ក្រុមហ៊ុនអេឡិកត្រូនិក និង ក្រុមហ៊ុនផលិតរថយន្ដខ្លះ របស់ប្រទេសជប៉ុនបានចាប់ផ្ដើមផលិតកម្មរបស់ខ្លួន ឡើងវិញដែលបានត្រូវគាំងមួយរយៈចាប់តាំងពីការផែនដីរញ្ជួយ និង មហារលក ស៊ូណាមី នៃថ្ងៃទី១១ ខែមីនា។ ក៏ប៉ុន្ដែនៅមានឧបសគ្គជាច្រើនដល់ក្រុមហ៊ុនជប៉ុនភាគច្រើន។
នៅថ្ងៃពុធ ក្រុមហ៊ុន Panasonic Fujitsu និង NEC បានចាប់ផ្ដើមបើករោងចក្រអេឡិកត្រូនិករបស់ខ្លួនឡើងវិញ។ តែ ខណៈដែលពួកគេ បើករោងចក្រឡើងវិញក្រុមហ៊ុនជាច្រើនបានបញ្ឈប់ផលិតកម្មដោយសារគេមិនអាច ទទួលបាននូវគ្រឿងបន្លះ។
ក្រុមហ៊ុន សូនី បានបញ្ឈប់រោងចក្រប្រាំរបស់ខ្លួន រាប់ទាំងរោងចក្រធ្វើទូរទស្សន៍និងម៉ាស៊ីនថត ពីព្រោះគេមិនអាចទទួលយកសម្ភារៈបានសម្រាប់គ្រឿងបន្លះអេឡិកត្រូនិក ។
ក្រុមហ៊ុន តូយ៉ូតា និង ហុងដា និយាយថា គេមិនអាចផ្ដើមផលិតរថយន្ដបានទេ យ៉ាងហោចដល់អាទិត្យក្រោយ ហើយការពន្យាពេលអាចមានបន្ដទៅទៀត។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន តូយ៉ូតា Paul Nolasco ពន្យល់ថា។
«យើងមានការលំបាកនិងរៀបចំឲ្យមានភាពរលូន ក្នុងការទទួលយកការផ្គត់ ផ្គង់ទៀងទាត់នៃគ្រឿងបន្លះអេឡិកត្រូនិក ផ្នែកកៅស៊ូ និង ផ្លាស្ទិច»។
រោងចក្រធំៗរបស់ប្រទេសជប៉ុន មានការផ្គត់ផ្គង់សម្ភារៈដ៏ស្មុគ្រស្មាញ ហើយបើមានបញ្ហាណាមូយ វាអាចបញ្ឈប់ទាំងស្រុងនូវប្រព័ន្ធទាំងមូល។
ទោះជាការរញ្ជួយផែនដី ឬ រលក ស៊ូណាមី បានធ្វើឲ្យប៉ះពាល់ផ្ទាល់ ដល់ ក្រុមហ៊ុនអ្នកផ្ដល់ការផ្គត់ផ្គង់តែមួយចំនួនក៏ដោយ ក៏ក្រុមហ៊ុនឯទៀតមិនអាចដឹកនាំសម្ភារៈទៅឲ្យរោងចក្រ ដោយសារការបិទផ្លូវនៅទីកន្លែងរងគ្រោះ នឹង ការខ្វះសាំងនៅភាគខាងកើតនៃប្រទេសជប៉ុន។
បញ្ហាទាំងនោះបានត្រូវដោះស្រាយខ្លះ ហើយមានភាពប្រសើរឡើងហើយនៅពេលនេះ។
ផ្លូវថ្នល់ធំ Tohoku expressway ពីទីក្រុងតូក្យូ រហូតដល់តំបន់ភាគខាងជើងប្រទេសជប៉ុន បានបើកឲ្យរថយន្ដ កាមីញ៉ុងប្រើ ហើយសមាគមប្រេងកាតជប៉ុននិយាយថា ផលិតកម្មប្រេងសាំង សមនឹងឡើងដល់ ៩០% នៃភាពធម្មតានៅចុងសប្ដាហ៍នេះ។
ប្រែសម្រួលដោយ អ៊ូ ធួក