ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទី​ក្រុង​ទាំង​ឡាយ​របស់​ជប៉ុន​តស៊ូ​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​លំបាក​ថ្មី


រូបភាព​ថត​​នៅ​​ថ្ងៃ​​ទី​២៧​​ ខែ​មីនា​​ ឆ្នាំ​២០១១​​ ​ចែក​ចាយ​​ដោយ​​អង្គការ​​ Greenpeace​ បង្ហាញ​​សមាជិក​​នៃ​​អង្គការ​នេះ​​ តាម​​ឃ្លាំ​​មើល​​កម្រិត​​នៃ​​ការ​​ឆ្លង​​វិទ្យុ​សកម្ម​​នៅ​​ភូមិ​​អ៊ីតាតេ​​ ចម្ងាយ​​៤០​​គីឡូម៉ែត្រ​​នៅ​​ភាគ​​ពាយព្យ​​នៃ​​​រោងចក្រ​​ថាម
រូបភាព​ថត​​នៅ​​ថ្ងៃ​​ទី​២៧​​ ខែ​មីនា​​ ឆ្នាំ​២០១១​​ ​ចែក​ចាយ​​ដោយ​​អង្គការ​​ Greenpeace​ បង្ហាញ​​សមាជិក​​នៃ​​អង្គការ​នេះ​​ តាម​​ឃ្លាំ​​មើល​​កម្រិត​​នៃ​​ការ​​ឆ្លង​​វិទ្យុ​សកម្ម​​នៅ​​ភូមិ​​អ៊ីតាតេ​​ ចម្ងាយ​​៤០​​គីឡូម៉ែត្រ​​នៅ​​ភាគ​​ពាយព្យ​​នៃ​​​រោងចក្រ​​ថាម

ខណៈ​ដែល​វិស្វករ​ក្រុម​កម្មករ​និង​កងទ័ព​ដែល​ធ្វើ​ការងារ​សង្រ្គោះ​បន្ទាន់​ប្រឹង​ប្រែង​ដើម្បី​អាច​ទៅ​គ្រប់គ្រង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ ហ៊្វូគូស្ហ៊ីម៉ា​ (Fukushima) ឡើង​វិញ​បាន​ ជីវិត​ប្រចាំ​ថ្ងៃ​នៅ​តែ​បន្ត​សម្រាប់​ប្រជា​ជន​រាប់​ពាន់​នាក់​ដែល​កំពុង​រស់​នៅ​ក្រៅ​បន្តិច​ពី​តំបជម្លៀសដែល​មាន​រង្វង់​ចម្ងាយ​២០​គីឡូម៉ែត្រ។​ប៉ុន្តែ​វា​មិន​មែន​ជា​ជីវិត​រស់​នៅ​ធម្មតា​នោះ​ទេ។ទី​ក្រុង​ពីរ​កំពុង​តែ​ខំ​សម្រប​ខ្លួន​យ៉ាង​លំបាក​ទៅ​នឹង​ស្ថានភាព​ជីវិត​រស់​នៅ​ជាក់​ស្តែង​ជាមួយ​នឹង​ជាតិ​វិទ្យុសកម្ម។

វិទ្យុ​របស់​ក្រុង​ហ៊្វូគូស្ហ៊ីម៉ា​ឥឡូវ​នេះ​មាន​ផ្សាយ​កម្មវិធី​ថ្មី​មួយ។​ព្រម​ជាមួយ​នឹង​សេចក្តី​រាយការណ៍​ព័ត៌មាន​ស្តី​អំពី​អាកាសធាតុ​និង​ចរាចរណ៍​ស្ថានីយ៍​វិទ្យុ​នេះ​ក៏​ចាប់​ផ្តើម​ផ្សាយ​សេចក្តី​រាយការណ៍​អំពី​ជាតិ​វិទ្យុ​សកម្ម​ជា​រៀងរាល់​ម៉ោង។

បើ​អ្នក​ស្តាប់​ដោយប្រុង​ប្រយ័ត្ន​ អ្នក​នឹង​ឮ​ឈ្មោះ​កន្លែង​មួយ​ដែល​លេច​ធ្លោ​ជាង​គេ​ គឺ​ ភូមិ​អ៊ីតាតេ (Iitate)។

