រយៈពេលនៃការផ្លាស់ប្តូរតំណែងនិងការដាក់ឲ្យមន្ត្រីយុត្តិធម៌ចូលនិវត្តន៍បានឈានមកដល់ហើយ។ តាមសេចក្តីរាយការណ៍ខ្លះឲ្យដឹងថា មានមន្ត្រីមួយចំនួននឹងមិនត្រូវធ្វើការផ្លាស់ប្តូរទេ បើទោះបីជាពេលវេលាផ្លាស់ប្តូរបានមកដល់តាមកំណត់ច្បាប់ក៏ដោយ។
មុនពេលកិច្ចប្រជុំ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលត្រូវគេគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃពុធនេះ ក្រុមអ្នកច្បាប់មួយចំនួនក្នុងប្រទេសកម្ពុជាបានទទូចសុំឲ្យមាន តម្លាភាព និង យុត្តិធម៌ចំពោះការសម្រេចផ្លាស់តំណែងធ្វើការនិងការដាក់ឲ្យចូល និវត្តន៍ចៅក្រមនិងព្រះរាជអាជ្ញាទូទាំងប្រទេស។
ការផ្លាស់ទីកន្លែងរៀងរាល់បួនឆ្នាំម្តងតាមគោលការណ៍សម្រេចដំបូងត្រូវគេរាយ ការណ៍មកថា បានអនុវត្តយ៉ាងតិចពីរដងហើយមកទល់ពេលនេះ។ សម្រាប់ការផ្លាស់ប្តូរជុំទី៣ នូវចៅក្រមនិងព្រះរាជអាជ្ញាជាថ្មី រួមនឹងការសម្រេចដាក់ឲ្យ ចូលនិវត្តន៍ផង គឺត្រូវរង់ចាំការសម្រេចរបស់កិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលបានពន្យាពេលប្រជុំជាច្រើនខែមកហើយនោះ។ អ្នកច្បាប់និងមន្ត្រីយុត្តិធម៌ ខ្លះបានអះអាងថា ចៅក្រមនិងព្រះរាជអាជ្ញាជាច្រើននាក់ធ្វើការនៅតុលាការ ខេត្ត ក្រុងសំខាន់ៗមួយចំនួននឹងមិនត្រូវគេផ្លាស់ទេ។ ហើយការចូលនិវត្តន៍ក៏មិនអាចកើតមានដែរចំពោះមន្ត្រីតុលាការជាច្រើន ទោះបីដល់អាយុកំណត់ក្តី។
លោក សុខ សំអឿន នាយកអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានអះអាងថាជាទូទៅ លោកសង្កេតឃើញចៅក្រមនិងព្រះរាជអាជ្ញាផ្លាស់ទៅកន្លែងផ្សេងតែក្រោយមកអ្នកខ្លះក៏វិលចូលដល់កន្លែងដើមវិញ ជាពិសេសកន្លែងដែលគេចង់បានជាងគេគឺតុលាការក្រុងភ្នំពេញ។
«ហេតុដូច្នេះបើសិនចង់ឲ្យរក្សាការផ្លាស់ប្តូរហ្នឹងជួយការពារដល់ឯករាជ្យភាពរបស់ចៅក្រម សំខាន់បំផុតឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវរឹងមាំមិនអាច រក្សាទុកអ្ហេរ អ្នកនេះល្អសម្រាប់បក្ស ឬក៏អ្ហេអ្នកនេះល្អសម្រាប់រដ្ឋអីហ្នឹងគឺថា មិនអាចធ្វើអញ្ចឹងបានទេត្រូវតែធ្វើការផ្លាស់ប្តូរជាទៀងទាត់តែម្តង។ហើយកន្លងមកវាអាចមានបញ្ហាថាចុះបើប្រធានតុលាការផ្លាស់ទៅយ៉ាងម៉េច? បើសិនជាអញ្ចឹង ប្រធានតុលាការយើងអាចផ្លាស់តាមប្រធានតុលាការទៅមិនមែនមាន ន័យថា ប្រធានតុលាការក្រុងភ្នំពេញហ្នឹងពូកែជាងគេល្អជាងគេ មិនមែនអញ្ចឹង ទេគឺថាប្រធានតុលាការគឺឋានៈស្មើគ្នា គឺមានការផ្លាស់ប្តូរគ្រប់ខេត្តគ្រប់អីអញ្ចឹង ទៅ។ ហើយធ្វើឲ្យមានការទៀងទាត់ កុំឲ្យមកកន្លែងដដែល»។
