បទយកការណ៍ភាគទី៣ដែលជាភាគបញ្ចប់
គ្រួសាររបស់ជនរងគ្រោះដែលបានទៅធ្វើការជាអ្នកបម្រើតាមផ្ទះគេនៅប្រទេសម៉ាឡេស៊ីបានបង្ហាញក្តីសង្ឃឹមតិចតួចថា នឹងទទួលបានយុត្តិធម៌ ដោយសារពាក្យបណ្តឹងរបស់ពួកគេប្រឆាំងនឹងមេខ្យល់និងក្រុមហ៊ុនជ្រើសរើសពលករទៅក្រៅប្រទេសនោះមិនត្រូវបានគេដោះស្រាយ។
ថ្វីបើស្ថានភាពរបស់តៃ ចំប៉ីបានប្រសើរឡើងវិញបន្តិចក៏ដោយ ក៏ឪពុកម្តាយរបស់នាងនៅមិនទាន់ស្ងប់ចិត្តនៅឡើយដែរ ដោយពួកគេត្រូវការយុត្តិធម៌និងការទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងមកលើកូនស្រីរបស់ពួកគេ។
តៃ ចំប៉ី ដែលរស់នៅក្នុងភូមិដំណាក់ចិន ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារនេះ បានទៅធ្វើជាអ្នកបម្រើតាមផ្ទះគេនៅប្រទេសម៉ាឡេស៊ីអស់រយៈពេល៧ខែ តាមរយៈក្រុមហ៊ុនជ្រើសរើសពលករមួយឈ្មោះ TSE ហើយវិលត្រឡប់មកផ្ទះវិញក្នុងសភាពខុសប្រក្រតីទាំងអាកប្បកិរិយានិងការនិយាយស្តី ដែលឪពុកម្តាយនិងអ្នកភូមិរបស់នាងចាត់ទុកថា ដូចជាមនុស្សឆ្កួត។
ចំប៉ីអះអាងថា នាងត្រូវបានថៅកែនិងភ្នាក់ងាររបស់ក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ីវាយធ្វើបាបយ៉ាងដំណំដោយដៃ ដំបង ការភ្ជង់កាំភ្លើងគំរាមនិងការបង្ខាំងក្នុងបន្ទប់ដែលត្រជាក់ខ្លាំងជាដើម នៅក្នុងអំឡុងពេលដែលនាងស្នាក់នៅនិងធ្វើការជាអ្នកបម្រើតាមផ្ទះគេនៅទីនោះ។
ក្រុមហ៊ុន TSE បានផ្តល់ប្រាក់ចំនួន២លានរៀលដល់គ្រួសាររបស់យុវតីតៃ ចំប៉ី បន្ទាប់ពីអតីតអ្នកបម្រើតាមផ្ទះគេនៅប្រទេសម៉ាឡេស៊ីរូបនេះត្រូវបានបញ្ជូនវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយមានសភាពដូចជាមនុស្សឡប់សតិកាលពីជាង២ខែមុននោះ។
អ្នកស្រីសៅ អ៊ោន ម្តាយរបស់ចំប៉ី មានប្រសាសន៍ថា ចំនួនទឹកប្រាក់នេះមិនគ្រប់គ្រាន់ដើម្បីធ្វើឲ្យអ្នកស្រីស្ងប់ចិត្តនោះទេ។
«លុយ២លានមិនបានស្មើជីវិតកូនខ្ញុំមួយទេ។ កាលដើមកូនខ្ញុំល្អ ប៉ុន្តែតំណាក់កាលនេះយ៉ាងម៉ិចបានជាកូនខ្ញុំវិលត្រឡប់ពីប្រទេសក្រៅវិញ មកដល់ប្រទេសខ្លួនឯងវិញកើតឆ្កួតកើតរម៉ើល»។
អ្នកស្រីសៅ អ៊ោនមានប្រសាសន៍បន្ថែមថា អ្នកស្រីចង់បានសំណងជាទឹកប្រាក់យ៉ាងតិចចំនួន២ពាន់ដុល្លារសហរដ្ឋអាមេរិកសម្រាប់យកមកព្យាបាលចំប៉ី ហើយក៏បានប្តឹងទាមទារឲ្យក្រុមហ៊ុន TSE និងអ្នកជ្រើសរើសពលករក្នុងស្រុកឈ្មោះ សៀ ទ្រីកួយនិងភរិយារបស់គាត់ឈ្មោះតុន រ៉ាន់ ឲ្យទទួលខុសត្រូវនៅចំពោះមុខច្បាប់ចំពោះហេតុការណ៍ដែលបានកើតឡើងមកលើកូនស្រីរបស់អ្នកស្រី។
