សហចៅក្រមស៊ើបអង្កេតនឹងមិនឆ្លើយតបនឹងលិខិតចំហរបស់ក្រុមជនរងគ្រោះពីការលើកទំនប់បឹងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យទេ។ លិខិតចំហបង្ហាញពីការព្រួយបារម្ភអំពីសំណុំរឿង០០៤ដ៏ចម្រូងចម្រាស់។ ក៏ប៉ុន្ដែ សាលាក្តីខ្មែរក្រហមឲ្យដឹងថា សហចៅក្រមស៊ើបអង្កេតនៅតែបន្ដស៊ើបអង្កេតសំណុំរឿងនេះនៅឡើយ។
កាលពីថ្ងៃទី២៩ មិថុនា ប្រជាពលរដ្ឋចំនួនប្រាំរូបដែលអះអាងថា ខ្លួនតំណាងឲ្យជនរងគ្រោះដោយរបបខ្មែរក្រហមចំនួន៥៥០គ្រួសារ ក្នុងឃុំជីក ឃុំប៉ាយចា និងឃុំភ្នំជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានផ្ញើលិខិតចំហមួយច្បាប់ជូនសហចៅក្រមស៊ើបអង្កេតលោកយូ ប៊ុនឡេង និងលោកស៊ីកហ្វ្រ៊ីក ប៊្លុង ដោយស្នើឲ្យសហចៅក្រមស៊ើបអង្កេតជំរុញការងាររបស់ខ្លួនលើសំណុំរឿង០០៤ ប្រកបទៅដោយឯករាជ្យភាព។
ក្រុមប្រជាពលរដ្ឋអះអាងថា ខ្លួនគឺជាជនរងគ្រោះនៅក្នុងការលើកទំនប់អាងត្រពាំងថ្មដែលនៅទីនោះមានប្រជាពលរដ្ឋយ៉ាងតិចចំនួន៣២.០០០នាក់ត្រូវពួកខ្មែរក្រហមកេណ្ឌយកទៅធ្វើការដោយបង្ខំក្នុងចន្លោះឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៩។ មនុស្សជាច្រើនពាន់នាក់បានស្លាប់ និងត្រូវបានសម្លាប់នៅទីនោះ។
ក្រុមប្រជាពលរដ្ឋបានសរសេរនៅក្នុងលិខិតចំហថា ពួកគេព្រួយបារម្ភថា សំណុំរឿង០០៤ ដែលគ្របដណ្ដប់វិសាលភាពលើតំបន់អាងត្រពាំងថ្មនេះត្រូវទាត់ចោល។ ពួកគេបានស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿងនេះ។
សារអេឡិចត្រូនិចពីការិយាល័យសហចៅក្រមស៊ើបអង្កេតដែលវីអូអេខ្មែរទទួលបាននៅថ្ងៃនេះបញ្ជាក់ថា សហចៅក្រមស៊ើបអង្កេតនឹងមិនឆ្លើយតបលិខិតចំហបែបនេះទេដោយហេតុថា ការស៊ើបអង្កេតគឺជាការសម្ងាត់ ហើយសហចៅក្រមស៊ើបអង្កេតកំពុងតែស៊ើបអង្កេត។ ឧក្រិដ្ឋកម្មដែលក្រុមប្រជាពលរដ្ឋបានលើកឡើងក្នុងលិខិតចំហទាក់ទងនឹងសំណុំរឿង០០៤នោះ គឺជាផ្នែកមួយរបស់សំណុំរឿង០០២ដែលកំពុងរង់ចាំការបើកសវនាការ។
លោកហុង គឹមសួន ដែលជាមេធាវីតំណាងដើមបណ្ដឹងរដ្ឋប្បវេណីចំនួនប្រាំមួយរូបក្នុងសំណុំរឿង០០៣ និង០០៤ និងដែលបានជួយសម្រួលលិខិតចំហនេះទៅកាន់ការិយាល័យសហចៅក្រមស៊ើបអង្កេតមានប្រសាសន៍ថា រូបលោកនិងក្រុមប្រជាពលរដ្ឋម្ចាស់លិខិតចំហនឹងរង់ចាំតាមដានការវិវត្តន៍នៃសំណុំរឿង០០៤នេះតទៅទៀត។ លោកថ្លែងដូច្នេះថា៖
«យើងជូនព័ត៌មានតាមការកង្វល់របស់ប្រជាពលរដ្ឋដែលគាត់ឮថា តុលាការនេះនឹងច្រានចោលករណី០០៤ ទើបគាត់ធ្វើលិខិតចំហដើម្បីឲ្យដឹងថា ពួកគាត់មានកង្វល់ គាត់ចង់ចូលរួមបន្ដក្នុងករណី០០៤ នេះ។ ប្រជាពលរដ្ឋក៏គាត់ចាំមើលដែរថា ប្រសិនបើមិនមានការបោះបង់ ឬក៏ច្រានចោលករណី០០៤ទេ ពួកគាត់នឹងត្រៀមខ្លួនចាំចូលរួមក្នុងនាមជាដើមបណ្ដឹងរដ្ឋប្បវេណី ឬជាសាក្សី»។
សាលាក្តីខ្មែរក្រហមបានបញ្ចប់ការកាត់ក្ដីសំណុំរឿង០០១ កាលពីខែមិនា ឆ្នាំ២០១១នេះនៅអង្គជំនុំជម្រះតុលាការកំពូលដោយរង់ចាំតែការប្រកាសសាលដីការតែប៉ុណ្ណោះ។ សំណុំរឿង០០២ដែលមានមេដឹកនាំកំពូលខ្មែរក្រហមចំនួនបួននាក់គ្រោងនឹងបើកសវនាការពេញអង្គសេចក្ដីនៅខែកញ្ញាឆ្នាំនេះ។
ក្រុមអ្នកតាមឃ្លាំមើលសាលាក្ដីខ្មែរក្រហមបានបន្ទោសថា ការស៊ើបអង្កេតឬក៏ព័ត៌មានស្ដីពីសំណុំរឿង០០៣ និង០០៤ បានស្ថិតនៅក្នុងភាពសម្ងាត់ជាខ្លាំង ហើយជនរងគ្រោះមិនអាចទទួលព័ត៌មានជាដុំកំភួន និងជាក់លាក់សម្រាប់ចូលរួមនៅក្នុងដំណើរការរឿងក្ដីនេះទេ។
កាលពីពាក់កណ្ដាលខែមិថុនា សហព្រះរាជអាជ្ញាបរទេស លោក អ៊ែនឌ្រូ ខេលី បានស្នើឲ្យសហចៅក្រមស៊ើបអង្កេតបន្ថែមការស៊ើបអង្កេតរបស់ខ្លួនលើសំណុំរឿង០០៤ ទាក់ទងទៅនឹងឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តលើជនជាតិខ្មែរកម្ពុជាក្រោមនៅក្នុងខេត្តតាកែវ និងនៅក្នុងខេត្តពោធិ៍សាត់៕