ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គម​ស៊ីវិល​បង្ហាញ​ទស្សនៈ​ផ្សេង​គ្នា​ ចំពោះ​ការ​មិន​ចុះ​សម្រុង​គ្នា​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​ក្នុង​ករណី​ ០០៣​ និង​ ០០៤


ក្រុម​សង្គម​ស៊ីវិល​ បាន​បង្ហាញ​ទស្សនៈ​ផ្សេង​គ្នា​ នៅ​ជុំ​វិញ​ភាព​មិន​ចុះ​សម្រុង​គ្នា​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​ ក្នុង​ការ​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ជន​សង្ស័យ​ចំនួន​ ៥​ នាក់​បន្ថែម​ទៀត។​ អ្នក​ឃ្លាំ​មើល​ដំណើរការ​សាលាក្ដី​ខ្មែរ​ក្រហម​ខ្លះ​ចាត់​ទុក​ថា​ នេះ​គឺ​ជា​ជម្លោះ​ធម្មតា​ ក៏​ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​ចាត់​ទុក​ថា​ ទំនាស់​នេះ​ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ។

លោក​ គង់ សុឋានរិទ្ធ រាយការណ៍​ពិស្ដារ​ជូន​ពី​ទី​ក្រុង​ភ្នំពេញ​ ដូច​ត​ទៅ៖

មួយថ្ងៃ​ក្រោយ​ពី​ការ​បង្ហាញ​ជា​សាធារណៈ​ អំពី​ការ​ខ្វែង​គំនិត​គ្នា​ ក្នុង​ចំណោម​សហ​ចៅក្រម​ស៊ើប​អង្កេត​ ទាក់ទិន​ទៅ​នឹង​ការ​ចាប់​ផ្ដើម​ស៊ើប​អង្កេត​សំណុំ​រឿង​លេខ​ ០០៣​ និង​ ០០៤​ ក្រុម​មន្ដ្រី​អង្គការ​សង្គម​ស៊ីវិល​ បាន​លើក​ពី​ទស្សនៈ​ប្លែកៗ​គ្នា​ អំពី​ភាព​មិន​ចុះ​សម្រុង​គ្នា​នេះ។

លោក​ ឡាត់ គី​ អ្នក​សម្រប​សម្រួល​កម្មវិធី​សាលាក្ដី​ខ្មែរ​ក្រហម​ របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក​ អធិប្បាយ​ថា​ ទំនាស់​រវាង​សហ​ចៅក្រម​ស៊ើប​អង្កេត​ទាំង​ពីរ​បាន​បង្ហើប​នូវ​ពត៌មាន​ចំនួន​ពីរ​ ចេញ​ពី​ដំណើរ​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​លេខ​ ០០៣​ និង​ ០០៤​ នេះ។

“លទ្ធផល​វិជ្ជមាន​មួយ​ គឺ​យើង​បាន​ឮ​សូរ​ថា​ គាត់​បាន​ធ្វើ​ការ​ស៊ើប​អង្កេត ​ប៉ុន្ដែ​ខ្វែង​គំនិត​គ្នា។​ វា​សំខាន់​ គឺ​ប៉ះ​ពាល់​ទៅ​ដល់​ដំណើរការ​ស្វែង​រក​យុត្តិធម៌​ នៅ​ក្នុង​ការ​ធានា​ថា​ យុត្តិធម៌​សម្រាប់​សាលាក្ដី​នេះ​ អាច​មាន​លទ្ធភាព​ស៊ើប​អង្កេត ​តាម​ឯករាជ​វិជ្ជាជីវៈ​របស់ខ្លួន​ ឬ​មួយ​ក៏​មាន​ហេតុផល​អ្វី​នៅ​ពី​ក្រោយ​ខ្នង"។

សំណុំ​រឿង​លេខ​ ០០៣​ និង​លេខ​ ០០៤​ មាន​ជន​ជាប់​សង្ស័យ​ចំនួន​ ៥​ នាក់​ ដែល​ត្រូវ​បាន​ដៅ​ទុក​សម្រាប់​ជា​គោលដៅ​នៃ​ការ​ចោទ​ប្រកាន់។​ គឺ​អាច​ជា​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​បំផុត​របស់​ខ្មែរ​ក្រហម។

