ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​ជិត​នឹង​មាន​វិបត្តិ​នុយក្លេអ៊ែរ


ប្រជាជន​ជប៉ុន​ឈរ​តម្រង់​ជួរ​នៅ​ឯ​ចំណត​រថយន្ត​មួយ​នៅ​ទី​ក្រុង​សេនដៃ (Sendai) ខេត្ត​មីយ៉ាហ្គិ (Miyagi) កាល​ពី​ថ្ងៃ​ទី​១៦​ខែ​មិនា​ឆ្នាំ​២០១១។
ប្រជាជន​ជប៉ុន​ឈរ​តម្រង់​ជួរ​នៅ​ឯ​ចំណត​រថយន្ត​មួយ​នៅ​ទី​ក្រុង​សេនដៃ (Sendai) ខេត្ត​មីយ៉ាហ្គិ (Miyagi) កាល​ពី​ថ្ងៃ​ទី​១៦​ខែ​មិនា​ឆ្នាំ​២០១១។

រដ្ឋាភិបាល​ជប៉ុន​បន្ត​ធានា​អះអាង​ដល់​ប្រជា​ពលរដ្ឋ​ថា​វិបត្តិ​នុយក្លេអ៊ែរ​ដែល​កំពុង​រឹតតែ​ធ្ងន់ធ្ងរ​ទៅ​មិន​ចោទ​ជា​ការ​គម្រាម​កំហែង​ពី​វិទ្យុសកម្ម​ដល់​អ្នក​ទាំង​ឡាយណា​ដែល​បាន​នៅ​ខាង​ក្រៅ​តំបន់​ជនភៀស​ខ្លួន​ដែល​គេ​បាន​បង្កើត​នោះ​ទេ។​ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ មិនមែន​មនុស្ស​ទាំងអស់​គ្នា​ជឿ​ការ​អះអាង​របស់​រដ្ឋាភិបាល​នោះ​ទេ។ ប្រជាពលរដ្ឋ​មួយ​ក្រុម​តូច​មាន​ការ​ព្រួយ​បារម្ភ​ពី​ចំណាត់ការ​នេះ។

ប្រជាពលរដ្ឋ​ជប៉ុន​ក្រោក​ពី​ដំណេក​នៅ​ព្រឹក​ថ្ងៃ​ពុធ​ដោយ​ទទួល​បាន​ព័ត៌មាន​អាក្រក់​កាន់តែ​ច្រើន​ឡើង​ គឺ​ការ​កើនឡើង​កម្រិត​ជាតិ​វិទ្យុសកម្ម​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែ​ដែល​ខូច​និង​ផ្សែង​ពណ៌​ស​ចេញពី​អគារ​ផ្ទុក​ម៉ាស៊ីន​រ៉េអាក់ទ័រ (Reactor)​ មួយ​របស់​រោងចក្រ​នោះ។

ចំពោះ​មនុស្ស​ខ្លះ​ព័ត៌មាន​នេះ​ជា​រឿង​ច្រើន​ហួសហេតុ។

នៅ​ស្ថានីយ៍​រថភ្លើង​ក្នុង​ទី​ក្រុង​តូក្យូ​ មនុស្ស​មួយ​ក្រុម​តូច​កំពុង​ដើរ​បន្ត​បន្ទាប់​គ្នា​ឆ្ពោះ​ទៅ​កាន់​រថភ្លើង​ល្បឿន​លឿន​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​រដ្ឋធានី​និង​រោងចក្រ​នុយក្លេអ៊ែរ។

លោក​ Satoshi Makishima ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​អូសាកា​ ដែល​ជា​ទីក្រុង​ធំ​បង្អស់​ទី២​របស់​ជប៉ុន​ ជាមួយ​មិត្ត​ស្រី​របស់​គាត់​ហើយ​និង​ឆ្មា​របស់​នាង។

លោក​និយាយ​ថា​ លោក​មាន​ការ​ភ័យ​ខ្លាច​អំពី​បញ្ហា​នុយក្លេអ៊ែរ​ហើយ​គិត​ថា​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ថាមពល​ កំពុង​បង្ហាញ​ព័ត៌មាន​តែ​៨០​ភាគរយ​នៃ​បញ្ហា​នេះ​តែ​ប៉ុណ្ណោះ»។

ជន​បរទេស​ដែល​រស់​នៅ​ជប៉ុន​ក៏​បាន​ចាកចេញ​ពី​ប្រទេស​នោះ​ដែរ។ លោក​ នីក ស្តាន់ត្សូស (Nick Stantzoz) ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅ​អាកាសយានដ្ឋាន​ ដើម្បី​ទៅ​ផ្ទះ​របស់​លោក​នៅ​ប្រទេស​ក្រិក។

«តាម​ដែល​ខ្ញុំ​មើល​ឃើញ​ ស្ថានភាព​នឹង​មិន​ប្រសើរ​ឡើង​នោះ​ទេ។ ទោះបី​ជា​ខ្ញុំ​គិត​ថា​ វា​នឹង​មិន​ក្លាយ​ជា​បញ្ហា​ធំ​នៅ​ទី​បញ្ចប់​នោះ​ក៏ដោយ​ គ្រួសារ​របស់​ខ្ញុំ​នៅ​ប្រទេស​ខ្ញុំ​ប្រាកដ​ជា​មាន​ការ​ព្រួយ​បារម្ភ​ហើយ​ខ្លួន​ខ្ញុំ​ក៏​ព្រួយ​បារម្ភ​ដែរ។ ​បី​ បួន​ថ្ងៃ​ចុង​ក្រោយ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​តានតឹង​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង»។

ស្ថាតទូត​បរទេស​ក្នុង​ទីក្រុង​តូក្យូ​កំពុង​ឃ្លាំមើល​ពី​ស្ថានការណ៍​នេះ​យ៉ាង​ដិតដល់។​ ទាំង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អង់គ្លេស​ប្រាប់​ឲ្យ​ដឹង​ថា​អ្នក​ឯកទេស​របស់​ខ្លួន​បាន​យល់ស្រប​នឹង​វិធានការ​នានា​ដែល​ពួក​អាជ្ញាធរ​ជប៉ុន​បាន​ធ្វើ។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ ជន​បរទេស​ជា​ច្រើន​ដែល​បាន​ចាត់​ទុក​ប្រទេស​ជប៉ុន​ដូច​ជា​ស្រុក​របស់​ខ្លួន​ទៅ​ហើយ​នោះ​ នៅ​មាន​ការព្រួយ​បារម្មណ៍៕

ប្រែ​សម្រួល​ដោយ ជឹង​ ប៉ូជីន

XS
SM
MD
LG