រូបភាពជុំវិញពិភពលោកថ្ងៃទី ០៩ មករា២០១៧ មានមកពីប្រទេសដូចជា ជប៉ុន ហ្វីលីពីន ចិន ស៊ែប៊ី បុរីវ៉ាទីកង់ តួកគី អ៊ីរ៉ង់ រុស្ស៊ី ប្រេស៊ីល សហរដ្ឋអាមេរិក តៃវ៉ាន់ និងបេឡារុស។
រូបភាពជុំវិញពិភពលោក ០៩ មករា២០១៧

១
នារីៗស្លៀកឈុតគីម៉ូណូបានអបអរការឈានចូលវ័យ២០ឆ្នាំ ដោយជិះទោងនៅសួនកម្សាន្ត Toshimaen ក្នុងថ្ងៃឈប់សម្រាកជាតិនៃទិវា Coming of Age ទីក្រុងតូក្យូ ប្រទេសជប៉ុន។

២
អ្នកកាន់សាសនាកាន់កាប់ស្ពាន Jones ខណដែលពួកគេចូលរួមក្បួនដង្ហែរប្រចាំឆ្នាំនៅរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន។

៣
ចៅក្រមពាក់មួកដើម្បីចូលរួមក្នុងពិធីចាប់ផ្តើមឆ្នាំស្របច្បាប់ថ្មីនៅហុងកុងប្រទេសចិន។

៤
ជនចំណាកស្រុកម្នាក់កំពុងបរិភោគអាហារឥតគិតថ្លៃអំឡុងពេលព្រិលធ្លាក់នៅខាងក្រៅឃ្លាំងគយដ៏ចំណាស់មួយក្នុងទីក្រុង Belgrade ប្រទេសស៊ែប៊ី។

៥
សម្តេចប៉ាប Francis ឈរថតរូបជាមួយសមាជិកអង្គទូតនៃ Holy See នៅព្រះវិហារ Sistine Chapel នៅពេលបញ្ចប់កម្មវិធីសម្រាប់ការផ្លាស់ប្តូរបែបប្រពៃណីនៃការស្វាគមន៏ឆ្នាំថ្មីនៅបុរីវ៉ាទីកង់កាលពីថ្ងៃទី០៩ មករា ២០១៧។

៦
សមាជិកនៃកងកម្លាំងប៉ូលិសពិសេសកំពុងយាមល្បាតនៅផ្លូវថ្មើរជើងនិងផ្លូវផ្សារទំនើបសំខាន់ៗអំឡុងពេលធ្លាក់ព្រិលនៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុលក្នុងប្រទេសតួកគី។

៧
បុរសម្នាក់បានស្ទាបម្ឈូសប្រធានាធិបតីអ៊ីរ៉ង់អាណត្តិមុន Akbar Hashemi Rafsanjani ដែលបានស្លាប់ដោយសារគាំងបេះដូងនៅវិហារឥស្លាម Jamaran ភាគខាងជើងទីក្រុង Tehran ប្រទេសអ៊ីរ៉ង់។

៨
ចំហាយបានលេចចេញពីបំពង់ផ្សែងនៃរោងចក្រថាមពលកម្តៅនៅក្បែរវិមានតំណាងអវកាសយានិកសូវៀត Yuri Gagarin បុរសដំបូងដែលបានទៅដល់អវកាសអំឡុងពេលព្រះអាទិត្យលិចនៅទីក្រុងមូស្គូប្រទេសរុស៊្សី។

៩
សាច់ញាតិកំពុងរង់ចាំព័ត៌មានអំពីកូបកម្មមួយដែលបានបញ្ចប់ដោយមានអ្នកទោសយ៉ាងតិច៤នាក់បានស្លាប់នៅខាងក្នុងមន្ទីរឃុំឃាំងសាធារណ Desembargador Raimundo Vidal Pessoa នៅ Manaus ទីក្រុង Amazonas ប្រទេសប្រេស៊ីលកាលពីថ្ងៃទី ០៨ មករា ២០១៧។

១០
កម្មករកំពុងត្រួតពិនិត្យអន្លង់មួយនៅទីក្រុង Philadelphia រដ្ឋ Pennsylvania។ ក្រសួងធនធានទឹករដ្ឋ Philadelphia និយាយថាការបែកធ្លាយប្រព័ន្ធទឹកជាមូលហេតុដែលធ្វើឲ្យផ្លូវបាក់ទៅជាអន្លង់។

១១
តារាសម្តែង Meryl Streep ទទួលពានរង្វាន់ Cecil B. DeMille ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Golden Globe ប្រចាំឆ្នាំលើកទី៧៤ នៅទីក្រុង Beverly Hills រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី០៨ មករា ២០១៧។

១២
អ្នករាំរបាំនៅមហោស្រព Legend Lin Dance កំពុងរាំ«The Eternal Tides» នៅក្នុងសន្និសីទកាសែតមួយនៅសាលតន្រ្តីជាតិនៅតៃប៉ិ កោះតៃវ៉ាន់។

១៣
សត្វទីទុយទំនៅលើមែកឈើមួយនៅក្បែរភូមិនៃទីក្រុង Vasilkova ប្រទេសបេឡារុស។