លោក សុខ សំអឿនបានអះអាងថាលោកមិនសូវខ្វល់បារម្ភនឹងការចូលនិវត្តន៍ ប៉ុន្មានទេ ដោយលោកមើលឃើញពីសារៈសំខាន់នៃចៅក្រមចាស់ៗ មានបទ ពិសោធខ្ពស់ មិនកោតខ្លាចនិងសម្ពាធណាមួយ។
«ដូច្នេះចំពោះរឿងការចូលនិវត្តន៍ចៅក្រម ខ្ញុំដូចជាមិនសូវជាបញ្ហាសំខាន់ទេ។តែបើយើងដាក់លក្ខខណ្ឌថា បើអ្នកឯងមិនចូលនិវត្តន៍ទេ គឺថាបានត្រឹមធ្វើចៅ ក្រមកាត់ក្តី ហើយមិនអាចធ្វើជាប្រធានបានទេ។បើសិនជាអញ្ចឹងខ្ញុំថាល្អដែរ ព្រោះយើងក៏យើងត្រូវការពួកគាត់ដែលមានបទពិសោធ ហើយដែលកាន់តែចាស់ទុំ ហើយដូចថាកាន់តែយុត្តិធម៌ហ្នឹង នៅជួយរកយុត្តិធម៌ ផ្តល់យុត្តិធម៌ឲ្យប្រជាពលរដ្ឋក៏បានដែរតែប្រការសំខាន់គឺត្រូវមានលក្ខខណ្ឌខ្លះកុំឲ្យនៅតែធ្វើធំ រហូត។ហើយយកល្អគឺថា អ្នកឯងចៅក្រមតុលាការកំពូលក៏ដោយ បើសិនជា ចូលនិវត្តន៍ហើយ មកចៅក្រមថ្នាក់ក្រោម ព្រោះបើគាត់នៅស្រឡាញ់វិជ្ជាជីវៈ អាហ្នឹង អូខេ គាត់ប្រាកដជាខំប្រឹងធ្វើឲ្យសេចក្តីសម្រេចរបស់គាត់ល្អប្រសើរ»។
ដោយសារគេគិតថាជាកន្លែងល្អជាងគេផងនោះ តុលាការក្រុងភ្នំពេញជាកន្លែងដែលក្រុមព្រះរាជអាជ្ញានិងចៅក្រម និងមន្ត្រីយុត្តិធម៌ទូទាំងប្រទេសសំឡឹង មើលមិនដាក់ភ្នែកពីការផ្លាស់ប្តូរ ពីការចូលនិវត្តន៍ ពីការដាក់ចៅក្រម និងព្រះរាជ អាជ្ញាថ្មីឲ្យបម្រើការ។
ចៅក្រមនិងព្រះរាជអាជ្ញាក្រុងភ្នំពេញមួយចំនួនត្រូវគេមើលឃើញថានៅតែបន្ត បំពេញមុខនាទីកន្លែងដដែលទោះដល់ពេលផ្លាស់តំណែង នឹងដល់អាយុចូល និវត្តន៍ក្តី។ ដោយឡែកចៅក្រម និងព្រះរាជអាជ្ញានៅខាងភាគឦសានវិញត្រូវ គេរាយការណ៍មកថា ត្រូវគេផ្លាស់ប្តូរទៅកាន់តែតំបន់ភាគឦសានដដែលៗ ដូចគ្នានឹងខេត្តដាច់ស្រយាលមួយចំនួនដែរ។
លោក កៅ សុផា មេធាវីមួយរូបបានអះអាងថាការផ្លាស់តំណែងតុលាការសម្រាប់ ចៅក្រម និងព្រះរាជអាជ្ញាមានការរើសអើង។ លោកបានថ្លែងថាស្ថាប័នតុលាការគួរត្រូវធ្វើយ៉ាងណាឲ្យមានគំរូផ្នែកយុត្តិធម៌ដើម្បីពលរដ្ឋមានការជឿទុកចិត្ត។ លោកបានចោទសួរ ថាបើតុលាការខ្លួនឯងមិនយុត្តិធម៌ផងតើឲ្យប្រជាពលរដ្ឋ ជាង១០លាននាក់ជឿយ៉ាងម៉េចបាន?
