សេចក្តីព្រមានមួយអំពីការជម្លៀសពលរដ្ឋនៅតំបន់ជិតៗរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស្ហ៊ីម៉ា ដៃអ៊ិជីដែលខូចខាតនោះ ត្រូវពង្រីកកាន់តែធំឡើងកាលពីថ្ងៃសុក្រទី២២ខែមេសា ដោយសារមានក្តីបារម្ភច្រើនអំពីការសាយភាយធាតុវិទ្យុសកម្ម។ ដំណើរការនេះកើតឡើងមួយថ្ងៃបន្ទាប់ពីជប៉ុនចាប់ផ្តើមអនុវត្តតាមច្បាប់សម្រាប់តំបន់ដែលគេហាមឃាត់ចម្ងាយ២០គីឡូម៉ែត្រនៅជុំវិញរោងចក្រអគ្គិសនី។
សេចក្តីព្រមានថ្មីមួយនេះគ្របដណ្តប់នៅក្នុងទីក្រុងជាច្រើននៅភាគឦសាននៃ តំបន់ហាមឃាត់ជាកំហិត។ ក្រុមអ្នកស្រុកត្រូវគេស្នើសុំឱ្យចាកចេញពីតំបន់នោះ ក្នុងអំឡុងខែខាងមុខ។
មន្ត្រីរដ្ឋាភិបាលនិយាយថា គ្រោះថ្នាក់នោះគឺមកពីកំណើនបណ្តើរៗនៃជាតិវិទ្យុសកម្មដែលកំពុងកើតឡើងចាប់តាំងពីមានការរញ្ជួយដី និងមហារលកយក្ស ស៊ូណាមិកាលពីថ្ងៃទី១១ខែមិនា ហើយបានធ្វើឲ្យខូចខាតរោងចក្រថាមពល នុយក្លេអ៊ែរ ហ៊្វូគូស្ហ៊ីម៉ា ដៃអ៊ិជី។
ក្រុមអ្នកស្រុកអាចនឹងរងគ្រោះដោយទទួលកម្រិតធាតុវិទ្យុសកម្មលើសកម្រិតសុវត្ថិភាពប្រចាំឆ្នាំ ប្រសិនបើស្នាក់នៅក្នុងតំបន់ហាមឃាត់នោះ។
លោកនាយករដ្ឋមន្ត្រី Naoto Kan បានថ្លែងអំពីសេចក្តីព្រមាននេះ នៅឯសន្និសីទកាសែតមួយថាការជម្លៀសត្រូវធ្វើឡើងដើម្បីសុវត្ថិភាពអ្នកស្រុក។ លោកបានព្រមានថាទីក្រុងជាច្រើនទៀតអាចនឹងត្រូវស្នើសុំឲ្យជម្លៀសចេញដែរនៅថ្ងៃអនាគត។
តំបន់នានាដែលមានបញ្ហា ជាតំបន់កសិកម្មយ៉ាងធំធេង ហើយពលរដ្ឋខ្លះបានចាកចេញរួចហើយ។
ពលរដ្ឋប្រហែល៧.០០០នាក់ត្រូវគេប៉ាន់ប្រមាណថានៅបន្តស្នាក់នៅក្នុងតំបន់ហាមឃាត់នៅឡើយ៕
ប្រែសម្រួលដោយ សុខ ខេមរា