ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាក់​មេ​​ដឹកនាំ​​របស់​ជប៉ុន​ស្ថិត​ក្នុង​ការលំបាក​ខណៈពេល​ជួបប្រទះ​វិបត្តិ​ផ្សេងៗ


លោក​នាយក​រដ្ឋ​មន្ដ្រី​ជប៉ុន​ណាអូតូ ខាន់​អញ្ជើញ​ទៅ​ដល់​កិច្ច​ប្រជុំ​គណ:រដ្ឋមន្ដ្រី​ស្ដី​អំពី​បរិស្ថាន​និង​ថាមពល​នៅ​គេដ្ឋាន​របស់​លោក​នៅ​ទីក្រុង​តូក្យូ​ នៅ​ថ្ងៃ​ទី​២២​មិថុនា​ឆ្នាំ​២០១១។
លោក​នាយក​រដ្ឋ​មន្ដ្រី​ជប៉ុន​ណាអូតូ ខាន់​អញ្ជើញ​ទៅ​ដល់​កិច្ច​ប្រជុំ​គណ:រដ្ឋមន្ដ្រី​ស្ដី​អំពី​បរិស្ថាន​និង​ថាមពល​នៅ​គេដ្ឋាន​របស់​លោក​នៅ​ទីក្រុង​តូក្យូ​ នៅ​ថ្ងៃ​ទី​២២​មិថុនា​ឆ្នាំ​២០១១។

នាយក​រដ្ឋមន្រ្តី​ពោរពេញ​ដោយ​ភាពចម្រូង​ចម្រាស​របស់​ជប៉ុន​ដែល​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​នយោបាយ​ដោយសារ​គ្រោះ​មហន្តរាយ​រញ្ជួយដី​និង​រលកយក្ស​ស៊ូណាមិ​កាល​ពី​បួន​ខែ​មុន​ និយាយ​ថា​ លោក​មិន​គិត​ថា​មាន​ភាពចាំបាច់​រំលាយ​សភា​ជាន់​ទាប​ ដែល​នឹង​បង្ខំ​ឲ្យ​មាន​ការបោះ​ឆ្នោត​ជាតិ​ ដោយសារ​វិបត្តិ​នុយក្លេអ៊ែរ​ដែល​កំពុង​តែ​ប្រឈម​នៅ​ក្នុង​ប្រទេស​នោះ​ឡើយ។​នេះ​គឺ​ជា​ការបដិសេធ​ចុង​ក្រោយ​បំផុត​របស់​លោក​ ណាអូតូ ខាន់ (Naoto Kan)​ ចំពោះ​អ្នក​ទាំង​ឡាយ​ណា​ដែល​ទទូច​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង​យ៉ាង​ឆាប់​រហ័ស។ ការប្រឈម​មុខ​រវាង​លោក​នាយក​រដ្ឋមន្រ្តី​និង​គូ​បដិបក្ខ​របស់​លោក​កំពុង​តែ​លើក​សំណួរ​យ៉ាង​ទូលាយ​មួយ​ថា​តើ​ វប្បធម៌​នយោបាយ​ដែល​ផ្អែក​លើ​មតិ​រួម​របស់​ជប៉ុន​ អាច​ដោះស្រាយ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ​បាន​ទេ។

នាយក​រដ្ឋមន្រ្តី​ជប៉ុន​ លោក​ ណាអូតូ ខាន់ ​នៅ​តែ​បន្ត​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ក្នុង​គណបក្ស​ប្រជា​ធិបតេយ្យ​របស់​លោក​ជា​ច្រើន​មាន​ការអាក់អន់​ចិត្ត។ មេដឹកនាំ​មិន​មាន​ប្រជាប្រិយ​អាយុ​៦៤​ឆ្នាំ​រូប​នេះ​ បាន​និយាយ​ថា​ លោក​នឹង​ផ្ទេរ​អំណាច​ទៅ​ដល់​ជន​ជំនាន់​ក្រោយ​ ប៉ុន្តែ​ជា​រឿយៗ​ លោក​តែង​តែ​បដិសេធ​មិន​បង្ហាញ​ថា​វា​នឹង​កើត​ឡើង​នៅ​ពេល​ណា។

អតីត​អនុ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ ហ៊ីតូស្ហ៊ី តាណាកា (Hitoshi Tanaka)​ ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​បាត់បង់​ភាពអត់ធ្មត់​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី។

«ខ្ញុំ​មិន​ចង់​ឃើញ​លោក​នាយក​រដ្ឋ​មន្រ្តី​ ខាន់​ពន្យា​ពេល​ទៀត​នោះ​ទេ។ ​គាត់​បាន​និយាយ​ថា​គាត់​នឹង​ចាក​ចេញ។ ​ដូច្ចេះ​សូម​លោក​ចាក​ចេញ​ទៅ។ ​វា​មិន​មែន​ជា​រឿង​ដែល​យើង​គួរ​តែ​ជជែក​វែក​ញែក​ទៀត​ឡើយ»។