«សួរថាឲ្យប្រជាពលរដ្ឋគិតយ៉ាងម៉េចនៅពេលដែល «ច្បាប់» ពួកខាងតុលាការធ្វើខ្លួនឯងថា អាយុ៦០ឆ្នាំចូលនិវត្តន៍ ហើយថាបួនឆ្នាំឲ្យមានការផ្លាស់ប្តូរពីកន្លែង មួយទៅកន្លែងមួយ។ហើយស្រាប់តែពេលនេះឃើញថាអ្នកខ្លះក៏ផ្លាស់ទៅអ្នកខ្លះក៏មិនបានផ្លាស់ទៅ។ អញ្ចឹងធ្វើឡើង ឃើញថាវាអត់ស្មើភាព។បើអត់ស្មើភាព យើងឃើញថាវាអត់មានយុត្តិធម៌ក្នុងសង្គម»។
ថ្លែងក្នុងលក្ខខណ្ឌពុំឲ្យប្រាប់ឈ្មោះដោយខ្លាចការស្តីបន្ទោស មន្ត្រីយុត្តិធម៌និង មន្ត្រីតុលាការបាន អះអាងថាក្រសួងយុត្តិធម៌បានធ្វើរបាយការណ៍ដាក់ជូន គណៈរដ្ឋមន្ត្រីអំពីឈ្មោះចៅក្រមនិងព្រះរាជអាជ្ញាដែលត្រូវផ្លាស់ប្តូរកន្លែងធើ្វការ នោះជាច្រើនខែហើយ ដោយស្នើឈ្មោះចៅក្រមនិងព្រះរាជ្ញអាជ្ញាជាច្រើនដែលត្រូវផ្លាស់ប្តូរ។ មន្ត្រីដដែលបានអះអាងថា ការសម្រេចគឺស្ថិតនៅលើគណៈរដ្ឋមន្ត្រីថាត្រូវបន្ថែមប៉ុន្មាន ផ្លាស់ប្តូរប៉ុន្មាន ផ្លាស់នរណា ទុកនរណា ផ្លាស់ទៅ ទីណាជាដើម មុនពេលធ្វើបញ្ជីឈ្មោះចុងក្រោយស្នើទៅកាន់កិច្ចប្រជុំឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម។ មន្ត្រីដដែលពុំបានបញ្ជាក់ពីបញ្ជីឈ្មោះចូលនិវត្តន៍ នៃមន្ត្រីតុលាការនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដ៏មានឥទ្ធិពលត្រូវគេរាយការណ៍មកថាគ្រោងនឹងបើកកិច្ចប្រជុំសម្ងាត់នៅថ្ងៃ៨ ខែមិថុនាដើម្បីសម្រេច កិច្ចការ ទាក់ទងនឹងការផ្លាស់ប្តូរចៅក្រមនិងព្រះរាជអាជ្ញា ឬអាចជជែកពីការចូល និវត្តន៍ផងដែរ។ ការដាក់ពិន័យចៅក្រមនិងព្រះរាជអាជ្ញាមួយចំនួនដែលប្រព្រឹត្តល្មើស ក៏ត្រូវគេរំពឹងថានឹងពិភាក្សាសម្រេចផងដែរក្នុងកិច្ចប្រជុំពេញអង្គ ដែលគេចាត់ទុកថាចាំតែសម្រេចតាមអ្វីដែលក្រុមប្រឹក្សាវិន័យបានសម្រេចជាមុននោះ។
សមាជិកឧត្តមក្រុមប្រឹក្សាមាន៩រូប ភាគច្រើនមកពីតុលាការទាំង៣ថ្នាក់របស់ ប្រទេស។ ព្រះមហាក្សត្រជាព្រះរាជប្រធានស្ថាប័ននេះដែលមានសិទ្ធិដាក់ ទោសទណ្ឌ ពិន័យលើមន្ត្រីយុត្តិធម៌ទូទាំងប្រទេសនិងផ្លាស់ប្តូរ។
អ្នកច្បាប់ និង ក្រុមមន្ត្រីតុលាការមួយចំនួនបាននិយាយថាព្រះរាជអាជ្ញានិងចៅ ក្រមនៃតុលាការក្រុងភ្នំពេញមួយចំនួនដែលធ្វើការលើសពី៦ឆ្នាំទៅ១១ឆ្នាំមិន ត្រូវគេផ្លាស់ប្តូរទេ តែអ្នកទើបធ្វើការបានបួនឆ្នាំយ៉ាងតិចពីរនាក់ត្រូវគេគ្រោងនឹង ធ្វើការផ្លាស់ប្តូរក្នុងកិច្ចប្រជុំនៅថ្ងៃពុធនេះ។ នៅឧត្តមក្រុមប្រឹក្សានៃអង្គ ចៅក្រមក៏ដូចគ្នាដែរ មានសមាជិកមួយចំនួនដែលដល់អាយុចូលនិវត្តន៍ហើយ តែនៅបន្តការងារជាសមាជិកឧត្តមក្រុមប្រឹក្សាផងនិងជាមន្ត្រីតុលាការជាន់ខ្ពស់ផង។ ក្រុមអ្នកច្បាប់បានចោទសួរផងដែរថា ចុះបើពួកគេកាត់ក្តីខុសតើនរណាជាអ្នកដាក់ទោស និងពិន័យរូបគាត់ ដោយឡែកបើឧត្តមក្រុមប្រឹក្សាចង់កោះប្រជុំ ដើម្បីដាក់ឲ្យចូលនិវត្តន៍ឬផ្លាស់ប្តូរ សមាជិកនៃស្ថាប័នឧត្តមក្រុមប្រឹក្សា តើសមាជិកនៃស្ថាប័ននេះត្រូវគិតយ៉ាងណា?
«ព្រោះអីសមាជិកឧត្តមក្រុមប្រឹក្សាមួយចំនួនក៏គាត់ដល់អាយុចូលនិវត្តន៍ដែរ។ ហើយសមាជិកឧត្តមមួយចំនួនក៏គាត់ត្រូវដល់ពេលវេលាដែលត្រូវផ្លាស់ប្តូរដែរ។ អញ្ចឹងហើយវាជាបញ្ហាមួយជាចំណោទដែរ អញ្ចឹងបើគាត់ធ្វើជា អាប៊ីត (អាជ្ញាកណ្តាល) ផងអ្នកទាត់បាល់ផងប្រហែលជាគាត់មិនអាចលើកដៃ ឬក៏គាត់មិនអាចសម្រេចថាឲ្យគាត់ចូលនិវត្តន៍ ឲ្យគាត់ផ្លាស់ប្តូរទេ។ នេះជាចំណុចលំបាក»។
លោកមេធាវីកៅ សុផា ដែលនិយាយពីការណ៍ដែលមានកិច្ចប្រជុំតិចតួចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានទទូចថាការធ្វើច្បាប់សហលក្ខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញា និងការកែប្រែច្បាប់ប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជារឿងចាំបាច់ក្នុងការកែទម្រង់ប្រព័ន្ធតុលាការ។ លោកសុផា និងអ្នកច្បាប់ដទៃទៀតស្តីបន្ទោសរដ្ឋាភិបាលពីការខកខានចំពោះការមិនរៀបចំការបោះឆ្នោត ដែលចូលរួមដោយចៅក្រមនិងព្រះរាជអាជ្ញាទូទាំងប្រទេសដើម្បីជ្រើសរើស សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបីនាក់ក្នុងចំណោម៩នាក់។ ក្រុមអ្នកច្បាប់ក៏បានស្តីបន្ទោសផងដែរថារដ្ឋាភិបាលមិនកាត់ផ្តាច់សមាជិកឧត្តមក្រុមប្រឹក្សាផ្សេង ទៀតពីប្រធាន និងព្រះរាជអាជ្ញានៅតុលាការទាំងបីថ្នាក់។ ហើយមិនបានធ្វើ ច្បាប់សហលក្ខន្តិកៈសម្រាប់ចៅក្រមព្រះរាជអាជ្ញាដែលមានសេចក្តីព្រាងឡើង ជាង១០ឆ្នាំមកហើយនោះដែរ។
លោក បណ្ឌិត ឡៅ ម៉ុងហៃអតីតអ្នកសា្រវជ្រាវជាន់ខ្ពស់នៃគណៈកម្មការសិទ្ធិ មនុស្សអាស៊ីបានថ្លែងថា ការពន្យាការធ្វើច្បាប់សហលក្ខន្តិកៈចៅក្រមនិងព្រះ រាជអាជ្ញានាំឲ្យមានការសង្ស័យលើការអនុវត្តន៍ច្បាប់ នីតិរដ្ឋក្នុងប្រទេសកម្ពុជា និងប៉ះពាល់ដល់ការកាត់ក្តីប្រកបដោយយុត្តិធម៌។