ប៉ុន្តែពាក្យបណ្តឹងរបស់អ្នកស្រីសៅ អ៊ោននិងប្តីរបស់គាត់គឺលោករស់ ឈឿននោះត្រូវបានអាជ្ញាធរបញ្ជូនត្រឡប់មកឲ្យពួកគាត់វិញចំនួន៣ដងរួចមកហើយ ដោយពួកគេអះអាងថា ពាក្យបណ្តឹងនោះសរសេរមិនត្រឹមត្រួវ។
លោករស់ ឈឿន ឪពុករបស់ចំប៉ី មានប្រសាសន៍នៅលើខ្ទមចម្ការរបស់លោកដែលស្ថិតនៅចម្ងាយជាង២០គីឡូម៉ែត្រពីផ្ទះថា លោកមានសង្ឃឹមតិចតួចណាស់ថា នឹងទទួលបានយុត្តិធម៌នោះ។
«ខ្ញុំគ្មានសង្ឃឹមទេ បើស្ងាត់រហ៊ាមអញ្ចេះ។ ឃើញតែហៅសួរៗប៉ុណ្ណឹងឯង មិនឃើញនិយាយអីផង»។
លោកសុខ លុយ មេឃុំរស្មី ស្រុករវៀងនេះ មានប្រសាសន៍ថា លោកបានចុះហត្ថលេខាលើពាក្យបណ្តឹងរបស់ឪពុកម្តាយតៃ ចំប៉ីនេះ បីដងរួចមកហើយ ហើយក៏បានបញ្ជូនពាក្យបណ្តឹងនោះទៅឲ្យអាជ្ញាធរស្រុករួចហើយដែរ។
«ធ្វើបីសារហើយ ធ្វើម្តងថា ខុសទៅដល់ខេត្តខុស មកធ្វើម្តងទៀត។ លើកទី២បញ្ជូនដល់កន្លែងការងារ គេថាខុស បញ្ជូនមកមួយសារទៀត ឲ្យធ្វើម្តងទៀត។ ខ្ញុំស៊ីញ៉េឲ្យបីដងហើយ»។
លោកសុខ លុយមានប្រសាសន៍ថា ពាក្យបណ្តឹងនោះត្រូវបានគេអះអាងថា សរសេរខុស ត្រង់ការបញ្ជាក់ថា យុវតីតៃ ចំប៉ីត្រូវបានភ្នាក់ងារក្រុមហ៊ុនវាយធ្វើបាបរហូតដល់ឡប់សតិ ទើបបញ្ជូនមកប្រទេសកម្ពុជាវិញ។
ប៉ុន្តែលោកឯ សារ៉ូ អភិបាលស្រុករវៀង មានប្រសាសន៍ថា លោកពុំដែលទទួលបានពាក្យបណ្តឹងរបស់គ្រួសារតៃ ចំប៉ីនេះទេ ដោយលោកអះអាងថា រាល់ការធ្វើលិខិតស្នាមក្នុងការជ្រើសរើសនិងបញ្ជូលពលករក្នុងស្រុករបស់លោកឲ្យទៅធ្វើការនៅក្រៅប្រទេសនោះគឺធ្វើ ឡើងត្រឹមថ្នាក់ភូមិ និងឃុំជាមួយក្រុមហ៊ុនជ្រើសរើសពលករទៅក្រៅប្រទេសតែប៉ុណ្ណោះ។
អ្នកស្រីតុន រ៉ាន់ និងលោកសៀ ទ្រីកួយ ដែលបានជ្រើសរើសតៃ ចំប៉ីឲ្យទៅធ្វើការជាអ្នកបម្រើតាមផ្ទះគេនៅប្រទេសម៉ាឡេស៊ីនោះ មានប្រសាសន៍នៅអែបនឹងហាងខារ៉ាអូខេរបស់អ្នកទាំងពីរក្នុងស្រុករវៀងនេះថា លោកនិងលោកស្រីជ្រើសរើសពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ីដោយស្របច្បាប់ ដូច្នេះការទទួលខុសត្រូវចំពោះហេតុការណ៍ដែលកើតឡើងមកលើតៃ ចំប៉ីនោះគឺមិនមែនស្ថិតនៅលើលោកនិងលោកស្រីទាំងស្រុងនោះទេ។
«គេប្តឹង មានតែខ្ញុំទទួលខុសត្រូវដែរ។ ប៉ុន្តែចាំមើលគេស្រាវជ្រាវ ពីព្រោះមនុស្សនេះនៅកន្លែង Agency វាបានបង្ករឿងពីរបីដងដែរ»។
លោកសេង សិទ្ធិជ័យ អគ្គនាយកក្រុមហ៊ុន TSE មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោក អាចមានលទ្ធភាពផ្តល់ជូនគ្រួសាររបស់យុវតីតៃ ចំប៉ីត្រឹមតែ២លានរៀលប៉ុណ្ណោះសម្រាប់ការចំណាយទៅលើការព្យាបាលនាង។
«ចង់និយាយថា ក្រុមហ៊ុនជួយឧបត្ថម្ភប៉ុណ្ណឹងតាមកម្រិតរបស់ក្រុមហ៊ុន។ ចង់ជួយគាត់ដែរ ធ្វើយ៉ាងម៉ិច បើកើតរឿងអញ្ចឹងហើយ។ យើងក៏អត់ចង់ឲ្យកើតដែរ»។