ខេនស្ហ៊ី ហ៊ីរ៉ូខាន (Kenshi Hirokane)​ ជា​អ្នក​និពន្ធ​សៀវភៅ​ប្រលោម​លោក​រូបភាព​ Manga​ ដែល​ពេញ​និយម​ បន្ថែម​ថា​បើ​ទោះ​ជា​លោក​មាន​អាយុ​ដំណាល​និង​ជា​អ្នក​ស្រុក​ជាមួយ​គ្នា​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​ដោយ លោក​ក៏​ចង់​ឃើញ​ការ​ចាក​ចេញ​ដ៏​ឆាប់​រហ័ស​មួយ​ដែរ។

លោក ហ៊ីរ៉ូខាន ​និយាយ​ថា​លោក​នាយក​រដ្ឋមន្រ្តី​ពុំ​មាន​ទស្សនៈ​វិស័យ​ច្បាស់​លាស់​ណា​មួយ​ដើម្បី​ចែក​រំលែក​ជាមួយ​ប្រជាពលរដ្ឋ​ជប៉ុន​ ហើយ​លោក​ពុំ​មាន​មូលដ្ឋាន​គ្រឹះ​គាំទ្រ​នយោបាយ​ និង​អ្នក​ដើរ​តាម​លោក​ច្រើន​ទៀត​នោះ​ទេ។

លោក តាណាកា​ និង​ លោក​ហ៊ីរ៉ូខាន​ បាន​និយាយ​ទៅ​កាន់​សន្និសីទ​កាសែត​មួយ​ ដោយ​ពិភាក្សា​អំពី​សៀវភៅ​ថ្មី​ មាន​ឈ្មោះ​ថា​ «ស្រមើ​ស្រម៉ៃ​ប្រទេស​ជប៉ុន​ជា​ថ្មី»។​សៀវភៅ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយក្រុមហ៊ុន​ប្រឹក្សា​ការគ្រប់​គ្រង​សាកល​ McKinsey​ និង​ Company។ ​អ្នកដឹកនាំ​និង​អ្នក​ជំនាញ​ជាង​៨០​នាក់​បាន​បរិច្ចាគ​ជា​សំណេរ​សម្រាប់​សៀវភៅ​នេះ​ ដោយ​និយាយ​អំពី​វិធី​ធ្វើ​ឲ្យ​ប្រទេស​ជប៉ុន​ងើប​ឈរ​ឡើង​វិញ​បន្ទាប់​ពី​គ្រោះ​មហន្តរាយ​កាល​ពី​បួន​ខែ​មុន។ ការពិភាក្សា​ភាគ​ច្រើន​ផ្តោត​ទៅ​លើ​ការដឹក​នាំ​នយោបាយ។

ការព្រួយ​បារម្ភ​កាន់តែ​មាន​ច្រើន​ឡើង​ជាមួយ​នឹង​ភាព​ទន់​ខ្សោយ​របស់​នាយក​រដ្ឋមន្រ្តី​ជប៉ុន។ អ្នក​បន្ត​វេន​ពី​លោក​ខាន់ ​នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​ទី​ប្រាំ​របស់​ជប៉ុន​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ។

បញ្ហា​នេះ​ធ្វើ​ឲ្យ​អ្នកធ្វើ​គោល​នយោបាយ​និង​ពលរដ្ឋ​ជា​ច្រើន​មាន​ការខឹង​សម្បា។ អ្នក​ទាំង​អស់​នោះ​និយាយ​ថា​ភាពទន់​ខ្សោយ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ នឹង​បង្អាក់​ប្រទេស​ជប៉ុន​មិន​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ធ្ងន់​ធ្ងរ​ផ្សេងៗ​ឲ្យ​មាន​ប្រសិទ្ធភាព​ដូច​ជា​បញ្ហា​សេដ្ឋកិច្ច​ការបង្កើត​គោល​នយោបាយ​ការ​បរទេស​និង​ បញ្ហា​សន្តិសុខ​ ក្នុង​នោះ​មាន​បញ្ហា​ការងើប​ឡើង​របស់​ប្រទេស​ចិន។ ពួកគេ​ក៏​និយាយ​ថា​ប្រទេស​ជប៉ុន​ត្រូវការ​ផ្តោត​លើ​ការកសាង​ឡើង​វិញ​តំបន់​ដែល​ត្រូវ​បំផ្លិច​បំផ្លាញ​ដោយ​គ្រោះ​មហន្តរាយ​កាលពី​ថ្ងៃ​ទី​១១​មិនា​ និង​ការរលាយ​ម៉ាស៊ីន​រេអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន​បី​នៅ​ក្នុង​ខេត្ត​ហ្វូគូស្ហ៊ីម៉ា (Fukushima)។

អតីត​មន្ត្រី​ជាន់ខ្ពស់​ លោក​ តាណាកា​ និយាយ​ថា​ប្រទេស​ជប៉ុន​ត្រូវការ​ ការដឹកនាំ​រឹងមាំ​និង​ នឹងនរ​ ដែល​ធ្លាប់​មាន​ពី​មុន​ក្រោម​ការដឹកនាំ​របស់​លោក​ជូនីជីរ៉ូ កូអ៊ីហ្ស៊ូមី (Junichiro Koizumi)​ ដែល​បាន​បម្រើការ​ជា​នាយក​រដ្ឋមន្រ្តី​ពី​ឆ្នាំ​២០០១​ដល់​ឆ្នាំ​២០០៦។

«តើ​យើង​ឃើញ​បេក្ខជន​ណា​ដែល​អាច​ប្រៀប​ធៀប​នឹង​ការដឹក​នាំ​របស់​លោក​អតីត​នាយក​រដ្ឋ​មន្រ្តី​កូអ៊ីហ្ស៊ូមី ​នោះ​ទេ?​ចម្លើយ​គឺ​ទេ។ ដូច្ចេះ​ហើយ​អ្វី​ដែល​យើង​ត្រូវ​តែ​ធ្វើ​នោះ​គឺ​ ការបង្កើត​ប្រព័ន្ធ​មួយ​ដែល​យើង​អាច​បន្ត​គោល​នយោបាយ​ដែល​ត្រឹមត្រូវ​និង​រឹងមាំ​ជាងមុន»។

លោក តាណាកា​ ផ្តល់​អំណះ​អំណាង​ថា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​គឺ​គណបក្ស​នយោបាយ​ធំ​ៗ​ទាំងពីរ​ ដែល​លោក​អះអាង​ថា​មិន​មាន​គោល​នយោបាយ​ខុស​គ្នា​ខ្លាំង​នោះ​ ត្រូវ​ធ្វើ​ការងារ​ជាមួយ​គ្នា។ សម្ព័ន្ធភាព​ធំ​បែប​នេះ​ត្រូវ​បាន​ស្នើ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ខាន់​ បន្ទាប់​ពី​គ្រោះ​មហន្តរាយ​ថ្ងៃ​ទី​១១​មិនា។ ប៉ុន្តែ​ក្រុម​ប្រឆាំង​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ បាន​បដិសេធ។ អ្នក​វិភាគ​នយោ​បាយ​មួយ​ចំនួន​ អះអាង​ថា​ អ្នកដឹកនាំ​ថ្មី​សុទ្ធសាធម្នាក់​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ទំនង​ជា​គួរ​ឲ្យ​ទុកចិត្ត​បាន​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

នាយក​គ្រប់គ្រង​សាកល​របស់​ក្រុមហ៊ុន​ McKinsey​ លោក​ ដូមីនិក បាតុន (Dominic Barton)​ យល់​ឃើញ​ថា​ស្ថានភាព​នឹង​ថ្កល់​ដូច​ពេល​បច្ចុប្បន្ន​ ជា​រឿង​កកស្ទះ។

«បញ្ហា​គឺ​វា​ច្បាស់​ណាស់​ទៅ​ហើយ។ យើង​មិន​ត្រូវការ​ឯកសារ​ស​អ្វី​ទៀត​នោះ​ទេ។ បញ្ហា​ដែល​ត្រូវ​សួរ​គឺ​ហេតុ​អ្វី​មិន​មាន​ការប្លាស់​ប្តូរ​កើត​ឡើង? ​ហើយ​ខ្ញុំ​មិន​យល់​ថា​ហេតុ​អ្វី​បាន​ជា​ប្រជា​ពលរដ្ឋ​ជប៉ុន​ទ្រាំ​ទទួល​យក​បាន»។

