នាយករដ្ឋមន្ដ្រី ណាអូតូ ខាន មានប្រសាសន៍ថា ប្រទេសជប៉ុន ស្ថិតនៅក្នុងភាពប្រុងប្រយ័ត្នជាអតិបរិមា ចំពោះវិបត្ដិនុយក្លេអែររខណៈដែល អ្នកធ្វើការក្នុងរោងចក្រនុយក្លេអែរ ហ៊្វូគូស្ស៊ីម៉ាខិតខំបូមទឹកមានវិទ្យុសកម្មខ្ពស់ចេញពីអគារ ហើយអ្នកធ្វើការក្នុងរោងចក្រ និយាយថា សំណាកសារធាតុអ៊ុយរ៉ាញ៉ូម បានត្រូវរកឃើញច្រើននៅក្នុងដីជិតខាង។
លោក ខាន ថ្លែងថា ប្រទេសជាតិមិនអាចមានសុទិដ្ឋិនិយមបានឡើយនៅក្នុងស្ថានការណ៍ដូចសព្វថ្ងៃនេះ ហើយរដ្ឋាភិបាលនឹងបន្ដដោះស្រាយបញ្ហា ដោយមានការប្រុងប្រយ័ត្នបំផុត។
ការរកឃើញសារធាតុ ព្លុយតូញ៉ូម ចំនួនតិចតួច បានបណ្ដាលឲ្យមានការព្រួយបារម្ភជាថ្មីអំពីការលេចចេញនូវវិទ្យុសកម្មពីអគាររោងចក្រនុយក្លេអ៊ែរខូចខាតពីការរញ្ជួយផែនដី និង មហារលក ស៊ូណាមី។ សារធាតុព្លុយតូញ៉ូម បានផ្ដល់ភ័ស្ដុតាងថ្មីអំពីការរលាយដែក បំពុងនុយក្លេអ៊ែរ នៅក្នុងម៉ាស៊ិន រ៉េអាកទ័រមួយ ក្នុងចំណោមម៉ាស៊ីនច្រើន ។ តែ គេមិនរំពឹងថា កម្រិតវិទ្យុសកម្មនោះនឹងធ្វើឲ្យខូចសុខភាពមនុស្សទេ។
លោក ឡេក បាររ៉េត្ត (Lake Barrett) វិស្វករនុយក្លេអ៊ែរ អ្នកដឹកនាំការបោសសម្អាតកិច្ចប្រតិបត្ដិការ នៅពេលក្រោយពីគ្រោះថ្នាក់នុយក្លេអ៊ែរនៃរោងចក្រអគ្គីសនីលើកោះ Three Mile Island នៅស.រ.អ.។ លោក បាររ៉េត្ត មានប្រសាសន៍ថា៖
«បើនិយាយអំពីសារធាតុព្លុយតូញ៉ូម ដែលគេរំពឹងថា នឹងមានគេឃើញសារធាតុនោះ ចេញពីការបាញ់សាកល្បងអាវុធ នៅក្នុងអាកាសធាតុដែលជាប់នៅលើមេឃជាច្រើនទសវត្សរ៌មកហើយ។ ហេតុដូច្នេះហើយ បើកាលណាមានសារធាតុ អ៊ីសូតូប លេចចេញពីរោងចក្រខូចខាត សារធាតុ ព្លុយតូញ៉ូម ជារឿងគេព្រួយបារម្ភតិចតួច»។
ការព្រួយបារម្ភ ជាបន្ទាន់ដល់ក្រុមហ៊ុនភ្លើង Tokyo Electric Power គឺទឹកមានជាតិពុលដែលត្រូវបានរកឃើញនៅជាន់ខាងក្រោមរបស់រោងចក្រជាប់នឹងផ្លូវរូងដី ដែលនាំទៅកាន់ទឹកសមុទ្រ។ ផ្លូវរូងដីនោះមានប្រវែងតិចជាងមូយរយម៉ែត្រទៅដល់ឆ្នេរសមុទ្រ ហើយកំពស់ទឹក ឋឹតនៅជិតមាត់ផ្លូវរូងដីនោះ។
ប្រែសម្រួលដោយ អ៊ូ ធួក