ទីក្រុងដាកា៖ ប្រធានាធិបតីកាន់អំណាចបច្ចុប្បន្នរបស់ប្រទេស កូឌីវ័រ បានចេញបញ្ជាឲ្យអសប បញ្ឈប់ការផ្សាយវិទ្យុក្នុងស្រុក ប៉ុន្ដែ ស្ថានីយវិទ្យុនៅតែបន្ដការផ្សព្វផ្សាយតាមរលកវិទ្យុ ពីព្រោះ អសប មិនទទួលស្គាល់រដ្ឋាភិបាលរបស់លោកទេ។
ក្រុមប្រឹក្សាជាតិសំរាប់កិច្ចការគមនាគមន៍ និងសំឡេងក្នុងរូបភាពរបស់លោកប្រធានាធិបតីកាន់អំណាចនៅក្នុងប្រទេស កូឌីវ័រ ឡូរង់ បាកបូ ( Laurent Gbagbo ) បានដកហូតចេញបណ្ណអនុញាតផ្សាយព័ត៌មានរបស់វិទ្យុ អសប ហើយអំពាវនាវ ឲ្យបេសកម្មទាំងស្រុង របស់អង្គការ នោះចាកចេញពីប្រទេស ពីព្រោះលោកនិយាយថា អង្គការនោះបាត់បង់ អព្យាក្រិត្យភាពរបស់ខ្លួន បន្ទាប់ពីបានគាំទ្រគូប្រជែងរបស់លោក គឺលោក អាឡាសាន អ៊ូវាតារា (Alassane Ouattara) ជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែវិច្ឆិកា។
ប៉ុន្ដែស្ថានីយវិទ្យុ FM នៅតែបន្ដការផ្សាយព័ត៌មានទូទាំងប្រទេស កូឌីវរ័ដោយប្រងើយកន្ដើយទៅនឹងការហាមប្រាមរបស់រដ្ឋាភិបាល។ (Sylvain Semilinko) នាយកវិទ្យុ អេហ្វ អិម និយាយថា។
«មិនត្រឹមតែមិនប្រាប់យើងឲ្យដឹងតាមផ្លូវការអំពីសេចក្ដីសម្រេចនោះទេ ប៉ុន្ដែ ទីពីរ គឺយើងប្រតិបត្ដិការក្នុងរង្វង់អាណត្ដិរបស់អសប។ អាណត្ដិនោះ បានអនុញាតឲ្យវិទ្យុរបស់ UNOCI បន្ដការផ្សាយវិទ្យុ កាលពីខែធ្នូមុន ដោយក្រុមប្រឹក្សាសន្ដិសុខ»។
នៅក្នុងសេចក្ដីសម្ភាសន៍ ជាមូយវិទ្យុរបស់អសប លោក សេមិនលិនកូ (Seminlinko ) ថ្លែងថា លោក បាកបូ នឹងមានការលំបាកនឹងបង្ខំឲ្យអនុវត្ដសេចក្ដីសម្រេចចិត្ដនោះ ដើម្បីបិទមាត់ស្ថានីយវិទ្យុ។
« អសប ទទួលស្គាល់តែលោក អាឡាសាន អ៊ូវ៉ាតារា ថាជាប្រធានាធិបតីឈ្នះឆ្នោតនៅក្នុងប្រទេស គូឌីវ័រ ហើយម្យ៉ាងទៀត ឧបករណ៍អង់តែនផ្សាយវិទ្យុ ឋិតនៅក្នុងរង្វង់ដីរបស់អសប ទូទាំងប្រទេស ថែទាំដោយកងកម្លាំងការពារសន្ដិសុខរបស់អសប។ ហេតុដូច្នេះ លោក បាកបូ នឹងមានការលំបាក នឹងអនុវត្ដសេចក្ដីសម្រេចចិត្ដរបស់លោកហើយ»។
គណកម្មាធិការការពារអ្នកកាសែត និយាយថា លោកបាកបូព្យាយាមបិទមាត់បណ្ដាញព័ត៌មានឯករាជដែលទិតៀនលោក ដោយយកច្បាប់មកបិទបាំង។ លោក សិមីលិនកូ ថ្លែងថា រដ្ឋាភិបាលកាន់អំណាច កាន់តែប្រើមធ្យោបាយសង្កត់សង្កិនខ្លាំងឡើងៗ នៅពេលដែលវិបត្ដនយោបាយរបស់ប្រទេសកូឌីវ័រ កាន់តែដុនដាបខ្លាំង។
«គេមិនចង់បានសេរីភាពក្នុងការសំដែងមតិ សេរីភាពនៃសារព័ត៌មានទេ ។ គេមិនចង់បានមតិច្រើនទេ។ ហេតុដូច្នេះហើយ គេហាក់ដូចជាធ្វើការរឹតបន្ដឹងទៅលើបណ្ដាញព័ត៌មាន។ កាលពីថ្ងៃមុន គេបានប្ដូរច្បាប់សារព័ត៌មាន។ គេចង់បិទសារព័ត៌មានខ្លះ។ គេបានចាប់ឃុំអ្នកកាសែតជាច្រើននាក់។ នេះហើយចជាវាសនារបស់សារព័ត៌មាននៅក្នុងប្រទេស គូឌីវ័រ ពេលក្រោយការបោះឆ្នោត»។
លោក (Gbagbo) និងលោក (Ouattara) អ្នកទាំងពីរទាមទារឡើងកាន់តំណែង ជាប្រធានាធិបតី នៃប្រទេស គូឌីវ័រ។ លោក បាកបូ ថ្លែងថាលោកបានត្រូវជាប់ឆ្នោតឡើងវិញ នៅពេលក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធជិតដល់ទៅ ១០ ភាគរយនៃសន្លឹកឆ្នោត ដែលត្រូវចាត់ទុកថាជាឆ្នោតបន្លំ ។គណកម្មការរៀបចំការបោះឆ្នោត និង អសប និយាយថា លោក អ៊ូវ៉ាតារា ជាអ្នកឈ្នះឆ្នោត។
មន្ដ្រីមកពីសហភាពអាហ្វ្រីកបានជួបពិភាក្សា ដាច់ដោយឡែក ជាមួយមន្ដ្រីទាំងពីរនាក់នោះ ក្នុងសប្ដាហ៍នេះ ហើយកំពុងរៀបចំសរសេរសេចក្ដីរាយការណ៍មូយ សំរាប់មេដឹកនាំនៃប្រទេស(Burkina Faso), (Chad), (Mauritanie), អាហ្វ្រីកខាងត្បូង និង Tanzanie ដែលបានត្រូវតែងតាំងដោយសហភាពអាហ្វ្រិក សុំឲ្យរកមធ្យោបាយដើម្បីបញ្ចប់វិបត្ដិ ឲ្យបានមុនដាច់ខែនេះ។
ប្រែសម្រួលដោយ អ៊ូ ធួក