ក្រុមអ្នកវាយតម្លៃពីមហន្តរាយអន្តរជាតិនិយាយថាការត្រៀមប្រុងជាមុនរបស់ប្រទេសជប៉ុនសម្រាប់ការរញ្ជួយដីនិងរលកយក្សស៊ូណាមិបានសង្រ្គោះជីវិតជាច្រើន ទោះជាគេដឹងច្បាស់ថាមានមនុស្សស្លាប់ដល់ទៅជាង៨.០០០នាក់ហើយនឹងមានច្រើនពាន់នាក់ផ្សេងទៀតបាត់ខ្លួនក៏ដោយ។
ក្រុមនោះបាននិយាយថាប្រទេសជប៉ុនអត់មានពេលច្រើនទេដើម្បីបញ្ជៀសការប៉ះពាល់ធ្ងន់ៗបន្ថែមទៀតដល់អ្នកប្តូទីលំនៅដែលបណ្តាលមកពីការរញ្ជួយដីនិងរលកយក្សស៊ូណាមិនោះ។
ប្រទេសជប៉ុនជាប្រទេសជាតិមួយមានកេរ្តិ៍ឈ្មោះល្បីក្នុងការត្រៀមប្រុងខ្លួន ប្រឈមមុខនឹងការរញ្ជួយដីនិងរលកយក្សស៊ូណាមិ ដូច្នេះហើយក្បួនច្បាប់សង់អាគារ ទំនប់រលក ហើយនឹងប្រព័ន្ធព្រមានភាពអាសន្នមាន ត្រៀមទុកជាស្រេចទៅហើយ។
តែកាលពីថ្ងៃសុក្រទី១១ខែមិនាមុននេះក្នុងការប្រឈមមុខនឹងការរញ្ជួយដី កម្លាំង៩កណ្តក់សញ្ញានោះដែលជាការរញ្ជួយធំជាងគេក្នុងប្រវត្តិសាស្រ្តជប៉ុន ការត្រៀមប្រុងទុកជាមុននោះមិនអាចជួយសង្រ្គោះជីវិតមនុស្សបានទាំងអស់ឡើយ។
លោក អាស្លាម ប៉េវ៉េស (Aslam Perwaiz) អ្នកគ្រប់គ្រង កម្មវិធីត្រៀមលក្ខណៈរបស់មជ្ឈមណ្ឌលមហន្តរាយអាស៊ី ថ្លែងថាប្រទេសជប៉ុន គ្រាន់តែមិនអាចតទល់បាននឹងកម្លាំងលើសលប់នៃធម្មជាតិតែប៉ុណ្ណោះ ប៉ុន្តែលោក ប៉េវ៉េសថ្លែងថាប្រព័ន្ធព្រមានពីរលកស៊ូណាមិនៅសហគមន៍នានា ក្នុងស្រុក បានជួយសង្គ្រោះ ជីវិតមនុស្សច្រើននាក់ណាស់។
«ការត្រៀមលក្ខណ:ប្រុងជាមុននោះមានប្រសិទ្ធភាពនៅប្រទេសជប៉ុនក្នុងករណីនេះ។ អ្វីដែលគ្មានប្រសិទ្ធភាពនោះគឺការយល់ដឹងពី ទំហំមហន្តរាយនោះ ជាឧទាហរណ៍ ប្រទេសជប៉ុនបាន ត្រៀមល្អសម្រាប់ការរញ្ជួយដីនិងរលកស៊ូណាមិត្រឹមតែកម្លាំង៨កណ្តក់សញ្ញាឬ ៨កណ្តក់សញ្ញាបី តែប៉ុណ្ណោះ ប៉ុន្តែ ចន្លោះពីកម្លាំង៨កណ្តក់សញ្ញាបីទៅ៩កណ្តក់សញ្ញានោះ គឺ ជាកម្លាំងខុសគ្នាឆ្ងាយណាស់»។