សណុំ​រឿង​លេខ​ ០០៣​ និង​ ០០៤​ នេះ​ត្រូវ​បាន​ស្នើ​ដោយ​អតីត​សហ​ព្រះ​រាជ​អជ្ញា​អន្ដរជាតិ​ លោក​ រ៉ូប៊ែ ប៉ឺទី​ ដែល​សុំ​លា​លែង​ពី​ការងារ​ក្រោយ​ពី​សំណើរ​របស់​លោក​ត្រូវ​បាន​ជំទាស់​ ដោយ​សហ​ព្រះ​រាជ​អជ្ញា​ជាតិ​ លោក​ស្រី​ ជា លាង​ ដែល​លោក​ស្រី​មាន​ជំហរ​ស្រប​គ្នា​ជា​មួយ​លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ ហ៊ុន សែន​ ដែរ​ ពោល​គឺ​ថា​ ការ​ស៊ើប​អង្កេត​សំដៅ​ចាប់​ខ្លួន​ជន​សង្ស័យ​បន្ថែម​ណា​មួយ​មិន​មាន​ការ​ចាំបាច់​នោះ​ទេ​ និង​អាច​បង្ក​ឲ្យ​មាន​សង្រ្គាម​ស៊ីវិល​កើត​ឡើង​សារ​ជា​ថ្មី។

លោក ​ឡាត់ គី​ ចាត់​ទុក​ថា​ ប្រសិន​បើ​សហ​ចៅក្រម​ មិន​បាន​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ទេ​ នោះ​គឺ​ជា​ការ​ខក​ខាន​ក្នុង​ការ​គាស់​កកាយ​នូវ​អាថ៌​កំបាំង​បន្ថែម​ទៀត​ នៃ​អំពើ​ឃោរឃៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម។

កាលពី​ថ្ងៃ​ពុធ​ សហ​ចៅក្រម​ស៊ើប​អង្កេត​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ បាន​ទទួល​ស្គាល់​ជា​សាធារណៈ​ថា​ ពួក​ខ្លួន​កំពុង​តែ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ជន​សង្ស័យ​ ក្នុង​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស់​នេះ​ ដោយ​សារ​តែ​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្ដរជាតិ​ លោក​ ម៉ាកសែល ឡឺម៉ុង​ ទទូច​ឲ្យ​មាន​ការ​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ ក៏​ប៉ុន្ដែ​សហ​ចៅក្រម​កម្ពុជា​ លោក​ យូ ប៊ុនឡេង​ បាន​ជំទាស់​ថា​ វា​មិន​ទាន់​ដល់​ពេល​នៅ​ឡើយ។

លោក ​សុខ សំអឿន​ នាយក​ប្រតិបត្ដិ​នៃ​អង្គការ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជាមាន​ប្រសាសន៍​ថា​ ការ​ខ្វែង​គំនិត​គ្នា​នេះ​ នឹង​ធ្វើឲ្យ​ការងារ​មួយ​ចំនួន​ នៅ​ក្នុង​សាលា​ក្តី​ត្រូវ​បាន​រាំងស្ទះ​ ក៏​ប៉ុន្ដែ​មិន​មែន​ជា​ការ​ប៉ះពាល់​ដល់​យុត្តិធម៌​នោះ​ទេ។

លោក​ សុខ សំអឿន​ លើក​ឡើង​ថា​ សហ​ចៅក្រម​ស៊ើប​អង្កេត​ មិន​មែន​សុទ្ធ​តែ​ស្ថិត​ក្នុង​ភាព​ស្រប​យោបល់​គ្នា​ គ្រប់​ពេល​នោះ​ទេ​ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​ចេះ​សម្លឹង​មើល​ថា​ តើ​ការ​បក​ស្រាយ​របស់​ភាគី​និមួយៗ​ បាន​ពឹង​ផ្អែក​លើ​ផ្លូវ​ច្បាប់​ ឬ​បាន​ឈរ​លើ​មូលហេតុ​អ្វី​មួយ​ នៅ​ពី​ក្រោយ​ខ្នង​នៃ​ទំនាស់​នេះ។

