វិបត្តិនៅឯរោងចក្របរមាណូជប៉ុនដែលមានការខូចខាតនៅក្នុងផ្នែកឦសានប្រទេសកំពុងមានសភាពធ្ងន់ធ្ងរទ្បើងៗ។ ពួកមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានទទួលស្គាល់ថាមានការលេចវិទ្យុសកម្មច្រើនជាងមុននិងមានការផ្ទុះនៅក្នុងម៉ាស៊ីនរ៉េអាក់ទ័រ (reacteurs) ទាំងអស់បី។ កាលពីព្រឹកថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រីជប៉ុន Naoto Kan បានថ្លែងសារមួយផ្សាយតាមទូរទស្សន៍នៅទូទាំងប្រទេសទៅកាន់ប្រជាពលរដ្ឋ ក្រោយពីការផ្ទុះនៅឯអគារ reacteur ទីបីបានត្រូវបញ្ជាក់ថាប្រាកដបានកើតមានមែននៅ Fukushima។
ដោយសុំឱ្យសាធារណជនយកចិត្តទុកដាក់នឹងពាក្យសំដីលោកដោយស្ងប់ស្ងៀម លោក Kan បានទទួលស្គាល់ថាម៉ាស៊ីន reacteur មួយក្នុងបណ្តាម៉ាស៊ីន reacteur ដែលខូចកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងជាងមុនក្នុងការបញ្ចេញវិទ្យុសកម្មទៅក្នុងបរិយាកាស។
លោកនាយករដ្ឋមន្ត្រីបានសុំដល់ជនទាំងទ្បាយណាដែលរស់នៅរវាង២០និង៣០គ.ម.ពីរោងចក្រនេះឱ្យឋិតនៅក្នុងផ្ទះ។ មនុស្សប្រមាណ២សែននាក់ដែលរស់នៅជិតរោងចក្រនេះបានជម្លៀសចេញរួចស្រេចហើយ។
ក្រោយលោកនាយករដ្ឋមន្ត្រីបានបញ្ចប់សេចក្តីថ្លែងការណ៍របស់លោកហើយលោក Yukio Edano អគ្គលេខាធិការគណៈរដ្ឋមន្ត្រីបានជួបជាមួយពួកអ្នកកាសែត។
អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលបាននិយាយថាវិទ្យុសកម្មដែលបានរកឃើញនៅក្នុង reacteur មួយទៀតដែលខូចគឺ reacteur លេខបី មានកម្រិតដែលអាចធ្វើឱ្យមានផលបះពាល់មិនល្អដល់មនុស្ស។
ការកើនទ្បើងនៃកម្រិតវិទ្យុសកម្មដ៏ខ្ពស់បំផុតក្នុងរយៈពេលខ្លីនៅឯរោងចក្របរមាណូ Fukushima មានចំនួន៨ដងច្រើនជាងកម្រិតជាមធ្យមភាគដែលមនុស្សម្នាក់អាចទទួលបានក្នុងមួយឆ្នាំ។
ក្រុមហ៊ុន Tokyo Electric Power បានប្រកាសថាប្រព័ន្ធធ្វើឱ្យ reacteur ត្រជាក់គ្មានដំណើរការនៅឯreacteur លេខពីរក្នុងរោងចក្រ Fukushima។ គ្រឿងឧបករណ៍សម្រាប់ធ្វើឱ្យត្រជាក់បានខូចខាតដោយសារការរញ្ជួយផែនដីកាលពីថ្ងៃសុក្រដែលមានកម្លាំង៩និងមហារលកសមុទ្រ tsunami។
ប្រែសម្រួលដោយ ឈឹម សុមេធ