ឥឡូវនេះ សោកនាដកម្មនៅជប៉ុន មានភាពរឹតតែពិបាកស្មុគស្មាញខ្លាំងឡើង បណ្តាលមកពីមានអគ្គីភ័យនិងការផ្ទុះជាច្រើននៅរោងចក្រភ្លើងអគ្គិសនី Fukushima ប្រើថាមពលនុយក្លេអ៊ែរ។លោក ប៉េវ៉េសថ្លែងថាការបារម្ភពីវិទ្យុសកម្មហើរចេញពីរោងចក្រអគ្គិសនីទាំងនោះដែលបណ្តាលឲ្យមានការជម្លៀស មនុស្សច្រើនពាន់នាក់ចេញ ធ្វើឲ្យវិនាសកម្មនោះរឹតតែធ្ងន់ថែមទៀត។
«រឿងនេះ នាំឲ្យមានគ្រោះថ្នាក់ខ្លាំងដល់សុខភាព នៅពេលនេះយើងមានបញ្ហារលកស៊ូណាមិដែលយើងត្រូវដោះស្រាយភ្លាមៗ រួចហើយយើងមានបញ្ហានុយក្លេអ៊ែរទៀត ដែលបង្កបញ្ហាសុខភាព មួយធំណាស់បើការដោះ ស្រាយនោះ មិនបានពេញលេញឲ្យបានទាន់ពេលក្នុងមួយខែនោះទេនេះជាភារៈដ៏ ពិបាកណាស់»។
ការិយាល័យអ.ស.បសម្រាប់សម្របសម្រួលកិច្ចការមនុស្សធម៌និយាយថាមនុស្សប្រមាណ ៤១៦.៣០០នាក់បានត្រូវជម្លៀសចេញ ពីខេត្តប៉ះពាល់ពីការរញ្ជួយដី និងពីរលកយក្សស៊ូណាមិដែលជាងពាក់កណ្តាលពីខេត្តមីយាជិ។
លោកខឺស្តេន មីលដ្រេន (Kirsten Mildren) អ្នកនាំពាក្យតំបន់នោះនៃទីភ្នាក់ងារអ.ស.ប ថ្លែងថាប្រជាពលរដ្ឋនៅតំបន់ប៉ះពាល់ធ្ងន់ត្រូវខ្វះទឹកនិងជម្រកដែលមានទាំងមជ្ឈមណ្ឌលនានាទទួលអ្នកជម្លៀសផងនោះ។
«ឥឡូវនេះ ជារដូវរងារផងនៅប្រទេសជប៉ុន ហើយយើង គ្មានភ្លើងអគ្គិសនី និងគ្មានប្រព័ន្ធត្រឹមត្រូវសម្រាប់ផ្តល់កំដៅឡើយ ឥឡូវនេះរដ្ឋាភិបាលបានប្រកាសថា នឹងមានការកាត់ភ្លើង។ រឿងនេះនឹងជាសម្ពាធមួយខ្លាំងណាស់ទៅលើប្រជាពលរដ្ឋពីព្រោះត្រជាក់ដល់កកនៅពេលយប់»។
លោក Mildren ថ្លែងថាការសម្អាតនិងការរើបងើបឡើងវិញនោះនឹងត្រូវការពេលយូរ។
«ហេដ្ឋារចនាសម្ព័ន្ធជាពិសេសត្រូវហិនហោចនៅក្នុងតំបន់នេះ ហើយជាសំណាងហើយដែលតំបន់នេះ ជាទីជនបទ តែមានរោងចក្រជាច្រើន។ ក្នុងរឿង នេះការសម្អាតនៅប្រទេសជប៉ុន មានធំសម្បើមណាស់ ហើយប្រទេសនេះត្រូវការពេលយូរណាស់ទើបបានមកដូចដើមវិញ»។
លោកណាអូតូ ខាន់ (Naoto Kan) រដ្ឋមន្រ្តីជប៉ុន បានបញ្ជារឲ្យប្តូរពីសកម្មភាព សង្រ្គោះភ្លាមៗទៅធ្វើកិច្ចប្រតិបត្តិការខាងផ្នែកមនុស្សធម៌វិញដើម្បីផ្តល់វត្ថុសំខាន់ៗដល់តំបន់ដែលរងគ្រោះពីការរញ្ជួយដី៕
ប្រែសម្រួលដោយ នៅ សារីម