ភូមិ​នេះ​គឺ​ស្ថិត​នៅចម្ងាយ​៤០​គីឡូម៉ែត្រ​ពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ ដែល​ធ្វើ​ឲ្យ​ភូមិ​នេះ​ស្ថិត​នៅ​ផុត​យ៉ាង​ឆ្ងាយ​ខាង​ក្រៅ​តំបន់​ជម្លៀស​រង្វង់​២០​គីឡូម៉ែត្រ​ និង​តំបន់​ដែល​អ្នក​ភូមិ​ត្រូវ​គេ​ស្នើ​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ។

ប៉ុន្តែ​ការ​វិភាគ​កម្រិត​ជាតិ​វិទ្យុសកម្ម​ជា​រៀង​រាល់​ម៉ោង​នៅ​ទី​នេះ​ បង្ហាញ​ថា​ទី​នេះ​មាន​កម្រិត​ជាតិ​វិទ្យុសកម្ម​ខ្ពស់​ជាង​ទី​ក្រុង​ជា​ច្រើន​ដែល​ស្ថិត​នៅ​ជិត​ជាង​ទៅ​នឹង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ហ៊្វូគូហ្ហ៊ីម៉ា​ ដែល​ត្រូវ​រង​ការ​ខូច​ខាត​ ដោយ​សារ​តែ​ការ​រញ្ជួយ​ដីនិង​រលក​យក្ស​ស៊ូណាមិ​ដ៏​ខ្លាំង​ក្លាដែល​បាន​បោកបក់​ទៅ​លើ​តំបន់​នេះ​ កាល​ពី​ថ្ងៃ​ទី​១១​ខែមីនា។

នៅ​ឯ​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​ ផ្លាក​សញ្ញា​មួយ​បាន​បង្ហាញ​ប្រកប​ដោយ​មោទនភាព​ថា​ ភូមិ អ៊ីតាតេ​ គឺ​ជា​ភូមិ​មួយ​ក្នុង​ចំណោម​ភូមិ​ដែល​ស្អាត​ជាង​គេ​បង្អស់​ចំនួន​៣៩​នៅ​ក្នុង​ប្រទេស​ជប៉ុន។​ នៅ​ពេល​បើកបរ​ចូល​ទៅ​ក្នុង​ភូមិ​ គេ​មិន​ងាយ​នឹង​មើល​រំលង​ជ្រលង​ដង​អូរ​ដ៏​ស្រស់​ស្អាត​ ព្រៃ​ឈើព៌ណ​ខៀវ​ត្រសុំ​ត្រសាយ​ និង​ជួរ​ភ្នំនៅ​ឯ​នាយ​ ដែល​ទទួល​បានការ​កោត​សរសើរ​ពី​អ្នក​មើល។

ប៉ុន្តែ​ បើ​អ្នក​សម្លឹង​មើល​ឲ្យ​ហួស​ពី​ទស្សនីយភាព​ទាំង​នេះ​ អ្នក​នឹង​កត់​សម្គាល់​ឃើញ​ថា​ មិន​មាន​មនុស្ស​ណា​ម្នាក់​នៅ​ជុំវិញ​នោះ​ទេ។ វាល​ស្រែ​ទាំង​ឡាយ​នៅ​ទទេ​ស្អាត​ ម៉ាស៊ីន​ត្រាក់ទ័រ​ត្រូវ​បាន​ចត​ចោល​ដោយ​ឥត​ដំណើរ​ការ​ ហើយ​នៅ​ឯ​កណ្តាល​ភូមិ មិន​មាន​មនុស្ស​ណា​ម្នាក់​នៅ​តាម​ផ្លូវ​នោះ​ទេ។

ឡាន​ពីរ​បីនិង​ឡាន​ទាហាន​ដ៏​ចម្លែក​ ឆ្លង​កាត់​តាម​ផ្លូវ​ខ្វែង​ម្តង​ម្កាល​ នៅ​ពី​មុខ​ផ្លូវ​ចូល​ទៅ​កាន់​អគារ​សាលា​រដ្ឋបាល​ដ៏​ស្អាត​របស់​ភូមិ។ អ្នក​បើក​បរ​និង​អ្នក​ដំណើរ​ភាគ​ច្រើនពាក់​ម៉ាស់​មុខ​ពណ៌​ស​នៅ​ជុំ​វិញ​មាត់​និង​ច្រមុះ​របស់​ពួក​គេ។

លោក​ តាកាស្ហ៊ី​ កូបាយ៉ាស្ហ៊ី ប្រធាន​កិច្ចការ​ទូ​ទៅ​របស់​ភូមិ​អ៊ីតាតេ​ និយាយ​ថាអ្នក​ភូមិ​មាន​អារម្មណ៍​ច្របូក​ច្របល់​។

