ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​ចេញផ្សាយ​ទីតាំង​ស៊ើបអង្កេត​ក្នុង​ករណី​ដ៏​ចម្រូង​ចម្រាស


ការចេញ​ទម្លាយ​នូវព័ត៌មាន​ស្ដីពី​ការស៊ើប​អង្កេត​នេះ​ធ្វើឡើង​បួនថ្ងៃ​ ប៉ុណ្ណោះ​បន្ទាប់​មាន​ការ​ជំរុញ​​ពី​សហ​​ព្រះរាជ​អាជ្ញា​​អន្ដរជាតិ​លោក​​ អាន់ឌ្រូ ខេយលី (Andrew​ Cayley)។
ការចេញ​ទម្លាយ​នូវព័ត៌មាន​ស្ដីពី​ការស៊ើប​អង្កេត​នេះ​ធ្វើឡើង​បួនថ្ងៃ​ ប៉ុណ្ណោះ​បន្ទាប់​មាន​ការ​ជំរុញ​​ពី​សហ​​ព្រះរាជ​អាជ្ញា​​អន្ដរជាតិ​លោក​​ អាន់ឌ្រូ ខេយលី (Andrew​ Cayley)។

សហ​ចៅក្រម​ស៊ើបអង្កេត​លោកយូ​ ប៊ុនឡេង​ និង​លោក​ ស៊ិកហ្វ្រិត ​ប៊្លុង ​របស់​សាលាក្ដី​ខ្មែរ​ក្រហមបាន​ចេញ​ផ្សាយជា​សាធារណៈ​នូវ​ព័ត៌មាន​ស្ដីពី​ការស៊ើបអង្កេត​ក្នុង​សំណុំរឿង​០០៤ ​នៅថ្ងៃច័ន្ទ​នេះ​ដោយ​បង្ហាញ​នូវទី​តាំង​ស៊ើបអង្កេត​ក្នុង​ខេត្ត​ចំនួន​ប្រាំមួយ ​រួមទាំង​មន្ទីរ​សន្ដិសុខនិង​ទីតាំងសម្លាប់​មនុស្ស​ទៀតផង។

ការចេញ​ទម្លាយ​នូវព័ត៌មាន​ស្ដីពី​ការស៊ើប​អង្កេត​នេះ​ធ្វើឡើង​បួនថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​មាន​ការ​ជំរុញពី​សហព្រះរាជ​អាជ្ញាអន្ដរជាតិ​លោក អាន់ឌ្រូ ខេយលី (Andrew​ Cayley)។ ​លោក អាន់ឌ្រូ ខេយលី​ ចាត់ទុក​ថា ​ការ​ផ្ដល់ព័ត៌មាន​អំពី​សំណុំ​រឿង​០០៤​នេះ​ដល់​ជនរងគ្រោះ​នឹងផ្ដល់ផលប្រយោជ​ន៍យ៉ាង​សំខាន់​សម្រាប់​ពួកគេ​ដែលចង់ចូល​រួម​ក្នុង​ដំណើរការ​ក្ដី​ចុងក្រោយនេះ។

មានការធ្វើ​ឲ្យមាន​សម្ពាធ​ប្រកប​ទៅ​ដោយ​ការ​រិះគន់​ជាខ្លាំង​ទៅលើ​ក្រុម​សហ​ចៅក្រម​ស៊ើបអង្កេតដោយសារ​តែ​ការ​រក្សា​ព័ត៌មាន​នៃ​ការស៊ើប​អង្កេត​ក្នុង​សំណុំរឿង​០០៣​និង​សំណុំ​រឿង​០០៤​ទុកជាការណ៍​សម្ងាត់។

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​សហ​ចៅក្រម​ស៊ើបអង្កេត​លោក​ យូ ​ប៊ុនឡេង​ និងលោកស៊ិតហ្វ្រិក ប៊្លុង ​ហាក់ដូចជា​ចង់​សម្អាត​នូវ​សេចក្ដី​អត្ថាធិប្បាយ​ក្រៅ​ផ្លូវការ​មួយ​ចំនួន​ដោយ​លើកឡើងថា ​ការ​ចេញផ្សាយ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ជាច្រើននាពេល​កន្លង​មក​ទាក់ទង​នឹង​សំណុំរឿង០០៤ គឺជាព័ត៌មាន​«ដែល​មាន​លក្ខណៈ​ជា​ការ​ប៉ាន់ស្មាន»​ និង​ប្រកប​ទៅ​ដោយ«ការ​ភ័ន្ដច្រឡំ»។