លិខិត​ឆ្លើយ​ឆ្លង​គ្នា​ កាល​ពី​ថ្ងៃ​ទី​ ២​ ខែ​មិថុនា​ ដែល​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ពុធ​ បាន​បង្ហាញ​ថា​ លោក​សហ​ចៅក្រមសញ្ជាតិ​បារាំង​ ម៉ាកសែល ឡឺម៉ុង​ ស្នើ​ឲ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​កម្ពុជា​ លោក​ យូ ប៊ុនឡេង​ ចូល​រួម​ចុះ​ហត្ថលេខា​ លើ​លិខិត​បង្កើត​ក្រុម​គណកម្មការ​ស៊ើបសួរ​ជំនួស​ ដើម្បី​ចាប់​ផ្ដើម​បើក​ការ​ស៊ើប​អង្កេត​ លើ​មូលដ្ឋាន​ឧក្រិដ្ឋកម្ម​ មុន​នឹង​អាច​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ជន​សង្ស័យ​បាន។

លោក ​យូ ប៊ុនឡេង​ បាន​ចុះ​ហត្ថលេខា​លើ​លិខិត​បង្កើត​ក្រុម​គណកម្មការ​ស៊ើប​អង្កេត​ជំនួស​នោះ​ ក៏​ប៉ុន្ដែ​ក្រោយ​មក​ លោក​បាន​លប់​ហត្ថលេខា​នោះ​ចោល​វិញ​ ដោយ​លោក​មិន​យល់​ស្រប​ឲ្យ​មាន​ការ​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ណា​មួយ​កើត​ឡើង​នៅ​ក្នុង​ពេល​នេះ​ទេ។

លោកសហ​ចៅក្រម​កម្ពុជា​ បាន​សំអាង​ថា​ លោក​បាន​គិត​គូរ​យ៉ាង​ម៉ត់ចត់​ លើ​គោលការណ៍​ទូទៅ​នៃ​យុត្តិធម៌។​ លោក​បាន​គិត​ពី​បរិបទ​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ និង​ផល​ប៉ះ​ពាល់​ជា​យថាហេតុ​លើ​សំណុំរឿង​លេខ​ ០០២​ ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​កំពុង​មមាញឹក​សរសេរ​ដីការ​បញ្ជូន​រឿង​ ទៅ​ជំនុំ​ជម្រះ។

លោក ​ចៅក្រម​ យូ ប៊ុនឡេង​ បាន​គូស​បញ្ជាក់​ថា​ ដូច្នេះ​វា​មិន​ទាន់​ដល់​ពេល​ចាត់​ការ​សំណុំ​រឿង​លេខ​ ០០៣​ និង​០០៤​ នៅ​ឡើយទេ។​ ហើយ​លោក​ចង់​លើក​ករណី​ទាំង​ពីរ​នេះ​ទៅ​ជជែក​គ្នា​ នៅ​ក្នុង​ខែ​ កញ្ញា​ ឆ្នាំ​ ២០១០​នេះ។

លោក ​ចៅក្រម​ ម៉ាកសែល​ ឡឺម៉ុង​ មាន​ប្រសាសន៍​ថា​ លោក​មិន​អាច​រង់​ចាំ​ការ​ចុះ​ហត្ថលេខា​ពី​គូភាគី​ របស់​លោក​បាន​ទេ​ ហើយ​លោក​នឹង​ធ្វើ​កំណត់​ហេតុ​ផ្លូវការ​អំពី​ការ​ខ្វែង​គំនិត​គ្នា​នេះ​ ដោយ​លោក​ ព្រមាន​ថា​ការ​ខ្វែង​គំនិត​គ្នា​នេះ​ នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​ជា​អវីជ្ជាមាន​ទេ។​ លោក​ ឡឺម៉ុង​ បាន​លើក​ ហេតុផល​ថា​ ខណៈ​ដែល​កិច្ច​ស៊ើប​សួរ​នៅ​ក្នុង​សំណុំ​រឿង​លេខ​ ០០២​ ត្រូវ​បាន​បញ្ចប់​រួច​រាល់​ហើយ​ នោះ​ សហ​ចៅក្រម​ស៊ើប​អង្កេត​មិន​ត្រូវ​ទុក​ឲ្យ​អ្នក​ស៊ើប​អង្កេត​ទទួល​ប្រាក់​ខែ​ ដោយ​អត់​ការងារ​ធ្វើ​ នោះ​ទេ។​ ហើយ​សហ​ចៅក្រម​ស៊ើប​អង្កេត​ក៏​មិន​ត្រូវ​រង់ចាំ​ត​ទៅ​ទៀត​ដែរ​ ត្បិត​ការ​ចាត់​តាំង​ ក្រុម​ការងារ​ក៏​ត្រូវ​បាន​រៀបចំ​រួច​រាល់​ហើយ​ដែរ។