លោក ហ៊ីរ៉ូខាន ​ជឿជាក់​ថា​គាត់​មាន​ចម្លើយ​សម្រាប់​សំណួរ​របស់​ លោក​បាតុន។

លោក ​ហ៊ីរ៉ូខាន ​និយាយ​ថា​គោល​គំនិត​ទាក់ទង​នឹង​ភាពជា​អ្នកដឹកនាំ​របស់​ជប៉ុន​មិន​ត្រូវ​បាន​គេ​ឲ្យ​និយមន័យ​ឲ្យ​បាន​ច្បាស់លាស់​ មួយ​ផ្នែក​ដោយសារតែ​ទាំង​ថ្នាក់ដឹកនាំ​កំពូល​ក៏​ដូច​ជា​ភាពជា​អ្នកដឹកនាំ​នយោបាយ​របស់​ជប៉ុន​មិន​ត្រូវ​បាន​ជ្រើសតាំង​ដោយ​ការបោះឆ្នោត​ដោយ​ផ្ទាល់។ នេះ​ជា​មូល​ហេតុ​ដែល​នាយក​រដ្ឋ​មន្រ្តី​ផ្លាស់​ប្តូរ​យ៉ាង​ញឹក​ញាប់។ គាត់​ពន្យល់​ថា​អ្នកដឹកនាំ​ទាំងនោះ​មាន​ការដឹងខ្លួន​ចំពោះ​កំហុស​របស់​គេ​ណាស់​ ដូច្នេះ​ហើយ​ពួក​គេ​មិន​ប្រថុយ​ប្រថាន​ឡើយ​ ដោយសារតែ​ពួកគេ​ដឹង​ថា​នឹង​ប្រឈម​មុខ​នឹង​ការចុះចេញ​ពី​តំណែង​ភ្លាម​ៗ។ រចនាបថ​នៃ​ការដឹកនាំ​ទំនង​ជា​ចេញ​ពី​ក្រោម​មក​លើ​ជា​ជាង​ពី​លើ​ចុះ​ក្រោម​ ហើយ​ពោរពេញ​ទៅ​ដោយ​មតិ​រួម»។

វិធីសាស្រ្ត​បែប​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​កន្លះ​សតវត្សរ៍​ទី​២០​ចុង​ក្រោយ​នេះ​ នៅ​ពេល​ដែល​ប្រទេស​ជប៉ុន​អាច​ងើប​រួច​ពី​ការចាញ់​សង្រ្គាម​លោក​លើក​ទី​ពីរ​ ដើម្បី​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​ផ្នែក​បច្ចេកវិទ្យា​ក្នុង​សាកល​លោក។

អ្នកសរសេរ​អត្ថបទ​មាន​ឥទ្ធិពល​មួយ​រូប​របស់​កាសែត​ពាណិជ្ជកម្ម​ Nikkei​ លោក​ វ៉ាយជី សេគីហ្គូជី (Waichi Sekiguchi)​ និយាយ​ថា​ប្រព័ន្ធ​នយោបាយ​ដែល​ធ្លាប់​តែ​ពង្រឹង​ការរីកចម្រើន​របស់​ជប៉ុន​មិន​អាច​ប្រើ​ប្រាស់​បាន​ទៀត​ទេ។

«កាល​ពី​អតីត​កាល​ នៅ​ពេល​ដែល​សេដ្ឋកិច្ច​បាន​រីក​លូត​លាស់​ល្អ​ ប្រព័ន្ធ​ពី​ក្រោម​ឡើង​លើ​អាច​ដំណើរ​ការ​ល្អ​ក្នុង​ប្រទេស​នេះ។ ប៉ុន្តែ​សព្វថ្ងៃ​ ទំនោរ​បច្ចេក​វិទ្យា​និង​សង្គម​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​ ដូច្នេះ​ហើយ​អ្នកដឹក​នាំ​ជាន់​ខ្ពស់​ត្រូវ​មាន​ទិស​ដៅ​ថ្មី​ភ្លាមៗ។ ភាព​ជា​អ្នក​ដឹក​នាំ​ថ្មី​បែប​នេះ​ជា​អ្វី​ដែល​យើង​ត្រូវការ​នៅ​ក្នុង​ប្រទេស​នេះ»។

ប៉ុន្តែ​អ្នក​សង្កេតការណ៍​មួយ​ចំនួន​មាន​ការប្រយ័ត្ន​ប្រយែង​ ឧទាហរណ៍​លោក​ ហ៊ីរ៉ូខាន។ សៀវភៅ​ប្រលោមលោក​រូបភាព​កំប្លែង​របស់​លោក​ ដែល​ឈ្នះ​ពាន​រង្វាន់​ជា​ញឹកញាប់​ប្រកាន់​គោលជំហរ​រិះគន់​លើ​សង្គម​ជប៉ុន​បច្ចុប្បន្ន។ លោក​និង​អ្នកសង្កេត​ការណ៍​ផ្សេងៗ​និយាយ​ថា​ប្រជាពលរដ្ឋ​ជប៉ុន​ពិតជា​មិន​ត្រូវការ​អ្នកដឹកនាំ​ខ្លាំង។ ពួកគេ​ចង​ចាំ​ថា​កាលពី​ដើម​សតវត្សរ៍​ទី​២០​ អ្នកដឹកនាំ​នយោបាយ​និង​យោធា​ដែល​មាន​ឥទ្ធិពល​បាន​ដឹកនាំ​ប្រទេស​ជប៉ុន​ឆ្ពោះ​ទៅ​កាន់​មហន្តរាយ៕

ប្រែ​សម្រួល​ដោយ ​លោក​ បូរី​ ស៊ីលីវណ្ណ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG