ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​ខេត្ត​កណ្តាល​ថា​សមត្ថកិច្ច​កំពុង​ស្វែង​រក​ជន​បង្ក​ឲ្យ​ពលរដ្ឋ​ក្នុង​ទំនាស់​ដី​ធ្លី​ម្នាក់​រង​របួស​ដោយ​គ្រាប់​កាំភ្លើង


វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​​បង្ហាញ​ពី​ទិដ្ឋភាព​តានតឹង​នៅ​ពេល​​ប្រជាពលរដ្ឋ​បាន​ស្រែក​ថា​កម្លាំង​ទាហាន​បាន​​ចាប់​ផ្តើម​​បាញ់​គ្រាប់​ពិត ខណៈ​ប្រឈម​នឹង​ប្រជាពលរដ្ឋ​ដែល​តវ៉ា​រឿង​ដី​ធ្លី​នៅនៅ​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២១។
វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​​បង្ហាញ​ពី​ទិដ្ឋភាព​តានតឹង​នៅ​ពេល​​ប្រជាពលរដ្ឋ​បាន​ស្រែក​ថា​កម្លាំង​ទាហាន​បាន​​ចាប់​ផ្តើម​​បាញ់​គ្រាប់​ពិត ខណៈ​ប្រឈម​នឹង​ប្រជាពលរដ្ឋ​ដែល​តវ៉ា​រឿង​ដី​ធ្លី​នៅនៅ​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២១។

អភិបាល​ខេត្ត​កណ្តាល​អះអាង​ថា​សមត្ថកិច្ច​កំពុង​តែ​ស្រាវ​ជ្រាវ​តាម​នីតិ​វិធី​ច្បាប់​ក្នុង​ការ​ស្វែង​រក​ជន​បង្ក ឬ អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​ដែល​មាន​ការ​បាញ់​ប្រហារ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់​រង​របួស​ជា​ទម្ងន់។

កាល​ពីពេល​កន្លង​ទៅ​អភិបាល​ខេត្ត​កណ្តាល លោក​គង់ សោភ័ណ្ឌ បាន​បញ្ជាក់​ថា​នេះជា​ការ​បាញ់​ផ្លាត​ចំពី​សំណាក់​ក្រុម​ទាហានតែ​ប៉ុណ្ណោះ ខណៈ​ពួកគេ​ប្រឈម​មុខ​នឹង​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​រាប់​រយ​នាក់។

លោក គង់ សោភ័ណ្ឌ ប្រាប់​ VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា សមត្ថកិច្ចនិង​ព្រះ​រាជអាជ្ញា​នៃ​តុលាការ​ខេត្ត​កណ្តាលកំពុង​តែ​ស្រាវ​ជ្រាវ​រក​អ្នក​ពាក់ព័ន្ធក្នុង​ការ​បាញ់​ប្រហារ​នេះ។ លោក​បន្ត​ថា​ប្រជាពលរដ្ឋ​ចង់​បាន​ដំណោះ​ស្រាយ​មួយសម​រម្យ​ដោយ​ស្នើ​កុំ​ឲ្យ​ប្រើប្រាស់គ្រឿង​ចក្រឈូស​ឆាយ​ដី​នា​ពេល​នេះ ដោយសារ​ទំនាស់​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ឡើយ។​

លោក​ថ្លែង​ថា៖ «គោល​បំណង​គាត់​ចង់​បាន សូម​ដោះស្រាយ​គោល​នយោបាយ​ឲ្យ​គាត់​ឲ្យ​បាន​ច្បាស់​ លឿន។ ទីពីរ​គាត់​សូម​ឲ្យ​ធ្វើ​ម៉េច​កុំ​ឲ្យ​ដាក់​គ្រឿង​ចាក់​កាយដោយ​គាត់​មិន​ទាន់​បាន​សំណង​ឲ្យ​សម​សមស្រប»។

អភិបាល​ខេត្ត​កណ្តាល​បន្ថែម​ថា​រដ្ឋបាល​ខេត្ត​បាន​យល់ព្រម​តាម​សំណើ​របស់​ប្រជាពលរដ្ឋដោយ​ព្យាយាម​សិក្សា និង​រក​ដំណោះ​ស្រាយ​ជាមួយ​អន្តរ​ក្រសួង ដើម្បី​ផ្តល់សំណង​សមរម្យ​តាម​នីតិវិធី​ច្បាប់។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ពលរដ្ឋ​ក្នុង​ជម្លោះ​ដី​ធ្លី​ម្នាក់ គឺ​លោក មុំ ចាន់ថា អាយុ​៥៦​ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​ទួលពេជ្រ ស្រុក​អង្គស្នួល បាន​រង​របួស​ដោយ​ការ​បាញ់​ប្រហារ​ពី​កម្លាំង​ទាហាន​រាប់​សិប​នាក់ ដោយ​គ្រាប់​កាំភ្លើង​ត្រូវ​ស្មា​ខាង​ធ្វេង។

លោក​ មុំ​ ចាន់​ថា ជា​ជន​រងគ្រោះ​ត្រូវ​គ្រាប់​កាំភ្លើង បាន​ប្រាប់​ VOA នៅថ្ងៃ​ច័ន្ទ​នេះ​ថា​លោក​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះ​ស្រាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​លោក​បាន​ជា​សះ​ស្បើយ​ខណៈ​លោក​កំពុង​បារម្ភ​អំពី​ជីវភាព​គ្រួសារ ដោយសារ​លោក​មិន​អាច​ធ្វើ​ការ​បាន​នៅ​ពេល​នេះ​ហើយ​ដី​ធ្លី​របស់​លោក​សរុប​ជាង​កន្លះ​ហិកតា​នឹង​បាត់​បង់​នា​ពេល​ខាង​មុខ។ លោក​ចង់​បាន​ដំណោះស្រាយ​ដ៏​យុត្តិធម៌​មួយ​ក្នុង​រឿង​ទំនាស់​ដី​ធ្លី​នេះ។

លោក​ថ្លែង​ថា៖ «ធ្វើ​ម៉េច​ឲ្យ​តែ​គាត់​ជួយ​ដោះ​ស្រាយ​ខ្ញុំ​ឲ្យ​មើ​ល​[ព្យាបាល]​ឲ្យ​បាន​ជា​ទៅ។ ជីវភាព​របស់​ខ្ញុំ​ហ្នឹង​ណា​ដែលខ្ញុំ​[ត្រូវ​ទាហាន]​បាញ់​ត្រូវខ្ញុំ​ខាត់​បាត់​បង់​វា​អស់​ច្រើន​ដែរ។ បន្តិច​បន្ទួច​ស្តូច​ស្តើង​អី​ចេះ​តែ​គិត​ឲ្យ​ប្រជា​ពល​រដ្ឋ​ទៅ​ប្រជាពល​រដ្ឋ​ក៏​មិន​ថា​អី​ដែរ​ឲ្យ​តែ​គិត​ឲ្យ​យក​អី​យក​ទៅ»។​

លោក​បន្ត​ថា​ដោយ​សារ​តែ​មិន​មានអ្នក​ណា​ម្នាក់​នៅ​ផ្ទះមើល​ថែទាំ​កូនៗ​របស់​លោកនិងមិន​មាន​អ្នក​ណា​ម្នាក់មើល​ថែរូប​លោក​ផ្ទាល់​នៅ​ឯ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ខណៈ​ភរិយា​របស់​លោកត្រូវ​បាន​ពេទ្យ​យក​ទៅ​ធ្វើ​ចត្តាឡីស័ក​ក្រោយ​សង្ស័យមាន​អាការៈ​ជំងឺ​កូវីដ​១៩​លោក​ មុំ​ ចាន់ថា​ក៏​បាន​សុំ​ពេទ្យ​ទៅ​សម្រាក​ព្យាបាល​បន្ត​នៅ​ផ្ទះ​របស់​លោក​ក្នុង​ខេត្ត​កណ្តាល​វិញ ហើយ​ពេទ្យ​បាន​យល់​ព្រម។​

ខណៈ​ដៃ​កំពុង​តែ​ព្យួរសេរ៉ូម​និង​នៅ​មាន​ការ​ឈឺ​ចាប់​ដោយ​របួស​ស្នាម​នៅ​ឡើយ​កសិករ​មាន​កូន​៤​នាក់រូប​នោះ​បញ្ជាក់​ថា៖ «អញ្ចឹង​ដល់​ពេល​គេ​យក​ប្រពន្ធ​ខ្ញុំ​មក​ខ្ញុំ​អត់​មាន​លុយ​ចាយ​រលីង​ប្រពន្ធ​ខ្ញុំ​យក​មក​អស់​រលីង​គេ​អត់​ទុក​ឲ្យ​យើង​ផង​ហើយ​ប្រពន្ធ​យក​លុយ​ឲ្យ​ខ្ញុំ​គេ​អត់​ឲ្យ​យក​ឲ្យ​ទៀត​គេ​បង្ខំ​ឲ្យ​ប្រពន្ធ​ខ្ញុំ​ឡើង​មក​ប្រឹបៗ​បណ្តោយ​ដល់​អញ្ចឹង​ខ្ញុំ​ដាច់​បាយ​ម្សិលមិញ ដាច់​ឡើង​មុខ​ដូច​ខ្មោច​និយាយ​ត្រង់​ហ្មង។​ដល់​ពេល​ហើយ​ខ្ញុំ​លើក​ដៃ​សំពះ​ពេទ្យ​សុំ​ពេទ្យ​ចេញ​បានចេញ​មក​យប់​មិញ​ហ្នឹង»។

ជន​រងគ្រោះនៅ​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​ជំរុញ​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់​លើ​ករណី​របស់​លោក។ លោក មុំ ចាន់​ថា​ឲ្យ​ដឹង​ថា​លោក​ក៏​ទទួល​បាន​ជំនួយ​ជា​ថវិកា​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ផង​ដែរ។

​លោក អំ​ សំអាត នាយក​រង​ផ្នែក​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​នៃ​អង្គការ​សិទ្ធិមនុស្សលីកាដូ បាន​ប្រាប់​ VOA ​ថាទោះ​បី​ជា​ជន​រង​គ្រោះ​មាន​ការ​ភ័យ​ខ្លាច​ក្នុងការ​ដាក់​ពាក្យ​បណ្តឹង​ស្វែង​រក​មុខ​ជន​បង្ក​មក​ផ្តន្ទា​ទោស​ក៏​ដោយ នេះ​ជា​ករណី​ព្រហ្មទណ្ឌ ដែល​ព្រះរាជ​អាជ្ញា​ត្រូវ​តែ​មាន​ចំណាត់ការ​ហើយ​ស៊ើប​អង្កេត​តាម​ស្វែង​រក​ជន​បង្កមកផ្តន្ទា​ទោស៕​

XS
SM
MD
LG