ប្រទេសជប៉ុនកំពុងបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងអន្ទះសាររបស់ខ្លួន ដើម្បីបន្ថយកម្តៅម៉ាស៊ីនរ៉េអាក់ទ័រដែលរងការខូចខាតនិងបំពង់ប្រេងដែលគ្មានសំបកស្រោប នៅក្នុងរោងចក្រនុយក្លេអ៊ែរដែលស្ថិតនៅតាមតំបន់ឆ្នេរ។ រោងចក្រទាំងនោះត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមី ដែលបានកើតឡើងក្រោយពីមានការរញ្ជួយដីកម្លាំង៩រិចទ័រកាលពីមួយសប្តាហ៍មុន។
អស់រយៈពេលពីរថ្ងៃជាប់ៗគ្នា ក្រុមពន្លត់អគ្គីភ័យបានចូលក្នុងរោងចក្រដែលរងការខូចខាតនៅខេត្តហ៊្វូគូស្ហ៊ីម៉ា (Fukushima)។ ពួកគេបានបាញ់ទឹកទៅលើអគារម៉ាស៊ីនរ៉េអាក់ទ័រដែលបានរងការខូចខាត ដើម្បីធ្វើឲ្យបំពង់ដែលមានផ្ទុកវិទ្យុសកម្មយ៉ាងច្រើននោះត្រជាក់ ដែលវិធីនោះត្រូវបានគេចាត់ទុកថាជាការប្រថុយប្រថាន។
ទុយោដែលអាចបាញ់ទឹកបានខ្លាំង ត្រូវបានគេប្រើដើម្បីបាញ់ទឹកមានចំណុះ៥០តោន ទៅចំលើម៉ាស៊ីនរ៉េអាក់ទ័រទាំងនោះ ក៏ប៉ុន្តែក្រុមអ្នកពន្លត់អគ្គីភ័យត្រូវរក្សាចម្ងាយនិងត្រូវកំណត់ពេល ដែលពួកគេអាចឋិតនៅខាងក្នុងអគារ ពីព្រោះតែវិទ្យុសកម្ម។ ក៏ប៉ុន្តែកងយោធាហាក់ដូចជាលែងចង់ព្យាយាមបន្តការបាញ់ទឹកពីឧទ្ធម្ភាចក្រទៅលើអគារម៉ាស៊ីនរ៉េអាក់ទ័រទាំងនោះ ដែលគេបានធ្វើកាលពីថ្ងៃព្រហស្បតិ៍ទៀតហើយ។
ក្នុងពេលនេះដែរ ក្រុមអ្នកធ្វើការខាងផ្គត់ផ្គង់ទឹកនិងអគ្គិសនីបានបន្ថែមខ្សែកាបផ្តល់ឋាមពលអគ្គីសនីទៅអគារដែលមានអាយុកាល៤០ឆ្នាំនេះ ដើម្បីបញ្ឆេះនិងធ្វើឲ្យម៉ាស៊ីនបូមទឹកក្នុងអគារនេះ អាចមានដំណើរការឡើងវិញ។ ក៏ប៉ុន្តែ ក្រុមមន្រ្តីរដ្ឋាភិបាលថ្លែងថា ទម្រាំតែឧបករណ៍បន្ថយកម្តៅម៉ាស៊ីនរ៉េអាក់ទ័រលេខ២និងលេខ៣អាចចាប់ផ្តើមជាថ្មីបាន គឺនៅថ្ងៃអាទិត្យឯណោះ។
តាំងពីមានការរញ្ជួយដី និងរលកយក្សស៊ូណាមីកាលពីមួយសប្តាហ៍មុនមក មានការកើតឡើងនូវ អគ្គីភ័យ ការផ្ទុះ និងការរលាយស្នូលម៉ាស៊ីនរ៉េអាក់ទ័រ ចំពោះម៉ាស៊ីនរ៉េអាក់ទ័រ៤ក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រទាំង៦នៅរោងចក្រ ហ៊្វូគូស្ហ៊ីម៉ា១។
ក្រុមមន្រ្តីនិយាយថា ម៉ាស៊ីនរ៉េអាក់ទ័រលេខបី នៅតែជាម៉ាស៊ីនដែលត្រូវបន្ថយកម្តៅមុនគេ។ បំពង់ដែលមានប្រេង លាយជាមួយសារធាតុអុកស៊ីដ ដែលមួយផ្នែកមានសមាសធាតុ plutonium ពុលយ៉ាងខ្លាំងនោះ បានរបើកសំបកស្រោមមួយផ្នែក។ បើសិនជាគ្មានទឹក ដើម្បីបន្ថយកម្តៅទេនោះ បំពង់ដែលមានប្រេងទាំងនោះនឹងបន្តឡើងក្តៅ ហើយអាចបញ្ចេញវិទ្យុសកម្មមកក្រៅរោងចក្រ។
រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី លោក យុគីអុ អ៊ីដាន់ណូ (Yukio Edano) កំពុងតែព្យាយាមបន្ថយការភ័យខ្លាចអំពីវិទ្យុសកម្មនេះ។
លោកថ្លែងថា ថ្វីបើកម្រិតវិទ្យុសកម្មខ្ពស់ជាងមុន ត្រូវគេរកឃើញថាមាននៅឆ្ងាយរាប់គីឡូម៉ែត្រ ពីរោងចក្រដែលរងការខូចខាតនោះក៏ដោយ ក៏វាមិនប៉ះពាល់ដល់សុខភាពមនុស្សទេដែរ។
សូម្បីតែមនុស្សដែលនៅឆ្ងាយដល់ទៅទីក្រុងតូក្យូក៏នៅតែមិនទុកចិត្តដែរអំពីបញ្ហាវិទ្យុសកម្មនេះ។ គ្រួសារជាច្រើន បានសម្រេចចិត្តធ្វើដំណើរទៅទីក្រុងអូសាកា ឬឆ្ងាយជាងនេះទៀតរហូតដល់ភាគខាងត្បូង ឬខាងលិចប្រទេសជប៉ុន។ ជើងយន្តហោះជាច្រើនទៅប្រទេសជិតខាងដែលពោរពេញទៅដោយអ្នកដំណើរដែលចង់ចាកចេញពីប្រទេស គឺត្រូវបានរាយការណ៍ចំពេលដែលមានសេចក្តីរាយការណ៍ថា ការរលាយនុយក្លេអ៊ែរអាចកើតមានឡើង។ ជនបរទេសខ្លះនិយាយថា ពួកគេក៏ព្រួយបារម្ភដែរអំពីស្បៀងអាហារ និងសម្ភារៈដទៃទៀត ដែលត្រូវលក់ដាច់អស់យ៉ាងឆាប់រហ័សនោះ៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់