សហ​ចៅក្រម​ស៊ើប​អង្កេត​ទាំងពីរ​រូប​បាន​រៀបរាប់​ជាចំណុច​គោលៗ​ដោយ​ពុំមាន​សេចក្ដី​អធិប្បាយឡើយ​អំពី​ទីតាំង​ដែល​មាន​ការ​ស៊ើបអង្កេតដូចជា​នៅ​ក្នុង​ភូមិភាគ​កណ្ដាល​នៃ​ខេត្ត​កំពង់ចាម​រួមមានមន្ទីរ​សន្ដិសុខ​ក្នុង​ស្រុក​ចំនួនប្រាំ ​ក្នុងនោះ​ដែរ​ក៏មាន​ការបង្ហាញ​អំពី​ទីកន្លែង​សម្លាប់មនុស្ស ​និង​ការដ្ឋានធ្វើការ​ដោយ​បង្ខំ​ក្នុង​ស្រុក​ទាំងប្រាំនិង​ការប្រល័យ​ពូជសាសន៍​លើ​ជនជាតិចាម។ មាន​មន្ទីរ​សន្ដិសុខ​ និង​ទីកន្លែង​សម្លាប់​ចំនួន​បួន​នៅ​ក្នុង​ភូមិភាគ​កណ្ដាល​នៃ​ខេត្ត​កំពង់ធំ។​ ក្នុង​ខេត្តពោធិ៍សាត់​ក្រុមចៅក្រម​បង្ហាញ​ការស៊ើប​អង្កេត​លើ​គុកលេខ​ ៨​ក្នុងឃុំស្យា ​ស្រុកកណ្ដៀង ​និង​ទីតាំង​សម្លាប់​មនុស្សក្នុង​ស្រុក​កណ្ដៀង​ដូចគ្នា​នេះ។ មាន​ទីតាំង​សម្លាប់មនុស្ស ​និង​មន្ទីរ​សន្ដិសុខ​ចំនួន​ប្រាំពីរ​ក្នុង​ខេត្ត​បាត់ដំបង។

ដោយឡែក​សហចៅ​ក្រមស៊ើប​អង្កេត​បាន​បង្ហាញការស៊ើបអង្កេត​ក្នុង​តំបន់​ចំនួន​ប្រាំបីក្នុងខេត្តបន្ទាយ​មានជ័យក្នុង​នោះ​មាន​មន្ទីរ​សន្ដិសុខ ​ទីតាំង​សម្លាប់​មនុស្ស​ និង​ការដ្ឋាន​ធ្វើការ​ដោយ​បង្ខំដូចជា​ការដ្ឋាន​ទំនប់​ត្រពាំងថ្ម ​និង​ការដ្ឋាន​ស្ពានស្រែង​ និង​ទំនប់​ព្រៃ​រនាម​ក្នុង​ស្រុក​ព្រះនេតព្រះ។ ក្រៅពីនោះ​មាន​ការស៊ើប​អង្កេត​លើ​មន្ទីរ​សន្ដិសុខ​វត្ត​ប្រធាតុ ​ក្នុង​ស្រុក​គិរីវង់​ខេត្តតាកែវ ​ដែល​តំណាងឲ្យ​ភូមិភាគ​និរតី ​របស់​ពួក​ខ្មែរក្រម។ ​សហ​ចៅក្រម​ស៊ើបអង្កេត​ក៏​បាន​បញ្ជាក់​ពី​ការស៊ើបអង្កេត​ លើ​គោលការណ៍​បោសសម្អាត​ក្នុង​ភូមិ​ភាគ​កណ្ដាល​ និង​ការបោស​សម្អាត​នៅ​ភូមិភាគ​ពាយ័ព្យ​ផងដែរ។

លោក​ អាន់ឌ្រូ ខេយលី ​បានឆ្លើយ​តាម​សារ​អេឡិកត្រូនិក​ជាមួយ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នៅថ្ងៃនេះ​ថា​ លោក​មាន​សេចក្ដី​រីករាយ​ជាខ្លាំង​ដែល​ថាសហ​ចៅក្រម​ស៊ើបអង្កេត​«ធ្វើ​តាម​ច្បាប់» ​របស់តុលាការ​ហើយ​បាន​ធ្វើ​តាម​សំណើ​របស់​លោក។ លោក​សង្កត់ធ្ងន់​ថា ​ប្រជាពលរដ្ឋ​ដែល​តុលាការបម្រើ​រូបគាត់​នោះ ​មាន​សិទ្ធិ​នឹង​ទទួល​ព័ត៌មាន​ទាំងនេះ។

លោកស្រី ស៊ីល ស្ទូហ្សិនស្គី (Silke ​Stuzensky) មេធាវីមួយ​រូប​តំណាងឲ្យដើម​បណ្ដឹងរដ្ឋប្បវេណី​ក៏បាន​សម្តែង​ស្វាគមន៍​ដូចគ្នា​នេះ​ដែរ។

«ខ្ញុំ​សូម​ស្វាគមន៍​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​ស្ដីពី​វិសាលភាព​នៃ​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំរឿង០០៤។​ ឥឡូវ​យ៉ាងហោចណាស់​ជនរងគ្រោះស្ថិតក្នុង​ជំហរ​មួយ​ចំពោះ​អ្វី​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេតដើម្បី​សម្រេចចិត្ត​ថា​ តើ​ពួកគាត់​ចង់ក្លាយ​ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​ឬទេ?»

សហ​ចៅក្រម​ស៊ើប​អង្កេត បាន​បិទ​បញ្ចប់​ការស៊ើប​អង្កេត​សំណុំរឿង០០៣​ កាលពី​ខែ​មេសា​ ក៏ប៉ុន្តែលោក អាន់ឌ្រូ ខេយលី ​បាន​ហៅ​ការ​ស៊ើបអង្កេត​នោះ​ថា​មិនទាន់​ពេញលេញ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​នៅ​ថ្ងៃនេះ ​សហ​ចៅក្រម​ស៊ើបអង្កេត​ក៏បាន​អំពាវនាវ​ឲ្យ​ជនរងគ្រោះចាប់​ផ្ដើម​ដាក់ពាក្យ​ស្នើ​សុំតាំងខ្លួន​ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​ចាប់ពី​ពេលនេះ​សម្រាប់​សំណុំរឿង​០០៤៕

XS
SM
MD
LG