លោក​កូបាយ៉ាស្ហ៊ី​និយាយ​ថា​ ដោយ​សារ​ភូមិ​នេះស្ថិត​នៅ​ចម្ងាយ​៣០​គីឡូម៉ែត្រ​ពី​ស្ថានីយ៍​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ រដ្ឋាភិបាល​មិន​បាន​ផ្តល់​អនុសាសន៍​អ្វី​ទេ​ទៅ​ដល់​អ្នក​ភូមិ​ ប៉ុន្តែ កម្រិត​នៃ​ជាតិ​វិទ្យុ​សកម្មនៅ​តែ​ខ្ពស់​នៅ​ឡើយ។

នៅ​ក្នុង​រយៈ​ពេល​តិច​ជាង​មួយ​ខែ​ប៉ុណ្ណោះ​ កសិករ​ដែល​ធ្វើការ​នៅ​តាម​វាល​ស្រែ​ទាំង​ឡាយ​នៅ​ក្នុង​ភូមិ​អ៊ីតាតេ​ នឹង​ទទួល​រង​បរិមាណ​នៃ​ជាតិ​វិទ្យុ​សកម្ម​ លើស​ពី​កម្រិត​អតិបរមា​ដែល​ត្រូវ​បាន​អនុញ្ញាត​សម្រាប់រយៈ​ពេល​មួយ​ឆ្នាំ​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន​ ទី​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ (IAEA) ​បាន​និយាយ​ថា​ កម្រិត​ជាតិ​វិទ្យុសកម្ម​នៅ​ក្នុង​ដី​ឡើង​ហួស​ពី​កម្រិត​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​ទៀត​ ប៉ុន្តែ​កម្រិត​នេះ​បាន​ធ្លាក់​ចុះ​វិញ​ចាប់​ពី​ពេល​នោះ​មក។

ផល​ប៉ះ​ពាល់​ទៅ​លើ​វិស័យ​កសិកម្ម​គឺ​ជា​ការ​ព្រួយ​បារម្ភ​មួយ។ វាល​ស្រែ​ចម្ការ​ជា​ផ្នែក​ដ៏​សំខាន់​បំផុត​របស់​ភូមិ​នេះ​ ហើយ​ឥឡូវ​នេះ​គេ​មិន​ដឹង​ថា​អនាគត​របស់​ដី​ស្រែ​ចម្ការ​ទាំង​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។

លោក កូបា​យ៉ាស្សី បាន​ចំណាយ​ពេល​វេលា​ប្រចាំ​ថ្ងៃ​របស់​លោក​ សម្រប​សម្រួល​មួយ​ផ្នែក​នៃ​ការ​ឆ្លើយ​តប​របស់​ភូមិ​អ៊ីតាតេ​ទៅ​នឹង​គ្រោះ​មហន្តរាយ​នេះ​ និង​តាម​ដាន​ព័ត៌មាន​ដើម្បី​ដឹង​ពី​រាល់​ការ​ផ្លាស់​ប្តូរ​ទាំង​ឡាយ​នៃ​ស្ថានភាព​នៅ​ឯ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ។

លោក​និយាយ​ថា​ វា​មាន​ការ​ពិបាក​ណាស់​ក្នុង​ការ​តាម​ដាន​នេះ។ រឿង​មួយ​បាន​ប្រសើរ​ឡើង​ក្នុង​ពេល​មួយ​រំពេច។​ បន្ទាប់​មក​រឿង​ផ្សេង​ទៀតមាន​បញ្ហា​កើត​ឡើង។​ លោក​បាន​មាន​ប្រសាសន៍​ថា​ មុន​ពេល​មាន​គ្រោះ​មហន្ត​រាយ​ លោក​មិន​ដែល​បាន​ឮ​ពាក្យ microsieverts និង becquerel ទេ​ ដែល​ពាក្យ​ទាំង​ពីរ​នេះ​ជា​ឯកតា​ប្រើ​សម្រាប់​រង្វាស់​ជាតិ​វិទ្យុសកម្ម​ ដែល​ឥឡូវ​នេះ​លោក​បាន​ចំណាយ​ពេលវេលា​យ៉ាង​ច្រើន​ដើម្បី​សិក្សា​ពី​វា៕

ប្រែ​សម្រួល​ដោយ​ ឌី ខាំបូលី

XS
SM
MD
LG