត​អី្វ​ទាំង​អស់។ យើង​គ្រាន់​តែអាច​រង់​ចាំ​មើលថា​តើ​នឹងមាន​អ្វីកើត​ឡើងតែប៉ុណ្ណោះ។ ​ខ្ញុំ​គិត​ថា​ ពលរដ្ឋ​កេន​យ៉ា​កំពុង​ទន្ទឹង​ចាំមើលថ្ងៃ​ដែល​ក្រុមមនុស្សជាប់​ពាក់​ព័ន្ធ​នឹងអំពើ​ពុក​រលួយ ​និងលួច​លុយ​ជាតិ​ ត្រូវគេយក​មក​កាត់​ទោស​ដោយ​ជោគ​ជ័យ ​និង​រឹប​អូសយក​មក​វិញ​នូវ​អ្វីៗ​ ដែលពួក​គេ​បាន​លួច​យក​ទៅ”។

លោក​រូតូ​ មិន​មែនជា​អ្នក​នយោបាយធំដុំ​តែម្នាក់​គត់ ​ដែល​ប្រឈមទៅ​នឹងការ​ចោទ​ប្រកាន់ក្នុងរឿង​ក្តីលួច​បន្លំ នៅ​ប្រទេស​កេនយ៉ា​ទេ។ រដ្ឋសភា​គ្រោង​នឹងបើក​សវនាការ ​ដើម្បី​សម្រេចថា​តើ ​លោករដ្ឋមន្ត្រី​ការ​បរទេស ម៉ូសេ វ៉េនតាំងហ្កូឡា (​Moses Wetang'ula) មាន​ជាប់​ពាក់ព័ន្ធក្នុងរឿងទិញ​ដី​នៅ​ក្នុង​ប្រទេស​ជប៉ុន ​សម្រាប់​សង់​ស្ថាន​ទូតកេន​យ៉ាឬទេ​ ដែល​កិច្ច​សន្យា​នោះ​បាន​ធ្វើឲ្យ​រដ្ឋាភិបាលបាត់​បង់​ប្រាក់​អស់​ចំនួន​ជាង​១៣ ​លាន​ដុល្លារ។

កាល​ពីថ្ងៃទី ​២៥ ខែ​តុលា​ ចៅ​ហ្វាយ​ក្រុង​ណៃរ៉ូ​ប៊ី ​ត្រូវ​បាន​ចាប់​ខ្លួនពី​បទ​ពាក់​ព័ន្ធ​ក្នុង​រឿង​អា​ស្រូវ​មួយ​ ទាក់​ទឹន​នឹងការទិញដី ​សម្រាប់ធ្វើ​ជា​ទី​តាំង​បញ្ចុះ​សព​របស់​ក្រុង។​ លោក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ​៕

ប្រែ​សម្រួល​ដោយ​ លោក​ លី​ សុខឃាង

XS
SM
MD
LG