លោកសេង សិទ្ធិជ័យមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនរបស់លោកក៏សុខចិត្តជួយនាំតៃ ចំប៉ីទៅពិនិត្យព្យាបាលនៅឯមន្ទីរពេទ្រមិត្តភាពខ្មែរ សូវៀត ដែលជាមន្ទីរពេទ្ររដ្ឋ ក្នុងទីក្រុងភ្នំពេញទទួលពិនិត្យ និងព្យាបាលជំងឺផ្លូវចិត្ត ប្រសិនបើគ្រួសាររបស់នាងនាំយកនាងទៅព្យាបាលនៅទីក្រុងភ្នំពេញនោះ។
សូមបញ្ជាក់ថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានកំណត់ឲ្យក្រុមហ៊ុនឯកជនដែលជ្រើសរើសនិងបញ្ជូនពលករឲ្យទៅធ្វើការនៅក្រៅប្រទេស ត្រូវតម្កល់ប្រាក់ចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកនៅក្នុងគណនីរបស់ក្រសួង សម្រាប់ប្រើប្រាស់ជាសំណងដល់ពលករក្នុងករណីដែលមានឧបទ្ទវហេតុអាក្រក់ណាមួយកើតឡើងចំពោះពលករដែលទៅធ្វើការនៅក្រៅប្រទេសនោះ។
លោកវង សូត រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ប្រាប់ក្រុមអ្នកតំណាងរាស្រ្តក្នុងសភាកាលពីខែតុលាកន្លងទៅនេះថា ក្រសួងរបស់លោកបានរៀបចំធ្វើកិច្ចសន្យាជាមួយគ្រប់បណ្តាក្រុមហ៊ុនជ្រើសរើសពលករទៅក្រៅប្រទេសដែលបានចុះបញ្ជីជាមួយក្រសួងរបស់លោកហើយ។
«ក្រសួងបានដំណើរការពង្រឹងការគ្រប់គ្រងតាមរយៈការរៀបចំឯកសារសំខាន់ៗមួយចំនួនទាក់ទងនឹងទេសន្តរប្រវេសន៍ការងារ ដូចជា រៀបចំជាកិច្ចសន្យាគម្រូសម្រាប់ការអនុវត្ត ដោយឯកភាពចំពោះគ្រប់ក្រុមហ៊ុន»។
ប៉ុន្តែលោកពុំបានបញ្ជាក់អំពីវិធានការជាក់លាក់នៅក្នុងកិច្ចសន្យាទាក់ទងនឹងការផ្តល់សំណងដល់ជនរងគ្រោះដែលចេញទៅធ្វើការនៅក្រៅប្រទេសតាមរយៈក្រុមហ៊ុនឯកជនទាំងនោះឡើយ។
អ្នកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែជាអ្នករៀបចំជ្រើសរើសនិងបញ្ជូនពលករទៅក្រៅប្រទេសដោយខ្លួនឯង ជាជាងអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជាអ្នកធ្វើកិច្ចការងារនេះ ដើម្បីធានាសុវត្ថិភាពពលករចំណាកស្រុកទៅធ្វើជាអ្នកបម្រើតាមផ្ទះគេនៅក្រៅប្រទេសនោះ។
«បើធ្វើរបៀបអញ្ចឹងខ្ញុំថា ការពារបានច្រើនណាស់ មិនសូវមានការរំលោភសិទ្ធិមនុស្សទេ។ ទី១ មេខ្យល់ដែលយកទៅខុសគោលការណ៍អត់បានទេ ព្រោះរដ្ឋាភិបាលជាអ្នករើស ហើយលោកជូនដំណើរទៅទៀត។ ចុះមានអីនៅក្រសួងការងារយើងមានមនុស្សច្រើនសឹងអី»។
ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយរបស់តៃ ចំប៉ីនិយាយថា ពួកគេចង់ឃើញយុត្តិធម៌និងការទទួលខុសត្រូវដ៏សមស្របមួយសម្រាប់តៃ ចំប៉ី ដើម្បីឲ្យកូនស្រីរបស់ពួកគេនេះអាចវិលត្រឡប់មករកជីវិតរបស់នាងក្នុងសភាពប្រក្រតីដូចមុនពេលចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនោះ៕