«ដូច្នេះការពន្យាអញ្ចឹងទៅខ្ញុំថាធ្វើឲ្យមានការងឿងឆ្ងល់អំពីលក្ខណៈច្បាប់របស់ តុលាការខ្មែរយើងហ្នឹង។ រួចប្រព័ន្ធតុលាការដឹងស្រាប់ហើយជាប្រព័ន្ធសម្រាប់ អនុវត្តច្បាប់ រកយុត្តិធម៌ទៅតាមច្បាប់។ដូច្នេះវាមានការមន្ទិលសង្ស័យ ខ្ញុំមិន មែនថាខុសច្បាប់ទេ ប៉ុន្តែវាអត់ទាន់មានលក្ខណៈច្បាប់ត្រឹមត្រូវ»។
លោកម៉ុង ហៃ ថ្លែងថាច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលត្រូវគេធ្វើរួចហើយ។ ច្បាប់នោះត្រូវគេយកមកអនុវត្តន៍តាំងពីទសវត្សរ៍១៩៩០។ ហើយច្បាប់សហលក្ខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញាដ៏មានសារៈសំខាន់បំផុតផងនោះ គួធ្វើឲ្យបានចប់នៅពេលជាមួយគ្នានោះដែរ។ ក្រុមមន្ត្រីតុលាការមួយចំនួនបានអះអាងថា ការពន្យាពេលប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឬធ្វើច្បាប់សហលក្ខន្តិកៈ ចៅក្រម និងព្រះរាជអាជ្ញាអាចបង្កការលំបាកដល់ក្រុមចៅក្រម និងព្រះរាជអាជ្ញា រឿងបើកប្រាក់ខែដោយសារការគ្មានការសម្រេច និងព្រះរាជក្រិត។ ក្រុមមន្រ្តី ដដែលនិយាយថាការណ៍គ្មានកិច្ចប្រជុំគ្មានព្រះរាជក្រិតចេញអាចនាំឲ្យមានការគៃបន្លំប្រាក់ខែអ្នកដែលត្រូវចូលនិវត្តន៍។ មន្ត្រីដែលត្រូវចូលនិវត្តន៍ក៏មិនដឹងថា តើពួកគេត្រូវធ្វើការបន្តរហូតដល់ពេលណា គេបើកប្រាក់ខែចូលនិវត្តន៍ដោយរបៀបណា។
មន្ត្រីទទួលបន្ទុកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនិងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពុំ អាចទាក់ទងបានដើម្បីអត្ថាធិប្បាយបំភ្លឺនោះទេ។ អ្នកទទួលទូរស័ព្ទបានប្រាប់ថា លោកមិនបាននៅ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក យៃ ណារិនវិញបានអះ អាងថាលោកទើបតែចូលកាន់ការថ្មី។ លោកបង្វែរសំនួរទៅមន្ត្រីផ្សេង និង ក្រសួងទីស្តីការគណៈរដ្ឋមន្ត្រី។
ថ្លែងការពារកំណែទម្រង់របស់រដ្ឋាភិបាល លោក ស៊ុយ ម៉ុងលាង អគ្គលេខាធិការនៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ បានអះអាង ថា អ្នកចូលនិវត្តន៍គឺត្រូវបានការបើកប្រាក់ខែ មិនមានបញ្ហាអ្វីទេ ព្រោះក្រសួង យុត្តិធម៌បានរៀបចំកិច្ចការងារនេះហើយ។
លោកបានទទួលស្គាល់ថាការអនុវត្តន៍ខ្លះ មានការចន្លោះប្រហោង នោះជារឿង ធម្មតា។ លោកបានបន្ថែមថាកិច្ចការកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ដែល រដ្ឋាភិបាល កំពុងធ្វើបន្តគឺមិនអាចបំពេញចិត្តអ្នករិះគន់បានទេ ក៏ប៉ុន្តែអះអាងថា នឹងមាន ប្រយោជន៍សម្រាប់រយៈពេលវែង៕