លោក ​ឆាំង យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ មើល​ឃើញ​ថា​ សហ​ចៅក្រម​កម្ពុជា​មិន​ទាន់​បដិសេធ​សហការ​យ៉ាង​ដាច់​ខាត​ ក្នុង​ការ​ធ្វើ​សហការ​ជា​មួយ​សហ​ចៅក្រម​បរទេស​នោះទេ។

“តាម​ការ​ជាក់​ស្ដែង​ គឺ​ចៅក្រម​ យូ ប៊ុនឡេង​ មិន​បាន​បដិសេធ​ទេ​ ឱកាស​មិន​ទាន់​បិទ​នៅ​ឡើយ" ។

របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម​ បាន​បង្ក​ឲ្យ​ប្រជាជន​កម្ពុជា​ ស្លាប់​បាត់​បង់​ជីវិត​អស់​ជិត​ ២​ លាន​នាក់។​ បច្ចុប្បន្ន​មាន​ជន​សង្ស័យ​ចំនួន​ ៥​ នាក់​កំពុង​ជាប់​ឃុំ​ឃាំង​ជា​បណ្ដោះអាសន្ន​ ក្នុង​សំណុំ​រឿង​លេខ​ ០០១​ និង​០០២​ ហើយ​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​នោះ​ គឺ​កាំង ហ្គិចអ៊ាវ​ ហៅ​ ឌុច​ អតីត​ប្រធាន​គុក​ទួល​ស្លែង​ដ៏​ទារុណកម្ម​ កំពុង​តែ​រង់​ចាំ​ការ​ប្រកាស​សាលក្រម​ស្ដី​ពី​ការ​កំណត់​ការ​ដាក់​ទោស។

ថ្វីបើ​ក្នុង​ពេល​នេះ​ សហ​ចៅក្រម​កម្ពុជា​មិន​ព្រម​ធ្វើ​សហការ​ ក្នុង​ការ​បើក​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​ លេខ​ ០០៣​ និង​០០៤​ ក៏​ដោយ​ ក៏​អ្នក​នាំ​ពាក្យ​ខាង​ភាគី​អង្គការ​សហ​ប្រជាជាតិ​ ក្នុង​សាលាក្ដី​ លោក​ ឡាស អលសិន​ មាន​ប្រសាសន៍​ថា​ សហ​ចៅក្រម​បរទេស​ លោក​ ម៉ាកសែល ឡឺម៉ុង​ នឹង​ចាប់​ផ្ដើម​ការ​ស៊ើប​អង្កេត​ករណី​ទាំង​ពីរ​នេះ។

ក៏​ប៉ុន្ដែ​ លោក​ ឆាំង យុ​ គិត​ថា​ អ្នក​ស៊ើប​អង្កេត​របស់​សហ​ចៅក្រម​បរទេស​ នឹង​ជួប​នូវ​ឧបសគ្គ​ជា​ច្រើន​ ក្នុង​ការងារ​របស់​ពួក​គេ​ ជា​ពិសេស​ជន​ត្រូវ​សួរ​ ឬ​សាក្សី​ អាច​នឹង​បដិសេធ​ មិន​ព្រម​ធ្វើ​សហការ។ យ៉ាងណា​ក៏ដោយ​វា​ក៏​បាន​បង្ហាញ​អំពី​ការ​ខ្វែង​គំនិត​គ្នា​ នៅ​ក្នុង​ការ​បកស្រាយ​រវាង​អ្នកនាំពាក្យ​ខាង​ ភាគី​អង្គការ​សហប្រជាជាតិ​ និង​អ្នកនាំពាក្យ​ខាង​ភាគី​កម្ពុជា​ដែរ​។ យ៉ាងណា​ក៏​ដោយ​វាក៏បានបង្ហាញអំពីការខ្វែងគំនិតគ្នា នៅក្នុងការបកស្រាយរវាងអ្នកនាំពាក្យខាង ភាគីអង្គការសហប្រជាជាតិ និង​អ្នក​នាំ​ពាក្យ​ខាង​ភាគីកម្ពុជា ដែរ៕

XS
SM
MD
LG